31 C
Phnom Penh

ថ្នាក់​ដឹក​នាំ​បរទេស​សម្ដែង​ការ​គោរព​ដឹង​គុណ​ដល់​​ព្រះ​ករុណាព្រះ​បាទសម្តេច នរោត្តម សី​ហនុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ថ្នាក់​ដឹក​នាំ​ប្រទេស​ថៃ វៀត​ណាម និង​ឡាវ បាន​មក​សម្ដែង​ការ​គោរព​របស់​ខ្លួន​ចំពោះ​ព្រះ​បរម​សព​សម្ដេចឪ នរោត្តម​ សី​ហនុ នៅ​ឯ​​ព្រះ​បរម​ព្រះ​រាជ​វាំង ដែល​ជិត​ឈ.ាន​ចូល​ដល់​​​ទី​បញ្ចប់​នៃ​រយៈពេល​មួយ​សប្ដាហ៍​ ដែល​ប្រជា​​ពលរដ្ឋ​កម្ពុជា​ជាង​១លាន​នាក់​បាន​មក​ផ្ដល់​កិត្តិយស​ជូន​ដំ​ណើរ​​ចុង​ក្រោយ​ដល់​ព្រះ​បរម​សព​ព្រះ​ករុណា​នៅ​ទូទាំង​រាជធានី។

លោក​ស្រី​ យីង​ឡាក់​ ស៊ីណាវា៉ត្រា​(Ying​luck Shinawatra)​ នាយក​រដ្ឋ​មន្ត្រី​ថៃ លោក ង្វៀន តាន់ហ្សុ៊ង​ (Nguyen Tan Dung)​នាយក​រដ្ឋ​មន្ត្រី​វៀត​ណាម លោក ថុង​ស៊ីង ថាមវង្ស (Thon​gsing Thamavong)​ បាន​ជួបជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​នៅ​ឯ​វិមាន​សន្ដិភាព​មុន​ពេល​អញ្ជើញ​ទៅ​កាន់​​ព្រះ​បរម​រាជវាំង។​

លោក អៀង សុផាល្លែត ជំនួយ​ការ​ផ្ទាល់​របស់​លោក ហ៊ុន​ សែន បាន​ប្រាប់​អ្នក​យក​​​ព័ត៌មាន​នៅ​ឯ​វិមានសន្ដិ​ភាព​ថា “ លោកស្រី យីង​ឡាក់ បាន​មក​បំពេញ​ទស្សន​កិច្ច​ប្រទេស​កម្ពុជា និង​បាន​សម្ដែង​ការ​គោរព​ចំពោះ​ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង។ លោក​ស្រី​​ជួប​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន ​និង​បានចូល​រួម​រំលែកទុក្ខ​យ៉ាង​ក្រៀម​ក្រំក្នុង​នាម​រាជរដ្ឋា​ភិបាល​ថៃ ចំពោះ​ប្រទេស​កម្ពុជា​ ដែល​បាន​បាត់​បង់សម្ដេច​ឪ​”។

លោក តាន់ហ្សុ៊ង​ ប្រាប់​លោក ហ៊ុន​ សែន​ ​ថា រដ្ឋាភិបាល និង​ប្រ​ជា​ពលរដ្ឋ​វៀតណាម​សោក​​ស្ដាយ​យ៉ាង​ខ្លាំង​ នៅពេល​ទទួល​បាន​ដំណឹង​អំពី​​ការយាងចូលទិវង្គតរបស់​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច នរោត្តម សីហនុ ដែល​លោក​​​ទទួល​ស្គាល់ជា​ “ មហាមិត្ត​ដ៏​អស្ចារ្យ​របស់​ប្រទេស​វៀត​ណាម​”។

លោក ថុង​ស៊ីង ​មាន​ប្រសាសន៍​ថា ពេល​នេះ​រដ្ឋា​ភិបាល និង​ប្រជា​ពល​រដ្ឋ​ឡាវ​កំពុង​ចូល​រួមកាន់ទុក្ខជាមួយប្រជាជន​កម្ពុជា​ទាំងមូល។​

​​​​​ទោះ​បី​ជា​កាល​ពី​ថ្ងៃ​សុក្រ អ្នក​យក​ព័ត៌មាន​​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ព្រះ​បរម​រាជ​វាំង​ក៏​ដោយ ក៏​នៅ​ទី​ធ្លា​ខាង​មុខ​ព្រះ​បរម​រាជ​វាំង​ នៅតែមាន​អ្នក​កាន់​ទុក្ខមក​ចូល​រួម​យ៉ាង​ច្រើនកុះ​ករ ជាពិសេស​កន្លែង​តាំង​ព្រះ​ឆាយា​​លក្ខណ៍​ព្រះ​មហាវីរក្សត្រ​ ​នៅ​ទី​នោះ​មាន​​តុ​ដាក់​​ផ្កាឈូក​ និង​ទៀន​ធូបសម្រាប់​គោរព​បូជា​។

ប្រជាពលរដ្ឋ​បាននាំ​គ្នា​មកកាន់​ព្រះ​បរម​រាជ​វាំង​ចាប់​តាំង​​ពី​ថ្ងៃ​ច័ន្ទ​ នៅពេល​ទទួលបាន​​ដំណឹង​អំពី​ការយាងចូលទិវង្គត​របស់​ព្រះ​ករុណា​ព្រះ​បាទសម្តេច នរោត្តម សី​ហនុ។

ព្រះ​អង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ប្រធាន​ខុទ្ទកាល័យ​សម្ដេច​ឪ បាន​មាន​ព្រះបន្ទូល​ថា ការ​សម្ដែង​នូវ​ការ​ដឹង​គុណ​និងការ​​គាំទ្រពី​សំណាក់​សាធារណជន​បាន​ជួយ​សម្រាល​ទុក្ខ​របស់​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ និង​ព្រះ​មហាក្សត្រព្រះបាទ​ នរោត្តម សីហមុនី។

ព្រះ​អង្គ​ម្ចាស់​បាន​មាន​ព្រះ​បន្ទូល​ថា “ ខ្ញុំ​គិត​ថា [ព្រះ​មហាក្ស​ត្រ សីហមុនី និង​ព្រះ​វរ​រាជ​មាតា មុនី​នាថ]​ មានព្រះទ័យ​ធូ​រស្រាល​ជាង​មុន​។ ខ្ញុំ​គិត​ថា នៅ​ពេល​ព្រះ​វររាជ​មាតា ព្រួយ​​ព្រះ​ទ័យ ព្រះវររាជ​មាតា​នឹង​ទទួល​បាន​ភាព​កក់​ក្ដៅ​ និងបានធូ​រព្រះទ័យ​ តាម​រយៈ​ការ​សម្ដែង​​ការ​ដឹង​គុណ​និងការ​គាំទ្រពីសំណាក់​ប្រជា​ពល​រដ្ឋ ជាពិសេស​អ្នក​ភ្នំពេញ។ ព្រះវរ​រាជ​មាតាសព្វព្រះ​ទ័យ​មែន​ទែន”។

ព្រះអង្គម្ចាស់ ធម្មិកោ ​មាន​ព្រះបន្ទូល​ថា ព្រះ​មហាក្សត្រព្រះបាទ នរោត្តម សី​ហមុនី​ នឹងយាង​បួង​សួងទាំង​ថ្ងៃ​ទាំង​យប់ ហើយ​នឹង​បន្ដ​យាងបួង​សួង​រហូត​ចប់​រយៈពេល​បីខែ​នៃ​ការ​កាន់​មរណទុក្ខចំពោះ​ព្រះ​បរម​សព​ព្រះករុណា​សម្ដេចឪ។ ​​​​​​​​

ក្នុង​ចំណោម​ប្រជាពល​រដ្ឋ​ខ្មែរ​ខ្លះមាន​ជំនឿថា ព្រះ​ករុណាសម្តេចឪ ​ទ្រង់​បាន​​យាង​ត្រឡប់​មក​គង់ប្រថាប់​ក្នុងប្រទេស​កំណើត​របស់​ព្រះអង្គវិញ។

អ្នក​ស្រី ហ៊ុន គឹម​ណៃ អាយុ​៦០​ឆ្នាំ បាន អញ្ជើញ​មក​ពីខេត្ត​កណ្ដាល​បាន​មាន​ប្រ​សាស​ន៍ថា អ្នក​ស្រី​អញ្ជើញមកមិនទាន់ ក្នុងការចូល​រួម​​ក្បួន​ដង្ហែ​ព្រះ​បរម​សព​របស់​ព្រះ​ករុណា ពី​អាកាសយាន​ដ្ឋាន​ទៅ​កាន់​ព្រះ​បរម​រាជវាំង​កាល​ពី​ថ្ងៃ​ពុធ​ ប៉ុន្តែ​ អ្នក​ស្រី​បាន​សុបិនឃើញ​ព្រះ​មហាវីរក្សត្រ​ ហើយ​ក៏​បាន​សម្រេច​ចិត្ត​ធ្វើ​ដំណើរមក​ភ្នំពេញ​នៅ​ថ្ងៃ​ព្រហស្បតិ៍។ អ្នក​ស្រី​​បានមាន​ប្រសាសន៍​បន្តថា “ ដោយ​​ហេតុ​ថា ព្រះ​មហាវីរក្សត្រ​ទ្រង់​យាង​ត្រឡប់​មកមាតុប្រទេស​វិញ​ ខ្ញុំ​មាន​អារម្មណ៍​ធូ​រ​ស្រាល ​និង​សប្បាយ​ចិត្ត​ជាង​មុន​​”៕

ប្រែ​សម្រួល​ដោយ ហម សុផាណ្ណា

           

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស