បើទោះបីជាមានការកើនឡើងនៅក្នុងវិស័យដឹកជញ្ជូនទំនិញក៏ដោយ ក៏ក្រុមហ៊ុនដឹកជញ្ជូនទំនិញទាំងឡាយកំពុងទទួលរងផលប៉ះពាល់ ពីព្រោះភាគច្រើននៃក្រុមហ៊ុនទាំងនោះនៅតែប្រើប្រាស់រថយន្តចាស់ៗ និងស៊ីប្រេងច្រើននៅឡើយ ហើយជារឿយៗតែងតែត្រូវបានមន្ត្រីគយជំរិតឲ្យបង់ប្រាក់ក្រៅផ្លូវការនៅតាមច្រកត្រួតពិនិត្យព្រំដែន និងតាមកំពង់ផែជាដើម។តម្លៃដឹកជញ្ជូនក្នុងប្រទេសកម្ពុជា មានកម្រិតខ្ពស់ជាងគេនៅក្នុងតំបន់រួចទៅហើយ ក៏ប៉ុន្តែកង្វះការវិនិយោគនៅក្នុងក្រុមហ៊ុនដឹកជញ្ជូនទំនិញមានន័យថា ក្រុមហ៊ុនដឹកជញ្ជូនទំនិញជាច្រើនគ្មានរថយន្តដឹកទំនិញគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់បរិមាណតម្រូវការបច្ចុប្បន្ននៅក្នុងទីផ្សារ។
លោក បេនចាមីន វីលស៊ុន (Benjamin Wilson) នាយកប្រចាំប្រទេសកម្ពុជារបស់ក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិមែក (Maersk) បានមានប្រសាសន៍ថា “ នៅទីនេះយើងជួបប្រទះនិងបញ្ហាលទ្ធភាពខ្លះ ហើយគ្មានរថយន្តដឹកទំនិញគ្រប់គ្រាន់ទេ”។ លោកបានបន្ថែមថា ក្រុមហ៊ុនរបស់លោកជួលឈ្មួញកណ្តាលឲ្យដឹកជញ្ជូនកុងតឺន័រតាមផ្លូវទៅកាន់កំពង់ផែស្វយ័តព្រះសីហនុ។ លោកបន្តទៀតថា “ វាពិតជាមានបញ្ហា ហើយវាគឺជាវិស័យមួយ ដែលត្រូវការការវិនិយោគបន្ថែមទៀត”។
រថយន្តដឹងទំនិញខ្លះខូចច្រើនដងពេក ដូច្នេះវាធ្វើឲ្យក្រុមហ៊ុនត្រូវចំណាយថវិកាច្រើនដើម្បីជួសជុល។
លោក គួច ផេង នាយកក្រុមហ៊ុនដឹកជញ្ជូនទំនិញ អ៊ែតវ៉ានគ្លរី ឡូជីស្ទីក (ខេមបូឌា) បានមានប្រសាសន៍ថា “ វាមិនមែនអាស្រ័យលើតម្រូវការនាពេលបច្ចុប្បន្ននោះទេ ហើយជួនកាលយើងមានការលំបាកក្នុងការស្វែងរថយន្តដឹកដឹកទំនិញ។ នៅពេលយើងរកបានរថយន្តទាំងនោះភាគច្រើនជារថយន្តចាស់ៗ ហើយជួនកាលវាខូចទៅទៀត”។
លោកបានបន្តទៀតថា “ជាពិសេស ប្រទេសកម្ពុជាគ្មានបទបញ្ញត្តិស្តីអំពីការការផ្ទេរទំនិញ ដូច្នេះបើសិនជាគេដឹកកុងតឺណ័រមកដល់ទីនេះដោយចៃដន្យ នោះត្រូវតែបង់ថ្លៃនាំចូល បង់ពន្ធ រួចហើយដាក់ពាក្យសុំនាំចូលសាជាថ្មី”។
លោក សុខ ឈាង ប្រធានប្រតិបត្តសមាគមនដឹកជញ្ជូន Cambodia Trucking Association បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនដឹងជញ្ជូនទំនិញប្រមាណ១០០ក្រុមហ៊ុន ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុនភាគច្រើនគឺជាក្រុមហ៊ុនតូចៗ ជាក្រុមហ៊ុនលក្ខណៈគ្រួសារ ដែលមានរថយន្តចាស់ៗស៊ីប្រេងច្រើន ជាងរថយន្តទំនើបៗ។ ដូច្នេះក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវគោកនៅប្រទេសកម្ពុជាត្រូវគិតថ្លៃឈ្នួលដឹកចន្លោះពី១០ដុល្លារ ទៅ១៥ដុល្លារក្នុងមួយតោន សម្រាប់ចម្ងាយផ្លូវ១០០គីឡូម៉ែត្រ បើធៀបនឹងប្រទេសវៀតណាមនិងប្រទេសថៃដែលយកថ្លៃត្រឹមតែ៤ដុល្លារ និង៧,៥ដុល្លារប៉ុណ្ណោះក្នុងមួយតោន នេះបើយោងតាមធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។
ធនាគារអភិវឌ្ឍន៍អាស៊ីបានលើកឡើងនៅក្នុងរបាយការណ៍មួយកាលពីសប្តាហ៍មុនថា “គេក៏អាចពន្យល់បានមួយផ្នែកផងដែរថា មូលហេតុដែលធ្វើឲ្យការដឹកជញ្ជូនមានតម្លៃខ្ពស់ គឺដោយសារការបង់ប្រាក់ក្រៅផ្លូវការត្រូវបានគេគិតបញ្ចូលទៅក្នុងការគិតថ្លៃដឹកជញ្ជូន… ហើយក្រុមហ៊ុននានាមិនសូវដឹង ឬក៏មិនដឹងជាត្រូវធ្វើដូចម្តេចឡើយ គឺមានតែបញ្ចូលការបង់ប្រាក់ក្រៅផ្លូវការចូលក្នុងការគិតថ្លៃដឹកជញ្ជូន”។
ចំណាយលើការដឹកជញ្ជូនខ្ពស់មានន័យថា ក្រុមហ៊ុនដឹកជញ្ជូនមានភាពស្ទាក់ស្ទើរមិនហ៊ានចូលមកប្រកបអាជីវកម្មនៅក្នុងទីផ្សារដឹកជញ្ជូន។
លោក សុខ ឈាង នៅឯសមាគមនដឹកជញ្ជូន Cambodia Trucking Association បានមានប្រសាសន៍ថា “ ក្រុមហ៊ុនដឹកជញ្ជូននានា ដែលប្រហែលជាកំពុងពិចារណាអំពីទីផ្សារនេះ ចាំបាច់ត្រូវតែពិនិត្យមើលថា តើខ្លួនអាចប្រកួតប្រជែងជាមួយក្រុមហ៊ុនក្នុងស្រុកបានដែរ ឬក៏អត់ជាមុនសិន ហើយពួកគេគិតថា ពួកមិនអាចប្រកួតប្រជែងបានទេ”។ លោកបានបន្ថែមទៀតថា “ ចំណុចមួយគឺថា ពួកគេមានស្តង់ដាខ្ពស់ និងចំណាយលើបុគ្គលិករបស់ពួកគេច្រើន ខណៈដែលត្រូវដោះស្រាយចំពោះបញ្ហាអនុឡោមតាមនានារបស់ខ្លួនថែមទៀតផងនោះ”។
លើសពីនេះទៀត ផ្លូវដឹកជញ្ជូនទំនិញសំខាន់ៗមួយចំនួន ដូចជារវាងរាជធានីភ្នំពេញនឹងទីក្រុងបាងកកត្រូវបានផ្តាច់មុខដោយក្រុមហ៊ុនធំៗមួយចំនួន ដែលមានសំណាងទទួលបានអាជ្ញាប័ណ្ណដឹកជញ្ជូនឆ្លងកាត់ព្រំដែន។
លោក ប៉េ សុខហ៊ាន់ ជំនួយការនាយកក្រុមហ៊ុនដឹកជញ្ជូនទំនិញ RSL Global Logistics Co. Ltd បានឲ្យដឹងថា “ ក្រុមហ៊ុនធំៗមានប្រៀបជាងក្រុមហ៊ុនតូចៗ ពីព្រោះតែអ្វី ដែលពួកអាចផ្តល់ជូនក្នុងការធ្វើឲ្យមានទំនុកចិត្ត ដូច្នេះ វាជាការលំបាកសម្រាប់យើងក្នុងការប្រកួតប្រជែងជាមួយពួកគេ” ហើយលោកបានបន្ថែមទៀតថា ក្រុមហ៊ុនរបស់លោកអាចយកថ្លៃដឹកជញ្ជូនពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុបានប្រមាណជា៣០ដុល្លារក្នុងមួយជើង។
យោងតាមក្រុមហ៊ុនដឹកជញ្ជូនទំនិញជាច្រើនបានឲ្យដឹងថា បើសិនជាមានកំហុសណាមួយក្នុងការសរសេរ ឬបច្ចេកកើតឡើងនៅលើងវិក័យប័ត្រដឹកជញ្ជូន នោះក្រុមហ៊ុននឹងត្រូវបង់ប្រាក់ចន្លោះពី៣០ដុល្លារ ទៅ ១០០ដុល្លារទៅឲ្យនាយកដ្ឋានគយ ចំណែកឯកំហុសណាមួយដែលកើតមានឡើងនៅក្នុងឡាំងកុងតឺណ័រផ្ទាល់ វាអាចបណ្តាលឲ្យមានការទាប្រាក់ចន្លោះពី២០០ដុល្លារ ទៅ ៣០០ដុល្លារ៕
ប្រែសម្រួលដោយ ហួង កុកទៀន