32.9 C
Phnom Penh

ប្រជាពលរដ្ឋ​​​រង់​​ចាំ​​​​​​​​​​​ព្រះ​​​បរម​​​សព​​ ​​​ព្រះ​​​មហា​​​វីរក្សត្រ យាង​មក​ដល់​ យ៉ាង​យូរ​នៅ​ព្រះ​​​បរម​​​រាជ​​​វាំង 

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចាប់​​​តាំង​​​ពី​​​ដំណឹង​​​ស្តីពី​​​ការ​​​សោយ​​​ទិវង្គត​​​របស់​​​សម្តេច​​​ឪ នរោត្តម សីហនុ បាន​​​​លេច​ឮ​ឡើង​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ បរិវេណ​​​​​ខាង​​​ក្រៅ​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​​​​មាន​​​អ្នក​​​កាន់​​​ទុក្ខ​​​ចាស់​​​ក្មេង​​​រាប់​​​ពាន់​​​នាក់​​​មក​​​សម្តែង​​​ការ​​​គោរព​​​ ចំពោះ​​​ព្រះ​​បរម​​​សព។

ក្នុង​​​រយៈ​​​ពេល​​​បី​​​ថ្ងៃ​​ ​ប្រជា​​​រាស្ត្រ​​​យ៉ាង​​​ច្រើន​​​​បាន​​​ដុតទៀន និង​​​ធូប​​ ថ្វាយ​​​ផ្កា​​​ឈូក ​​​និង​​​ធ្វើ​ការ​​​បួង​​​សួង ហើយ​​មាន​​​អ្នក​​​ខ្លះ​​​បាន​​​សម្រក់​​​ទឹក​​​ភ្នែក​​​។កាល​​​ពី​​ម្សិល​​​មិញ ប្រជារាស្ត្រ​រាប់​​​ពាន់​​​នាក់​​​បាន​​នាំ​គ្នា​ទៅ​​​កាន់​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​​​​​តាំង​ពី​​​ពេល​​​ព្រឹក​ព្រ​​​លឹម​​​​​​ ទោះ​​​បីជា​​​​​​មានការ​​​រំពឹង​​​ទុកមុនថា រហូត​​​ដល់​​​ពេល​​​រសៀល​​ ទើប​​​​ព្រះបរម​​​​​​សព​​​យាង​​​មក​​​ដល់​​ក៏​ដោយ​។

អង្គុយ​​​ក្រោមម្លប់​​​ដើម​​​ឈើមួយ​​​ដើម​​​ជា​មួយ​​​ចៅ​ស្រី​​​ម្នាក់​​​របស់​​​ខ្លួន​​​កាល​​ពី​​​ម្សិល​​​មិញ​​​នៅ​​​ម៉ោង​​​ប្រហែល​​​៩​​​ព្រឹក អ្នក​​​ស្រី មុំ សុវណ្ណ អាយុ​​​៦៦​​​ឆ្នាំ​​​បា​​​នមក​​​ត្រៀម​​​ខ្លួន​មុន​​ ហើយ​​​បាន​​​ប្តេជ្ញា​​​មិន​​​ចាក​​​ចេញ​​​ទៅ​​​ណាឡើយលុះ​​​ណា​​​តែ​​​គាត់​​​បាន​​​ឃើញ​​​​ព្រះ​​​ម​​​ញ្ជូ​សា​​​ព្រះមហា​​​​វីរក្សត្រ។

អ្នក​​​ស្រី​​​បាន​​​និយាយ​​​ថា “ ខ្ញុំ​​​មក​​​ទី​​​នេះ​​​​តាំង​ពី​​​​ព្រឹក​​​ព្រ​​​លឹម​​​ ទើប​​ខ្ញុំ​​​មាន​​​ពេល​​​បួង​​​សួង​​​​គោរព​​វិញាណក្ខន្ធ។​​​ខ្ញុំ​​​ក៏​​​បាន​​​ដាក់​​​អាហារ​​​និង​​​ផ្លែ​​​ឈើ​មក​​​ជា​​មួយ​សម្រាប់​​​អាហារ​ថ្ងៃ​​​ត្រង់​ដែរ។

​​​ខ្ញុំ​​​មក​​​ទី​​​នេះ​​​ជា​​​មួយ​​​​​​ចៅ​​​ស្រី​​​របស់​​​ខ្ញុំ​​​ ក្រែង​​​លោ​​​ខ្ញុំ​​​សន្លប់​​​ ឬ​​​មាន​​​រឿង​​​អ្វី​​​កើត​​​ឡើង​​​ ពេល​​​​​​នោះ​​​នាង​​​អាច​​​ជួយ​​​ខ្ញុំ​​​បាន​​​។​​​ខ្ញុំ​​​នឹង​​​រង់​​​ចាំ​​​មើល​​​ព្រះ​​​បរម​សព​​​ព្រះ​​​ករុណា​​​ជីវិត​​តម្កល់​​​លើ​​​ត្បូង​​​ពីព្រោះ​​​យើង​​​ជា​​​កូន​​​ចៅ​​​របស់​​​ព្រះ​​​អង្គ”។

អ្នក​​​ស្រី ពិន សយ ​​​អាយុ​​​៧៩​​​ឆ្នាំ បាន​​​​ធ្វើ​​​ដំណើរ​​​ពី​​​ខេត្ត​​​កំពង់​​ធំ មក​​​កាន់​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​។អ្នកស្រី​​​​​​និយាយ​ថា ​គាត់​មិន​ប្រា​​​កដ​​​ថានឹង​​ត្រូវ​​​វិល​​​ត្រ​​​ឡប់​​​ទៅ​​​វិញ​​​ទេ ប៉ុន្តែ​​​ថា គាត់​​​នឹង​​​រង់ចំា​​​រហូត​ដល់​បាន​លា​​ព្រះ​​បរម​​​សព​​​ នរោត្តម សីហនុ ជាចុង​​ក្រោយ ហើយគាត់​​​​បាន​​​​​​ចាត់​​​ទុក​​​​ព្រះ​អង្គជា “ បិ​តា​​​ឯករាជ្យ”។

នៅ​​​ពេល​​​​​​ថ្ងៃត្រង់ សន្តិ​​​សុខ​​​បានចាប់​​​ផ្តើម​​​ដេញ​​​ប្រជារាស្ត្រ​​​នៅ​​​ខាង​​​មុខ​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​ព្រោះ​​​​នៅ​​ទីធ្លា​​​នោះ​​​មាន​​​ជើង​​​ ​ដុត​ទៀន ​ធូប​ជា​​​ច្រើន។​​​អ្នក​​​កាន់​​​ទុក្ខ​​​ទាំង​​​នេះ​​​បាន​ធ្វើ​ដំណើរ​​​​ទៅ​​​ប៉ែក​​​ខាង​​​ត្បូង​​​​តាម​​​​​មហា​​​វិថី​​​សុធារស​​ ហើ​​យ​បាន​​​អង្គុយ​យ៉ាង​​​​ស្ងៀម​ស្ងាត់។

ប្រ​​​មូល​​​ផ្តុំ​​​គ្នា​នៅ​ក្រោម​​​ប៉ម​យាម​​​​មួយ​​នៅ​ខាង​ក្រៅ​ខ្លោ​ង​ទ្វារ​ព្រះ​បរម​រាជ​​វាំង ​មន្ត្រី​​​នគរ​​​​បាល​​​ចំនួន​​​១៩​​​នាក់​​​ដែល​​​មាន​​​ភារកិច្ច​​​ហែ​​​ហម​​​ព្រះ​​បរម​​​សព​​​ព្រះ​​​មហា​​​វីរ​​​ក្សត្រ​​​ក្នុង​​​ដំណើរ​​​ចុង​​​ក្រោយ​​​កាត់​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​ បាន​​​ពិនិត្យ​​​មើល​​​ឯក​​​សណ្ឋាន​​​របស់​​​ខ្លួន​​​ដោយ​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ មុន​​​ពេល​​​ចេញ​​​ដំណើរ​​ទៅ​​​កាន់​​​អាកាស​​​យានដ្ឋាន​​​អន្តរជាតិ​​​ភ្នំពេញ។

នៅពេល​​​ពួកគេ​​​ចេញ​​​ដំណើរ ​ប្រជា​រាស្ត្រ​កាន់​​​តែ​​​ច្រើន​​​ឡើង បាន​​​​​​ប្រ​​​ជ្រៀត​​​គ្នា​​​ចូល​​​មក​​​មហា​​​វិថី​​​នេះ។ ព្រះ​​​អាទិត្យ​​​ក្តៅ​​​ហែង ​​​មនុស្ស​​​ម្នា​​​យ៉ាង​​​ច្រើន​​​និង​​​ការ​​​​ខ្វះ​​​ម្លប់​​​ជ្រក​​​និង​​​ទឹក​​​ផឹកនោះ ​​​បាន​​​ធ្វើឲ្យ​​​អ្នក​​​កាន់​​​ទុក្ខ​​ជួប​ការ​​​លំបាក ដោយ​​​អ្នក​​​ខ្លះ​​​ហាក់​​​ដូចជាធុញ​​​ទ្រាន់​​​ខ្លាំង​​​ឡើងៗ ​​​​ព្រោះ​​​​ពេល​​​វេលា​ ចេះ​​​តែ​​​ដើរ​​​ទៅ​​​មុខ។​​​អ្នក​​​ខ្លះ​​​ទៀត​​​បាន​​​អង្គុយ​​​​​​រង់​​​ចាំ​​​ជាធម្មតា ដោយ​​​ប្រើ​​​ផ្លិតធ្វើ​​​​ពីក្រដាស​សម្រាប់​​​បក់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ប្រមូល​ផ្តុំគ្នា​របស់​ប្រជារាស្ត្រ​នៅ​កន្លែង​ខ្លះ​ធ្វើ​ឲ្យ​មាន​ការ​ពិបាក​ដក​ដង្ហើម​ដោយ​សារ​តែ​ក្តៅ​ពេក ជា​​​សញ្ញា​​បង្ហាញ​​ថា មាន​មនុស្ស​ដួល​សន្លប់​ដោយ​សារចាញ់​កម្ដៅ​ថ្ងៃ។សំឡេង​សីុរ៉ែន​រថយន្ដ​សង្គ្រោះ​​​បន្ទាន់​​​បានលាន់​​​ឮ​​​​យ៉ាង​ខ្លាំង​ ខណៈ​ពេល​ដែល​មនុស្ស​ដួល​សន្លប់ ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទី​រពេទ្យ​។

លោក សូ​ សុផល គិលានុប​ដ្ឋាក​​មក​ពី​មណ្ឌល​​​​សុខភាព​​​បង្អែក​ សម្ដេច​ឪ បាន​ឲ្យ​ដឹង​ថា មាន​មនុស្ស​៤៦​នាក់​បាន​ដួល​សន្លប់ កាល​ពី​ពេល​រសៀល។ លោក​​មាន​ប្រសាសន៍ថា  “ ពួក​គេ​​ដួល​សន្លប់​ ដោយ​សារតែ​ថ្ងៃ​​​​ក្តៅ​​​ខ្លាំងពេក និង​​​​​បរិយា​​​កាស​​​ស្អុះស្អាប់ខ្លាំង​​​​ ហើយ​អ្នក​ខ្លះ​មិនទាំង​​​​បាន​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ផង​”។​​​

​កញ្ញា ជ្រិន លក្ខិណា សិស្ស​ថ្នាក់​ទី​១២​​​មក​ពី​វិទ្យា​ល័យ​ព្រះ​យុ​គន្ធ​រ គឺជា​អ្នកជួយ​​សង្គ្រោះ​ម្នាក់​ក្នុង​ចំណោម​​អ្នកជួយ​សង្គ្រោះ​ជាសិស្ស​រាប់​រយ​នាក់ នៅ​ឯ​ព្រះ​បរម​រាជវាំង​។​ បន្ថែម​លើ​ការ​គ្រង់​​​គ្រង​​​​​មនុស្ស​ កញ្ញា​បាន​និយាយ​ថា“ យើង​ជួយ​សង្គ្រោះ​អ្នក​​​ដួល​សន្លប់”។

អ្នក​​​ស្រី ព្រំ សាមុន​​​ អាយុ៦៨​​​​ឆ្នាំ ដែល​បាន​ទៅ​កាន់​ព្រះ​បរម​រាជវាំង​តាំង​ពី​ម៉ោង​១២​ថ្ងៃ​ត្រង់ បាននិយាយអំពី​​​ព្រះ​​​បរម​​​សព​​​សម្តេច​​​ឪ​​​ថា ​​ឱកាស​​​​លា​​​ព្រះ​​​អង្គ​​​ជា​​​លើក​​​ចុង​​​ក្រោយ​​​​សំខាន់​ជាង​​​ការ​​​​​ទ្រា​​ំនឹង​​​កម្ដៅ​ថ្ងៃ​និង​​ការ​រង់​ចាំច្រើន​​​ម៉ោង។

អ្នក​​​ស្រី​​​បាន​និយាយថា “ ខ្ញុំ​អាណិត​​​ព្រះ​​​អង្គ​​​​យ៉ាង​ខ្លាំង​។ព្រះ​​​អង្គ​​​​បាន​បំពេញ​ព្រះ​រាជ​កិច្ច​ច្រើន​ណាស់​សម្រាប់​ប្រទេស​កម្ពុជា។ ព្រះ​​​អង្គ​​​បាន​​​​រៀប​​​ចំ​​​​សមាជ​ជា​រៀង​រាល់​ឆ្នាំ​។ វា​​​ពិត​​ជា​ក្រៀម​​​ក្រំ​​​ណាស់​ ព្រោះ​ព្រះ​​​អង្គ​​​​ធ្លាប់​តែ​​​លើក​​​ព្រហស្ត​គ្រវី​​​​ដាក់​កូន​ចៅ​រាល់​ពេល​ដែល​ព្រះ​​​អង្គ​​​​ចុះ​សួរ​សុខ​ទុក្ខ​​​ប្រជារាស្ត្រ​​​​​ ប៉ុន្ដែ ពេល​នេះមាន​តែ​មញ្ជូសា​មួយ​​ប៉ុណ្ណោះ។​ ខ្ញុំមិន​អាច​ពណ៌នា​ពីទុក្ខ​​​ក្រៀម​​​​ក្រំ​របស់​ខ្ញុំ​បាន​ឡើយ”។ បន្ទាប់​ពីព្រះ​​​​មញ្ជូសា​បាន​ឆ្លង​​​កាត់​​​ និង​​​​ដង្ហែ​​ចូល​ក្នុង​ព្រះ​បរម​រាជ​វាំង​ផុត អ្នក​កាន់​ទុក្ខ​ដែល​​យំខ្សឹក​ខ្សួល​បាន​ក្រោក​ឈរយឺតៗ​ រួច​ក៏មាន​ការ​រំភើប​ជ្រួល​ឡើង​ ខណៈពេល​ដែល​មនុស្ស​​ជា​ច្រើន​បាន​នាំ​គ្នា​សំដៅ​ទៅកន្លែង​ដាក់​តាំង​​ព្រះ​ឆាយា​លក្ខណ៍​​ព្រះ​​អង្គ​នៅ​មុខ​ព្រះ​បរម​រាជ​វាំង។

អ្នក​ខ្លះទៀតនៅ​បន្ត​អង្គុយ​យ៉ាង​ស្ងៀម​ស្ងាត់​ សម្លឹង​មើល​ទៅ​ព្រះ​បរម​រាជ​វាំង​ដោយ​​ក្រៀម​ក្រំ ​ដោយ​មិន​​បាន​ឮ​​​សំឡេង​ដើរ​ឈូស​​ដប​ទឹក​សុទ្ធ​នៅ​ក្បែរ​នោះ​​ពេល​​​​​ក្រុម​អ្នក​ចូល​រួម​ត្រឡប់​ទៅ​​ផ្ទះ​​វិញ៕​

ប្រែ​សម្រួល​ដោយ តែម សុខុមនិង ហម សុផាណ្ណា​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស