28.4 C
Phnom Penh

គណ​បក្ស​ប្រឆាំង​លុប​ចោល​ការ​តវ៉ា​ ដើម្បី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បាទ​ នរោត្តម​ សីហនុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដើម្បី​ចូល​រួម​កាន់​ទុក្ខ​ចំពោះ​ការ​យាង​ចូល​​ទិវង្គតរបស់​សម្តេច​ឪ​នរោត្តម​ សីហនុ​ សមា​ជិក​​ចលនា​យុវជន​របស់​គណបក្ស​ សម​ រង្ស៊ី​ និង​អង្គការ​ក្រៅ​រដ្ឋាភិ​បាល​មួយ​ចំនួន​បាន​លុប​ចោល​ផែន​ការ​រៀប​ចំ​ធ្វើ​ការ​តវ៉ា​មួយ​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​នេះ​ ដើម្បី​តវ៉ា​ជុំ​វិញ​ការ​​ខ្វះ​ចន្លោះ​ចំពោះ​ការ​ធ្វើ​កំណែ​ទម្រង់​នៅ​ក្នុង​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការបោះឆ្នោត​ និង​ទាមទារឲ្យ​រដ្ឋាភិបាលគោរព​សិទ្ធិមនុស្ស​។

ការ​តវា៉​ ដែល​ត្រូវ​បាន​គ្រោង​ធ្វើ​ឡើង​នៅ​​ចំ​ថ្ងៃ​រំឭក​ខួប​ទី២១​នៃ​ការ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ក្រុង​ប៉ារីស​នៅ​ថ្ងៃ​ទី​២៣​ ខែ​តុលា​ នឹង​ត្រូវ​លើក​ទៅ​ធ្វើ​នៅ​ថ្ងៃទី​៨​ ខែ​វិច្ឆិកា​វិញ​ គឺ​មុន​ពេលបុណ្យ​ឯក​រាជ្យ​ជាតិ​មួយ​ថ្ងៃ។​ ក្រុម​អ្នក​តវ៉ា​ ក៏​មាន​គោល​បំ​ណង​ចង់​​​ឲ្យ​រដ្ឋាភិបាល​ ដាក់​ថ្ងៃ​ទី​២៣​ ខែ​តុលា​ ជា​ថ្ងៃ​​បុណ្យ​ជាតិ​ផង​ដែរ។

លោក​ សួង​ សុភ័ណ ប្រធាន​ចលនា​យុវ​ជន​​របស់​គណ​បក្ស​ សម​ រង្ស៊ី​ មានប្រសា​សន៍ថា​ “ ការ​តវ៉ាជាទ្រង់​ទ្រាយ​ធំ​នេះ​មិន​ត្រូវ​បាន​លុប​​ចោល​ឡើយ​ ក៏​ប៉ុន្តែ​ យើង​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​៨​ ខែ​​វិច្ឆិកា​វិញ​ គឺ​មុន​ថ្ងៃ​បុណ្យ​ឯក​រាជ្យ​មួយ​ថ្ងៃ​”។

លោក​ សុភ័ណ បាន​បន្ត​ទៀត​ថា​ ការ​តវ៉ា​នេះ​ នឹង​ “ ​ទាម​ទារ​ឲ្យ​រដ្ឋាភិ​បាល​ដាក់​បញ្ចូល ថ្ងៃចុះហត្ថលេខាលើកិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទី​ក្រុង​ប៉ារីស​នៅ​ឆ្នាំ​១៩៩១​ជា​ថ្ងៃ​បុណ្យ​ជាតិ​ ដើម្បី​រំឭក​ដល់​ជ័យ​ជម្នះ​របស់​អតី​ត​ព្រះ​មហា​ក្សត្រ​ ព្រះបាទសម្តេច នរោត្តម​ សីហនុ​ ​ក្នុង​ការ​នាំ​យក​សន្តិភាព​ជូន​ប្រទេស​កម្ពុជា​”។

កាល​ពី​ឆ្នាំ​២០០៧​ រដ្ឋាភិ​បាល​ បាន​លុប​ចោលថ្ងៃ​២៣​ ខែ​តុលា​ ចេញ​ពីបញ្ជី​បុណ្យ​ជាតិ​ដោយ​លើក​ឡើង​ថា​ កិច្ច​ព្រម​ព្រៀងក្នុង​ឆ្នាំ​១៩៩១​​មិន​បាន​នាំ​យក​សន្តិ​ភាព​ពិត​ប្រាក​ដ​ជូន​ប្រទេស​កម្ពុជា​ទេ។​ ផ្ទុយ​ទៅ​វិញ​ គណ​បក្ស​ប្រជា​ជន​កម្ពុជា​​កំពុង​កាន់​អំណាច​ទៅ​វិញ​ទេ​ ទើបតែ​ធ្វើ​ឲ្យ​មាន​សន្តិ​ភាព​នៅ​ពេល​ក្រោយ​វិញទេ គឺ​នៅ​ឆ្នាំ​១៩៩៨​ នៅ​ពេល​ការ​ច្បាំង​គ្នា​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បានបញ្ចប់​នៅ​ក្រោម​កណ្តាប់ដៃគណបក្ស​ប្រជា​ជនកម្ពុជា។

ជំនួស​ឲ្យ​ការត​វ៉ា​ ដើម្បី​បញ្ចូល​ថ្ងៃ​ទី២៣​ ខែ​តុលា​ជា​ថ្ងៃ​បុណ្យ​ជាតិ​ លោក​ សុភ័ណ បាន​ឲ្យ​ដឹង​ដែរថា​ គណបក្ស​ សម​ រង្ស៊ី​ និង​សមា​ជិក​​អង្គការសង្គម​ស៊ីវិល​ នឹង​យក​ថ្ងៃ​នេះ​ ដើម្បី​ដើរ​ដង្ហែពី​សួន​សេរី​ភាព​ទៅ​កាន់​ព្រះ​បរម​រាជ​​​វាំង​ ដោយ​មាន​កាន់​ព្រះ​ឆាយា​លក្ខ​ណ៍​របស់​​​សម្តេច​ឪ​​កម្ពស់​១០​ម៉ែត្រ​ ដើម្បីជាការ​រំឭក​ដល់​​ព្រះ​អង្គ​ ដែលបាន​ដើរ​តួ​យ៉ាង​សំខាន់​នៅ​​ក្នុង​កិច្ច​ចរចា​ស្វែង​រក​សន្តិ​ភាព​នៅ​ទី​ក្រុង​ប៉ារីស។

លោក​ សុភ័ណ្ឌ ​បន្ត​ថា​ បញ្ហា​ដ៏​សំខាន់​ក្នុង​ការ​​ធ្វើ​កំណែ​ទម្រង់​គណៈ​កម្មា​ធិការជាតិ​រៀប​ចំ​ការ​បោះឆ្នោត គឺ​ជា​អាទិ​ភាព​​របស់​ក្រុម​អ្នក​តវ៉ា។

លោក​បាន​និយាយ​ថា​ “ យើង​ទាម​ទារ​ឲ្យ​ធ្វើ​កំណែ​ទម្រង់ស៊ី​ជម្រៅ​ទៅលើ​នីតិវិធី​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ និង​បោះ​ឆ្នោត​”។ ​លោកបានបន្ថែម​ថា​ លោក​ អឹុម​ សួស្តី​ ប្រធាន​គណៈ​កម្មា​​ធិការជាតិរៀបចំការបោះឆ្នោត គឺ​ជា​អតីត​ប្រធាន​ក្រុម​យុវជន​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា។​ លោក​ អុឹម​ សួស្តី​ ត្រូវ​​បាន​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​ប្រធាន​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំការបោះឆ្នោត​សាជា​ថ្មី​ នៅ​​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​របស់រដ្ឋ​សភា​ កាល​ពី​សប្តាហ៍​មុន​ ដែល​ការ​បោះ​ឆ្នោត​នោះ​​ត្រូវ​បាន​សមាជិក​សភា​មក​ពី​គណបក្ស​ប្រឆាំង​ធ្វើ​ពហិការ​មិន​ចូល​រួមឡើយ។

លោក​ ទេព​ នីថា​ អគ្គលេខាធិកា​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ បា​នច្រាន​ចោល​ចំពោះការ​លើក​ឡើង​ថា​ ស្ថាប័ន​ទទួល​​បន្ទុក​រៀប​ចំ​ការ​បោះ​ឆ្នោត​មួយ​នេះ​មាន​ការ​លម្អៀងទៅរកគណបក្ស​កាន់អំណាច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន។

លោក​បាន​លើក​ឡើងថា​ “ វា​គឺ​ជា​សិទ្ធ​ិរបស់​ពួក​គេ​ក្នុង​ការ​ធ្វើ​បាតុ​កម្ម​ បើសិន​ជា​ពួក​គេ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​​ ក៏​ប៉ុន្តែ​ ខ្ញុំ​ចង់​ឲ្យ​ពួក​គេ​ចង្អុល​បង្ហាញ​ថា​ តើ​ពួកគេ​និយាយ​សំដៅ​សមាជិក​គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោតមួយ​ណា​ ​ត្រូវ​បាន​​ជ្រើស​រើស​ដោយ​​សភា​ ហើយ​បាន​លា​លែង​ចេញ​​ពី​គណ​បក្ស​នយោបាយអស់​ហើយ​នោះ​”៕

ប្រែសម្រួល​ដោយ​ ហួង​ កុក​ទៀន

           

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស