33 C
Phnom Penh

បុរស​​​ជនជាតិ​​​កម្ពុជា​​​ម្នាក់​​​ស្លាប់​​​ អំឡុង​ពេល​​​ធ្វើ​​​ដំណើរ​​​ឡើង​​ភ្នំ​​ Everest នៅ​​​ក្នុង​​​ប្រទេស​​​នេប៉ាល់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​​​ជនជាតិ​​​កម្ពុជា​​​ម្នាក់​​​បាន​​​ស្លាប់​​​ដោយ​សារ​​មាន​ជំងឺ​​ នៅ​​​តាម​​​ផ្លូវ​​​ទៅ​​​កាន់​​​ជំរំនៅ​លើ​​​កំពូល​​​ភ្នំ​​​អេវើរេស (Everest) អំឡុង​​​ពេល​​​វិសម​កាលឡើង​​​ភ្នំ​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​នេប៉ាល់​​​ហើយ​​​គ្រួសារ​​​របស់​​​ជន​​​រងគ្រោះ​​​កំពុង​​​តែ​​​រក​​​វិធី​​ឲ្យ​គេ​បញ្ជូន​​​សាកសព​​​​​​របស់​​​គាត់​​​មក​​​កាន់​​​ប្រទេស​​​កម្ពុជា​​​វិញ​​​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មិត្តភក្តិ​របស់​ជន​រងគ្រោះ។

លោក លឹម ពិសិដ្ឋ អាយុ​​​​​​២៩​​​ឆ្នាំ អ្នក​​​សម្រប​​​​សម្រួល​​​អង្គការ​​​អភិវឌ្ឍន៍​​​សហគ្រាស​​​អន្ដរ​ជាតិ​នៅ​​​កម្ពុជា​​​​​​ធ្វើ​​​ដំណើរ​​​បាន​​​ប្រាំ​​​ថ្ងៃ​​​ក្នុង​​​ចំណោម​​​ការ​​​ធ្វើ​​​ដំណើរ​​​រយៈ​​​ពេល​​១០​​​ថ្ងៃ​​​ជាមួយ​​​នឹង​​​មិត្ត​​​ភក្ដិ​​​ជនជាតិ​​​ម៉ាឡេស៊ី​​​បួន​​​នាក់​​​ អ្នក​​​កាន់​អីវ៉ាន់​​​​ម្នាក់ និង​​មគ្គុទេ្ទស​​ក៏​​ម្នាក់​​​ ហើយ​​​​គាត់​​​បាន​​​ស្លាប់​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​សុក្រ​​​ នៅ​​​ក្នុង​​​សណ្ឋាគារ​​​មួយ​​​​នៅ​ ណាមឆេ បាហ្សាអា​​រ (Namche Bazaar) ​គឺបន្ទាប់​ពី​​​​ធ្វើ​​​ដំណើរ​បាន​​​ប្រហែល​​​ប្រាំពីរ​​​ថ្ងៃ​​​ពី​​​ជំរំនៅ​លើ​កំពូល​​​ភ្នំ​​​អេវើរេស។

យោង​​​តាម​​​អុីម៉េល​​​មួយ​​​ដែល​​​ទទួល​​​បាន​ពី​​​លោក ដេវីដ ជូ (David Chew) ​​​អ្នក​​​រួម​​​ដំណើរ​​​ម្នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​រួម​​​ដំណើរ​​​របស់​​​គាត់​​​បាន​​​ឲ្យ​​​ដឹង​​​ថា លោក ពិសិដ្ឋ ចាប់​​​ផ្ដើម​​​មាន​​​ជំងឺ​​​នៅ​​​ កដ្ឋមណ្ឌូ (Katmandu) កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៥ ​ខែ​​​តុលា​​​ ​​​ប៉ុន្ដែ លោក​​​នៅ​​​តែ​​​មាន​​​បំណង​​​ចង់​​​បន្ដ​​​ដំណើរ​​​ទៅ​​​មុខ​​។

លោក ដេវីដ ជូ មាន​​​ប្រសាសន៍​​​ថា “ ​​​គាត់​​​​កំពុង​​​កាន់​​​ទង់​​​ជាតិ​​​កម្ពុជា​​​ និង​​​សង្ឃឹម​​​ថា ឡើង​​​​ទៅ​​​ជួប​​​មិត្ត​​​ភក្ដិ​​​កម្ពុជា​​​ម្នាក់​​​ទៀត​​​ផង​​​ដែរ​​​។ គាត់​​​ក៏​​​បាន​​​និយាយ​​​ផង​​​ដែរ​​​ថា ការ​​​ឡើង​​​ទៅ​​​ដល់​​​កំពូល​​​ភ្នំហិមពាន្ត ​ជាពិសេស​ភ្នំអេវើ​រេសគឺ​​​ជា​​​ក្ដី​​​ស្រមៃ​​​របស់​​​គាត់​​​”។ ទោះ​​​ជាយ៉ាងណា​​​ អំឡុង​​​ពេល​​​ធ្វើ​​​ដំណើរ​​​ស្ថាន​​​ភាព​​​ជំងឺ​​​របស់​​​លោក ​​​ពិសិដ្ឋ​​​ កាន់​​​តែ​​​ធ្ងន់​​​ឡើង​​​ៗ​​​ និង​​​បណ្ដាល​​​ឲ្យ​​​ក្អក​​​យ៉ាង​​​ខ្លាំង​​​​​​។ ជំងឺ​​​​​​ធ្ងន់ធ្ង​​​រ​នៅ​ពេល​ឡើង​ភ្នំ​អាច​​​បណ្ដាល​​​ឲ្យ​​​មាន​​​ជំងឺ​​​ហើម​​​សួត​​​ ​ហើយ​ការ​​​ក្អក​គឺ​​​ជា​​រោគ​​​សញ្ញា​​ដ៏​​​សំខាន់​មួយ​​។ ប៉ុន្ដែ យោង​​​តាម​​​បង​​​ប្រុស​​​របស់​​​លោក ពិសិដ្ឋ ឈ្មោះ ​លឹម ​គីសាល ​អាយុ​​​៣២​​​ឆ្នាំ បាន​​​ឲ្យ​​​ដឹង​​​ថា វេជ្ជបណ្ឌិត​​​នៅ​​​ក្នុង​​​ប្រទេស​​​នេប៉ាល់​​​ មិន​​​បាន​​​ធ្វើ​​​ការ​​​ពិនិត្យ​​​សាកសព​​​នោះ​​​ទេ​​​។

លោក គីសាល ​​​មាន​​​ប្រសាសន៍​​​ថា “ ម្ដាយ​​​របស់​​​ខ្ញុំ​​​ទាម​​​ទារ​​​ឲ្យ​​​យើង​​​នាំ​​​សាក​​​សព​​​របស​់​​​គាត់​​​ត្រឡប់​​​មក​​​ផ្ទះ​​​វិញ​​​។ យើង​​​កំពុង​​​តែ​​​ធ្វើ​​​ការ​​​ជា​មួយ​​​ស្ថាន​​​ទូត​​​កម្ពុជា​​​​ប្រចាំទី​​​ក្រុង​​​ញូវ​ដេលី ដោយសារ​​​តែ​​​នៅ​​​ក្នុង​​​ប្រទេស​​​នេប៉ាល់​​​គ្មាន​ ​​​ស្ថាន​​​ទូត​​​កម្ពុជា​​​។ វេជ្ជបណ្ឌិត​​​នៅ​​​​ក្នុង​ទីក្រុង ​​​កដ្ឋមណ្ឌូ មិន​​​បាន​​​ពិនិត្យសាក​​​សព​​​រក​​​មូល​​​​​​ហេតុ​​​​នៃ​​​ការ​​​ស្លាប់​​​​​​​​​នេះ​​​ទេ ហើយ​​​ថែម​​​ទាំង​​​បាន​​​​​​​​​​​​ពន្យារ​​​​ពេល​​​នៃ​​​​​​ការ​​​នាំ​​​សាក​​​សព​​​ត្រឡប់​​​មក​​​ផ្ទះ​​​​វិញ​ទៀត​ផង។ យើង​​​ត្រូវ​​ការ​​​របាយ​​​ការណ៍​​​ ពី​​​វេជ្ជបណ្ឌិត​​​ ដើម្បី​​​ធ្វើ​​​ដូច្នេះ​​​”។

អ្នក​​​សម្រប​​​សម្រួល​​​​ផ្នែក​រដ្ឋបាល​​ម្នាក់​​​ប្រចាំ​​​អង្គការ​​​អភិវឌ្ឍន៍​​​សហគ្រាស​​​អន្ដរជាតិ​​​​​​​នៅ​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​​ហ៊ុន​​​ឯកជន​​​មួយ​​​បាន​​​ផ្ដល់​​​ប្រាក់​​​​ចំនួន​​​៣០.០០០​​​ដុល្លារ​​​ ដើម្បី​​​នាំ​​​សាក​​​សព​​​នេះ​​​ត្រឡប់​​​មក​​​ស្រុក​​​កំណើត​​​វិញ​​​។

លោក មៃឃើល រ៉ូបឺត (Michael Roberts) នាយក​​​ប្រចាំ​​​ប្រទេស​​​នៃអង្គការ​​​អភិវឌ្ឍន៍​​​សហគ្រាស​​​អន្ដរជាតិ​​​នៅ​​​កម្ពុជា ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ ពិសិដ្ឋ សង្ឃឹម​​​ថា នឹង​​​ក្លាយ​​​ជា​​​ជន​​​ជាតិ​​​កម្ពុជា​​​ដំបូង​​​គេ​​​បង្អស់​​​ ដែល​​​អាច​​​ឡើង​​​ដល់​​​ជំរំកំពូល​​​ភ្នំ​​​អេវើរេស​​​។

លោក រ៉ូបឺត បាន​​​លើក​​​ឡើង​​​​​​ក្នុង​​​អុីម៉េល​​​ថា “ ​​លោក ពិសិដ្ឋ បាន​​​កំណត់​​​គោល​ដៅ​​​​​​ខ្ពស់​​​និង​​​បាន​​​លះ​​​បង់​​​ជីវិត​​​របស់​​​ខ្លួន​​​ ដើម្បី​​​ផ្លាស់​​​ប្ដូ​រ​មុខ​​​មាត់​​​ប្រទេស​​​កម្ពុជា​​​”។ លោក​​​​​​បន្ថែម​​​ថា ​“ ការ​​​ធ្វើ​​​ដំណើរ​​​ឡើង​​​ភ្នំ​​​អេវើរេស​​​នេះ គឺ​​​ជា​​​ចំណាប់​​​អារម្មណ៍​​​ដ៏​​​ខ្លាំង​​​ក្លា​​​របស់​​​លោក ​​​ពិសិដ្ឋ​​​។

ទោះ​​​បី​​​ជា​​​មាន​​​ប្រាក​់​​​ខែ​​​ពំុសូវ​​​ច្រើន​​​ក៏ដោយ​​​ ក៏​​​លោក​​​បាន​​​សន្សំ​​​ប្រាក់​ និង​​​បាន​​​ធ្វើ​​​ដំណើរ​​​យ៉ាង​​​​ហោច​​​ណាស់​​​ក៏​​​​បាន​ជាង​​​១០​​​ប្រទេស​ដែរ​​​”។

រូប​​​ថត​​​ដែល​​​យក​​​ចេញ​​​ពី​​​ម៉ាស៊ីន​​​ថត​​​របស់​​​លោក​​​ ពិសិដ្ឋ ​​​ដោយ​​​លោក​​​ ដេវីដ ជូ បាន​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ថា លោក​​​ ពិសិដ្ឋ​​​ កំពុង​​​តែ​​​​លើក​ទង់​​​ជាតិ​​​កម្ពុជា​​​​ដោយ​​​​មោទនភាព​​​​​​​​​នៅ​​​លើ​​​​​កំពូល​​​ភ្នំ​​​ដែល​​​មាន​​​ព្រិល​​​ធ្លាក​់​​​ដ៏​ល្អ​េនះ​​​។ លោក ដេវីដ ជូ បាន​​​មាន​​​ប្រសាសន៍​​​ថា“ ​​​សូម​​​ឲ្យ​​​វិញ្ញាណក្ខន្ធ​របស់​​លោក ពិសិដ្ឋ បាន​​​ទៅ​​​កាន់​​​សុគតិភព​​​នៅ​​​ក្នុង​​​ទឹក​​​ដី​ដ៏​​​បរិសុទ្ធ​​​នៃ​​​ជួរ​​​ភ្នំ​​​ហិមពាន្ត”៕

ប្រែសម្រួល​​​ដោយ ហម សុផាណ្ណា

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស