41.3 C
Phnom Penh

​សម​ រង្ស៊ី​ ស្នើ​សុំ​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​​​​ត្រ​ឡប់​មក​ប្រ​ទេសវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រ​ធាន​គណបក្ស​​សម​រង្ស៊ី​បាន​ផ្ញើ​សំណើ​មួយ​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី​​ ហ៊ុន​ សែន ​​និង ព្រះ​មហាក្សត្រ​នរោត្តម​ សីហមុនី​ស្នើ​សុំ​ការ​អនុញ្ញាត​ត្រឡប់​មក​​ប្រទេស​កម្ពុជា​វិញ​ដើម្បី​​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​សព​នៃ​ព្រះ​មហាវីរក្សត្រ​ នរោត្តម ​សីហនុ ដែល​បាន​យាង​​ចូល​ទិវង្គតកាល​ពី​ថ្ងៃ​ច័ន្ទ​នៅ​ទី​ក្រុង​ប៉េកាំង​។

លោក សម​ រង្ស៊ី​​ ដែល​បច្ចុប្បន្ននេះ​រស់​នៅ​និរទេស​ខ្លួន​នៅ​ក្រុង​ប៉ារីស​រយៈ​ពេល​បី​ឆ្នាំ​មក​​ហើយ​នោះ​ បាន​ធ្វើ​សំណើ​េនះ​តាម​រយៈ​លិខិតពីរច្បាប់​​របស់​លោក​ផ្ញើ​ទៅ​កាន់​​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​​និង​ព្រះ​រាជ​ខុទ្ទកាល័យ​ព្រះ​មហាក្សត្រ។ លោក​សម​រង្ស៊ី​បាន​សរសេរ​​ក្នុង​លិខិត​នោះ​ថា “ ​នៅ​ក្នុង​មហា​មរណទុក្ខ​នេះ​​ខ្ញុំ​សូម​សម្តេច​មេត្តា​ជួយ​ធ្វើ​អន្តរាគមន៍​ដោយ​ទឹក​ចិត្ត​យោគយល់​ដ៏​ខ្ពង់​ខ្ពស់​ដើម្បី​ឲ្យ​រូប​ខ្ញុំ​បាន​​ទៅ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​សព ​និង​បាន​ឃើញ​ព្រះ​ភក្ត្រ​ព្រះ​អង្គ​ជា​ចុង​ក្រោយ​នៅ​រាជ​ធានី​ភ្នំ​ពេញ​”។

លោក ​សម រង្ស៊ី​ បាន​មាន​ប្រ​សាសន៍​តាម​ទូរស័ព្ទ​​ពី​ទី​ក្រុង​ប៉ារីស​កាល​ពី​ម្សិល​មិញ​ថា ​​“ ​ខ្ញុំ​​​ស្និទ្ធ​និង​​សម្តេច​ឪ​ណាស់​ ហើយ​ខ្ញុំ​ជំពាក់​ព្រះ​អង្គ​ច្រើន​ណាស់​។ ដូច្នោះ​ហើយ​ យ៉ាង​ហោច​ណាស់​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ គឺ​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ​​ព្រះ​មហាវីរ​ក្សត្រ​ ជា​លើក​ចុង​ក្រោយ”។ លោក​ថ្លែង​បន្ត​ទៀត​ថា “ខ្ញុំ​សប្បាយ​ចិត្ត​​​[ដើម្បី​​ត្រ​ឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ] ទោះ​ជា​ត្រឹម​តែ​រយៈ​ពេល​២៤​ម៉ោង​ក៏​ដោយ​”។

​លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធ​នាគារ​១២​ឆ្នាំ កាល​ពី​ឆ្នាំ​២០១០ ពី​បទ​ញុះ​ញង់​​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ និង​ពី​បទ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ ដោយ​សារ​ដក​បង្គោល​តម្រុយ​ព្រំដែន​នៅ​តាម​បណ្តោយ​ព្រំ​ដែន​កម្ពុជា-វៀតណាម។ ការ​ផ្តន្ទាទោស​នេះ​ដែល​ក្រុម​អ្នក​រិះ​គន់ បាន​រិះ​គន់​សាល​ក្រម​នោះ​ថា ​ជា​​រឿង​នយោ​បាយ​ ហើយ​លោក សម រង្ស៊ី បាន​រស់​នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ ហើយ​លោក​​​តែង​តែ​ធ្វើ​ការ​ទំនាក់​ទំនង​ជាមួយ​អ្នក​គាំ​ទ្រ​របស់​លោក តាម​រយៈ​វីដេអូ ខន់ហ្វឺរិន។

លោក សម រង្ស៊ី ​បាន​សន្យា​ក្នុង​ពេល​ថ្មីៗ​នេះ​ថា លោក​នឹង​អាច​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​​ នៅ​ខែ​ធ្នូ ដើម្បី​ដឹក​នាំ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជាតិ សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​ ​ជា​គណបក្ស​​បង្រួប​បង្រួម​ថ្មី​រវាង​គណបក្ស​ សម​ រង្ស៊ី និង​គណ​បក្ស​សិទ្ធិ​មនុស្ស។

ព្រះ​អង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ប្រធាន​ព្រះ​រាជ​ខុទ្ទកាល័យ សម្តេច​ព្រះ​នរោត្តម​ សីហនុ បាន​​បញ្ជាក់​ថា បុគ្គលិក​ខុទ្ទកាល័យ​ព្រះ​មហា​ក្សត្រ​ នរោត្តម សីហមុនី បានទទួល​លិខិត​នោះ​ហើយ ក៏ប៉ុន្តែ ព្រះ​អង្គ​​មានបន្ទូល​​​បញ្ជាក់​ថា ព្រះ​អង្គ​មិន​អាច​​ធ្វើ​អន្តរាគមន៍​លើ​ករណី​នេះបាន​​ទេ​។

ព្រះ​អង្គ​ម្ចាស់​​ ធម្មិកោ មាន​បន្ទូល​បន្ត​ថា“​មាន​ដីកា​​ចាប់​ខ្លួន​​លោក​​ សម រង្ស៊ី។ ដូច្នេះ​ បើ​ព្រះ​មហាក្សត្រ​អនុញ្ញាតឲ្យ​លោក សម រង្ស៊ី ត្រឡប់​មក​ប្រទេស​កម្ពុជា ដើម្បី​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ​សម្តេច​ឪ​នោះ តើ​​ត្រូវ​គិត​យ៉ាង​ណា​ចំពោះ​ដីកា​ចាប់​ខ្លួន​នោះ​? ព្រះ​មហាក្សត្រ​មិន​អាច​សម្រេច​លើ​ករណី​នេះ​បាន​ទេ។ នេះ​ជា​ការ​សម្រេច​​របស់​​រាជ​រដ្ឋា​ភិបាល​កម្ពុជា​”។

ព្រះ​អង្គ​ម្ចាស់ ធម្មិកោ មាន​​បន្ទូល​បន្ថែម​​ថាយោង​តាម​ស្មារតី​នៃ​ការ​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ​ចំពោះ​​ សម្តេច​ ​ព្រះ​នរោត្តម​ សីហនុ រាជ​រដ្ឋា​ភិបាល​គួរ​តែ​ពិចារណា​ចេញ​លិខិត​លើក​លែង​ទោស​ឲ្យ​អ្នក​ទោស​នយោ​បាយ​ទាំង​អស់​ ហើយ​នៅ​ក្នុង​កាលៈ​ទេសៈ​នេះ លោក សម រង្ស៊ី អាច​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​បាន ដោយ​មិន​មាន​ការ​ចាប់​ខ្លួន​។

ព្រះ​អង្គម្ចាស់ ធម្មិកោ មាន​បន្ទូល​ថា“ ​ព្រះ​​មហាវីរក្សត្រ​ នរោត្តម​ សីហនុ ជា​និមិត្ត​រូប​នៃ​ការ​បង្រួប​បង្រួម​ជាតិ ហើយ​ខ្ញុំ​គិត​ថា នេះ​គឺ​ជា​ឱកាស​ល្អ​មួយ​សម្រាប់​រដ្ឋា​ភិបាល​ ដើម្បី​ផ្តល់​ការ​លើក​លែង​ទោស​ដល់​អ្នក​ទោស​នយោ​​បាយ​ទាំង​អស់​។ ​នេះ​គឺ​ជា​ឱកាស​ដ៏​ល្អ​មួយ​ ដើម្បី​បង្ហាញ​ថា រដ្ឋា​ភិបាល​បានគោរព​​ចំពោះ​ព្រះ​វិញ្ញាណ​ក្ខន្ធ​ ព្រះ​មហាវីរ​ក្សត្រ​ នរោត្តម សីហនុ”។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី បាន​បង្វែ​រសំណួរ​ទាំង​អស់​ទៅ​ខុទ្ទកាល័យ​នាយ​ក​រដ្ឋ​មន្ត្រី ហ៊ុន សែន។ លោក លឹម លាងសែ អនុប្រធាន​ខុទ្ទកា​ល័យ​នាយក​រដ្ឋ​មន្ត្រី បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​អំពី​ករណី​នេះ​ទេ។

លោក សម​ រង្ស៊ី គឺ​ជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​សមាជិក​ដំបូង​ៗ នៃ​គណបក្ស​ហ្វុ៊ន​ស៊ិន​​បិុច ជា​គណបក្ស​រាជា​និយម​ ដែល​បង្កើត​ឡើង​ដោយ អតីត​ព្រះ​មហា​វីរ​ក្សត្រ​ នរោត្តម​សីហនុ កាល​ព្រះ​អង្គ​គង់​នៅ​ទី​ក្រុង​ប៉ារីស ក្នុង​​ឆ្នាំ​១៩៨១។

ទោះ​ជា​យ៉ាង​ណា​ ក្រោយ​មក​លោក​បាន​ក្លាយ​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញ​វត្ថុ មក​ពី​គណ​បក្ស​ហ្វុ៊ន​ស៊ិន​បិុច បន្ទាប់​ពី​​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ ហើយ​ក្រោយ​មក​ទៀត លោក​ សម រង្ស៊ី ត្រូវ​បាន​បណ្តេញ​ចេញ​ពី​គណ​បក្ស​រាជា​និយម​នេះនៅ​ឆ្នាំ​១៩៩៤ បន្ទាប់​ពី​មាន​ការ​ខ្វែង​គំនិត​គ្នា​ជាមួយ​មេដឹក​នាំ​គណ​បក្ស​ គឺ​ព្រះ​អង្គម្ចាស់​ នរោត្តម រណឫទ្ធិ និង​​លោក ហ៊ុន សែន អនុ​ប្រធាន​គណបក្ស​ប្រជា​ជន​កម្ពុជា​ ដែល​​លោក​ និង​ព្រះ​អង្គ​​គឺ​​​ជា​សហ​នាយក​រដ្ឋ​មន្ត្រី​នៅ​ពេល​នោះ។

លោក សម រង្ស៊ី មាន​ប្រសាសន៍​កាល​ពីម្សិល​មិញ​ថា ការ​ខ្វែង​គំនិត​គ្នា​រវាង​លោក និង​ព្រះ​អង្គម្ចាស់​ រណឫទ្ធិ និង​គណ​បក្ស​ហ្វុ៊ន​ស៊ិន​បិុចមិនពាក់​ព័ន្ធ​​នឹង​​ព្រះ​មហាវីរក្សត្រ​នោះ​ទេ។

លោក សម រង្ស៊ី បានមាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ពី​ទី​ក្រុង​ប៉ារីស​ថា “ ​សម្តេច​ព្រះ​ នរោត្តមសីហនុ បាន​ផ្តល់​ដំបូន្មាន​ឲ្យ​ខ្ញុំ​យ៉ាង​ច្រើន​ កាល​​ខ្ញុំ​នៅ​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញ​វត្ថុ​ ព្រះ​អង្គ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ខ្ញុំ​លុប​បំបាត់​អំពើ​ពុក​រលួយ​ក្នុង​ជួរ​រដ្ឋា​ភិបាល និង​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​៕

ប្រែ​សម្រួល​ដោយ ឃិន ណៃ​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស