នៅមិនដល់មួយខែទៀតទេ មុនពេលថ្នាក់ដឹកនាំរដ្ឋជាសមាជិកអាស៊ានរំពឹងថានឹងអនុម័តសេចក្តីប្រកាសស្តីពីសិទ្ធិមនុស្សជាលើកដំបូងដែលមិនធ្លាប់មានសម្រាប់អង្គការសិទ្ធិមនុស្សក្នុងតំបន់នោះ អង្គការក្រៅរដ្ឋាភិបាលមកពីប្រទេសកម្ពុជា និងមកពីប្រទេសឥណ្ឌូណេស៊ី កាលពីម្សិលមិញបានជំរុញឲ្យរដ្ឋជាសមាជិកផ្តល់ឱកាសដល់អង្គការរបស់ខ្លួនឲ្យបានច្រើនដើម្បីចូលរួមនៅក្នុងដំណើរការនេះ។
នៅក្នុងកិច្ចប្រឹងប្រែងរយៈពេលជាងមួយឆ្នាំមកនេះ សេចក្តីព្រាងនៃសេចក្តីប្រកាសនេះ គួរតែត្រូវបានអនុម័តអំឡុងកិច្ចប្រជុំកំពូលអាស៊ានក្នុងឆ្នាំនេះ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៨ខែវិច្ឆិកា នៅរាជធានីភ្នំពេញ។ប៉ុន្តែ អង្គការសិទ្ធិមនុស្សនៅទូទាំងតំបន់អាស៊ានមានការព្រួយបារម្ភថា សេចក្តីព្រាងច្បាប់នោះនឹងខ្សោយជាងអនុសញ្ញាអន្តរជាតិដែលប្រទេសខ្លះបានចុះហត្ថលេខារួចហើយ។
អង្គការក្រៅរដ្ឋាភិបាលនៅប្រទេសកម្ពុជា និងអង្គការក្រៅរដ្ឋាភិបាលមកពីប្រទេសឥណ្ឌូណេស៊ីបានជួបប្រជុំគ្នានៅរាជធានីភ្នំពេញកាលពីម្សិលមិញ ដើម្បីប្រារព្ធខួបប្រចាំឆ្នាំលើកទី៣កាលពីថ្ងៃអង្គាររបស់គណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្សដែលបានតាក់តែងសេចក្តីព្រាងច្បាប់នេះ។
លោក សួន ប៊ុនសក្តិ អគ្គលេខាធិការនៃគណៈកម្មាធិការប្រព្រឹត្តិកម្មនៃសមាគមការពារសិទ្ធិមនុស្សកម្ពុជា ដែលតាមកិច្ចការដ៏ល្បីរបស់លោក អាប្រាហាំ លីនខូន (Abraham Lin-coln) អតីតប្រធានាធិបតីអាមេរិក បានមានប្រសាសន៍ថា “ ពួកគេគឺជារដ្ឋាភិបាលតំណាងឲ្យប្រជាពលរដ្ឋ ខ្ញុំអាចនិយាយបានថា ជារដ្ឋាភិបាលរបស់ប្រជាពលរដ្ឋ។ដូច្នេះហើយ…យើងស្នើឲ្យពួកគេបើកចំហថែមទៀតជាមួយយើង”។
ទោះបីជាអាស៊ានបានបើកសិក្ខាសាលាពីរលើករួចមកហើយជាមួយក្រុមអង្គការក្រៅរដ្ឋាភិបាលស្តីអំពីសេចក្តីប្រកាសនេះក៏ដោយ ក៏អង្គការទាំងនោះត្អូញត្អែរថា មានតែសេចក្តីព្រាងច្បាប់ដែលធ្លាប់បានលើកឡើងជាមួយខ្លួនប៉ុណ្ណោះ ត្រូវបានបញ្ចេញដោយប្រតិភូអាស៊ានកាលពីខែកញ្ញា។
ចាប់តាំងពេលនោះមក ពួកគេបានលើកឡើងនូវការជំទាស់លើមាត្រាពិសេសចំនួនបី ដែលនឹងអនុញ្ញាតឲ្យរដ្ឋជាសមាជិកនីមួយៗគិតពិចារណាអំពី “ បរិបទជាតិ” ដែលមិនបានកំណត់អត្ថន័យច្បាស់លាស់ ដើម្បីកំណត់សិទ្ធិ ដោយសារសណ្តាប់ធ្នាប់សាធារណៈនិងសីលធម៌ ព្រមទាំងតម្រូវឲ្យសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋមាន “ តុល្យភាព” ជាមួយនឹងតួនាទីរបស់ខ្លួន។
លោកស្រីយ៉ូយុនវ៉ាយុនីងរូម(Yuyun Wahyningrum) ជាទីប្រឹក្សាម្នាក់ទទួលបន្ទុកបញ្ហាអាស៊ាននៅអង្គការសិទ្ធិមនុស្ស ប្រទេសឥណ្ឌូណេស៊ី បានមានប្រសាសន៍ថា ប៉ុន្តែ ប្រសិនបើជាសេចក្តីប្រកាសនៃសេចក្តីព្រាងច្បាប់នោះដំណើរការទៅមុខជាមួយនឹងការកំណត់បែបនេះ ដូច្នេះការកំណត់ទាំងនេះគួរតែកំណត់ឲ្យបានតឹងរុឹង។
លោកស្រីមានប្រសាសន៍បន្តថា “ ការកំណត់ទាំងនេះត្រូវតែមានព្រំដែនដូច្នោះមិនមានប្រទេសណាមួយអាចកំណត់សិទ្ធិតាមអ្វីដែលខ្លួនចង់បាននោះទេ”។
កាលពីខែកញ្ញា មានអង្គការក្រៅរដ្ឋាភិបាលនិងសហជីពជាង៥០មកពីទូទាំងតំបន់រួមទាំងគណៈកម្មាធិការប្រព្រឹត្តិកម្មនៃសមាគមការពារសិទ្ធិមនុស្សកម្ពុជា និងអង្គការចំនួនប្រាំទៀតមកពីប្រទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួមមួយជំរុញឲ្យអាស៊ានធ្វើវិសោធនកម្មមាត្រាខ្លះនិងធ្វើឲ្យសេចក្តីប្រកាសនេះស្របតាមអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្សដទៃទៀត៕ប្រែសម្រួលដោយ ឃិន ណៃ