34 C
Phnom Penh

​តែង​តាំងអតីត​ចៅ​ក្រម​​ជាសមា​ជិក ​គ.ជ.ប. តែបក្សប្រ​ឆាំង​ធ្វើ​ពហិការ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​ចៅ​ក្រម ​និង​ជា​អតីត​​ប្រធាន​សាលា​ដំបូង​រាជ​ធានីភ្នំពេញ​មួយ​រូប ​នឹង​​ក្លាយ​ជា​សមា​ជិក​ថ្មី​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោតហៅកាត់គ.ជ.ប.​ នៅពេល​សមា​​​ជិក​សភា​ជួប​ប្រ​ជុំ​​នៅ​ថ្ងៃ​នេះ​ ដើម្បី​ធ្វើការ​បោះ​ឆ្នោត​​ដែល​គណ​បក្ស​ប្រឆាំង​គ្រោង​នឹង​ធ្វើ​ពហិការ​មិន​ចូល​រួមប្រជុំ ​ដើម្បី​តវ៉ាពី​​ភាព​​លម្អៀង​ផ្នែក​នយោ​បាយរបស់​គណៈ​កម្មា​​​ធិការ​នេះ​​ចំពោះ​​​​​​គណ​​បក្ស​ប្រ​ជា​ជន​កម្ពុជា​​​​កំពុង​កាន់​អំណាច។

យោងតាម​​​​​ច្បាប់​​ចម្លង​មួយ​ទទួល​បាន​កាល​ពី​ម្សិល​មិញក្នុង​លិខិត​មួយច្បាប់​ចុះ​ហត្ថ​លេខា​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុនសែនចុះ​ថ្ងៃ​ទី​៧ខែកញ្ញា​​ រដ្ឋាភិបាល​​ស្នើ​សុំ​ឲ្យ​រដ្ឋ​​​សភា​អនុម័ត​ជ្រើស​រើស​លោកសោសុភរីនិង​លោកស៊ិនឌឹមជា​សមាជិក​ថ្មី​បំផុត​របស់​គ.ជ.ប.ដែល​មានប្រាំ​បួន​អាសនៈ។​

លោក ​ទេពនីថាអគ្គ​លេខា​ធិការ ​គ.ជ.ប.​​​​​បាន​ មាន​ប្រ​សាសន៍​ថាទាំង​លោកស៊ិនឌឹមនិង​លោកសោសុភរីសុទ្ធ​តែ​ជាអតីត​ចៅ​​ក្រមហើយ​ថាលោកសោ​ សុភរីគឺជា​អតីត​ប្រធាន​សាលា​ដំបូង​រាជធានីភ្នំពេញ​។

ពួក​លោក​នឹង​ចូល​ជំនួស​តំណែង​លោកឃ្លោក​ ប៊ុតឌីអតីត​សមាជិក​សភា​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ និងជា​អតីត​​ប្រធាន​ខុទ្ទ​កាល័យ​នៅ​ក្រ​សួង​មហា​ផ្ទៃ និង​លោក​ស្រី​ កុយ ​​វ៉េតអតីត​អនុ​ប្រ​ធាន​នាយកដ្ឋាន​​​​នៃ​​ក្រ​សួង​អប់​រំ។

សមា​ជិក​ គ.ជ.ប.​​ប៉ុន្មាន​រូបផ្សេងទៀត​ រួម​ទាំង​លោកអុឹមសួស្តីជាប្រធាន​ ដែល​​ធ្លាប់​ជាមេ​ដឹក​នាំ​យុវ​ជន​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ និង​លោក​ស្រីស៊ិនជុំបូ​ អនុ​ប្រធាន​ នឹង​នៅ​បន្ត​កាន់តំណែង​ដដែល។

លិខិត​នេះ​មាន​ខ្លឹម​សារ​ថា “ គណៈ​កម្មាធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ និង​គណៈ​កម្មាធិការរៀបចំការបោះឆ្នោត​គ្រប់លំដាប់​ថ្នាក់ ត្រូវបាន​​ពង្រឹង​សំដៅ​ធានាបាន​យ៉ាង​ពិត​ប្រាកដនូវ​ឯករាជភាព ​និង​អព្យា​ក្រឹតភាព​របស់​​

ស្ថាប័ន​នេះ​ ក្នុងការ​ចាត់ចែង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​ ការបោះឆ្នោត​ជ្រើស​តាំង​សមាជិកព្រឹទ្ធ​សភា​​​​ និងការបោះឆ្នោត​ជ្រើសតាំង​ក្រុម​ប្រឹក្សា​នានា​នៅ​ថ្នាក់​ក្រោម​ជាតិ។សូម​រដ្ឋសភាមេត្តា​ពិនិត្យ​​និង​អនុ​ម័ត​នូវសមាសភាពគណៈ​កម្មាធិ​ការ​ជាតិ​រៀប​ចំ​ការ​​បោះ​ឆ្នោត ​ដោយចាត់​ទុកជា​ការ​ប្រញាប់ដោយសេចក្តី​អនុ​គ្រោះ”។

ការ​បោះ​ឆ្នោត​របស់រដ្ឋសភានៅ​ថ្ងៃ​នេះ​ ធ្វើ​ឡើង​មុន​ការ​បោះ​ឆ្នោត​ជាតិ​ក្នុង​ខែ​កក្កដា។​ គណ​បក្ស​ប្រ​ឆាំង​ និង​បណ្តាក្រុម​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​​បាន​ចោទ​ប្រ​កាន់​ជា​យូរ​មក​​​​​ហើយ​ថា ​​​គ.ជ.ប.​លម្អៀងទៅរកគណ​បក្ស​ប្រជា​ជន​​កម្ពុជា​ ដែលកំពុង​កាន់​អំណាច។​

យោងតាម​ឯក​សារ​របស់​ គ.ជ.ប. ​តាម​ប្រ​ព័ន្ធ​អីុន​ធើ​ណិតបានឲ្យដឹងថាទាំង​លោកអុឹមសួស្តីនិង​លោកអែមសូផាតសមាជិក​បច្ចុប្បន្នជារបស់ ​គ.ជ.ប. សុទ្ធ​តែ​ជាអតីត​មន្ត្រី​ក្នុង​សមាគម​យុវ​ជន​កម្ពុជា​ដែល​គាំ​ទ្រ​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា។ចំណែក​លោកហាវ៉ាណស៊ីវីល័យធ្លាប់​ធ្វើ​ជា​អនុ​ប្រធាន​ខុទ្ទ​​​កា​​​ល័យ​​របស់​លោកសខេងរដ្ឋ​មន្ត្រី​ក្រ​សួង​​​មហា​ផ្ទៃ​ប្រាំ​ពីរ​ឆ្នាំ​មុនពេល​ចូល​រួម​ជា​មួយ​ គ.ជ.ប. ក្នុង​ឆ្នាំ​២០០៦។

ទោះ​ជា​យ៉ាង​ណា មន្ត្រី​រដ្ឋាភិបាល​បាន​អះអាង​​ថាគ.ជ.ប​. គឺឯក​រាជ​្យ ពីព្រោះ​សមា​ជិក​ទាំង​អស់​ត្រូវ​តែ​ប្រកាស​ថា​ ខ្លួន​គ្មាន​ការ​ពាក់ព័ន្ធ​នឹង​គណ​បក្ស​នយោបាយ មុន​ពេល​ចូល​កាន់មុខ​តំណែង​របស់​ខ្លួន។

លោកគល់បញ្ញានាយក​ប្រ​តិ​បត្តិ​គណៈ​កម្មា​ធិការ​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិ​ធម៌​នៅ​កម្ពុជា​ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ការ​ជាប់​ពាក់​ព័ន្ធ​របស់​សមា​ជិក​ណា​មួយ​ឡើយ​។ប៉ុន្តែ​ លោក​បាន​មាន ​ប្រ​សាសន៍​ថាគ.ជ.ប. មាន​ភាព​លម្អៀង​ ហើយ​​សាធារណជន​គ្មាន​ការ​ជឿ​ទុក​ចិត្ត​ដោយ​សារ​តែ​ភាព​សម្ងាត់​នៅ​ពី​ក្រោយ​វិធី​ ដែល​សមា​ជិក​ថ្មីៗ​ត្រូវបាន​ជ្រើស​តាំង។

លោកបាន​មាន​ប្រ​សាសន៍​ថា “ ​វិធី​ដែល​ពួកគេ​ត្រូវ​បាន​ជ្រើស​រើស​ គ្មាន​តម្លា​ភាព​ទេ​។​ វាគួរ​តែ​មាន​តម្លា​ភាព​ និង​មាន​ការ​ចូល​រួម​ដឹង​ឮពី​បណ្តា​គណបក្ស​ប្រ​ឆាំងផ្សេង​ទៀត​ បើ​មិន​​ដូច្នោះទេ អ្នក​មិន​អាច​ស្វែង​រក​សមាជិក​ឯក​រាជ្យ​បាន​ឡើយ”។

​ប្រសិន​បើ​គ្មាន​ដំណើរ​ការ​បោះ​ឆ្នោត​ជា​ចំហ​ និង​ល្អិត​ល្អន់​ទេ​ គ.ជ.ប. នឹង​ប្រឈម​ការ​បាត់​បង់ការជឿ​ទុក​ចិត្ត​ពី​សាធារណ​ជន​។​លោក​បន្តថា “ នោះគឺជា​មូល​ហេតុ​ដែល​ដំណើរ​ការ​នេះ​មាន​សារ​ៈសំខាន់”។  ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោតនៅ​​ក្នុង​ប្រទេស​កម្ពុជា​ចែង​ថា បេក្ខភាព​របស់គ.ជ.ប. ត្រូវ​ស្នើ​សុំពី​ក្រសួង​ម​ហា​ផ្ទៃ​ និង​ត្រូ​វតែង​តាំង​ដោយ​អនុ​ក្រឹត្យ​យ៉ាង​ហោច​ណាស់​ប្រាំ​ពីរ​ខែ​មុន​ការ​បោះ​ឆ្នោត​ណា​មួយ។​

ច្បាប់​នេះ​ក៏​ចែង​ដែរថាសមាជិក​ត្រូវ​តែ​ជា​ “ អ្នក​មាន​​មុខ​តំណែង​សំខាន់​ដែល​មាន​ចំណេះ​ដឹង​ខាង​នយោបាយ​ មាន​​បទ​ពិសោធ​ការងារ​និង​មាន​កេរ្តិ៍​ឈ្មោះ​ល្អ”។ប៉ុន្តែ​​ ច្បាប់​នេះមិនមាន​ចែង​អំពីការ​កំណត់​អាណត្តិ​ ឬ​សេចក្តី​លម្អិត​ពីដំណើរ​ការ​ជ្រើស​រើស​ឡើយ។

ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ គណ​​បក្ស​ប្រឆាំង​ធំៗ​ពីរ​ក្នុង​ប្រទេស​កម្ពុជាបាន​ស្នើ​សុំ​​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណ​ៈ​កម្មា​ធិការ​ច្រើន​បក្ស​មួយ​ ដើម្បី​ជ្រើស​រើស​​សមា​ជិក​ថ្មីៗ​របស់​គ.ជ.ប.។​ដោយ​សារ​តែ​សំណើ​របស់​ខ្លួន​ត្រូវបាន​រដ្ឋា​ភិបាល​ច្រាន​ចោលម្តង​ហើយ​ម្តង​ទៀត គណ​បក្ស​ទាំង​នេះ​​​ប្រ​កាស​ផែន​ការ​របស់​ខ្លួន​ ក្នុងការធ្វើ​ពហិការ​មិន​ចូល​រួម​បោះ​ឆ្នោត​នៅ​ថ្ងៃ​នេះ​។

កាល​ពី​ម្សិល​មិញ​ លោកយឹមសុវណ្ណ ​សមា​​ជិកសភា​មកពី​គណ​បក្ស​ សមរង្ស៊ី ​​បាន​មាន​ប្រ​សាសន៍​ថា ​​ពួកគេ​​មាន​ផែន​ការ​អនុវត្ត​តាម​ការ​ប្រកាសរបស់ខ្លួន។​ដោយ​មានសមាជិក​ត្រឹម​តែ​២៩​រូប​នោះ​ ពួកគេ​មិន​អាច​បញ្ឈប់​រដ្ឋសភា​ដែល​​មាន​សមាជិក​មកពីគណ​បក្ស​ប្រជាជន​​ដ៏ច្រើន​លើស​លប់នេះបាន​ទេប៉ុន្តែ​​ពួក​គេ​សង្ឃឹម​ថា​ នឹង​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​នេះ​​មិន​ស្រប​ច្បាប់។​លោក​មាន​ប្រ​សាសន៍​ទៀត​ថា ប្រធាន​​និង​អនុប្រធាន ​គ.ជ.ប.ចាស់​នៅ​កាន់​មុខ​តំណែង​ដដែល “ បញ្ហា​នឹង​នៅ​តែ​ដដែល​ ពួកគេ​នឹង​ធ្វើ​ការ​បម្រើ​គណ​បក្ស​កាន់​អំណាចដដែល​”។

សំដៅ​ដល់​ប្រព័ន្ធ​​តុលាការដែល​​លម្អៀង​ទៅ​ខាង​គណ​បក្ស​កាន់​អំណាច​និង​ពោរ​ពេញ​ដោយអំពើ​ពុក​រលួយ​ លោកយឹមសុវណ្ណ​ មាន​ប្រ​សាសន៍​ថា ការតែង​តាំង​អតីត​ចៅ​ក្រម​ពីរ​រូប​នឹង​មិនអាច​ជួយ​ស្រោច​ស្រង់​មុខ​មាត់​ និង​ឯក​រាជភាព​របស់​គ.ជ.ប. បាននោះ​ទេ។

របាយ​ការណ៍​មួយ​ក្នុង​ឆ្នាំ​២០១០​ចេញ​ដោយ​លោកសុរិយាស៊ូបេឌី ​​ប្រសិត​សិទ្ធិ​មនុស្ស​របស់​​សហ​ប្រជាជាតិ​ បាន​លើក​ឡើង​ថា ប្រព័ន្ធ​តុលាការ​ក្នុង​ប្រទេស​កម្ពុជា​ពុក​រលួយ​និង​ទទួល​រង​ឥទ្ធិ​ពលពី​នយោបាយ​​។​នៅ​ក្នុង​របាយ​ការណ៍​ចុង​ក្រោយ​បំផុត​របស់​លោក​ផ្ញើទៅ​កាន់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ​កាល​ពី​ខែ​មុនលោកស៊ូបេឌី ​បាន​គាំទ្រ​គំនិត​មួយ​ចំនួនធំ​របស់គណ​បក្ស​ប្រ​ឆាំង​ស្តីពី​ការ​ធ្វើ​កំណែ​ទម្រង់​គ.ជ.ប.។

លោក​បាន​ផ្តល់​អនុសាសន៍​ឲ្យ​មាន​ការ​ពន្យល់​អំពី​ឯករាជភាព​​របស់ ​គ.ជ.ប. ​ដែល​មានចែងក្នុងរដ្ឋ​ធម្មនុញ្ញ​ ដែល​តំណាង​ឲ្យមាន​​តុល្យ​ភាព​ពី​បណ្តា​គណ​បក្ស​នយោបាយ​ទាំង​អស់​ ដែល​មាន​អាសនៈ​ក្នុង​សភា និង​កំណត់​អាណត្តិ​របស់​សមាជិក។

មន្ត្រី​ក្រសួង​មហា​ផ្ទៃ​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ពី​វិធី​ដែល​ខ្លួន​ជ្រើស​រើស​សមា​ជិក​ថ្មីទាំង​ពីរ​រូប​នេះ​ទេ ហើយ​បានបង្វែរ​សំណួរទៅសួរលោក​ឧត្តមសេនីយ៍ឯក​ ខៀវសុភ័គអ្នក​​នាំពាក្យ​ក្រសួង​នេះវិញ។

លោក​ឧត្តមសេនីយ៍ឯក​ ខៀវសុភ័គ​ ថ្លែង​ថាលោក “ មិន​​​ដឹង” ពី​វិធី​ជ្រើស​រើស​នេះ​​​ទេ។​លោក​បន្ត​ថា “ ក្រសួង​មហាផ្ទៃ​កំពុង​អនុ​វត្ត​តាម​នីតិវិធី​ច្បាប់”៕

ប្រែ​សម្រួល​ដោយតែមសុខុម​​​​​​​

 

 

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស