រដ្ឋសភាកាលពីម្សិលមិញ បានអនុម័តយល់ព្រមជាឯកឆន្ទតាមការតែងតាំងតំណែងអតីតចៅក្រមចំនួនពីររូបនៅក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅមុនការបោះឆ្នោតជាតិដែលនឹងមកដល់នៅឆ្នាំក្រោយ ថ្វីបើមានការធ្វើពហិការពីសមាជិកសភាមកពីគណបក្សប្រឆាំងក្ដី។
សមាជិកសភាចំនួន២៩រូបមកពីគណបក្សប្រឆាំង គឺគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សបានបដិសេធមិនចូលរួមនៅក្នុងការបោះឆ្នោតឡើយ ដើម្បីតវ៉ាចំពោះភាពលម្អៀងរបស់គ.ជ.ប ដែលងាកទៅរកគណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា និងតវ៉ាចំពោះកង្វះតម្លាភាពនៅក្នុងការជ្រើសរើសសមាជិកថ្មី។
ថ្វីបើមានការធ្វើពហិការក្ដី បេក្ខជនគ.ជ.បចំនួនពីររូប គឺលោក ស៊ិន ឌឹម និងលោក សោ សុភរី ត្រូវបានជ្រើសរើសដោយមិនមានការពិភាក្សា និងទទួលបានការយល់ព្រមពីសមាជិកសភាចំនួន៨៧រូបផ្សេងទៀតដែលមានវត្តមាននៅក្នុងពេលបោះឆ្នោត។
ពួកលោកនឹងត្រូវជំនួសតំណែងលោក ឃ្លោក ប៊ុតឌី អតីតសមាជិកសភាមកពីគណបក្សហ្វុនស៊ិនប៉ិច និងជាអតីតប្រធានខុទ្ទការល័យក្រសួងមហាផ្ទៃ និងលោកស្រី កុយ វ៉េត អតីតប្រធាននាយកដ្ឋានក្រសួងអប់រំ។
មុនពេលបោះឆ្នោតលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលក្រសួងរបស់លោកបានជ្រើសរើសបេក្ខជនចំនួនពីររូបដោយសម្ងាត់នោះ បានថ្លែងថា គ.ជ.បដែលត្រូវបានរៀបចំឡើងវិញ នឹងជួយពង្រឹងលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជា។
លោក ស ខេង បានមានប្រសាសន៍ថា “ការធ្វើកំណែរទម្រង់គ.ជ.ឡើងវិញនៅពេលនេះ គឺជាការធ្វើកំណែរទម្រង់លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា”។
បន្ទាប់មកលោក អឹុម សួស្ដី ប្រធានគ.ជ.ប ដែលត្រូវតាំងជាយូរមកហើយ និង ស៊ិន ជុំបូរ អនុប្រធានគ.ជ.ប ព្រមទាំងសមាជិកប្រាំរូបផ្សេងទៀតរបស់គ.ជ.បដែលបានរក្សាតំណែងរបស់ខ្លួនបានថ្លែងអំណរគុណដល់រដ្ឋសភា ដែលបានសម្រេចឲ្យពួកលោកបានបន្តកាន់តំណែងដដែលនោះ។
លោក សួស្ដី ដែលមានទំនាក់ទំនងជាយូរមកហើយជាមួយគណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា បានបដិសេធពីការលើកឡើងថា គ.ជ.បមានភាពលម្ងៀង។
លោកបានប្រាប់អ្នកយកព័ត៌មាននៅក្រៅរដ្ឋសភាថា “ការអះអាងទាំងនេះមិនមែនថ្មីនោះទេ។ អ្វីដែលយើងបានធ្វើតាំងពីយូរមកហើយ គឺគោរពតាមច្បាប់”។
លោក អុឹម សួស្ដី បានថ្លែងថា លោកមិនមានមតិអ្វីអំពីរបៀបដែលក្រសួងមហាផ្ទៃបានជ្រើសរើសលោក ស៊ិន ឌឹម និងលោក សោ សុភរី អតីតចៅក្រមតុលាការកំពូល និងប្រធានសាលាដំបូងរាជធានីភ្នំពេញនោះឡើយ។
មន្ត្រីក្រសួងមហាផ្ទៃបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីដំណើរការជ្រើសរើសឡើយ។
ច្បាប់បោះឆ្នោតបានផ្ដល់សិទ្ធិទៅឲ្យក្រសួងមហាផ្ទៃ ដើម្បីជ្រើសរើសបេក្ខជនពីអ្នកមានមុខតំណែងខ្ពស់ ដែលមានបទពិសោធន៍ច្រើននៅក្នុងជួររដ្ឋាភិបាលសម្រាប់ទទួលតំណែងក្នុងគ.ជ.ប ប៉ុន្ដែ មិនបានពន្យល់បញ្ជាក់ឲ្យបានច្បាស់អំពីលក្ខណ្ឌផ្សេងទៀតឡើយ។
គណបក្សប្រឆាំងបានលើកឡើងជាយូរមកហើយថា សមាសភាពនៅក្នុងគ.ជ.បភាគច្រើនពីមុនមកជាអតីតសមាជិកមកពីគណបក្សប្រជាជនកម្ពុជា គឺជាភ័ស្ដុតាងនៃភាពលម្អៀងទៅរកគណបក្សកាន់អំណាច។ កាលពីបីបួនសប្ដាហ៍មុនការបោះឆ្នោតម្សិលមិញ រដ្ឋាភិបាលបានច្រានចោលម្ដងហើយម្ដងទៀតនូវសំណើ ដែលសុំឲ្យមានការបង្កើតគណៈកម្មាធិការមានសមាជិកចម្រុះមកពីគណបក្សផ្សេងៗ ដើម្បីជ្រើសសមាជិកគ.ជ.បថ្មី។
ដោយមានការធ្វើពហិការមិនព្រមចូលរួមការបោះឆ្នោតកាលពីម្សិលមិញ លោក យឹម សុវណ្ណ សមាជិកសភាមកពីគណបក្ស សម រង្ស៊ី បានថ្លែងថា គណបក្សប្រឆាំងសូមច្រានចោលនូវភាពស្របច្បាប់របស់សមាជិកថ្មីរបស់គ.ជ.ប ហើយយើងនៅតែចង់ឲ្យរដ្ឋាភិបាលបង្កើតគណៈកម្មាធិការជ្រើសរើសមួយ ដែលមានការចូលរួមពីគណបក្សផ្សេងៗ។
លោកបានមានប្រសាសន៍ថា “យើងមិនទទួលស្គាល់សមាសភាពរបស់គ.ជ.បកាលពីព្រឹកមិញនេះទេ យើងនៅតែទាមទារឲ្យមានការចូលរួមពីគណបក្សផ្សេងនៅក្នុងការជ្រើសរើសសមាជិកថ្មីទាំងនេះ”។
ថ្វីបើការធ្វើពហិការមិនអាចបញ្ឈប់ការបោះឆ្នោតក្ដី លោក យឹម សុវណ្ណ បានថ្លែងថា គណបក្សប្រឆាំងសង្ឃឹមថា នឹងអាចទាញចំណាប់អារម្មណ៍ចំពោះការមិនពេញចិត្តរបស់ខ្លួន។
លោកបានមានប្រសាសន៍ថា “ថ្នាក់ដឹកនាំគ.ជ.ប គឺនៅដដែល ហេតុដូច្នេះយើងនឹងជួបបញ្ហាដដែល គឺការបោះឆ្នោតមិនសេរី និងមិនយុត្តិធម៌ដូចកាលពីមុន”។
ការបោះឆ្នោតជាតិឆ្នាំក្រោយ គ្រោងនឹងធ្វើឡើងនៅខែកក្កដា ហើយការចុះឈ្មោះអ្នកបោះឆ្នោតបានបញ្ចប់នៅថ្ងៃនេះ។
លោកស្រី ឡូរ៉ា ថនតុន (Laura Thornton) នាយកប្រចាំប្រទេសរបស់វិទ្យាស្ថានជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានមានប្រសាសន៍ថា វាពិតជាមានបញ្ហាដែលការបោះឆ្នោតសភាធ្វើឡើងត្រឹមតែប៉ុន្មានសប្ដាហ៍ បន្ទាប់ពីគ.ជ.បបានសុំជំនួយពីម្ចាស់ជំនួយអន្ដរជាតិ ដើម្បីយកមករៀបចំការបោះឆ្នោត នៅឆ្នាំក្រោយ ដោយសន្យាថា នឹងធ្វើឲ្យមានការបោះឆ្នោតដោយសេរីនឹងយុត្តិធម៌។
លោកស្រីបានថ្លែងថា “ប្រទេសកម្ពុជាមានដំណើរការជ្រើសរើសសមាជិកថ្មីសម្រាប់គ.ជ.ប ដែលនេះគឺវាផ្ទុយទាំងស្រុងទៅនឹងអ្វីដែលគ.ជ.បបានសន្យា ហើយវាពិតជាខ្វះតម្លាភាព”។
លោកស្រី ថនតុនបានមានប្រសាសន៍ថា លោកស្រី និងបុគ្គលិករបស់លោកស្រីបានខិតខំប្រើគ្រប់មធ្យោបាយ ដើម្បីរកឲ្យឃើញអំពីរបៀបក្រសួងមហាផ្ទៃជ្រើសរើសសមាជិកថ្មីសម្រាប់គ.ជ.ប ហើយបន្ទាប់ពីការបោះឆ្នោតកាលពីម្សិលមិញ វានៅមិនទាន់មានការបញ្ចាក់ឲ្យបានលំអិតអំពីសាវតារបស់អតីតចៅក្រមនៅឡើយទេ។
លោកស្រី ថនតុន បានថ្លែងថា ការជ្រើសរើសមិនបានផ្ដោតទៅលើការស្វែងរកបេក្ខជនគ.ជ.ប ដែលប្រកបដោយភាពឯករាជ្យនោះទេ។ លោកស្រីបានបន្ថែមថា នៅសហរដ្ឋអាមេរិកគណៈកម្មការជាតិរៀបចំការបោះឆ្នោត ត្រូវបែងចែកឲ្យបានច្បាស់រវាងសមាជិកមកពីគណបក្សធំៗពីរ។
លោកស្រីបានថ្លែងថា អ្វីដែលប្រទេសកម្ពុជាត្រូវការ គឺដំណើរការជ្រើសរើសដែលប្រកបដោយភាពប្រកួតប្រជែង ដោយបើកចំហរឲ្យមានការចូលរួមពាក់ព័ន្ធពីសង្គម និងឲ្យមានតម្លាភាព។ លោកស្រីបានបន្ថែមថា “ត្រូវ ឬក៏ខុសមានតែប្រជាពលរដ្ឋនៅក្នុងប្រទេសនេះទេ ដែលជាអ្នកកំណត់លើការបោះឆ្នោត”៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង