យោងតាមព្រះរាជក្រឹត្យចំនួនពីរ ដែលឡាយព្រះហស្តដោយព្រះមហាក្សត្រ បានឲ្យដឹងថា លោក ង៉ោ ស្រ៊ុន រដ្ឋលេខាធិការនៅឯទីស្តីការគណៈរដ្ឋមន្ត្រី និងជាទីប្រឹក្សាជាយូរមកហើយរបស់លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា ត្រូវបានបណ្តេញចេញពីតំណែងទាំងពីរ។
នៅក្នុងព្រះរាជក្រឹត្យចុងក្រោយបំផុតលោក ង៉ោ ស្រ៊ុន បានបាត់បង់តំណែងរបស់លោកជារដ្ឋលេខាធិការ កាលពីថ្ងៃ១០ ខែតុលាគឺទើបតែពីរខែបន្ទាប់ពីព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យស្រដៀងគ្នាមួយ ដោយបានដកតំណែងរបស់លោកជាទីប្រឹក្សារបស់ប្រធានព្រឹទ្ធសភា។
ព្រះរាជក្រឹត្យកាលពីខែតុលា បង្ហាញថា “ បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយទៅនឹងព្រះរាជក្រឹត្យនេះត្រូវទុកជានិរាករណ៍”។ មន្ត្រីមួយចំនួននៅទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រ បដិសេធមិនធ្វើអត្ថាធិប្បាយ ហើយបានលើកឡើងថា ពួកគេមិនបានដឹងអំពីមូលហេតុនៅពីក្រោយការដកលោកង៉ោស្រ៊ុននោះទេ។
លោកសយសុខារដ្ឋលេខាធិការនៅទីស្ដីការគណៈរដ្ឋមន្ត្រី លើកឡើងថា “ ខ្ញុំមិនបានដឹងពីមូលហេតុនៅពីក្រោយការដកតំណែងលោកឡើយ ប៉ុន្ដែ ខ្ញុំមានតួនាទីត្រូវអនុវត្តតាមព្រះរាជក្រឹត្យ និងច្បាប់ផ្សេងៗទៀត”។
អស់រយៈពេលជាច្រើនឆ្នាំដែលបានធ្វើការនៅក្នុងរដ្ឋាភិបាល លោកង៉ោស្រ៊ុនមិនដែលមានដំណើរជីវិតងាយស្រួលនោះទេ។ កាលពីឆ្នាំ២០០៨ លោកទទួលរងការវាយប្រហារដោយទឹកអាស៊ីត នៅឯយានដ្ឋានមួយតាមបណ្ដោយផ្លូវកម្ពុជាក្រោម នៅពេលលោកកំពុងតែរង់ចាំជាងប្ដូរកង់រថយន្ដម៉ាកឡិចស៊ីសរបស់លោក។
លោក ង៉ោស្រ៊ុនត្រូវទឹកអាស៊ីតធ្វើឲ្យរលាកមុខផ្នែកខាងឆ្វេង ត្រចៀក និងទ្រូង តែទោះជាយ៉ាងណា លោកបានជាសះស្បើយវិញ។ ចាប់តាំងពីពេលនោះមក គ្មានជនណាម្នាក់ត្រូវចាប់ខ្លួន ឬក៏ត្រូវនាំមកផ្ដន្ទាទោសពីបទវាយប្រហារដោយទឹកអាស៊ីតឡើយហើយមូលហេតុនៃការវាយប្រហារស្ថិតក្នុងភាពអាថ៌កំបាំងរហូតមកដល់ថ្ងៃនេះ។
ការដកលោក ង៉ោស្រ៊ុនជាការដកតំណែងនៅក្នុងរដ្ឋាភិបាលនាពេលថ្មីៗបំផុត សម្រាប់មន្ត្រីដែលនៅកៀកនឹងលោក ជាស៊ីម។
កាលពីខែធ្នូ សាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោសលោកស្រីផេងគន្ធាបុរីអាយុ៥៦ឆ្នាំ អតីតនាយិកាពិធីការរបស់លោក ជាស៊ីមពីបទឆបោក និងអតីតបុគ្គលិកបីរូបផ្សេងទៀតរបស់ប្រធានព្រឹទ្ធសភា រួមមានលោកទីប្រឹក្សាចាន់កុសលអាយុ៦០ឆ្នាំ លោកទីប្រឹក្សា ហូពន្លក អាយុ៥៨ឆ្នាំនិងលោកខៀវបូរ៉ាអាយុ៥០ឆ្នាំ ជំនួយការរបស់លោកស្រី គន្ធាបុរី។ ប្រធានកងអង្គរក្សរបស់លោក ជាស៊ីម ក៏ត្រូវបានដកតំណែង និងត្រូវផ្ដន្ទាទោសកាលពីឆ្នាំមុនពីបទប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសផ្សេងៗទៀត៕
ប្រែសម្រួលដោយស៊ាស៊ុយឈាង