34 C
Phnom Penh

ការចូលរួម​រំលែកមរណទុក្ខ​មាន​កាន់​តែ​ច្រើន​ចំពោះ​ការ​យាង​ចូល​​ ទិវង្គត​របស់​សម្តេច នរោត្តម សីហនុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការប្រកាសពីការ​គោរព​ និងការ​ចូល​រួម​រំលែកមរណទុក្ខ​មាន​កាន់តែ​ច្រើន​ពី​សំណាក់​មេដឹក​នាំ​កំពូលៗរបស់បរទេស​ និង​មន្ត្រី​ក្នុង​ស្រុក​ជា​ច្រើន កាល​ពីម្សិលមិញ ចំពោះ​ការ​យាងចូលទិវង្គត​របស់​​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច នរោត្តម សីហនុ ដែល​បាន​យាង​ចូល​ទិវង្គត ដោយ​សារ​គាំង​បេះ​ដូង​ក្នុង​មន្ទីរពេទ្យ​ក្រុង​បេ៉កាំ​ង​ កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​​រំលង​អធ្រាត​ក្នុង​ព្រះជន្មាយុ​៨៩ព្រះ​វស្សា។

ព្រះ​ករុណាព្រះបាទសម្តេច នរោត្តម​ សីហនុមាន​ខ្សែជីវិត​បត់​បែន​ដូច​ជា​ប្រទេស​របស់​ព្រះ​អង្គដែរ​ ដោយបាន​ទាម​ទារ​ឯក​រាជ្យ​​មកឲ្យ​ប្រទេស​កម្ពុជា​ក្នុងឆ្នាំ​១៩៥៣​ និង​គូ​ប្រជែង​របស់​ព្រះ​អង្គ​ដែល​មាន​ការ​គាំទ្រ​ សហរដ្ឋ​អាមេរិកធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​ពី​អំណាចក្នុងឆ្នាំ​១៩៧០​ ​ហើយ​ព្រមទាំង​បាន​ឃើញ​ប្រទេសរបស់​ព្រះ​អង្គ​ធ្លាក់ចូល​ក្នុងមហា​​វិនាសកម្ម​បំផ្លិច​បំផ្លាញ​របស់​ខ្មែរ​ក្រហម ​ហើយ​​បន្ទាប់មក​​​បាន​យាង​ត្រឡប់​ពីការនិរទេស​ព្រះកាយក្នុង​ឆ្នាំ​១៩៩១​​​ក្នុងដំណាក់កាល​អន្តរ​កាលដើម្បីទទួលបាន​សន្តិភាពឡើងវិញ។​​

កាលពីម្សិុលមិញ បណ្តាមេដឹកនាំ និងមន្ត្រីជាន់ខ្ពស់​នៅ​ទូទាំង​ពិភពលោក​បាន​ទទួល​ស្គាល់​តួនាទី​ដ៏ឆ្នើមរបស់​ព្រះអង្គ​នៅក្នុង​ប្រវត្តិ​របស់ប្រទេស​កម្ពុជា​ក្នុង​សតវត​្សរ៍ទី​២០។​​ លោកហ្វ្រង់​ស័រអូលឡង់ (Francois Hollande)​ ប្រធានាធិបតី​បារំាង​ បាន​កោត​សរសើរ​ព្រះ​ករុណាព្រះបាទសម្តេច​ នរោត្តម​ សីហនុចំពោះ​​ការ​រក្សា​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំង​ពីរ​និង​កោត​សរសើរ​ព្រះអង្គ​​ដែល​បាន​ក្លាយ​ទៅ​ជានិម​ិត្តរូប​​នៃ​អធិប​តេយ្យ​ភាព​ បូរណភាពទឹក​ដី​របស់​ប្រទេសកម្ពុជា​។

លោកបាន​ថ្លែង​ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​មួយ​ថា “ ខ្ញុំ​សូម​កោត​សរសើរ​បុរស​ដ៏ឆ្នើម​ដែល​ជា​និមិត្ត​រូប​នៃ​ជោគវាសនា​របស់​ប្រទេសនិងរបស់​ប្រជា​ពលរដ្ឋ​​ព្រះ​អង្គដោយបាន​ឆ្លងកាត់បញ្ហា​ប្រឈមដ៏​សែន​លំបាក​ជា​ច្រើន​នៅ​សតវត្សរ៍ទី​២០ ​និង​ជា​និមិត្ត​រូប​នៃការ​នាំ​មក​នូវ​​សន្តិភាព​ដែល​ព្រះ​អង្គ​តែង​តែ​ចាត់​ទុក​ប្រទេស​បារំាង​ជា​ដៃគូ​របស់​ព្រះអង្គ”។

លោក​បាន​ថ្លែង​បន្ត​នៅ​ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍នោះ​ថា “ ​ខ្ញុំដឹង​អំពី​ទំនាក់​ទំនង​ជា​ប្រវត្តិសាស្ត្រ​ដ៏រឹងមាំ ដែលបានធ្វើ​ឲ្យ​​ព្រះ​ករុណា​ព្រះបាទ​សម្តេច​ឪនរោត្តម​ សីហនុបានរួបរួមគ្នា​ជាមួយ​​នឹង​ប្រទេស​បារំាងដោយ​សារតែ​ព្រះ​អង្គ​បាននាំ​ឲ្យ​ប្រទេស​យើង​ទាំង​ពីរ​ និង​ប្រជាពលរដ្ឋ​របស់​យើង​ឲ្យ​កាន់​តែ​មាន​​ភាព​ជិកស្និទ្ធ​នឹង​គ្នា។ ​ជា​​ស្ថាបនិក​ឯក​រាជ្យរបស់​ប្រទេស​កម្ពុជា​ ជា​អ្នក​ការ​ពារ​ប្រទេស​ក្នុង​សហគម​ន៍​អន្តរជាតិ​ ដោយ​មិន​ខ្លាច​នឿយ​ព្រះ​កាយ ព្រះ​​អង្គបាន​ក្លាយ​ទៅ​ជា​និមិត្ត​រូប​សម្រាប់​អ្នក​នយោបាយ​នៅ​តំ​បន់​អាស៊ី​តាមរយៈការធ្វើឲ្យមាន​តុល្យ​ភាពនិង​ការ​​ការ​ពារ​​អធិបតេយ្យ​ភាពរបស់​ប្រទេស​នីមួយៗ”។

លោកស្រីខាធើរីនអាស្តុន (Catherine Ashton) តំណាង​ជាន់​ខ្ពស់​របស់​សហភាព​អឺរ៉ុប​សម្រាប់​កិច្ច​ការ​បរទេស​ និង​គោល​នយោបាយ​ផ្នែកសន្តិសុខបាន​សម្តែង​សេចក្តី​ទុក្ខ​សោក​យ៉ាង​ក្រៃលែង​ចំពោះ​ដំណឹង​នៃ​ការ​យាង​ចូលទិវង្គត​របស់​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ នរោត្តម​ សីហនុ​។

លោកស្រី​​ថ្លែងថា “ ព្រះ​ករុណា​ព្រះបាទ​សម្តេច​ នរោត្តម​ សីហនុគឺជា​មេដឹកនាំ​ដ៏ល្អ​មួយ​រូប​ ដែល​គួរឲ្យ​​​​​​​គោរព​និង​ជា​វីរបុរស​ដ៏​ឆ្នើម​ក្នុង​ប្រវត្តិ​សាស្ត្រ​​របស់​ប្រទេស​កម្ពុជា។​ សហភាព​អឺរ៉ុប​នឹង​បន្ត​ជួយ​ជ្រោម​ជ្រែង​ប្រទេស​កម្ពុជា​បន្ត​ទៀត”។ អង្គការ​សហប្រជា​ជាតិ​ដែលជា​​អ្នក​សម្រប​​សម្រួល​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​បា៉រីស​ក្នុង​ឆ្នាំ​១៩៩១​រវាង​ព្រះ​ករុណា​ព្រះបាទ​សម្តេច​ នរោត្តម​ សីហនុ​ លោក​នាយក​ រដ្ឋមន្ត្រី​ ហ៊ុនសែននិង​ភាគីចម្រុះ​ផ្សេង​ទៀត​ ដោយ​អំ​ពាវ​នាវ​ឲ្យ​មាន​ការ​បញ្ចប់​សង្គ្រាម​សីុវិល​ដ៏រាំុរ៉ៃ ក៏បាន​ផ្ញើសារចូលរួម​រំលែក​មរណទុក្ខ​របស់​ខ្លួន​ផង​ដែរ​។

អ្នក​នាំ​ពាក្យរបស់​លោកបានគីមូន (Ban Ki moon) ​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា“ លោកបាន​ គីមូនអគ្គលេខា​ធិការ​អង្គការ​សហ​ប្រជា​ជាតិទទួល​ស្គាល់​នូវការ​លះបង់​​ជា​យូរមក​ហើយ​របស់​ព្រះ​ករុណា​ព្រះបាទ​សម្តេច​ នរោត្តម​ សីហនុចំពោះ​ប្រទេសជាតិ​របស់​ព្រះ​អង្គ​ និងទទួលស្គាល់​​កេរដំណែល​របស់​ព្រះអង្គ​​ថា ជា​មេដឹក​នាំ​បង្រួប​បង្រួម​ជាតិ​ ដែល​ប្រជា​ពល​រដ្ឋ​ខ្មែរ​ និង​អន្តរជាតិ​គោរពនិង​កោត​សរសើរនោះ”។

អ្នក​នាំ​ពាក្យ​រូប​នេះ​ បាន​លើកឡើង​នៅ ក្នុង​សេចក្តី​ថ្លែងការណ៍ទៀតថា “ លោក​អគ្គ​លេខា​ធិការ​ក៏សង្ឃឹមដែរ​ថា ​កេរដំណែល​របស់​អតីត​ព្រះ​មហា​ក្សត្រ​ និង​ជួយ​ប្រទេស​កម្ពុជាឆ្ពោះ​ទៅ​រក​ការ​ផ្សះផ្សារ​ជាតិ​” ។ប្រទេស​សិង្ហបុរី ដែល​ជា​ប្រទេស​នៅ​ក្បែរ​ខាងរបស់កម្ពុជា បាន​ថ្លែង​អំណរគុណ​ព្រះ​ករុណា​ព្រះបាទ​សម្តេច​ នរោត្តម​ សីហនុដែល​បាន​ជួយ​គាំទ្រ​ឯករាជ្យ​ភាព​របស់​ខ្លួន។

លោកនាយករដ្ឋ​មន្ត្រីលីស៊ានឡុង (Lee Hsien Loong)​ ​ថ្លែង​ថា “ ​ប្រទេស​សិង្ហបុរី​ និង​មិន​ភ្លេច​បានឡើយនូវតួនាទី​ដ៏​សំខាន់​ដែល​ព្រះ​ករុណា​ព្រះបាទ​សម្តេច​ នរោត្តម​ សីហនុបាន​ជួយ​ជំរុញ​មិត្ត​ភាព​ឲ្យ​កាន់​តែ​ជិក​ស្និត​រវាង​ប្រទេស​​ទាំង​ពីរឡើយ។ ប្រទេស​កម្ពុជា ​តែងតែ​ជាមិត្ត​យ៉ាង​ជិក​ស្និត​របស់​ប្រទេស​សិង្ហបុរី​ ហើយ​យើង​នឹង​ចង​ចំា​នូវគុណ​បំណាច់​របស់​ប្រទេស​កម្ពុជា​ ដែល​​ជា​ប្រទេស​ដំបូងគេ​ក្នុង​ចំណោម​ប្រទេស​ជា​ច្រើន​ ដែល​ទទួលស្គាល់​សាធារ​ណរដ្ឋ​ថ្មី​របស់​យើង​នៅ​ពេលប្រទេស​​សិង្ហ​បុរី​ទទួល​បាន​ឯករាជ្យ​ក្នុង​ឆ្នាំ​១៩៦៥”។

យោង​តាម​កាសែត​ បាងកកប៉ុស្តិ៍ (Bangkok ​Post)​ បាន​ឲ្យដឹង​ថាព្រះ​មហាក្សត្រថៃព្រះ​បាទ​ ភូមិពលអតុល្យតេជ (Bhumibol Adulyadej) និង​លោក​ស្រី​នាយករដ្ឋមន្ត្រី​ យីងលាក់​ សុីណា​​វាត្រា(Yingluck Shinaqwatra)ក៏​បានផ្ញើ​សារ​​ចូលរួមរំលែក​​មរណទុក្ខ​ផង​ដែរ​។

ប្រទេស​អូស្ត្រាលីចិនជប៉ុននិងសហ​រដ្ឋ​អាមេរិកក៏​បានផ្ញើសារចូលរួម​រំលែក​មរណ​ទុក្ខ​តាំង​ពី​ថ្ងៃច័ន្ទផង​ដែរ។ នៅ​លើ​គេហ​ទំព័រ​ផ្ទាល់​ខ្លួន​លោក​ស្រី មូសុខ​ហួរសមា​ជិក​សភា​មក​ពី​គណ​បក្សសមរង្សុីកាល​ពី​ម្សិល​មិញ​ បាន​ទទួច​ឲ្យ​ប្រទេស​កម្ពុជា​អនុវត្ត​តាម​អ្វី ដែល​ព្រះ​ករុណា​ព្រះបាទ​​ សម្តេច​ នរោត្តម​ សីហនុធ្លាប់​បាន​ធ្វើ​ដើម្បី​បង្រួបបង្រួម​ជាតិ​។

លោកស្រី​​លើក​ឡើង​ថា “ សម្តេចឪដ៏​គួរឲ្យ​ គោរព​របស់​យើង​បាន​ខិតខំ​ប្រឹង​ប្រែង​ ដើម្បី​ឯករាជ្យ​ភាព​ និង​សន្តិភាព​សម្រាប់​ប្រទេស​ជាតិ​ និង​ប្រជា​ពលរដ្ឋ​របស់​ព្រះ​អង្គ។វា​ជា​តួនាទី​របស់​យើង​ ដើម្បី​ចាត់ទុកការ​បង្រួបបង្រួម​ជាតិ​ជា​កត្តា​ចម្បងនៅ​ពេល​យើង​បន្ត​ដើរតាម​ផ្លូវ​ដែល​ព្រះ​អង្គបានត្រួសត្រាយ។យើង​កាន់​មរណទុក្ខ​ទាំង​អស់​គ្នា ​យើង​ជួយ​ដោះ​ស្រាយ​ទាំង​អស់​គ្នាចំពោះការ​ឈឺចាប់រាប់​​ មិន​អស់របស់ប្រទេសជាតិយើង​។​ យើងសូម​​ បួង​សួង​ សូមឲ្យ​ព្រះវិញ្ញណ​ក្ខន្ត​របស់សម្តេច​​ឪ​​ជា​ទីគោរព​របស់​យើង​យាង​ទៅ​កាន់សុគតិ​ភព”។

​​​​ចំណែកគណ​បក្សសិទ្ធិ​មនុស្ស​ក៏បាន​បួង​សួង​ឲ្យ​ព្រះវិញ្ញណក្ខន្តសម្តេច​ឪ​ យាង​ទៅ​កាន់​សុគតិភពផងដែរ។ គណបក្សសិទ្ធិមនុស្ស​បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែងការណ៍មួយថា“ យើង​សូម​បួង​សួងឲ្យ​វិញ្ញណក្ខន្តសម្តេច​ឪ​ យាងឡើង​ទៅ​កាន់​ឋានសួគា​ឲ្យ​បាន​ឆាប់ ហើយ​សូម​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​ព្រះអង្គបន្ត​ល្បី​រន្ទឺ​ទូទាំង​ពិភពលោក ដើម្បី​ធ្វើ​ជា​ម្លប់​ដល់កូន​ចៅ​របស់ព្រះអង្គ”។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​ផ្ទាល់​ខ្លួន​លោក​ ហេងសំរិនប្រធាន​រដ្ឋសភាបាន​កោត​សរសើរ​ព្រះ​ករុណា​ព្រះបាទ​សម្តេច​ នរោត្តម​សីហនុថាមិន​គ្រាន់​តែ​បាន​ទាម​ទារ​ឯករាជ្យ​មក​ឲ្យ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេប៉ុន្តែក៏ជា​អ្នក​​បង្កើត​ចលនា​មួយ​ក្នុង​ឆ្នាំ​១៩៥៥ គឺ​នៅសម័យ​​សង្គម​រាស្រ្ត​និយម​ត្រូវ​បាន​បង្កើត​ឡើង។ លោកបាន​លើក​ឡើង​ថា “ អំឡុង​ពេល​នោះប្រទេស​កម្ពុជា​ខ្លាំង​ និង​រីក​ចម្រើន​​”។

ដោយ​មាន​ព្រះ​ករុណា​ព្រះបាទ​សម្តេច​ព្រះនរោត្តម​ សីហនុជា​អ្នក​ដឹក​នាំ​ប្រទេស​កម្ពុជាឲ្យទទួល​បាន​សន្តិភាព​ជា​ច្រើន​ឆ្នាំ​ និង​បានធ្វើឲ្យមានការ​ចម្រើន​​ក្លាយ​ទៅ​ជាសម័យ​មហារុង​រឿង​ ដែល​មិន​អាច​បំភ្លេច​បាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ប៉ុន្តែ​ សម័យ​នោះ​ក៏ធ្វើ​ឲ្យ​​មាន​ភាព​ភ័យខ្លាច​ដោយ​ការ​គាប​សង្កត់​ដ៏ខ្លាំង​ក្លា​ និង​ការ​សម្លាប់​អ្នក​រិះ​គន់​រដ្ឋាភិបាល ​ជា​ពិសេស​គឺក្រុមឆ្វេង​និយម៕

ប្រែសម្រួលដោយស៊ាស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស