28 C
Phnom Penh

ព្រះ​​​សង្ឃ​​​រាប់​​​ពាន់​​​អង្គ​​​សូត្រ​ធម៌​ ឧទ្ទិស​មហា​កុសល​ថ្វាយ​ព្រះ​ករុណា​ព្រះបាទ​ នរោត្ដម សីហនុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈពេល​​​ដែល​​​អ្នកមុខ​​​អ្នក​​​ការ​​​បរទេស​​​ទូទាំង​​​អាស៊ី​​​នៅ​​​តែ​​​បន្ដ​​​មក​​​រាជធានី​​​ភ្នំពេញ​​​ដើម្បី​​​សម្ដែង​​​ការ​​​គោរព​​ព្រះ​​​ករុណា កាល​​​ពី​​​រសៀល​​​ថ្ងៃសៅរ៍​​​​​ ​​​មាន​​​ព្រះ​​​សង្ឃ​​​យ៉ាងហោច​​​ណាស់​​​២.០០​​០​​​អង្គ​​​​​​និមន្ដ​​​មក​​​ពី​​​វត្ត​​​នានា​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​ ជួប​​​​​ជុំនៅ​​​ខាង​​​មុខ​​​ព្រះ​​​បរម​​​រាជវាំង ​​​​ដើម្បី​គោរព​​​​​វិញ្ញាណក្ខន្ធ​​​ព្រះ​​​ករុណា​​​សម្ដេច​​​ឪ នរោត្តម​​​ សីហនុ ។ 

ព្រះ​​​ករុណា​​​ព្រះបាទ នរោត្តម​​​ សីហនុ បាន​​​យាង​​​ចូល​​​ទិ​​​វង្គត​​ដោយ​សារ​​​​គាំង​​​បេះ​​​ដូង​​​នៅ​​​ក្នុង​​​មន្ទី​​​រពេទ្យ​​​ទី​​​ក្រុង​​​ប៉េកាំង​​​ សាធារណ​​​រដ្ឋ​​​ប្រជាមានិតចិន កាល​​​ពី​​​ថ្ងៃទី​​​១៥​​​ខែ​​​តុលា ​ដោយ​ព្រះសព​បាន​​​យាង​​​ត្រឡប់​​​មក​​​មាតុ​​​ប្រទេស​​​វិញ​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ។ ព្រះ​​​បរម​​​សព​​​របស់​​​​ព្រះ​អង្គ​​​​នឹងយាង​​​​​​ដម្កល់ក្នុង​​​ព្រះ​​​បរម​​​រាជវាំង​​​មិន​​​តិច​​​ជាង​​​បីខែ​​​ឡើយ។

ព្រះ​​​ញាណវង្ស ឃឹម សន ​​ព្រះ​​​បាឡាត់​​នៃ​​គណៈ​​​មហានិ​​​កាយ ក្នុង​​​​​​រាជធានី​​​ភ្នំពេញ​​​ ​​​មាន​​​​សង្ឃ​​​ដីកា​ថា “ ព្រះសង្ឃ​​​​ទាំង​​​​អស់​​​និមន្ដ​​​មក​​​​ពី​​​ខណ្ឌ​​​​ទាំង​​ប្រាំបួន​​​ក្នុង​​​រាជ​ធានីភ្នំពេញ ដើម្បី​​​បួង​​​សួង​​​ក្នុងព្រះ​​​រាជ​​​​​​ពិធី​​​បុណ្យ​​​ខួប​​​គម្រប់​​​​ប្រាំពីរ​​​ថ្ងៃ​​​របស់​​​សម្ដេច​​​ឪ​​”។

ព្រះ​​​តេជគុណបាន​​​មាន​​​សង្ឃដីកាថា ព្រះ​​​សង្ឃ​​​ប្រហែល​​​២.០០០​​​អង្គទៅ​​​៣.០០០​​​អង្គ បាន​​​ជួប​​​ជុំ​​​នៅ​​​ខាង​​​មុខ​​​ព្រះ​​​បរម​​​រាជវាំង​​​នៅ​​​ចន្លោះ​​​ម៉ោង​​​៥ និង​​​ម៉ោង​​​៧ ល្ងាច ដើម្បី​​​បួង​​​សួង​​​ និង​​​ធ្វើ​សមាធិ​​​​​​រយៈពេល​​​២០​​​នាទី។  មុន​​​ពិធី​​​បួង​​​សួង​​​ ព្រះ​​​សង្ឃ​​​ប្រហែល​​​១.០០០​អង្គ​​​ក្នុង​​​ចំណោម ព្រះ​​​សង្ឃ​​​ទាំង​​​អស់​​​ក៏​​​បាន​​​និមន្ដ​​​ដង្ហែ​​​ប្រទក្សិណ​​​ជុំវិញ​​​សារមន្ទីរ​​​ជាតិ​​​ ​​​ក្បែរ​​​នោះ។

ព្រះអង្គ​​​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ប្រធាន​​​ខុទ្ទកាល័យ​​​សម្ដេច​​​ឪ ​​​មាន​​​បន្ទូល​​​ថា ​ព្រះ​រាជ​ពិធីខួប​​​គម្រប់​​​ប្រាំពីរ​​​ថ្ងៃ​​​ដែល​​​​​​តាម​​​​​​ប្រពៃ​ណី​​​ព្រះ​​​ពុទ្ធ​​​សាសនា​​​​​​ ត្រូវ​​​ប្រារព្ធ​​​​ក្រោយ​​​ពីការ​​​យាង​​​​ចូល​​​ទិវង្គត​​​រយៈពេល​​​មួយ​​​សប្ដាហ៍​​​ គឺជា​​​កិច្ច​​​ការ​​​សាមញ្ញបំផុត។ ​​​​​​​​​​​​​​​​​​​​ព្រះ​​​អង្គ​​​មាន​​​បន្ទូល​​​ថា “ ការ​​​បួង​​​សួង​តាម​បែប​ព្រះ​ពុទ្ធ​សាសានា​គឺ​ជា​ការ​ធម្មតា ​​​​និង​​​ការ​​​ប្រគេន​​​​ទេយ្យ​ទាន​ដល់​​​ព្រះ​​​សង្ឃ​​​​ចំនួន​២១​អង្គ​ ហើយ​ពិធី​​នេះ​​​គឺ​​ជា​ពិធី​របស់​រាជ​វង្សា​នុវង្សប៉ុណ្ណោះ”។​​​

ព្រះ​​​អង្គ​​​ម្ចាស់ ធម្មិកោ បាន​​​មានបន្ទូល​​​ថា ​ទ្រង់​​​មិន​​​បាន​​​ដឹងទេ​​​ថា ពេល​​​ណា​​​ទើប​អនុញ្ញាត​ឲ្យ​​​សាធារណជន​​​ចូល​​​ក្នុង​​​​​​ព្រះ​​​បរម​​​រាជវាំង​​​ដើម្បី​​​គោរព​​​ព្រះ​​​បរម​​​សព​ព្រះ​​​ករុណា​​​សម្ដេច​​​ឪ​​​ប៉ុន្ដែ​​​បាន​​​មាន​​​បន្ទូល​​​បន្ថែម​​​ថា មន្ត្រី​​​រដ្ឋា​​​ភិបាល​​​​គ្រោង​​​នឹង​​​ចូល​​​គោរព​​​​​​ព្រះ​​​បរម​​​សព​​​​ព្រះ​​​ករុណា​​​​នៅ​​​ថ្ងៃ​​​នេះ ជាមួយ​​​នឹង​​​រាជវង្សា​​​នុវង្ស។

ទន្ទឹម​​​នឹងនេះដែរ កាល​​​ពី​​​ម្សិល​​​មិញ ប្រជា​​ពលរដ្ឋ​​​កម្ពុជា​​​រាប់​​​រយ​​​នាក់នៅតែ​​​បន្ដ​​​ជួប​​​ជុំ​​​គ្នា​​​ខាង​​​ក្រៅ​​​ច្រក​​​ទ្វារព្រះ​​​បរម​​​រាជ​វាំង​ដែល​​​នៅ​​​ទី​​​នោះ​​​ ពួកគេ​​​បាន​​ដុត​ទៀន​​​នៅ​​​ក្រោម​​​ម្លប់​​​នៃព្រះ​​​ឆាយាលក្ខណ៍​​​​ដ៏​ធំ​មួយ​របស់​​​ព្រះ​​​ករុណា​​​ ព្រះ​​​បាទ​​​ នរោត្តម សី​​​ហនុ ។

អ្នក​​​មុខ​​​អ្នក​​​ការ​​​បរទេស​​​ក៏​​​នៅ​​​តែ​​​បន្ដ​​​មក​​​កាន់​​​ព្រះ​​​បរម​​​រាជវាំង​​​ផង​​​ដែរ។ ​លោក ​លី ​ស៊ាន​​លូង (Lee Hsien Loong) នាយក​​​រដ្ឋ​​​មន្ត្រី​​​ប្រទេសសិង្ហបុរី លោក យា៉ង យ៉ុងសុប (Yang Hyongsop) ​​​អនុ​​​ប្រធាន​​​គណៈ​​​កម្មាធិការ​​​អចិន្ត្រៃយ៍​​​នៃ​​​សភាជាន់​​​ខ្ពស់​​​របស់​​​់​​​ប្រជាជន​​​កូរ៉េ​​​ខាង​​​ជើង និង​​​លោក សាយ ​ម៉ូកខាម ​(Sai Mauk Kham) អនុ​​​ប្រធា​​​នាធិបតី​​​ភូមា​ បាន​ចូល​​​​​​សម្ដែង​​​ការ​​​គោរព​​​ចំពោះ​​​ព្រះ​​​ករុណា​​​ក្រោយ​​​មក​​​ទើប​​​ជួប​​​ជាមួយ​​​លោកនាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន។

លោក អៀង​​​ សុផាល្លែត ជំនួយ​​​ការ​​​លោក​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន បាន​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌មាន​​​ថា លោក លី ស៊ានលូង​ បាន​​​សម្ដែង​​​នូវ​​​ការ​​​ដឹង​​​គុណ​​​របស់​​​ខ្លួ​​​នចំពោះ​​​ព្រះ​​​ករុណា​​​​​​ដែល​​​បាន​​​ទទួល​​​ស្គាល់ឯករាជ្យ​​​របស់​​​ប្រទេស​​​សិង្ហបុរី​​​មុន​​​គេ​​​បង្អស់នៅ​​​ក្នុង​​​ឆ្នាំ​​​១៩៦៥។

លោក សុផាល្លែត​​​ បាន​​​បន្ថែម​​​ថា លោក ​យ៉ុងសុប បាន​​​មាន​​​ប្រសាសន៍​​​ថា ប្រទេស​​​កូរ៉េ​​​ខាង​​​ជើង​​​ ដែល​​ព្រះ​​​ករុណា​​​ទ្រង់​​​ធ្លាប់​​​គង់​នៅ​​​ក្នុង​ការ​​​​និរទេសព្រះ​កាយ​​​​​ជាច្រើន​​​ឆ្នាំ​​​ បន្ទាប់​​​ពី​​​ការ​​​ដួល​​​រលំ​​នៃ​​​របប​​​ខ្មែរ​​​ក្រហម​​​ក្នុង​​​ឋានៈ​​​​ជា​​​ភ្ញៀវ​​ផ្ទាល់​​​របស់​​​លោក គីម អុីលស៊ុង (Kim Il Sung) នឹង​​​ប្រកាសយក​​​ថ្ងៃ​​​អង្គារ​​​ជា​​​ថ្ងៃ​​​កាន់​​​មរណទុក្ខ​​​​​​ចំពោះ​​​ព្រះ​​​ករុណា ទូទាំង​​​ប្រទេស។

​លោក ​ម៉ាទី ណាតា​​​ឡេហ្គាវ៉ា (Marty Natalegawa)រដ្ឋ​​​មន្ត្រី​​​ការបរទេស​​​ឥណ្ឌូណេស៊ី ក៏​​​នឹង​​​មក​​​សម្ដែង​​​ការ​​​គោរព​​​ដឹង​​​គុណ ​​​ចំពោះ​​​ព្រះ​​​ករុណា​​​នៅ​​​ថ្ងៃ​​​នេះដែរ។

ចំណែក នាយក​​​រដ្ឋ​​​មន្ត្រី​​​ប្រទេស​​​ឡាវ​ ថៃ ​និង​​​វៀតណាម បាន​​​មក​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រដើម្បី​​​សម្ដែង​​​ការ​​​គោរព​​​ដឹង​​​គុណ​​​ចំពោះ​​​ព្រះ​​​ករុណា សម្ដេចឪ​​​៕

(រាយ​​​ការណ៍​​​បន្ថែម​​​ដោយ Lauren Crothers និង Zsombor Peter)

ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា​​​​​​​​​​​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស