28 C
Phnom Penh

កម្មករធ្វើ​កូដកម្ម​ព្រោះ​ជន​ជាតិ​ចិន​ហែក​ព្រះឆាយាលក្ខណ៍​សម្ដេច​ឪ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​កម្មការិនី​ជាង​១.០០០​នាក់មក​ពី​រោង​ចក្រចំនួន​​បី​​ ​ក្នុង​​ខណ្ឌ​មាន​ជ័យ​ រាជ​ធានី​ភ្នំពេញ បាន​ធ្វើកូដ​កម្ម​ តវ៉ា​មួយ​កាល​ពី​ម្សិល​មិញ​ បន្ទាប់​ពី​អ្នក​គ្រប់​គ្រង​រោង​ចក្រ​ជាជន​ជាតិ​ចិន​ម្នាក់ ​បាន​ហែក​ព្រះឆាយាលក្ខណ៍​សម្តេច​ឪ​​ នរោត្ដម សីហនុ ចំនួន​ពីរ​សន្លឹក​។

អ្នក​គ្រប់​គ្រង​ជាជន​ជាតិ​ចិន​រូប​នោះ​ក្រោយ​​មក​ត្រូវ​បាន​នគរបាល​ចាប់​ខ្លួន​ និង​ដាក់​ខ្នោះ​​ ហើយ​បង្ខំ​ឲ្យ​ក្រាប​ថ្វាយ​បង្គំ​នៅ​ចំពោះ​មុខ​ព្រះឆាយាលក្ខណ៍​របស់​ព្រះ​មហា​វីរក្សត្រ​នៅ​ខាង​ក្រៅ​ទ្វារបង​រោង​ចក្រ​ មុន​ពេល​នគរ​បាល​​នាំ​​ទៅ​ឃុំ​ខ្លួន​ ដើម្បី​សាក​សួរ​​​​​។

កញ្ញា​ អិន ស្រីយ៉ុន ​ប្រធានក្រុមដឹកនាំ​ក្រុម​កម្មករ​​នៅ​រោង​ចក្រ​ ឈ្មោះ ថប់ វើល (Top World)នៅ​ឃុំ​ក្បាល​កោះ​ និយាយ​ថា កម្មករ​កម្មការិនី​បាន​នាំ​គ្នា​ដើរ​ចេញ​ពី​រោង​ចក្រ​បន្ទាប់​​ពី​មាន​ព័ត៌មាន​ថា អ្នក​គ្រប់​គ្រង​ជនជាតិ​​ចិន​ឈ្មោះ វ៉ាង ជាវជាវ​ បាន​ហែក​ព្រះ​ឆា​យា​ល័ក្ខណ៍​របស់​ព្រះ​មហា​វីរក្សត្រ ចំនួនពីរ​​សន្លឹក​​ដោយសារ​តែ​គាត់​ជឿ​ថា ព្រះឆាយា​ល័ក្ខណ៍​នេះ បានធ្វើ​ឲ្យ​កម្មករ​កម្មការិនី​មាន​អារម្មណ៍​មិនសូវល្អនៅពេល​បំពេញ​ការងារ​របស់​ខ្លួន​។

កញ្ញា​ ស្រីយ៉ុន បាន​និយាយ​ថា “ ​នៅ​មុន​ម៉ោង​៧ព្រឹក​កម្មករ​ខ្លះ​បាន​សម្លឹង​មើល​ព្រះ​ឆាយាល័ក្ខណ៍​របស់​ព្រះមហា​វីរក្សត្រ​។ ហើយ​​កម្មករ​ប្រាំមួយ​នាក់​ក្នុង​ចំណោម​កម្មករ​ទាំង​នោះ​នៅ​តែ​សម្លឹង​មើល​ព្រះឆាយា​ល័ក្ខណ៍​​នោះ​នៅ​ពេល​ដល់​ម៉ោង​​ចាប់​ផ្ដើម​ធ្វើការ​​។ ស្ត្រី​ជន​ជាតិ​ចិន​រូប​​នោះ​បាន​ដើរ​ចូល​មក​ ហើយ​បាន​ឃើញ​ពួក​គេ​កំពុង​សម្លឹង​មើល​ព្រះឆាយាល័ក្ខណ៍​ ហើយ​បាន​សួរ​ថា តើ​ព្រះ​ឆាយាល័ក្ខណ៍​នេះ​ជា​របស់​អ្នក​ណា​។ពេល​នោះ​មិន​មាន​កម្មករ​​ណា​ឆ្លើយ​សំណួរ​នេះ​ទេ​ ហើយ​គាត់​ក៏​បាន​ហែក​ព្រះឆាយាល័ក្ខណ៍​នេះតែ​ម្តង​​។ កម្មករ​កម្មការិនី​ពេល​នោះ​បាន​ចាប់​ផ្ដើម​មាន​កំហឹង​យ៉ាង​ខ្លាំង​ ហើយ​​កម្មករ​ទាំង​អស់​​នៅ​ក្នុង​រោង​ចក្រ​ បាន​ចាប់​ផ្ដើម​ដើរ​ចេញ​មក​ក្រៅ​ ដើម្បី​ធ្វើ​កូដ​កម្ម​”។

នៅ​ខាង​ក្រៅ​រោង​ចក្រ​ មាន​កម្មករ​កម្មកា​រិនី​ប្រហែល​១.០០០​នាក់​​មក​ពី​រោង​ចក្រ​ថប់​វើល​​ និង​កម្មករ​​កម្មការិនី​មក​ពី​រោង​ចក្រ​ ផាតដា ដែល​ជា​រោង​ចក្រ​នៅ​ក្បែរគ្នានោះ​ បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​ដោយ​​កាន់​​ព្រះឆាយា​ល័ក្ខណ៍​ព្រះ​មហា​វីរក្សត្រ​ដើម្បីទាម​ទារ​ឲ្យ​អ្នក​ស្រី វ៉ាង ដែល​មាន​អាយុ​ប្រហែល​៤០​ឆ្នាំ​ សុំ​ទោស​ពី​បទ​បាន​បំផ្លាញ​ព្រះឆាយាល័ក្ខណ៍​ព្រះ​មហាវីរ​ក្សត្រ​នេះ និង​​ទាម​ទារ​ឲ្យ​នាង​កោរសក់​នៅ​មុខ​ព្រះបរមរាជ​វាំង​ ដើម្បី​បញ្ជាក់​​ពី​ការ​គោរព​ចំពោះ​ព្រះមហាវីរក្សត្រ​។

អម​​ដោយ​ក្រុម​នគរបាល ​អ្នក​ស្រី​ វ៉ាង ត្រូវ​បាន​ដាក់​ខ្នោះ ហើយ​គាត់បាន​លុត​ជង្គង់​នៅ​ចំពោះ​មុខ​ព្រះឆាយាល័ក្ខណ៍​របស់ព្រះ​មហា​វីរក្សត្រ​ និង​​ដុត​ធូប​​បួង​សួង​​​នៅ​មុន​ពេល​នាំ​ខ្លួនចូលទៅក្នុង​រថយន្ត​របស់​នគរ​បាល​​ រួចនាំខ្លួនទៅ​កាន់​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ រាជ​ធានី​ភ្នំពេញ​​​។

លោក គួច ឧសភា ប្រធាន​រដ្ឋបាល​នៅ​រោង​ចក្រ ថប់វើល បាន​មាន​ប្រសាសន៍​ថា“ យើង​មាន​ការ​សោក​ស្ដាយ​ខ្លាំង​ណាស់​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ ហើយ​រោង​ចក្រ​បាន​បញ្ឈប់គាត់ពី​ការ​ងារ​ហើយ​។ បញ្ហា​ដែល​នៅ​សេសសល់ គឺ​ទុក​ឲ្យ​នគរបាល​​ដោះ​ស្រាយ​​តាម​ផ្លូវ​ច្បាប់​”។

លោក ជួន​ សុវណ្ណ ស្នង​ការ​នគរបាល​​រាជ​ធានី​ភ្នំពេញ​ មាន​ប្រសាសន៍​ថា អ្នក​ស្រី​ វ៉ាង មិន​ទាន់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ល្មើស​អ្វី​មួយ​នៅ​ឡើយ​ទេ​។

លោក សុវណ្ណ មាន​ប្រសាសន៍​បន្ថែម​ថា“ ​យើង​បាន​សាក​សួរ​ម្ចាស់​ព្រះ​ឆាយាល័ក្ខណ៍​និង​ជន​សង្ស័យ​រួច​ហើយ​។ យើង​បាន​ឃុំ​ខ្លួន​ជន​សង្ស័យ​រូប​នេះ​ហើយ​។ យើង​បាន​ជម្រាប​​ទៅ​ស្ថាន​ទូត​ចិនប្រចាំ​រាជ​ធានី​ភ្នំពេញ​នូវ​អ្វី ​ដែល​បានកើត​ឡើង​ ហើយ​យើង​កំពុង​រង់​​​ចាំ​ព័ត៌មាន​ពី​​ពួក​គេ​នៅ​ថ្ងៃ​ចូលធ្វើការវិញ​”។

នៅ​តាម​ផ្លូវ​ជាតិ​លេខ​១ មាន​កម្មករ​កម្មកា​រិនី​រោង​ចក្រ​យ៉ាង​ហោច​ណាស់​ប្រហែល​១០០​នាក់​​ដឹក​នាំ​ដោយ​ស្រ្តី​បី​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​ដង្ហែជា​ក្បួន​ដោយ​​កាន់​កំប៉ុងជើងធូប និង​ព្រះឆាយាល័ក្ខណ៍​របស់​ព្រះមហា​វីរ​ក្សត្រ​មួយ​ផង​ដែរ​។ ដោយ​មាន​រថយន្ដ​បី​គ្រឿង​ដឹក​កម្មករ​កម្មការិនី​តាម​ពី​ក្រោយ​ ក្បួន​នោះ​បាន​ធ្វើ​ដំណើរឆ្ពោះ​​ទៅ​កាន់​សាលា​ខណ្ឌ​មាន​ជ័យ​ដែល​នៅ​ទី​នោះ​អ្នក​ស្រី​ វ៉ាង ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះអាសន្ន​នៅទី​នោះ​មុន​ពេល​នាំ​ខ្លួន​ទៅ​កាន់​​ស្នង​ការដ្ឋាន​នគរ​បាល​រាជធានី​។

សេចក្ដី​ថ្លែង​ការណ៍​មួយ​របស់ សហព័ន្ធ​សហជីព​​ប្រ​ជា​ធិបតេយ្យ​កម្មករ​កម្ពុជា​​បាន​អំពាវនាវ​ ឲ្យនាំខ្លួនអ្នក​ស្រី វ៉ាង ទៅឲ្យ​តុលា​ការ​ផ្តន្ទាទោស​។ “ សហព័ន្ធ​សហជីព​​ប្រ​ជា​ធិបតេយ្យ​​កម្មករកម្ពុជា​​មិន​អាច​ទទួល​យក​ទង្វើ​បែប​ នេះ​បាន​ឡើយេ​ ហើយ​ការ​ធ្វើ​បែប​នេះ​ គឺ​ជា​​ការ​ប្រមាថ​យ៉ាង​ធ្ងន់​ធ្ង​រចំពោះ​ព្រះវិញ្ញាណ​ក្ខន្ធរបស់​ព្រះមហាវីរក្សត្រ​ និង​ចំពោះ​ប្រជា​ពលរដ្ឋ​កម្ពុជា​ទាំង​មូល។​ យើង​សំណូម​ពរ​ឲ្យ​នគរបាល​ចាត់​វិធាន​ការ​យ៉ាង​តឹង​រ៉ឹង​ និង​នាំ​គាត់ឲ្យ​តុលាការ​ផ្តន្ទា​ទោស​”។ លោក យ៉ាង ធានយូ (Yang Tian Yue) អ្នក​​នាំ​ពាក្យ​ស្ថាន​ទូត​ចិន​មាន​ប្រសាសន៍​ថា ទង្វើ​របស់​អ្នក​ស្រី វ៉ាង​ គឺ​ជា “ ទង្វើ​ឆ្កួត​ៗ”។ លោក​បន្ដ​ថា “ លោក​ស្រី​ វ៉ាង គឺ​ជា​មនុស្ស​ឆ្កួត​ ហើយធ្វើ​ដូច្នោះ យើង​សោក​ស្ដាយ​ខ្លាំង​ណាស់​ចំពោះ​រឿង​នេះ”៕ប្រែសម្រួល​ដោយ ឃិន ណៃ

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស