ប្រធានគណបក្សសមរង្ស៊ីបានផ្ញើសំណើមួយទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ព្រះមហាក្សត្រនរោត្តម សីហមុនីស្នើសុំការអនុញ្ញាតត្រឡប់មកប្រទេសកម្ពុជាវិញដើម្បីគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសពនៃព្រះមហាវីរក្សត្រ នរោត្តម សីហនុ ដែលបានយាងចូលទិវង្គតកាលពីថ្ងៃច័ន្ទនៅទីក្រុងប៉េកាំង។
លោក សម រង្ស៊ី ដែលបច្ចុប្បន្ននេះរស់នៅនិរទេសខ្លួននៅក្រុងប៉ារីសរយៈពេលបីឆ្នាំមកហើយនោះ បានធ្វើសំណើេនះតាមរយៈលិខិតពីរច្បាប់របស់លោកផ្ញើទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រីនិងព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ។ លោកសមរង្ស៊ីបានសរសេរក្នុងលិខិតនោះថា “ នៅក្នុងមហាមរណទុក្ខនេះខ្ញុំសូមសម្តេចមេត្តាជួយធ្វើអន្តរាគមន៍ដោយទឹកចិត្តយោគយល់ដ៏ខ្ពង់ខ្ពស់ដើម្បីឲ្យរូបខ្ញុំបានទៅគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសព និងបានឃើញព្រះភក្ត្រព្រះអង្គជាចុងក្រោយនៅរាជធានីភ្នំពេញ”។
លោក សម រង្ស៊ី បានមានប្រសាសន៍តាមទូរស័ព្ទពីទីក្រុងប៉ារីសកាលពីម្សិលមិញថា “ ខ្ញុំស្និទ្ធនិងសម្តេចឪណាស់ ហើយខ្ញុំជំពាក់ព្រះអង្គច្រើនណាស់។ ដូច្នោះហើយ យ៉ាងហោចណាស់អ្វីដែលខ្ញុំអាចធ្វើបាន គឺគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ ជាលើកចុងក្រោយ”។ លោកថ្លែងបន្តទៀតថា “ខ្ញុំសប្បាយចិត្ត[ដើម្បីត្រឡប់ទៅប្រទេសកម្ពុជាវិញ] ទោះជាត្រឹមតែរយៈពេល២៤ម៉ោងក៏ដោយ”។
លោក សម រង្ស៊ី ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ១២ឆ្នាំ កាលពីឆ្នាំ២០១០ ពីបទញុះញង់ផ្សព្វផ្សាយព័ត៌មានមិនពិត និងពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ដោយសារដកបង្គោលតម្រុយព្រំដែននៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម។ ការផ្តន្ទាទោសនេះដែលក្រុមអ្នករិះគន់ បានរិះគន់សាលក្រមនោះថា ជារឿងនយោបាយ ហើយលោក សម រង្ស៊ី បានរស់នៅនិរទេសខ្លួននៅក្រៅប្រទេស ហើយលោកតែងតែធ្វើការទំនាក់ទំនងជាមួយអ្នកគាំទ្ររបស់លោក តាមរយៈវីដេអូ ខន់ហ្វឺរិន។
លោក សម រង្ស៊ី បានសន្យាក្នុងពេលថ្មីៗនេះថា លោកនឹងអាចត្រឡប់មកប្រទេសកម្ពុជាវិញ នៅខែធ្នូ ដើម្បីដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតជាតិ សម្រាប់គណបក្សសង្គ្រោះជាតិ ជាគណបក្សបង្រួបបង្រួមថ្មីរវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ប្រធានព្រះរាជខុទ្ទកាល័យ សម្តេចព្រះនរោត្តម សីហនុ បានបញ្ជាក់ថា បុគ្គលិកខុទ្ទកាល័យព្រះមហាក្សត្រ នរោត្តម សីហមុនី បានទទួលលិខិតនោះហើយ ក៏ប៉ុន្តែ ព្រះអង្គមានបន្ទូលបញ្ជាក់ថា ព្រះអង្គមិនអាចធ្វើអន្តរាគមន៍លើករណីនេះបានទេ។
ព្រះអង្គម្ចាស់ ធម្មិកោ មានបន្ទូលបន្តថា“មានដីកាចាប់ខ្លួនលោក សម រង្ស៊ី។ ដូច្នេះ បើព្រះមហាក្សត្រអនុញ្ញាតឲ្យលោក សម រង្ស៊ី ត្រឡប់មកប្រទេសកម្ពុជា ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធសម្តេចឪនោះ តើត្រូវគិតយ៉ាងណាចំពោះដីកាចាប់ខ្លួននោះ? ព្រះមហាក្សត្រមិនអាចសម្រេចលើករណីនេះបានទេ។ នេះជាការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា”។
ព្រះអង្គម្ចាស់ ធម្មិកោ មានបន្ទូលបន្ថែមថាយោងតាមស្មារតីនៃការគោរពព្រះវិញ្ញាណក្ខន្ធចំពោះ សម្តេច ព្រះនរោត្តម សីហនុ រាជរដ្ឋាភិបាលគួរតែពិចារណាចេញលិខិតលើកលែងទោសឲ្យអ្នកទោសនយោបាយទាំងអស់ ហើយនៅក្នុងកាលៈទេសៈនេះ លោក សម រង្ស៊ី អាចវិលត្រឡប់មកប្រទេសកម្ពុជាបាន ដោយមិនមានការចាប់ខ្លួន។
ព្រះអង្គម្ចាស់ ធម្មិកោ មានបន្ទូលថា“ ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ជានិមិត្តរូបនៃការបង្រួបបង្រួមជាតិ ហើយខ្ញុំគិតថា នេះគឺជាឱកាសល្អមួយសម្រាប់រដ្ឋាភិបាល ដើម្បីផ្តល់ការលើកលែងទោសដល់អ្នកទោសនយោបាយទាំងអស់។ នេះគឺជាឱកាសដ៏ល្អមួយ ដើម្បីបង្ហាញថា រដ្ឋាភិបាលបានគោរពចំពោះព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ នរោត្តម សីហនុ”។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានបង្វែរសំណួរទាំងអស់ទៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក លឹម លាងសែ អនុប្រធានខុទ្ទកាល័យនាយករដ្ឋមន្ត្រី បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីករណីនេះទេ។
លោក សម រង្ស៊ី គឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិកដំបូងៗ នៃគណបក្សហ្វុ៊នស៊ិនបិុច ជាគណបក្សរាជានិយម ដែលបង្កើតឡើងដោយ អតីតព្រះមហាវីរក្សត្រ នរោត្តមសីហនុ កាលព្រះអង្គគង់នៅទីក្រុងប៉ារីស ក្នុងឆ្នាំ១៩៨១។
ទោះជាយ៉ាងណា ក្រោយមកលោកបានក្លាយជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ មកពីគណបក្សហ្វុ៊នស៊ិនបិុច បន្ទាប់ពីការបោះឆ្នោតឆ្នាំ១៩៩៣ ហើយក្រោយមកទៀត លោក សម រង្ស៊ី ត្រូវបានបណ្តេញចេញពីគណបក្សរាជានិយមនេះនៅឆ្នាំ១៩៩៤ បន្ទាប់ពីមានការខ្វែងគំនិតគ្នាជាមួយមេដឹកនាំគណបក្ស គឺព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និងលោក ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលលោក និងព្រះអង្គគឺជាសហនាយករដ្ឋមន្ត្រីនៅពេលនោះ។
លោក សម រង្ស៊ី មានប្រសាសន៍កាលពីម្សិលមិញថា ការខ្វែងគំនិតគ្នារវាងលោក និងព្រះអង្គម្ចាស់ រណឫទ្ធិ និងគណបក្សហ្វុ៊នស៊ិនបិុចមិនពាក់ព័ន្ធនឹងព្រះមហាវីរក្សត្រនោះទេ។
លោក សម រង្ស៊ី បានមានប្រសាសន៍តាមទូរស័ព្ទពីទីក្រុងប៉ារីសថា “ សម្តេចព្រះ នរោត្តមសីហនុ បានផ្តល់ដំបូន្មានឲ្យខ្ញុំយ៉ាងច្រើន កាលខ្ញុំនៅជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ព្រះអង្គបានលើកទឹកចិត្តឲ្យខ្ញុំលុបបំបាត់អំពើពុករលួយក្នុងជួររដ្ឋាភិបាល និងបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ៕
ប្រែសម្រួលដោយ ឃិន ណៃ