28 C
Phnom Penh

​ការ​សម្រុក​ធ្វើ​ដំណើរ​ទៅ​​​ស្រុក​កំណើតមុនភ្ជុំ​​​បិណ្ឌ​​​​បណ្ដាល​​​ឲ្យ​​​កក​​​ស្ទះ​​ចរាចរណ៍​​​​ខ្លាំង​តាម​​​ដង​​​ផ្លូវ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រថយន្ដ​​​និង​​​ម៉ូតូ​​​​រាប់​​​ពាន់​​​គ្រឿង​​​​​​បាន​​​កកស្ទះ​​​​​រាប់​​​ម៉ោង នៅ​​​តាម​​​បណ្ដោយ​​​ផ្លូវ​​​ជាតិ​​​លេខ​​​១​នៅ​ទី​ប្រជុំ​ជន​​​​អ្នក​​​លឿង ​​​​ខេត្ត​​​ព្រៃ​​​វែង កាល​​​​ពី​​​ម្សិលមិញ ដើម្បី​​​រង់​​​ចាំ​​​ជិះ​​​ស្រឡាង​​​ឆ្លង​​​ទន្លេ​​​មេគង្គ​​​ មុន​​​ពិធី​​​បុណ្យ​​​ភ្ជុំ​​​បិណ្ឌ។ 

​​​លោក សេង ឈួន អនុ​​​ប្រធាន​​​កំពង់​​​​ចម្លង​​​​អ្នកលឿង​​​បាន​​​មាន​​​ប្រសាសន៍ថា កា​​​រកក​​​ស្ទះ​​​ចរាចរណ៍​​​នេះ​​​បាន​​​ចាប់​​​ផ្ដើ​​​ម​​​តាំង​​​ពី​​​ពេល​​​​​​ព្រឹក​​​ព្រលឹម ដោយ​​​មាន​ម៉ូតូ​ប្រហែល​​​​១០.០០០​​​គ្រឿង និង​​​រថ​​​យន្ដ​​​ប្រ​​​ហែល​​​២.០០០​​​គ្រឿង​​​​ត្រូវ​តម្រង់​ជួរ​រង់​ចាំ​​​ឆ្លង​​​ស្រឡាង​នេះ​​​​ចន្លោះ​​​ពី​​​បី​​​ទៅ​​​បួន​​​ម៉ោង​​​។

លោកសេងឈួនបាន​​​មាន​​​ប្រ​សាសន៍​​​ថា “ មាន​​​ការ​​​កក​​​ស្ទះ​​​ចរាចរណ៍​​​យ៉ាង​​​​ខ្លាំង​ ព្រោះ​​​​​​យើង​​​មាន​​​ស្រឡាង​​​ែតបួនគ្រឿង​​​​​​ដែល​​​ស្រឡាង​​​​នីមួយៗ “ អាច​​​ផ្ទុក​​​រថ​​​យន្ដ​​​បាន​​​ប្រហែល​​​២៦​​​គ្រឿង​​​”។ លោក​​​បន្ថែម​​​ថា មក​ទល់​​​​ល្ងាច​​​ម្សិល​​​​មិញ ​យាន​យន្ត​​​​រង់​​​ចាំ​​​​ឆ្លង​ស្រឡាង​​​​​​បាន​​​ថយ​​​ចុះ​​​មក​​​ត្រឹម​​​ប្រហែល៥០០​​​គ្រឿង​​​ប៉ុណ្ណោះ ។​​​

​​​នគរ​​​បាល​​​បាន​​​ឲ្យ​​​ដឹង​​​ថា ខ្លួន​​​​កំពុង​​​ត្រៀម​​​ខ្លួន​​​​សម្រាប់​ការ​​​កក​​​ស្ទះ​​​ចរាចរណ៍​​​បន្ថែម​​​ទៀត​នៅ​​​ប៉ុន្មាន​​​ថ្ងៃ​​ខាង​​​មុខ ​​​ខណៈ​​​ដែល​​​​ប្រជា​​ពលរដ្ឋ​ជា​ច្រើន​​​ចាក​​​ចេញ​​​ពី​​​ភ្នំពេញ​​​និង​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ជនបទ​​​ដើម្បី​​​​​​ប្រារព្ធ​​​ពិធី​​បុណ្យ​​​ភ្ជុំ​​​បិណ្ឌ​​​ និង​​​ចុះ​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​សម្រាប់​​​ការ​​​បោះ​​​ឆ្នោត​​​​​​ឆ្នាំ​​​ក្រោយ។

ការ​​​កក​​​ស្ទះ​​​ចរាចរណ៍​​​បាន​​​ចាប់​​​ផ្ដើម​​​​នៅ​តាម​ផ្លូវ​នានា​ចេញ​​​ពី​​​ភ្នំ​​​ពេញ កាល​​​ពី​​​ថ្ងៃ​​​ពុធ ​នៅ​​​ពេល​​​ដែល​​​ប្រ​​​ជា​​​ពលរដ្ឋ​​​ប្រ​​​ញាប់​​​ប្រញាល​​​់​នា​​​ពេល​​​ចុង​​​សប្ដាហ៍​​​ចេញ​​​ទៅ​​​តាម​​​ខេត្ត​​​ឲ្យ​​​បាន​​​មុន​​​មួយ​​​ថ្ងៃ។ ទំហំ​​​​ចរាចរណ៍​​​​នេះ​​​បង្ហាញ​​​ថា​​​​ ចំនួន​​​ប្រ​​​ជាពល​​​រដ្ឋ​​​នៅ​​​ភ្នំពេញ​​​កំពុង​​​កើន​​​ឡើង​​​លឿន​ជា​ងការ​អភិវឌ្ឍ​​ហេដ្ឋា​​​រច​​​នា​​​សម្ព័ន្ធ​​​​​នៅ​រាជធានី។

លោក ប៉ែន​​​ ឃុន នាយរង​​​ការិយា​​​ល័យ​​​នគរ​​​បាល​​​ចរាចរណ៍​​​រាជធានី​​​ភ្នំពេញ​​​បាន​​​មាន​​​ប្រសាសន៍ថា​​​ “ ចាប់​​​តាំង​​​ពីយប់​​​ថ្ងៃ​​​ពុធមក​យើង​​​បាន​​​​ដាក់​​​​កម្លាំង​​​នគរ​​​បាល​​​បន្ថែម​​​នៅ​តាម​​​​ផ្លូវ​​​សំខាន់​​​ៗ​​​ចេញ​​​ពី​​​រាជធានី​​​ភ្នំពេញ ​ដើម្បី​​​​សម្រួល​​​ចរាចរណ៍។ ប៉ុន្ដែ ផ្លូវ​​​បាន​​​កកស្ទះ​​​ប្រ​​​ហែល​​​មួយ​​​ម៉ោង​​​ពេល​​​ដែល​​​​​ប្រជាពលរដ្ឋ​ចាប់​​​ផ្ដើ​​​ម​​​ចាក​​​ចេញ​​​ដំណាល​​​គ្នា”។

ទោះ​​​បី​​​ជាគ្មាន​​​បុណ្យ​​​ជាតិ​​​ក៏​​​ដោយ ក៏​​​មាន​ការ​កក​ស្ទះ​ចរាចរណ៍​​​នៅ​​​ក្នុង​​​រាជធានី​​​ដែរ​។​​​ ហួស​​​​ពី​​​អាកាស​​​យានដ្ឋាន​​​អន្ដរជាតិ​​​ភ្នំពេញ​​​​បន្ដិច នៅ​​​តាម​​​ផ្លូវ​​​ជាតិ​​​លេខ​​​៤ កាល​​​ពី​​​ល្ងាច​​​ថ្ងៃ​​​ពុធ រថយន្ដ​​​​​​រាប់​​​សិប​​​គ្រឿងដឹក​​​កម្មករពី​​​រោង​​​ចក្រ​​​ក្បែរ​​​ៗនោះ បាន​​​បណ្ដា​​​ឲ្យ​​​មាន​​​ការ​​​កក​​​ស្ទះ​​​ចរាចរណ៍​​​ចាប់​​​ពី​​​ម៉ោង​​​ប្រហែល​​​៤ ​រសៀល​​​​​​ទៅ ​ដោយ​​​រថយន្ដ​​​​អាច​បើក​​បរ​ទៅ​មុខ​​​​​​យឺតៗ​​​ដូច​​​ខ្យង​​វារអ៊ីចឹង។

នៅ​​​តាម​​​បណ្ដោយ​​​ផ្លូវ​​​សហព័ន្ធ​​​រុស្ស៊ី អ្នក​​​​បើក​បរ​ម៉ូតូ​​​បាន​​​បើក​​​​តាម​​​​ផ្លូវ​​​ថ្មើរជើង ដើម្បី​​​គេច​​​ពី​​​ការ​​​កក​​​ស្ទះ​​​ចរាចរណ៍ ហើយ​អ្នក​​​បើក​​​រឺុម៉ក​ម៉ូតូ​ បាន​​​ពន្លត់​​​ម៉ាស៊ីន​​​ដើម្បី​​​សន្សំ​​​សាំង។​ទេសចរ​​​បរទេស​​​ដែល​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ជិះ​​​យន្ដ​​​ហោះ​​​បាន​ចុះ​​​ពី​​​តាក់ស៊ី​​​​​​​​​​​​​​​​​​ និង​​​​រឺុម៉ក​ម៉ូតូ​រត់​​​តាម​​​បណ្ដោយ​​​ផ្លូវ​​​​នោះ​ដោយ​​​មាន​​​ស្ពាយ​​​អីវ៉ាន់ ​ដើម្បី​​​​​​​ទៅ​​​​ឲ្យទាន់​ជើង​​​​ហោះ​​​ហើរ​របស់​ខ្លួន។

​​​ដោយ​​​សារតែ​​​​មាន​មនុស្ស​​​​ជា​​​ច្រើន​​​នាំ​​​គ្នា​​​ផ្លាស់​​​​ពី​ជន​បទ​មក​​រស់​​​នៅ​​​រាជធានី​​​ភ្នំពេញ ​​​និង​​​ដោយ​​​សារតែអ្នក​​​មាន​​​ប្ដូរ​​​ពី​​​ជិះ​​​ម៉ូតូ​​​មកជិះ​​​រថយន្ដ​​​​កាន់​តែ​ច្រើន​​​នោះ​ គេ​​​រំពឹង​​​ថា ការ​​​កក​​​ស្ទះ​​​ចរាចរណ៍​​​នឹង​​​កាន់​​​តែ​​​យ៉ាប់​​​យ៉ឺន​​​ទៅៗ។  លោក ព្រាប ចាន់​​​វិបុល  ប្រ​​​ធាន​​​នាយក​​​ដ្ឋាន​​​ដឹក​​​ជញ្ជូនផ្លូវ​​​គោក នៃ​​​ក្រសួង​​​សាធារណ​ការ​​​និង​​​ដឹក​​​ជញ្ជូន​​​ ​​​មាន​​​ប្រសាសន៍​ថា“ យើង​​​​បារម្ភថា កំណើន​​​​យាន​​​យន្ដ​​​នៅ​​​តាម​​​ដង​​​ផ្លូវ​​​នឹង​​​បណ្តាល​​​ឲ្យ​​​​​មាន​​ការ​​​កក​​​ស្ទះ​​​ចរាចរណ៍​​​​កាន់​តែ​ខ្លាំង​​​ និង​​​បណ្ដាល​​​ឲ្យ​​​មាន​​​គ្រោះ​​​ថ្នាក់​​​កាន់​​​តែ​​​ច្រើន​​​ផង​ដែរ”។

លោក​បាន​​​ឲ្យ​​​ដឹង​​​ថា ពេល​​​នេះ​​​មាន​​​យាន​យន្ដ​​​ដែល​​​បាន​​​ចុះ​​​បញ្ជី​​​រួច​​​ចំនួន​​​​​​២,១​​​លាន​​​គ្រឿង គឺ​​មាន​រថយន្ដ​​​ជាង​៣៤០.០០០​​​គ្រឿង​​​និង​​​ម៉ូតូចំនួន​​​១,៧​​​លាន​​​គ្រឿង​​ ហើយ​គេ​ជឿថា​ ​មានយាន​​​យន្ដ​​​ជាច្រើន​​​ទៀត​​​​ ដែល​​​​មិន​​​បាន​​​ចុះ​​​បញ្ជី។ តួលេខ​​​យាន​​​យន្ដ​​​ទាំង​​​នោះ​​​នឹង​​​បន្ដ​​​កើន​​​ឡើងថែម​​​ទៀត​​​។  យោង​​​តាម​​​លោក ចាន់​​​វិបុល​​​ បាន​​​ឲ្យ​​​ដឹង​​​ថា ក្នុង​​​រយៈពេល​ប្រាំ​បួន​ខែ​​​ដំបូង​​​នៃ​​​ឆ្នាំ​​​នេះ ​ក្រសួង​​​បាន​​​ចុះ​​​បញ្ជី​​​រថ​​​យន្ដ​​​ថ្មី​​​ចំនួន​​​៣០.៨៦៣​​​គ្រឿង និង​​​ម៉ូតូ​​​ថ្មី​​​ចំនួន​​​១៨០.០២៦​​​គ្រឿង គឺ​​​​មាន​រថយន្ត​ចុះ​បញ្ជី​ច្រើនជាង​​​ឆ្នាំមុន​​​ជិត​​​៤.០០០​​​គ្រឿង​​​ ក្នុង​​​អំឡុង​​​ពេល​​​ដូច​​​គ្នា​នេះ​កាល​ពីឆ្នាំ​មុន៕

(រាយការណ៍បន្ថែម​ដោយ Kate Bartlett)

ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស