ជុំលីគឺជាស្ត្រីវ័យក្មេងម្នាក់ មានកូនអាយុបួនខែ ដែលត្រូវបានកងការពារនៅចំណុចត្រួតពិនិត្យរបស់ខ្មែរក្រហមពីរនាក់ រុញនាងចូលក្នុងខ្ទមមួយ រួចសម្រាតខោអាវរំលោភនាងអស់រយៈពេលជាងបីម៉ោង។
ហុងសាវ៉ាតគឺជាក្មេងជំទង់ នៅពេលគ្រួសាររបស់នាងត្រូវគេសម្លាប់ ហើយនាងត្រូវបុរសបីនាក់ចាប់ចង ហើយរំលោភ។
សុខសាមិត បានប្រាប់មិត្តភក្តិជនជាតិវៀតណាមរបស់នាងថា នាងមានផ្ទៃពោះដោយសារតែគេរំលោភ នាងត្រូវគេបង្ខំឲ្យធ្វើការទាំងជាប់ខ្នោះ ហើយត្រូវគេបញ្ជូនទៅពន្ធនាគារ ដែលនៅទីនោះនាងសម្រាលកូនមុនពេលត្រូវបានគេសម្លាប់ហើយ គឹមថាវី ឥឡូវនេះមានអាយុជាង៨០ឆ្នាំហើយនោះគឺជាអ្នកមានអាយុវែងជាងគេក្នុងចំណោមស្រ្តីជាង៦០០នាក់ដែលគេឃុំឃាំងនៅក្នុងមន្ទីរឃុំឃាំងមួយកន្លែង ហើយត្រូវបានកងការពារនាំចេញទាំងក្រុមៗយកទៅសម្លាប់ចោល។
គ្មាននរណាម្នាក់វិលត្រឡប់មកវិញនោះទេ ប៉ុន្តែ អ្នកស្រី គឹមថាវី បានរស់់រានមានជីវិត ទោះជាអ្នកស្រីមានសុខភាពទន់ខ្សោយខ្លាំង ដោយសារខំប្រឹងវារទៅរកកន្លែងមានសុវត្ថិភាពចម្ងាយ២០០ម៉ែត្រទាំងថ្ងៃទាំងយប់។
ស្ត្រីចំនួនបួននាក់បានយំសោកជាច្រើនដងកាលពីម្សិលមិញ នៅក្នុងវេទិកាស្ត្រីពេលពួកគាត់និយាយអំពីបទឧក្រិដ្ឋដ៏ឃោរឃៅដែលគេធ្វើមកលើពួកគាត់ និងមនុស្សជាទីស្រលាញ់របស់ពួកគាត់។
អ្នកចូលរូមជាច្រើនរយនាក់ក៏បានយំពាសពេញទីនោះដែរ ខណៈរឿងរ៉ាវមួយចំនួនត្រូវបានគេរៀបរាប់ នៅពេលបើកវេទិកាស្ត្រីលើកទី២ ដើម្បីឲ្យស្ត្រីដែលនៅរស់មានជីវិត ចែករំលែកបទពិសោធរបស់ពួកគាត់អំពីអំពើហិង្សាផ្លូវភេទអំឡុងរបបខ្មែរក្រហម។
យោងតាម ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាដែលរៀបចំវេទិកានេះក្នុងរាជធានីភ្នំពេញបានឲ្យដឹងថា ភាពចំាបាច់នៃការឲ្យអ្នករស់រានមានជីវិតលើកឡើងពីរឿងរ៉ាវទាំងនេះ ដែលពួកគាត់ភាគច្រើនមិនហ៊ាននិយាយអំពីបញ្ហានេះព្រោះខ្លាចគេមិនរាប់រកនោះ ដោយសារខ្វះឯកសារបង្ហាញពីអំពើហិង្សាផ្លូវភេទអំឡុងសម័យខ្មែរក្រហម។
ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញថា “ កំណត់ត្រាប្រវត្តិសាស្ត្រមិនទទួលស្គាល់ថា មានអំពើហិង្សាផ្លូវភេទច្រើនក្នុងសម័យខ្មែរក្រហមនោះទេ”។ អំពើហិង្សាផ្លូវភេទដែលកើតមានច្រើន អំឡុងសម័យខ្មែរក្រហមរយៈពេលបីឆ្នាំ ប្រាំបីខែ និង២០ថ្ងៃ ដែល ប៉ុលពតកាន់អំណាចនោះ មានតែការរៀបការដោយបង្ខំ (ការប្តេជ្ញា)ទេ ដែលត្រូវបានដាក់បញ្ជូលទៅក្នុងបទចោទប្រឆាំងចុងចោទទាំងបីនាក់ដែលកំពុងនាំមកជំនុំជម្រះនៅសាលាក្តីខ្មែរក្រហម។
ប៉ុន្តែ ប្រសិនបើរឿងរ៉ាវទាំងនេះ មិនត្រូវបានគេលើកមកនិយាយក្នុងសាលាក្តីខ្មែរក្រហមទេនោះ យ៉ាងហោចណាស់រឿងរ៉ាវទាំងនេះត្រូវបានលើកឡើងក្នុងវេទិកាស្ត្រីដែលរៀបចំដោយក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាដែរ។វេទិកានេះត្រូវបានគេរៀបចំដំបូងក្នុងខែធ្នូ ឆ្នាំ២០១១ ដើម្បីជួយបញ្ចប់វប្បធម៌មិនហ៊ាននិយាយអំពីអំពើដ៏យង់ឃ្នងបែបនេះ។
លោកឌួង សាវន អ្នកសម្របសម្រួលក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាដែលបានឈប់ជាច្រើនដងដោយសារអួលដើមកនៅពេលលោកណែនាំពីអ្នករស់រានមានជីវិតថ្លែងថា “ ជនរងគ្រោះ និងអ្នករស់រានមានជីវិតត្រូវការគ្រួសារ សហគមន៍ និងការគាំទ្រពីប្រទេសជាតិ” ។
លោកមានប្រសាសន៍ថា “ ពួកគាត់ត្រូវការយុត្តិធម៌។ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នៅតែបន្តនីតិវិធីដោយមិនបានលើកឡើងពីជនរងគ្រោះទាំងនេះឡើយ”។
លោកសាវន បានពន្យល់ថាកង្វះការទទួលស្គាល់ពីអំពើហិង្សាផ្លូវភេទពីអតីតកាលអាចមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងបទល្មើសផ្លូវភេទស្រដៀងគ្នានាពេលបច្ចុប្បន្ន ដោយសារមិនមានការដាក់ទណ្ឌកម្មជនល្មើស។ លោក សាវន បានថ្លែងថា “ ខ្ញុំសូមអំពាវនាវឲ្យបុរស និងយុវជនទាំងអស់ជួយគាំទ្រស្ត្រីទាំងនេះ ក្នុងគោលបំណងកាត់បន្ថយនិងលុបបំបាត់អំពើរហិង្សាលើស្ត្រី ចាប់ពីពេលនេះតទៅ”។
ទោះបីជារបបខ្មែរក្រហមបានដួលរលំក្នុង១៩៧៩ក៏ដោយ ក៏ប្រទេសកម្ពុជា ទើបតែមានសន្តិភាពចាប់ពីឆ្នាំ១៩៩៨ប៉ុណ្ណោះ ហើយអ្នកជំនាញមួយចំនួនលើកឡើងថា អំពើរហិង្សាផ្លូវភេទបានកើតឡើងច្រើនក្នុងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ បន្ទាប់ពី ប៉ុលពត ត្រូវទម្លាក់ពីអំណាច។
លោកស្រី ស៊ីលកេ ស្ទូដហ្ស៊ីនស្គី (Silke Studzinsky) សហមេធាវី អន្តរជាតិ របស់ដើមបណ្តឹងរដ្ឋប្បវេណី នៅសាលាក្តីខ្មែរក្រហម បានថ្លែងថា អំពើហិង្សាផ្លូវភេទមិនបានបញ្ចប់នោះទេ ថ្វីបើជម្លោះបានបញ្ចប់ក្តី ហើយក្រោយពីជម្លោះបានបញ្ចប់និទណ្ឌភាពពាក់ព័ន្ធនឹងអំពើហិង្សាផ្លូវភេទនៅតែកើតមាន។
លោកស្រីបានថ្លែងថា “ ខ្ញុំចង់ប្រើពាក្យ[រំលោភ] ជំនួសពាក្យ [អំពើហិង្សាផ្លូវភេទ] វិញ ព្រោះវាបង្ហាញថា ការរំលោភមិនមែនបញ្ជាក់អំពីអំពើហិង្សាផ្លូវភេទនោះទេ”។ លោកស្រីមានប្រសាសន៍ថា “ ប្រទេសមួយចំនួនដែលទើបតែងើបចេញពីជម្លោះប្រដាប់អាវុធ រាយការណ៍ថា មានបទល្មើសនិងអំពើហិង្សាក្នុងគ្រួសារច្រើន”។
លោក សុក សំអឿន នាយកប្រតិបត្តិក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាបានថ្លែងថា រដ្ឋាភិបាលចាំបាច់ត្រូវតែបង្កើតសេវាកម្មផ្នែកច្បាប់ដែលអាចជួយឲ្យនគរបាលសើុបអង្កេតករណីចាប់រំលោភ។ លោកបានថ្លែងថា “ នគរបាលមានការស្ទាក់ស្ទើរក្នុងការចាត់វិធានការលើករណីចាប់រំលោភ ដោយសារតែមិនមានភ័ស្តុតាងគ្រប់គ្រាន់។
លោកស្រី ហោ ម៉ាលីន អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារីដែលក៏បានយំ នៅពេលអ្នករស់រានមានជីវិតរៀបរាប់អំពីរឿងរ៉ាវរបស់ខ្លួនក្នុងវេទិកាស្ត្រីដែរនោះ បានលើកទឹកចិត្តឲ្យស្ត្រីនិយាយដោយចំហបន្ថែមទៀតអំពីអំពើហិង្សាផ្លូវភេទ ដើម្បីជាមធ្យោបាយមួយបង្កើនការយល់ដឹង។ លោកស្រីបន្ថែមថា “ យើងចង់យកបទពិសោធទាំងនេះដើម្បីស្វែងរកដំណោះស្រាយពាក់ព័ន្ធអំពើហិង្សាផ្លូវភេទទាំងនៅពេលមានជម្លោះនិងក្រោយពេលមានជម្លោះ” លោកស្រីបន្ថែមថា “ យើងសង្ឃឹមថា នឹង
អាចបង្កើតយុទ្ធសាស្ត្រនិងគោលនយោបាយដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងធ្វើឲ្យសមភាពយេនឌ័រប្រសើរឡើងបន្តិចម្តងៗ”៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង