38 C
Phnom Penh

​បញ្ឈប់​ការ​​សង់​អគារ​ ដោយសារ​​​បារម្ភ​ពី​បញ្ហា​សន្តិសុខ​សហរដ្ឋ​អា​មេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​លើក​ឡើង​កាលពី​ម្សិល​មិញ​ថា​​ សំណង់​អគារ​​មាន​កម្ពស់​ប្រាំ​ពីរ​ជាន់​ដែល​អាច​មើល​ឃើញ​លំនៅ​ដ្ឋាន​របស់​ឯក​អគ្គរដ្ឋ​ទូត​សហ​រដ្ឋ​អាមេរិក​នោះ ​ត្រូវ​បាន​អាជ្ញាធរ​បញ្ឈប់ការ​សាង​សង់​តាម​សំណើ​របស់​ស្ថាន​ទូត​សហរដ្ឋ​អា​មេរិក​​ដោយ​សារ​កង្វល់​ពី​បញ្ហា​សន្តិសុខ​​នៅ​មុន​​កិច្ច​ប្រ​ជុំ​កំពូល​អាស៊ាន​នៅ​ខែ​ក្រោយ​នេះ​។

លោក​ ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យសាលា​​រាជ​ធានី​ភ្នំ​ពេញបានមាន​ប្រសាសន៍​ថាទោះ​បី​អគារ​នេះ​ស្ថិត​នៅ​​លើផ្លូវ​លេខ​២៤០​ក៏​ដោយ​ ក៏​ជាន់​ខាង​លើ​នៃ​គម្រោង​អគារ​​ដ៏​ប្រ​ណីត​​នេះ​​ មើល​ឃើញនិវេសន៍​ដ្ឋានរបស់​ឯក​អគ្គរដ្ឋទូត​​​សហ​រដ្ឋ​អាមេរិក ​លោក វីលៀ​ម​ថូដ​​ (William Todd) នៅ​តាមដង​មហាវិថី​ ព្រះ​នរោត្តម​​ បាន​បង្កើត​នូវ​អ្វី​ ដែល​មន្ត្រី​សហរដ្ឋ​អាមេរិក​គិត​ថា​​ ជា​ការ​គំរាម​កំហែង​ផ្នែក​សន្តិសុខ។

លោក​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថាគម្រោង​សំណង់​អគារ​ មាន​២៩​បន្ទប់​ ដែល​គេ​ហៅ​ថា “ អគារ​ភ្នំ​ពេញ​២៤០​” បាន​ចាប់​ផ្តើម​សាង​សង់​នៅ​ឆ្នាំ​២០០៩​ ហើយ​ឥឡូវ​នេះ​ជិត​ចប់​ហើយ​។ លោក​ថ្លែង​បន្ត​ទៀត​ថា “ ​រាន​ហាល និង​បង្អួច​នៃសំណង់​អគារ​ខ្ពស់​នេះ ​បែ​រទៅ​ចំ​និវេសនដ្ឋាន​របស់ឯក​អគ្គ​​រដ្ឋ​ទូត​សហ​រដ្ឋ​អាមេរិក ដោយ​បង្ក​ឲ្យ​មាន​ការ​ព្រួយបារម្ភអំពី​បញ្ហា​សន្តិសុខ និង​សុវត្ថិភាព​​របស់​លោក។

លោក​បាន​ថ្លែង​ទៀត​ថាសាលា​រាជ​ធានី​ភ្នំ​ពេញ​ ​បាន​ទទួល​សំណើ​ពី​រដ្ឋា​ភិបាល​សហ​រដ្ឋ​អាមេរិក​ កាល​ពី​ដើម​ខែ​នេះ ដោយស្នើ​សុំឲ្យ​បញ្ឈប់​ការ​សាង​សង់​អគារ​នេះ។

លោក ឌីម៉ង់ បានមាន​ប្រសាសន៍​បន្ត​ថា “ ​យោង​តាម​បទ​បញ្ជា​របស់​អភិបាល​រាជ​ធានី​ភ្នំ​ពេញ [លោកកែបជុតិមា] សំណង់​អគារ​នេះ​ត្រូវ​តែ​បញ្ឈប់​ជា​បន្ទាន់​”។

កាល​ពី​ម្សិល​មិញ​ស្ថាន​ទូត​​អាមេរិក​​ប្រចាំ​រាជ​ធានី​ភ្នំ​ពេញ បាន​បដិ​សេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ អំពី​សំណើ​របស់​ខ្លួនឲ្យ​បញ្ឈប់​ការ​សាង​សង់​​នោះ​ទេប៉ុន្តែការ​អំពាវ​នាវ​នេះបានកើត​ឡើង​ដោយ​សារ​មាន​ការលើក​ឡើង​ជា​ច្រើន​ពីរដ្ឋធានី​វ៉ាស៊ីន​តោន​ និង​បញ្ហា​ពង្រឹង​សន្តិសុខ​​នៅ​ក្រៅ​ប្រទេស​ បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​ កាល​ពី​ថ្ងៃ​ទី​១១ខែ​កញ្ញាលើ​ស្ថាន​កុងស៊ុល​ នៅ​ទី​ក្រុង​បេនហ្គាហ្ស៊ី (Benghazi)​ របស់​ប្រទេស​លីប៊ីដោយ​បណ្តាល​ឲ្យ​លោក​ឯក​អគ្គ​រដ្ឋ​ទូត​ គ្រិស​ ស្ទេវិន (Chris Stevens)​ និង​​មន្ត្រី​ស្ថាន​ទូត​បី​នាក់​ទៀត​​ស្លាប់​។

លោកមីឆេលបេនណិត (Michelle  Bennett)អនុ​ប្រធាន​ផ្នែក​ទំនាក់​ទំនង​សាធារណៈប្រចាំ​ស្ថាន​ទូត​អាមេរិក​ ប្រចាំរាជ​ធានី​ភ្នំ​ពេញបាន​មាន​ប្រសាសន៍​ថា “ ដោយ​រក្សា​នយោ​បាយ​យូរអង្វែង​របស់​យើង​ យើង​មិន​ធ្វើ​អត្ថា​ធិប្បាយ​​ទាក់​ទង​នឹង​បញ្ហា​សន្តិសុខចំពោះ​បេសកកម្ម​របស់​សហ​រដ្ឋ​អាមេរិក​នោះ​ទេ”។

មាន​មន្ត្រី​នគរបាល​ជាង​១០​នាក់​ និង​​មន្ត្រី​សាលា​រាជ​ធានី​ភ្នំ​ពេញ រួម​ទាំង​លោក​អភិបាល​រាជ​ធានី​ភ្នំ​ពេញកែបជុតិមាផងបាន​​ចូល​ទៅពិនិត្យមើល​ក្នុង​បរិវេណ​សំណង់​អគារ​​​នេះកាល​ពី​ថ្ងៃ​ពុធ​ ហើយ​បានទាមទារ​ឲ្យ​បិទ​ការដ្ឋាន​នោះ​ជា​បន្ទាន់​។​ មន្ត្រី​នគរ​បាលនៅតែ​ត្រូវ​បាន​ដាក់​ពង្រាយ​តាម​ផ្លូវ​ចូល​ទៅ​ក្នុង​សំណង់​អគារ​នោះដដែល​កាល​ពី​ម្សិល​​មិញ​។

លោក​ស្រីអេឡែនយុ៉នជា​ម្ចាស់​អគារ​នោះ​ និង​ជាម្ចាស់ជំនួញ​ល្បីៗ​ជា​ច្រើនកន្លែង​ទៀត​ បាន​ថ្លែង​ថា លោក​ស្រីទើប​តែ​មានគេ​ប្រាប់​ថា អគារ​របស់​លោក​ស្រី​បាន​គំរាម​កំហែង​ដល់សន្តិ​សុខ​របស់​មន្ត្រី​សហរដ្ឋ​អាមេរិកកាល​ពី​ដើម​ខែ​នេះ។

លោក​ស្រី អេឡែន បាន​មាន​ប្រសាសន៍​បន្ថែម​​ទៀតថា “ យើង​​បាន​ដឹង​អំពី​បញ្ហា​នេះ កាល​ពី​ដើម​ខែ​នេះ​ ហើយ​យើង​បាន​យល់​ព្រម​ផ្អាក​ការ​សាង​សង់​​នេះ​ជា​បណ្តោះ​អាសន្ន​ដោយ​សារ​យើង​ក៏​មាន​ការ​ព្រួយ​បារម្ភដែរ​ ពាក់​ព័ន្ធ​នឹង​បញ្ហា​សន្តិ​សុខ​​​។​ ​មន្ត្រី​សហ​រដ្ឋ​អាមេរិក​ និង​មន្ត្រី​ទទួល​បន្ទុក​សន្តិ​សុខ​ នឹង​ជួប​ប្រជុំ​គ្នា​ ​ដើម្បី​ពិភាក្សា​អំពីបញ្ហា​នេះ​ ហើយ​យើង​សង្ឃឹម​ថា នឹង​មាន​ដំណោះ​​ស្រាយ​មួយ​​ក្នុង​ពេល​ឆាប់ៗ”។

ការ​បិទ​សំណង់​អគារ​នៅ​តាមផ្លូវ​លេខ​២៤០ជា​លើក​ទី​២​ហើយ ​ពាក់​ព័ន្ធ​នឹង​បញ្ហា​សន្តិសុខសម្រាប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ខែ​ក្រោយ​នេះ​ ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​រាជ​ធានី​ភ្នំ​ពេញ។ ប្រជា​ពលរដ្ឋ​ប្រមាណ​៤០០​គ្រួសារ​ ដែល​រស់​នៅ​ជិត​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំ​ពេញ​ ក៏​បាន​ទទួល​លិខិត​ជូន​ដំណឹង​​ស្តី​ពី​ការ​បណ្តេញ​ចេញដែលមន្ត្រី​រដ្ឋា​ភិបាល​និយាយ​ថា ដោយសារបញ្ហា​សន្តិសុខសម្រាប់​មេ​ដឹក​នាំ​ពិភព​លោក​ ដែល​មក​ធ្វើ​ទស្សនកិច្ច​​នៅ​កម្ពុជា​។

ក្នុង​ចំណោម​គណ​ៈប្រតិភូ​ ដែល​គេ​រំពឹង​ថានឹង​មកកាន់​រាជ​ធានី​ភ្នំ​ពេញ ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​នោះ គឺ​មាន​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិកលោកបារ៉ាក់អូបាម៉ា (Barack Obama) នាយក​រដ្ឋមន្ត្រី ​ចិនលោកវ៉េនជាប៉ាវ​​(Wen Jiabao) ប្រធានាធិបតី​រុស្ស៊ីលោក វ្លាឌីមា ពូទីន​(Vladimir Putin)​និង​នាយករដ្ឋមន្ត្រី​ឥណ្ឌាលោក​ម៉ាន់​ម៉ូហាន់​ ស៊ីង(Manmohan Singh)៕

ប្រែសម្រួលដោយឃិនណៃ

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស