29 C
Phnom Penh

ការ​ស្តា​រផ្លូវ​រថ​ភ្លើង​ ​ឆ្ពោះ​ទៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​កម្ពុជា​នឹង​បញ្ចប់​នៅក្នុង​ខែ​មករាខាង​មុខ​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់​ពី​បានការ​ពន្យា​រពេល​អស់​ជាង​មួយ​ឆ្នាំ​រួច​មក​ ក្រុម​ហ៊ុន​ដែល​ធ្វើ​ប្រតិបត្តិ​ការ​រថ​ភ្លើង​​លើ​ផ្លូវ​ដែក​ចាស់​ទ្រុឌ​ទ្រោម​របស់​ប្រទេស​កម្ពុជា​ បាន​ប្រកាស​កាល​ពី​ម្សិល​មិញ​ថា​ ផ្លូវ​ដែក​ឆ្ពោះ​ទៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​កម្ពុជា​ ដែល​តភា្ជាប់​ពីភ្នំ​ពេញទៅ​កំពង់​ផែស្វយ័ត​ក្រុង​​ព្រះ​សីហនុ​ នឹង​បើក​ដំណើរ​ការ​ចរាច​រណ៍​​ដឹក​ជញ្ជូន​ទំនិញ​នៅ​ខែ​មករា​ឆ្នាំ​២០១៣។

ក្រុម​ហ៊ុន​ ថូល​ រ៉ូយ៉ាល់​ រ៉េលវេ​ (Toll Royal Railways)​ ដែល​ជា​ក្រុម​ហ៊ុន​ចូល​ទុន​គ្នា​រវាង​ក្រុម​ហ៊ុន​ ថូល ហូលឌីង​ (Toll Holdings)​ របស់​ប្រទេស​អូស្ត្រាលី​ និង​ក្រុម​ហ៊ុន​ រ៉ូយ៉ាល់​ គ្រុប​ (Royal Group)​ របស់​ប្រទេស​កម្ពុជា​ បាន​ចាប់​ផ្ដើម​បន្ត​សេវា​កម្ម​ដឹក​ជញ្ជូន​ទៅ​កាន់​ខេត្ត​កំពត​​កាល​ពី​ខែ​សីហា​ បន្ទាប់​ពី​ការ​ផ្អាក​រយៈ​ពេល​បួន​ខែ​ ដែល​គេ​បន្ទោស​ថា​ដោយ​សារ​តែ​​ការ​ផ្អាក​ការ​ស្តា​រផ្លូវ​ដែក​ចាស់​ទ្រុឌ​ទ្រោម​នេះ​ពី​សំណាក់​ក្រុម​ហ៊ុន​ទទួល​កិច្ច​សន្យា​ស្ថាបនា។

ក្រុម​ហ៊ុន​ Toll​ បាន​បង្ហាញ​នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​មួយ​កាល​ពី​ម្សិល​មិញ​ថា​ “ ​ក្រុម​ហ៊ុន​ Toll Royal Railways​ ​ចាប់​ផ្តើម​ពិភាក្សាជា​មួយ

​​​អាជ្ញាធរ​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ​ និង​រដ្ឋាភិបាល​​កម្ពុជា​ ហើយ​មាន​ផែន​ការ​​ធ្វើ​ការ​ឲ្យ​បាន​ជិត​ស្និទ្ធ​ជា​មួយ​នាយក​ដ្ឋាន​អាយ​ស្ម័យាន​ព្រម​ទាំង​នាយ​កដ្ឋាន​ផ្សេងៗ​ទៀត​នៅ​ក្នុង​រដ្ឋា​ភិបាល​កម្ពុជា​ ដើម្បី​ស្ថាបនាកន្លែង​ផ្ទុក​ទំនិញ​ថ្មី​នៅ​ឯ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ​”។

ការ​ប្រកាស​ជូន​ដំណឹង​ចំ​ពោះ​ការ​វិល​ត្រឡប់​មក​ចាប់​ផ្តើម​ប្រតិបត្តិ​ការ​ឡើង​វិញ​របស់​ក្រុម​ហ៊ុន​ Toll Royal​ នៅ​ក្នុង​ខែ​សីហា​ ត្រូវ​​បាន​ធ្វើ​ឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ក្រុម​ហ៊ុន​កម្ពុជា​ រ៉េល​ (Kampuchea Rail)​ បាន​ដាក់​ពាក្យ​ជូន​រដ្ឋាភិ​បាល​ ដើម្បី​ស្នើសុំ​គ្រប់​គ្រង​ និង​ស្តារ​​បណ្តាញ​ផ្លូវ​ដែក​បន្ត​ពី​ក្រុម​ហ៊ុន ​Toll។

ដោយសារ​គម្រោង​គ្រប់​គ្រង​ និង​ស្តា​រផ្លូវ​ដែក​បាន​ចំណាយ​ទឹក​ប្រាក់​អស់​ចំនួន​១៤៣​លាន​ដុល្លារ​រួច​ទៅ​ហើយ​នោះ​ គេ​បាន​ប្រ​កាស​​កាល​ពី​ដើម​ឆ្នាំ​នេះ​ថា​ េគ​ចាំ​បាច់​ត្រូវ​តែ​ត្រួត​ពិនិត្យ​ថវិកា​ដែល​ត្រូវ​ចំណាយ​ឡើង​វិញ​ ហើយ​​ក្រុម​ហ៊ុន​ត្រូវ​ការ​ថវិកា​ចំនួន​ពី​៦០​ទៅ​៩០​លាន​ដុល្លារ​បន្ថែម​ទៀត​ ដើម្បី​បញ្ចប់​គម្រោង​​ស្តា​រផ្លូវ​ដែក​ចម្ងាយ​៣៨៦​គីឡូម៉ែត្រ​ ដែល​ឆ្ពោះ​ទៅ​ភាគ​ខាង​ជើង​ ដោយ​ចេញ​ពី​រាជ​ធានី​​ភ្នំ​ពេញ​ទៅ​កាន់​ក្រុង​ប៉ោយ​ប៉ែត។​

ធនាគារ​អភិ​វឌ្ឍន៍​អាស៊ី​ (ADB)​ ដែល​ជា​អ្នក​ផ្តល់​ហិរញ្ញ​ប្ប​ទាន​លើ​គម្រោង​នេះ​ច្រើន​ជាង​គេ​បាន​ឲ្យ​ដឹង​​ថា​ ខ្លួន​នឹង​មិន​ផ្តល់​ដើម​ទុន​ដល់​គម្រោង​នេះ​ថែម​ទៀត​ទេ។ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ បាន​រួម​ចំណែក​ផ្តល់​ថវិកា​ចំនួន​៨៤​លាន​ដុល្លារ​ដល់​​គម្រោង​នេះ​ ដោយ​មាន​ថវិកា​បដិភាគ​ចំនួន​២១,៥​លាន​​ដុល្លារ​ពី​ទីភ្នាក់​ងារ​អូស្ត្រាលី​សម្រាប់​ការ​អភិ​វឌ្ឍន៍​អន្តរជាតិ​ (AusAID)​ និង​​ចំនួន​២០,៣​លាន​​ដុល្លារ​ពី​រដ្ឋាភិបាល​កម្ពុជា។

លោក​ ដេវីដ​ ឃើ​ (David Kherr)​ នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ Toll Rail​ways បាន​មាន​ប្រសា​សន៍​ថា​ លោក​គ្មាន​ព័ត៌​មាន​ថ្មី​ណាមួយ​ស្តី​អំពី​កង្វះ​ថវិកា​សម្រាប់​ការ​ស្ថាបនាផ្លូវ​ដែក ដែល​​ឆ្ពោះ​ទៅ​ភាគ​ខាងជើង​ទេ​ ហើយ​លោក​បាន​​បដិសេធ​មិន​ពន្យល់​បន្ថែមឡើយ​។

កាល​ពី​ម្សិល​មិញ​ ក្រុម​ហ៊ុន​ Toll Rail​ បាន​ប្រកាស​ប្រាប់​អំពី​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​ដឹក​ជញ្ជូន​ទំនិញ​ជា​មួយ​ក្រុម​ហ៊ុន​ អេស៊ីជី​ ត្រេដឌីង​ (ខេមបូឌា)​ ខូ​ អិលធីឌី​ (SCG Trading (Cambodia) Co. Ltd.)​ និង​ក្រុម​ហ៊ុន​ យូណាយធីត​ ឡូជីស្ទីក​ អេន​ ឌីស្ទ្រីបប្យូសិន​ (ខេមបូឌា) អិល​ធីឌី​ (United Logistics & Distribution (Cambodia) Ltd) ដែល​នឹង​ដឹក​ជញ្ជូន​ស្រូវ​ អំបិល​ និង​ស៊ីម៉ងត៍​​ នៅ​ពេល​ផ្លូវ​ដែក​នេះ​ត្រូវ​បាន​ស្តា​ររួច​រាល់៕

ប្រែ​សម្រួល​ដោយ ហួង កុកទៀន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស