នៅពេលទៀបភ្លឺក្នុងសប្តាហ៍នេះ ខណៈដែលអ្នកភ្នំពេញ ភាគច្រើនកំពុងលង់លក់ក្នុងដំណេកនៅឡើយនោះ ក្រុមអ្នកលក់បានប្រមូលផ្តុំគ្នានៅខាងមុខវត្តលង្កា ដើម្បីលក់បាយដំណើប និងផ្លែឈើចិតរួចជាស្រេចដាក់ក្នុងថាសជ័រនិងមានដោតទង់ក្រដាសមានពណ៌ផ្សេងៗគ្នា។
ក្មេងស្រីអ្នកលក់ម្នាក់អាយុប្រហែល១២ឆ្នាំ ដែលស្លៀកខោខូវប៊យ និងពាក់អាវយឺតពណ៌ផ្កាឈូក បានឈរនៅលើចិញ្ចើមមហាវិថីព្រះសីហនុ ដៃស្តាំកាន់ថាសបាយបិណ្ឌតម្លៃ២ដុល្លារ រីឯដៃឆ្វេងព្យាយាមខ្ទប់មាត់ពេលនាងស្ងាប។
ពេលនោះគឺម៉ោង៣និង៣០នាទីទៀបភ្លឺហើយចាប់តាំងពីថ្ងៃទី១ខែតុលាមក ដែលជាថ្ងៃកាន់បិណ្ឌវេន១នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលមានរយៈពេល១៥ថ្ងៃ។
ពុទ្ធសាសនិកបានសម្រុកទៅវត្តអារាមនានាទូទាំងប្រទេសនាវេលាទៀបភ្លឺ ដើម្បីបោះបាយបិណ្ឌឧទ្ទិសកុសលផលបុណ្យជូនទៅដល់ជីដូនជីតាញាតកាប្រាំពីរសណ្តានដែលបានចែកឋានទៅ។
ព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជា ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីដ៏មានសារៈសំខាន់ប្រចាំឆ្នាំ ព្រោះពេលនេះ ព្រលឹងជីដូនជីតា និងញាតកាប្រាំពីរសណ្តានបានមកកាន់ឋានកណ្តាលម្តងទៀត មិនថា ជាអ្នកមានបុណ្យឬមានបាបនោះឡើយ គឺត្រូវរីករាយទទួលយកចំណីអាហារដែលសាច់ញាតិឧទ្ទិសឲ្យ។ រយៈពេលជិតមួយម៉ោងក្រោយមក ពុទ្ធ បរិស័ទប្រហែល២០០នាក់បានប្រមូលផ្តុំគ្នានៅខាងមុខព្រះពុទ្ធប្បដិមាអង្គធំក្នុងវត្តលង្កា។
អង្គុយក្បែរតុវែងទាបដែលមានពេញទៅដោយកន្ត្រកផ្លែឈើធំៗ ពុទ្ធបរិស័ទពីរបីនាក់ដែលដុតធូបមុនគេ ត្រូវព្រះសង្ឃមួយអង្គស្តីបន្ទោស។ ព្រះតេជគុណ ឈុន ឫទ្ធិស័ក្តិ ដែលបានបួសជាព្រះសង្ឃអស់រយៈពេលជាង២០ព្រះវស្សា បានមានសង្ឃដីកាថា “ ញោមកុំអាលដុតធូបមុនពេលចេញទៅបោះបាយ បិណ្ឌ បើមិនអ៊ីចឹងទេ ក្នុងព្រះវិហារទាំងមូលនឹងមានផ្សែងពេញជាមិនខាន”។
ព្រះតេជគុណបានមានសង្ឃដីកាបន្តតាមឧគ្ឃោសនសព្ទថា “ បើញោមដុតធូបអ៊ីចឹង សូម្បីតែសម្លៀកបំពាក់របស់ញោមក៏ត្រូវភ្លើងឆេះដែរ ពេលនោះញោមនឹងអាក់អន់ចិត្តហើយបន្ទោសវត្តអារាមជាមិនខាន។ហើយម្យ៉ាងទៀត កម្រាលព្រំក៏ថ្លៃណាស់ដែរ”។
ខណៈដែលក្នុងចំណោមយុវជនមានវ័យខ្ទង់២០ឆ្នាំ មានអារម្មណ៍សប្បាយរីករាយនិយាយលេងសើចទៅវិញទៅមកជាមួយមិត្តភក្តិនោះ ពុទ្ធបរិស័ទដែលមានវ័យចំណាស់យល់ថា ការបោះបាយបិណ្ឌមានសារៈសំខាន់ណាស់ ហើយពួកគេប្រិតប្រៀនថាសឬចានដាក់បាយបិណ្ឌរបស់ខ្លួនឲ្យមើលទៅល្អស្អាតឥតខ្ចោះ។ប៉ុន្តែនៅពេលព្រះសង្ឃប្រហែល
៣០អង្គ និមន្តចូលមកដល់ ពុទ្ធបរិស័ទទាំងអស់រក្សាភាពស្ងាត់ស្ងៀមរង់ចាំពិធីចាប់ផ្តើម។សម្រាប់ពួកគេភាគច្រើនយល់ថាការមកកាន់វត្តអារាមនាពេលទៀបភ្លឺ គឺជាប្រពៃណីដ៏សំខាន់។ ស្ត្រីម្នាក់ឈ្មោះ ថៃ ហួយចេង អាយុ២៣ឆ្នាំដែលរស់នៅជិតផ្សារកណ្តាលក្នុងរាជធានីភ្នំពេញ និយាយថា “ ខ្ញុំមកទីនេះជាមួយឪពុកមារបស់ខ្ញុំនិងមិត្តភក្តិបីនាក់ ទៀតដើម្បីធ្វើពិធីតាមប្រពៃណីរបស់យើង។វាជាទម្លាប់ដែលឪពុកម្តាយរបស់ខ្ញុំធ្លាប់បង្ហាញខ្ញុំ ប៉ុន្តែវាមិនធ្វើឲ្យខ្ញុំមានអារម្មណ៍ប្លែកអ្វីឡើយ”។ស្ត្រីរូបនេះបានបន្តថា នាងមិនជឿថាមានខ្មោចប្រេតនោះទេ។
សម្រាប់អ្នកស្រី គៀន សិរីផល អាយុ៥៥ឆ្នាំមកពីខណ្ឌ៧មករាវិញយល់ឃើញថា ពិធីបោះបាយបិណ្ឌបង្កប់នូវគោលបំណងជាច្រើន ប៉ុន្តែ អ្នកស្រីមិនជឿថា ខ្មោច ដែលរីករាយមកទទួលយកបាយបិណ្ឌជាសាច់ញាតិរបស់ខ្លួនឡើយ។
ភ្នែកសម្លឹងមើលទៅក្មួយស្រីពីរនាក់របស់ខ្លួន អ្នកស្រីបាននិយាយថា “ វាជារឿងសំខាន់ដែលត្រូវនាំក្មេងៗជំនាន់ក្រោយមកទីនេះនិងបង្ហាត់បង្រៀនពួកគេឲ្យយល់ដឹងពីព្រះពុទ្ធសាសនា និងពីរបៀបតបស្នងសងគុណឪពុកម្តាយ។ទន្ទឹមនឹងនេះ ការមកទីនេះគឺជាការគាំទ្របែបផ្លូវចិត្តសម្រាប់ខ្ញុំ ពីព្រោះវាធ្វើឲ្យខ្ញុំនឹកឃើញដល់វ័យកុមារភាពរបស់ខ្ញុំ” នៅពេលអ្នកស្រីបានប្រារព្ធពិធីបោះបាយបិណ្ឌជាមួយឪពុកម្តាយរបស់គាត់។
អ្នកស្រីបន្តថា “ ពួកគាត់បានស្លាប់អំឡុងរបបខ្មែរក្រហម ហើយការមកទីនេះធ្វើឲ្យខ្ញុំនឹកឃើញដល់រឿងល្អៗកន្លងមក”។លោក ដោក ណារិន រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា មានប្រសាសន៍ថា នេះគឺជាស្មារតីពិតប្រាកដនៃពិធីបុណ្យភ្ជុំបិណ្ឌ។
លោកបានមានប្រសាសន៍ថា “ វាជាពេលវេលាសម្រាប់ក្រុមគ្រួសារជួបជុំគ្នានិងរឭកដល់គុណឪពុកម្តាយ ឬជីដូនជីតា និងញាតកាប្រាំពីរសណ្តានរបស់ខ្លួនដែលបានចែកឋានទៅ”។លោកបន្តថា ពិធីបុណ្យភ្ជុំបិណ្ឌជារបស់ប្រជាពលរដ្ឋកម្ពុជា។
ដោយគូសបញ្ជាក់ថា បណ្តាប្រទេសកាន់ព្រះពុទ្ធសាសនាផ្សេងៗទៀតមិនធ្វើតាមប្រពៃណីបែបនេះនោះ លោក ដោក ណារិនបានមានប្រសាសន៍ថា “ វាមានតែមួយគត់ និងមានលក្ខណៈពិសេសចំពោះកម្ពុជា វាជាប្រពៃណីរបស់យើង”។
លោក សំបូរ ម៉ាណារ៉ា អ្នកជំនាញខាងប្រវត្តិសាស្ត្រនិងសាសនាមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានបញ្ជាក់ថា តាមពិតពិធីបុណ្យភ្ជុំបិណ្ឌមិនមែនជាជំនឿតាមបែបពុទ្ធសាសនាទេ។
លោក ម៉ាណារ៉ា បានមានប្រសាសន៍ថា “ វាបានកើតឡើងនៅចន្លោះ៤.០០០ ឆ្នាំមុនគ្រិស្តសករាជ និងសតវត្សរ៍ទី១ ដែលពេលនោះមនុស្សបានសម្ដែងនូវការគោរព និងដឹងគុណចំពោះបុព្វការីជនរបស់ខ្លួន តាមរយៈការធ្វើបុណ្យទាន”។ លោកបានបន្ថែមថាពេលដែលពុទ្ធសាសនាបានហូរចូលមកក្នុងប្រទេសកម្ពុជា ពិធីបុណ្យតាមបែបបុរាណនេះ ក៏ត្រូវបានកែច្នៃស្របតាមជំនឿបែបថ្មីវិញ។ លោកបន្ដទៀតថា “ នោះហើយគឺជាមូលហេតុដែលប្រទេសកាន់ព្រះពុទ្ធសាសនាដទៃទៀត មិនប្រារព្ធពិធីបុណ្យនេះ”។
នៅឯវត្តលង្កា ពិធីបុណ្យនេះបានចាប់ផ្ដើមដោយមានព្រះចៅអធិការវត្តជាអ្នកសូត្រធម៌តាមឧគ្ឃោសនស័ព្ទ។ ខណៈពេលដែលព្រះសង្ឃដទៃទៀតសូត្រតាមចំណែកឯពុទ្ធបរិស័ទ បានលើកដៃសំពះបួងសួង ដោយបែរមុខទៅរកពុទ្ធបដិមាពណ៌មាស។
អ្នកស្រី សេរីផល បានរៀបចំបាយដំណើបដាក់ក្នុងចាន ព្រះសង្ឃមួយអង្គពាក់វ៉ែនតាស៊ុំទឹកមាសស្ងាបមិនដាច់ ខណៈកំពុងគង់ក្នុងចំណោមព្រះសង្ឃនៅជួរខាងក្រោយ ។ លោក ប៊ុត ប៊ុន អាយុ៧៤ឆ្នាំអាចារ្យវត្តលង្កា ជាចាស់ទុំមានចំណេះដឹងជ្រៅជ្រះខាងពុទ្ធសាសនានិងជួយព្រះសង្ឃរៀបចំពិធីនេះបានមានប្រសាសន៍ថា “ ខ្ញុំគឺជាពុទ្ធសាសនិកម្នាក់ ដូច្នេះខ្ញុំជឿថា មានខ្មោច”។
លោកអាចារ្យបានមានប្រសាសន៍ថា “ ខ្ញុំធ្លាប់បានឃើញខ្មោចម្ដង នៅក្នុងវត្ត កាលពីខ្ញុំមានអាយុ១០ឆ្នាំ។ វាមានរូបរាង្គធំគួរឲ្យខ្លាច ប៉ុន្ដែពេលខ្ញុំស្រែក មិត្តភក្តិនាំគ្នារត់មក ខ្មោចនោះក៏រលាយបាត់រូបកាយទៅ”។
ខណៈពេលដែលការបួងសួងលើកទី២បានចាប់ផ្ដើម ពុទ្ធបរិស័ទក៏បានបែរមុខទៅរកព្រះចៅអធិការវត្ត ដើម្បីសូត្រធម៌ព្រមគ្នាជាមួយលោកអាចារ្យ ដែលអង្គុយនៅខាងក្បាលតុវែងនិងខណ្ឌចែកចេញជាពីរផ្នែកគឺម្ខាងជាព្រះសង្ឃ និងម្ខាងទៀតជាពុទ្ធបរិស័ទដែលស្លៀកសម្លៀកបំពាក់ចម្រុះពណ៌យ៉ាងស្រស់ស្អាត។
ពេលសូត្រចប់ គ្រប់គ្នាក៏ឧទ្ទិសហៅឈ្មោះដូនតារបស់ខ្លួនតាមដែលខ្លួនអាចចាំបាន។ព្រះតេជគុណចៅអធិការ ឈុន ឫទ្ធីសក្ដិ បានមានសង្ឃដិកាថា “ អ្នកត្រូវតែឧទ្ទិសហៅឈ្មោះឲ្យចំៗនិងឮៗ។ ដោយពន្យល់ថាវាដូចជាពេលអ្នកផ្ញើលិខិតមួយអ៊ីចឹង អ្នកត្រូវតែសរសេរអសយដ្ឋានឲ្យបានច្បាស់ត្រឹមត្រូវ បើមិនដូច្នេះទេវានឹងមិនទៅដល់ដៃអ្នកទទួលទេ”។
បន្ទាប់មក ក្រោមការមើលខុសត្រូវរបស់ព្រះសង្ឃទាំងអស់ ពុទ្ធបរិស័ទបាននាំគ្នាចេញក្រៅ ទៅកាន់កន្លែង ដែលលោកអាចារ្យបានរៀបចំកៅអី និងថាសនៅព័ទ្ធជុំវិញព្រះវិហារ។ ពុទ្ធបរិស័ទក៏បានស្រាយថង់យ៉ាងប្រុងប្រយ័ត្នយកផ្លែឈើ និងបាយដំណើបរៀបចំដាក់ថាស អុជទានធូបថ្វាយដល់ព្រលឹងខ្មោចតាមរយៈ ការដាក់ដុំបាយដំណើប និងផ្លែឈើទៅក្នុងថាសនោះ។
ក្រោយមកព្រលឹងរបស់ដូនតាពួកគេ នឹងមកទទួលយកអាហារពីថាសនោះទៅបរិភោគ។ ព្រះតេជគុណ ឈុន ឫទ្ធីសក្ដិ បានមានសង្ឃដិកាថា “យើងមានជំនឿថា ព្រលឹងខ្មោចទាំងនោះខ្លាចពន្លឺព្រះអាទិត្យ ដូច្នេះយើងក៏ប្រារព្ធពិធីបោះបាយបិណ្ឌនេះមុនពេលព្រះអាទិត្យរះ”។ បន្ទាប់ពីដើរដង្ហែរជុំវិញព្រះវិហារបីជុំតាមប្រពៃណី ចំណែកពុទ្ធបរិស័ទខ្លះបានចេញទៅទទួលទានអាហារព្រឹក។ អ្នកខ្លះទៀតបាននៅបន្ដបួងសួង ឬក៏បិរច្ចាគប្រាក់កាសទៅក្នុងសំពៅឈើ ដែលពុទ្ធបរិស័ទមានជំនឿថា នឹងនាំពួកគេ និងព្រលឹងដូនតារបស់ពួកគេទៅកាន់ជីវិតដ៏ប្រសើ។
អ្នកស្រី សេរីផល មានប្រសាសន៍ថា ជំនឿដែលថា ព្រលឹងអ្នកស្លាប់បានត្រឡប់មកក្នុងអំឡុងពិធីបោះបាយបិណ្ឌនោះអាស្រ័យលើបុគ្គលនីមួយៗប៉ុណ្ណោះ។ ដូចជាក្មួយស្រីពីរនាក់របស់អ្នកស្រីអ៊ីចឹង ពួកគេអាចសម្រេចចិត្តដោយខ្លួនឯង។
អ្នកស្រី សេរីផល បានមានប្រសាសន៍ថា “ ខ្ញុំបាននាំពួកគេមកចូលរួមពិធីនេះ តែខ្ញុំមិនបង្ខំឲ្យពួកគេជឿនោះទេ”។ អ្នកស្រីមានប្រសាសន៍មុនពេលត្រឡប់ទៅបួងសួងវិញថា “ ពួកគេអាចជ្រើសរើសអ្វីដែលពួកគេចង់ជឿ មិនថាជាសាសនាព្រះពុទ្ធសាសនាគ្រឹស្ដ ឬសាសនាអុីស្លាមនោះទ”៕
(រាយការណ៍បន្ថែមដោយ គុច ណារ៉េន)
ប្រែសម្រួលដោយ តែម សុខុម និង ហម សុផាណ្ណា