ព្រះបរមសពព្រះករុណា ព្រះបាទសម្តេចនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ បានយាងនិវត្តជាលើកចុងក្រោយមកកាន់ប្រទេសកម្ពុជា ជាទីស្រឡាញ់របស់ព្រះអង្គវិញ កាលពីម្សិលមិញ ដោយមានការចាំដង្ហែពីប្រជាពលរដ្ឋប្រមាណ១លាននាក់ ដែលបានឈរអមយា៉ងស្រងូតស្រងាត់ តាមដងមហាវិថី ដើម្បីគោរពព្រះបរមសពព្រះមហាវីរក្សត្រ ដ៏ជាទីស្រឡាញ់បំផុតរបស់ប្រជាជនកម្ពុជា ។
ប្រជាពលរដ្ឋខ្មែរគ្រប់វ័យបានឈរយ៉ាងស្រងូតស្រងាត់ អមតាមដងមហាវិថី ខណៈព្រះបរមសពសម្តេចឪ ដែលជាក្សត្រមួយអង្គបានទាមទារឯករាជ្យមកជូនប្រទេសជាតិ របស់ព្រះអង្គក្នុងឆ្នាំ១៩៥៣ ត្រូវបានដង្ហែ ទៅកាន់ព្រះបរមរាជវាំង ហើយព្រះបរមសពរបស់ព្រះអង្គនឹងត្រូវតម្កល់នៅទីនោះយ៉ាងតិចណាស់រយៈពេលបីខែ។
ព្រះបាទសម្តេច នរោត្តម សីហនុ បានយាងចូលទិវង្គតដោយសារគាំងបេះដូងនៅក្នុងព្រះជន្មាយុ៨៩ព្រះវស្សា នៅវេលាម៉ោង១និង២០នាទី រំលងអធ្រាត្រ កាលពីថ្ងៃច័ន្ទ ក្នុងទីក្រុងបេ៉កាំង។
ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ដែលបាននាំគ្នាចេញមកតាមដងមហាវិថីយ៉ាងច្រើនហួសពីការស្មាន ដើម្បីចូលរួមព្រះរាជពិធី ដង្ហែព្រះបរមសព ព្រះករុណា ព្រះបាទសម្តេចនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ប្រជាពលរដ្ឋភាគច្រើនមិន ដែលធ្លាប់ជួបប្រទះការយាងចូលទិវង្គតរបស់ព្រះមហាក្សត្រនោះ បានមកប្រមូលផ្តុំគ្នា ដើម្បីចូលរួមកាន់មរណទុក្ខ ចំពោះព្រះបរមសពព្រះបាទសម្តេច នរោត្តម សីហនុ។
សាលារាជធានីភ្នំពេញ បានលើកឡើងថា ខ្លួនបានរៀបចំសម្រាប់អ្នកចូលរួមប្រមាណមួយសែននាក់ ប៉ុន្តែកាលពីម្សិលមិញ ចំនួនអ្នកចូលរួមកាន់មរណទុក្ខបានកើនឡើង ១០ដងលើសពីការប៉ាន់ស្មានរបស់មន្ត្រីសាលារាជធានីភ្នំពេញ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឲ្យដឹងថា “ មន្ត្រីនគរបាលបានរាយការណ៍ថា មានប្រជាពលរដ្ឋជិត១លាននាក់បានចូលរួម ដង្ហែព្រះបរមសពរបស់សម្តេចឪពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រហូតដល់ព្រះបរមរាជវាំង។
នៅវេលាម៉ោង២និង៥០នាទីរសៀល យន្តហោះដឹកអ្នកដំណើរធុនធំមួយគ្រឿង របស់ចិនបានចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយបានចាប់ផ្តើមពិធីដ៏ឧឡារិក ជាផ្លូវការមួយដែលអូសបន្លាយពេល រហូតដល់ពេលល្ងាច។
ដោយជួបជុំគ្នានៅលើវាលចុះចត ដើម្បីទទួលស្វាគមន៍យន្តហោះដឹកព្រះបរមសព និងស្វាគមន៍ការយាងនិវត្តរបស់រាជវង្សានុវង្សនោះ មន្ត្រីរដ្ឋាភិបាលជាច្រើនបានស្លៀកពាក់ក្នុងឯកសណ្ឋានពណ៌ស និងមានមន្ត្រីសង្ឃជាន់ខ្ពស់ជាច្រើនអង្គ រួមទាំងរាជវង្សានុវង្ស និងមន្ត្រីទូតបរទេសមួយចំនួនផងដែរ។
ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ្រព្រះវររាជមាតាជាតិខ្មែរ បានយាងចេញពីយន្តហោះដោយព្រះភក្ត្រយ៉ាងក្រៀមក្រំ ដោយបុត្រារបស់ព្រះអង្គ គឺព្រះមហាក្សត្រ សីហមុនីជួយទប់ព្រះកាយយាងចុះពីលើយន្តហោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអមដំណើរសម្តេចម៉ែ និងព្រះមហាក្សត្រ នរោត្តម សីហមុនី យ៉ាងកៀកក្រោមការទទួលស្វាគមន៍ពីមន្ត្រីរដ្ឋាភិបាល និងរាជវង្សានុវង្ស ជាច្រើនទៀតនៅឯអាកាសយានដ្ឋាន។ នៅទីនោះ សំឡេងព្រះសង្ឃបង្សុកូុលតាមព្រះពុទ្ធសាសនា បានបន្លឺឡើង យ៉ាងកងរំពងតាមរយៈប្រព័ន្ធឧគ្ឃោសនសព្ទ។
មន្ត្រីព្រះបរមរាជវាំង បានសែងព្រះមញ្ជូសាពណ៌មាស តម្តល់ព្រះបរមសពព្រះបាទសម្តេច នរោត្តម សីហនុ ដោយមានការតុបតែងលម្អទៅដោយផ្កាម្លិះយ៉ាងច្រើន ចេញពីផ្នែកខាងក្រោយយន្តហោះ។ មានទង់របស់ព្រះបរមរាជវាំងគ្របពីលើព្រះមញ្ជូសា។
ពេលព្រះមញ្ជូសា ត្រូវបានសែងដោយប្រុងប្រយ័ត្នបំផុតចុះពីយន្តហោះ មានការផ្លុំត្រែទទួលស្វាគមន៍ពីកងកិតិ្តយសជាច្រើនផងដែរ។ មន្ត្រីព្រះបរមរាជវាំង បន្ទាប់មកបានលើកព្រះមញ្ជូសាដោយក្តីគោរពបំផុតទៅដាក់លើព្រះទីនាំងព្រះបរមសព ដែលមានការតុបតែងលម្អជារាងសត្វហង្ស។ បន្ទាប់ពីឈប់បានមួយភ្លែត ក្រុមភ្លេងពិណពាទ្យបានចាប់ផ្តើមប្រគំ ដើម្បីលើកព្រះបរមសពដាក់លើព្រះទីនាំងមួយផ្សេងទៀត រួចហើយចាប់ផ្តើមព្រះរាជពិធីដង្ហែទៅតាមដងមហាវិថី ចេញពីអាកាសយាដ្ឋានទៅកាន់ព្រះបរមរាជវាំង។
ព្រះតេជគុណ សៅរ៍ ចន្ទថុល្ល ព្រះចៅអធិការវត្តលង្កា ក្នុងរាជធានីភ្នំពេញ បានមានសង្ឃដីកាថា “ ព្រះសង្ឃបានបង្សុកូលថ្វាយសម្តេចឪ ហើយបានបួងសួងដល់សម្តេចឪឲ្យលោកបានយាងទៅកាន់ឋានសុគតិភព មុននឹងលើកព្រះបរមសពដាក់លើព្រះទីនាំង”។ មុនពេលព្រះបរមសពរបស់សម្តេចឪបានមកដល់ ព្រះតេជគុណ សៅរ៍ ចន្ទថុល្ល មានសង្ឃដីកាថា ព្រះសង្ឃបាននាំគ្នាសូត្រធម៌ដើមបីឧទ្ទិសកុសលដល់សម្តេចឪចាប់តាំងពីទទួលដំណឹងពីការយាងចូលទិវង្គតរបស់ព្រះអង្គមកម្លេ៉ះ។
នៅឯអាកាសយានដ្ឋានអន្តរជាតិភំ្នពេញ អ្នកស្រី ផង់ ផល្លី អាយុ៦៦ឆ្នាំ អញ្ជើញមកពីខេត្តកណ្តាល ដែលឈរជាមួយប្រជាពលរដ្ឋផ្សេងទៀត ដោយកាន់ព្រះឆាយាលក្ខណ៍របស់ព្រះមហាវីរក្សត្រនរោត្តមសីហនុ បាននិយាយដោយខ្សឹកខ្សួល អំពីសេចក្តីស្រឡាញ់របស់អ្នកស្រីចំពោះព្រះមហាវីរក្សត្រដែលបានយាងចូលទិវង្គតនៅពេល។
អ្នកស្រីបាននិយាយដោយមានប្រសាសន៍ដោយសំអាងលើរឿងក្តី ដែលព្រះមហាវីរក្សត្របានប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ដែលបានប្រគល់ប្រាសាទព្រះវិហារមកកម្ពុជាវិញកាលពីឆ្នាំ១៩៦២ថា “ព្រះមហាវីរក្សត្របានធ្វើការឲ្យយើងច្រើនណាស់ ហើយបានទាមទារប្រាសាទព្រះវិហារពីប្រទេសថៃមកវិញ”។
ប្រជាពលរដ្ឋជាងមួយលាននាក់ បានឈរអមតាមដងមហាវិថីសហព័ន្ធរុស្ស៊ីចាប់ពីអាកាសយានដ្ឋានអន្តរជាតិព្រះបរមរាជវាំង និងនៅកន្លែងខ្លះមានប្រជាពលរដ្ឋឈរដង្ហែរជាពីបួនទៅប្រាំជួរ។
ប្រជាពលរដ្ឋដែលមកចូលរួមដង្ហែព្រះបរមសពភាគច្រើនស្លៀកពាក់ពណ៌ស តាមពៃណីសម្រាប់កាន់ទុក្ខ ដោយមានពាក់សញ្ញាកាន់មរណទុក។ ប្រជាពលរដ្ឋបានលើកដៃសំពះបួងសួង ខ្លះកាន់ទង់ជាតិ ឬកាន់ផ្កាឈូក ចំណែកឯខ្លះទៀតបានបង្ហូរទឹកភ្នែក។ ប្រជាពលរដ្ឋបានឈរសម្លឹងមើលយ៉ាងស្រងូតស្រងាត់ពេលព្រះទីនាំងដឹកព្រះមញ្ជូសាបានមកដល់។
ការដង្ហែព្រះបរមសពរបស់ព្រះមហាវីរក្សត្របានចំណាយពេលជាងមួយម៉ោង ទើបមកដល់ព្រះបរមរាជវាំងនៅវេលាម៉ោងប្រហែល៥និង២០នាទីល្ងាច។ ប្រជាពលរដ្ឋជាងមួយលាននាក់ បានឈររង់ចាំអស់រយៈពេលជាច្រើនម៉ោងនោះ ដើម្បីទទួលស្វាគមព្រះបរមសព ដ៏គួរឲ្យរុំជួលចិត្តបំផុត។
បរិយាកាសនៅជុំវិញព្រះបរមរាជវាំងពោពេញទៅដោយការទួញសោកសង្រែងនៅពេលព្រះទីនាំងដឹកព្រះបរមសពបានមកដល់តំណាក់កាលចុងក្រោយបន្ទាប់ពីបានដង្ហែក្នុងចម្ងាយ១០គីឡូម៉ែត្ររួចមក។
ប្រជាពលរដ្ឋ ដែលបានចូលរួមដង្ហែព្រះបរមសពភាគច្រើនអង្គុយយ៉ាងស្រងូតស្រងាត់ នៅពេលក្បួនដង្ហែព្រះបរមសពបានឆ្លងកាត់ឆ្ពោះទៅកាន់ព្រះបរមរាជវាំង ដោយមានព្រះសង្ឃរាប់រយអង្គ ដែលរង់ចយ៉ាងអន្ទះសារចាប់តាំងពីថ្ងៃត្រង់មក។ ព្រះសង្ឃបានចាប់ផ្តើមសូត្រធម៌នៅពេលព្រះទីនាំងដឹកព្រះបរមសព អមដោយព្រះបាទនរោត្តម សុីហមុនី និងលោកនាយករដ្ខមន្ត្រី ហ៊ុន សែន បានរំកិលមកដល់មាត់ទ្វារព្រះបរមរាជវាំង។
ព្រះរាជបុត្ររបស់ព្រះមហាវីរក្សត្រ គឺព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ បានយាងចុះពីរថយន្តជាមួយបុត្ររបស់ព្រះអង្គ ហើយស្វាគមន៍អ្នកដង្ហែព្រះសពនៅខាងមុខទ្វារព្រះបរមរាជវាំង។
នៅខណៈពេលព្រះបរមសពនៃព្រះមហាវីរក្សត្របានចូលដល់ក្នុងបរិវេណព្រះបរមរាជវាំង អំពូលភ្លើងពណ៌លឿងដែលដាក់នៅតាមរបងព្រះបរមរាជវាំងត្រូវបានបើកបំភ្លឺឡើង។ ប្រជាពលរដ្ឋដែលពពាក់ពពូននៅមុខទ្វារព្រះបរមរាជវាំងនោះបានចាប់ផ្តើមបំបែកគ្នា និងដើរទៅកាន់កន្លែងដាក់តាំងព្រះឆាយាលក្ខណ៍របស់ព្រះមហាវីរក្សត្រតាំងនៅខាងមុខព្រះបរមរាជវាំង ។
ព្រះបរមសពរបស់សម្តេចឪនឹងត្រូវតំកល់ទុកយ៉ាងហោចណាស់រយៈពេលបីខែ ហើយបន្ទាប់មកនឹងធ្វើពិធីបូជាលើវាលព្រះមេរុ ខាងមុខសារមន្ទីរជាតិ។
ដោយជូតទឹកភ្នែកចេញថ្ពាល់អ្នកស្រីភឿន វណ្ណអាយុ៤០ឆ្នាំ អញ្ជើញមកពីខេត្តកណ្តាលបានរំឮកអំពីការដឹកនាំរបស់ព្រះបហាវីរក្សត្រនរោត្តមសីហនុ។
អ្នកស្រីមានប្រសាសន៍ថា”ឥឡូវនេះព្រះអង្គបានយាងចូលទិវង្គតហើយខ្ញុំមិនមានអារម្មណ៍ ឬទំនុកចិត្តចង់បោះឆ្នោតទេ។វាកាន់តែពិបាករស់នៅណាស់។ប្រជាពលរដ្ឋកាន់ក្រទៅៗ។អំឡុងពេលក្រោមការដឹកនាំរបស់ព្រះអង្គ ខ្ញុំមិនធ្លាប់ពិបាកអ៊ីចឹងទេ។យើងរស់នៅយ៉ាងសប្បាយ។អ្វីៗថោកជាងនេះឆ្ងាយណាស់៕
ប្រែសម្រួលដោយ ស៊ាន ស៊ុយឈាង និង ឃិន ណៃ