បុគ្គលិកសិទ្ធិមនុស្សម្នាក់ក្នុងចំណោមបុគ្គលិកសិទ្ធិមនុស្ស ដែលត្រូវបានសាកសួរនិយាយថា សាលាដំបូងខេត្តរតនគិរី បានសាកសួរបុគ្គលិកអង្គការសិទ្ធិមនុស្សល្បីឈ្មោះពីររូបកាលពីម្សិលមិញនៅក្នុងបណ្តឹងមួយ ដែលមេឃុំមកពីគណបក្សប្រជាជនកម្ពុជាម្នាក់បានប្តឹងពួកគាត់ពីបទញុះញង់។
អ្នកភូមិជនជាតិភាគតិចទំពួនប្រហែល២០០នាក់ ដែលពាក់ព័ន្ធក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូ DM Group បានតវ៉ានៅខាងក្រៅតុលាការ ដើម្បីអំពាវនាវកុំឲ្យមានការឃុំខ្លួនលោកប៉ែន ប៊ុណ្ណារ៍អ្នកសម្របសម្រួល និងលោក ឆាយធី អ្នកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តរតនគិរី។
លោកប៊ុណ្ណារ៍និងលោកឆាយធីរួមជាមួយលោកអ៊ូវីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានិងលោកសុខ រដ្ឋា អ្នកយកព័ត៌មានឲ្យវិទ្យុអាសីុសេរី ត្រូវបានកោះហៅទៅសាកសួរជុំវិញពាក្យបណ្តឹងនៅឆ្នាំ២០០៩របស់លោកគិត ចែមមេឃុំបាតាង ស្រុកលំផាត់ របស់គណបក្សប្រជាជនកម្ពុជា ប្តឹងចោទបុគ្គលិកសិទ្ធិមនុស្សទាំងនេះថាបានបរិហារកេរ្តិ៍គាត់ និងបានញុះញង់ឲ្យមានការតវ៉ាដោយហិង្សាពីសំណាក់អ្នកភូមិទំពួនរឿងជម្លោះដីធ្លីជាមួយក្រុមហ៊ុន DM Group។
លោកប៊ុណ្ណារ៍ បានមានប្រសាសន៍បន្ទាប់ពីត្រូវបានសាកសួរថា “ ខ្ញុំបានប្រាប់” លោកជាសុភ័ក្រព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តថា ខ្ញុំស្ថិតនៅក្នុងរាជធានីភ្នំពេញ រីឯលោកឆាយធី ដែលជាសហការីរបស់ខ្ញុំ កំពុងធ្វើការនៅក្នុងខេត្តមណ្ឌលគិរី អំឡុងពេលមានការតវ៉ាដោយហិង្សានោះ។
លោកប៊ុណ្ណារ៍ បានថ្លែងថា លោកនិងលោកឆាយធី ដែលត្រូវបានសាកសួរដោយឡែកពីគ្នាប្រហែល១៥នាទី បានប្រាប់លោកសុភ័ក្រ ថា ពួកគាត់បានចុះទៅតំបន់នោះជាច្រើនលើកដើម្បីបណ្តុះបណ្តាលអ្នកភូមិអំពីសិទ្ធិដីធ្លីនិងសិទ្ធិមនុស្ស។
លោកបានមានប្រសាសន៍ថា “ សហការីរបស់ខ្ញុំ និងខ្ញុំ មិនបានធ្វើអ្វីខុសទេ ដូច្នេះយើងបានស្នើឲ្យតុលាការព្យួរសំណុំរឿងនេះ ឬលើកលែងការចោទប្រកាន់តែម្តង”។ លោកបានបន្ថែមថាលោកគិតថាបណ្តឹងនេះគឺជាការគំរាមកំហែងដល់បុគ្គលិកសិទ្ធិមនុស្សដែលមានការជាប់ពាក់ព័ន្ធនៅក្នុងការអប់រំសហគមន៍ជនជាតិភាគតិចអំពីសិទ្ធិដីធ្លីរបស់ពួកគាត់។
លោកបានមានប្រសាសន៍ថា “ នៅក្នុងភូមិ និងតំបន់ណាមួយ ដែលមានអាជ្ញាធរជាប់ពាក់ព័ន្ធនឹងការលក់ដីព្រៃរដ្ឋខុសច្បាប់ នោះ តែងតែមានការរឹតបន្តឹងទៅលើភូមិនោះ ចំពោះការរៀបចំវគ្គបណ្តុះបណ្តាលអំពីសិទ្ធិដីធ្លី”។
ឈ្មោះ ស្វេនវ៉េវដែលជាអ្នកភូមិម្នាក់ចំណោមអ្នកភូមិទំពួនដែលពាក់ព័ន្ធជម្លោះដីធ្លីជាយូរមកហើយជាមួយក្រុមហ៊ុន DM Group បាននិយាយថាប្រជាពលរដ្ឋប្រហែល២០០នាក់បានធ្វើដំណើរទៅទីរួមខេត្តដើម្បីគាំទ្របុគ្គលិកសិទ្ធិមនុស្សទាំងពីរនាក់នេះ។
លោក ស្វេនវ៉េវ បានបន្តថា “ យើងបានធ្វើដំណើរតាមម៉ូតូរបស់យើងផ្ទាល់ ដើម្បីប្រមូលផ្តុំគ្នានៅខាងមុខតុលាការ។ ការប្រមូលផ្តុំរបស់យើង ក៏ចង់បង្ហាញតុលាការដែរថា គាត់ទាំងពីរនាក់មិនបានញុះញង់យើងឲ្យប្រព្រឹត្តបទល្មើសនោះទេ។ ប៉ុន្តែ ពួកគេបានបង្រៀនយើងឲ្យយល់ដឹងអំពីច្បាប់និងសិទ្ធិដីធ្លី”។
លោកឆេងសម្ផស្សអ្នកស៊ើបអង្កេតជាន់ខ្ពស់ប្រចាំអង្គការសិទ្ធិមនុស្សលីកាដូ ដែលតាមដាននីតិវិធីកាលពីម្សិលមិញនៅក្នុងតុលាការ បានមានប្រសាសន៍ថា ការព្យាយាមបំបិទមាត់បុគ្គលិកសិទ្ធិមនុស្សដោយចោទប្រកាន់ពីបទញុះញង់នោះ គឺកើតមានជាទូទៅនៅក្នុងប្រទេសកម្ពុជា។
លោកបានមានប្រសាសន៍ថា “ នៅពេលណាអ្នកភូមិដែលនិយាយគ្មានសំចៃធ្វើការតវ៉ាដើម្បីទាមទារដី [ បុគ្គលិកសិទ្ធិមនុស្ស ] ត្រូវបានចោទថាបានញុះញង់អ្នកភូមិ”៕
ប្រែសម្រួលដោយ ចេវប៊ុននី