ដើម្បីចូលរួមកាន់ទុក្ខចំពោះការយាងចូលទិវង្គតរបស់សម្តេចឪនរោត្តម សីហនុ សមាជិកចលនាយុវជនរបស់គណបក្ស សម រង្ស៊ី និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានលុបចោលផែនការរៀបចំធ្វើការតវ៉ាមួយនៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ ដើម្បីតវ៉ាជុំវិញការខ្វះចន្លោះចំពោះការធ្វើកំណែទម្រង់នៅក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងទាមទារឲ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស។
ការតវា៉ ដែលត្រូវបានគ្រោងធ្វើឡើងនៅចំថ្ងៃរំឭកខួបទី២១នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនៅថ្ងៃទី២៣ ខែតុលា នឹងត្រូវលើកទៅធ្វើនៅថ្ងៃទី៨ ខែវិច្ឆិកាវិញ គឺមុនពេលបុណ្យឯករាជ្យជាតិមួយថ្ងៃ។ ក្រុមអ្នកតវ៉ា ក៏មានគោលបំណងចង់ឲ្យរដ្ឋាភិបាល ដាក់ថ្ងៃទី២៣ ខែតុលា ជាថ្ងៃបុណ្យជាតិផងដែរ។
លោក សួង សុភ័ណ ប្រធានចលនាយុវជនរបស់គណបក្ស សម រង្ស៊ី មានប្រសាសន៍ថា “ ការតវ៉ាជាទ្រង់ទ្រាយធំនេះមិនត្រូវបានលុបចោលឡើយ ក៏ប៉ុន្តែ យើងនឹងធ្វើនៅថ្ងៃទី៨ ខែវិច្ឆិកាវិញ គឺមុនថ្ងៃបុណ្យឯករាជ្យមួយថ្ងៃ”។
លោក សុភ័ណ បានបន្តទៀតថា ការតវ៉ានេះ នឹង “ ទាមទារឲ្យរដ្ឋាភិបាលដាក់បញ្ចូល ថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅឆ្នាំ១៩៩១ជាថ្ងៃបុណ្យជាតិ ដើម្បីរំឭកដល់ជ័យជម្នះរបស់អតីតព្រះមហាក្សត្រ ព្រះបាទសម្តេច នរោត្តម សីហនុ ក្នុងការនាំយកសន្តិភាពជូនប្រទេសកម្ពុជា”។
កាលពីឆ្នាំ២០០៧ រដ្ឋាភិបាល បានលុបចោលថ្ងៃ២៣ ខែតុលា ចេញពីបញ្ជីបុណ្យជាតិដោយលើកឡើងថា កិច្ចព្រមព្រៀងក្នុងឆ្នាំ១៩៩១មិនបាននាំយកសន្តិភាពពិតប្រាកដជូនប្រទេសកម្ពុជាទេ។ ផ្ទុយទៅវិញ គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចទៅវិញទេ ទើបតែធ្វើឲ្យមានសន្តិភាពនៅពេលក្រោយវិញទេ គឺនៅឆ្នាំ១៩៩៨ នៅពេលការច្បាំងគ្នាក្នុងប្រទេសកម្ពុជាត្រូវបានបញ្ចប់នៅក្រោមកណ្តាប់ដៃគណបក្សប្រជាជនកម្ពុជា។
ជំនួសឲ្យការតវ៉ា ដើម្បីបញ្ចូលថ្ងៃទី២៣ ខែតុលាជាថ្ងៃបុណ្យជាតិ លោក សុភ័ណ បានឲ្យដឹងដែរថា គណបក្ស សម រង្ស៊ី និងសមាជិកអង្គការសង្គមស៊ីវិល នឹងយកថ្ងៃនេះ ដើម្បីដើរដង្ហែពីសួនសេរីភាពទៅកាន់ព្រះបរមរាជវាំង ដោយមានកាន់ព្រះឆាយាលក្ខណ៍របស់សម្តេចឪកម្ពស់១០ម៉ែត្រ ដើម្បីជាការរំឭកដល់ព្រះអង្គ ដែលបានដើរតួយ៉ាងសំខាន់នៅក្នុងកិច្ចចរចាស្វែងរកសន្តិភាពនៅទីក្រុងប៉ារីស។
លោក សុភ័ណ្ឌ បន្តថា បញ្ហាដ៏សំខាន់ក្នុងការធ្វើកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺជាអាទិភាពរបស់ក្រុមអ្នកតវ៉ា។
លោកបាននិយាយថា “ យើងទាមទារឲ្យធ្វើកំណែទម្រង់ស៊ីជម្រៅទៅលើនីតិវិធីចុះឈ្មោះអ្នកបោះឆ្នោត និងបោះឆ្នោត”។ លោកបានបន្ថែមថា លោក អឹុម សួស្តី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺជាអតីតប្រធានក្រុមយុវជនរបស់គណបក្សប្រជាជនកម្ពុជា។ លោក អុឹម សួស្តី ត្រូវបានជ្រើសរើសឲ្យធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសាជាថ្មី នៅក្នុងការបោះឆ្នោតជ្រើសរើសរបស់រដ្ឋសភា កាលពីសប្តាហ៍មុន ដែលការបោះឆ្នោតនោះត្រូវបានសមាជិកសភាមកពីគណបក្សប្រឆាំងធ្វើពហិការមិនចូលរួមឡើយ។
លោក ទេព នីថា អគ្គលេខាធិកាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានច្រានចោលចំពោះការលើកឡើងថា ស្ថាប័នទទួលបន្ទុករៀបចំការបោះឆ្នោតមួយនេះមានការលម្អៀងទៅរកគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកបានលើកឡើងថា “ វាគឺជាសិទ្ធិរបស់ពួកគេក្នុងការធ្វើបាតុកម្ម បើសិនជាពួកគេត្រូវបានអនុញ្ញាតឲ្យធ្វើ ក៏ប៉ុន្តែ ខ្ញុំចង់ឲ្យពួកគេចង្អុលបង្ហាញថា តើពួកគេនិយាយសំដៅសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយណា ត្រូវបានជ្រើសរើសដោយសភា ហើយបានលាលែងចេញពីគណបក្សនយោបាយអស់ហើយនោះ”៕
ប្រែសម្រួលដោយ ហួង កុកទៀន