31 C
Phnom Penh

ព្រះមហាក្សត្រ​ និង​សម្ដេច​ម៉ែ​យាងជួបជា​មួយ​ប្រជាពល​រដ្ឋ​យ៉ាង ​ច្រើន​កុះករ​​មុខ​ព្រះ​បរមរាជ​វាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ពេល​ព្រះ​អាទិត្យ​អស្ដង្គត​នៅ​​ថ្ងៃ​ទី​៧​ ដែល​ជា​ថ្ងៃ​​កាន់ទុក្ខ​ផ្លូវ​ការ​ចុង​ក្រោយ​ចំពោះ​​ព្រះ​បរមសពសម្ដេច​ឪ​កាល​ពី​ម្សិលមិញ​ ព្រះ​មហា​ក្សត្រ​ នរោត្ដម សីហមុនី និង​សម្ដេច​ម៉ែ នរោត្ដម មុនីនាថ បាន​យាង​ចេញ​ពី​ព្រះ​បរម​រាជ​វាំង​ ហើយ​បាន​ចូល​រួម​ជាមួយ​​ប្រជា​ពលរដ្ឋ​​​ជាង​១០០.០០០​នាក់​ ដើម្បី​ជូន​ព្រះ​រាជ​ដំណើរ​របស់​សម្ដេច​ឪ​។

ព្រះមហាក្សត្រ​ នរោត្ដម សីហមុនី និង​សម្ដេច​ម៉ែ នរោត្ដម មុនីនាថ ដែល​ព្រះអង្គ​ទាំង​ពីរ​ព្រះ​អង្គ​សុទ្ធ​តែ​គ្រង​សម្លៀក​បំពាក់​ពណ៌​ស ​បាន​យាងចេញ​ពី​​ព្រះ​បរម​រាជ​វាំង​នៅ​វេលា​ម៉ោង​ប្រហែល​៥ល្ងាច​ ​ដោយបាន​​

​លើក​ព្រះហស្ត​ដាក់​លើ​ក្បាល​របស់​ប្រជា​​ពល​រដ្ឋ​ ​និង​​បាន​​​លូក​ព្រះ​ហស្ត​ចាប់​ដៃ​ប្រជា​ពល​រដ្ឋ នៅ​ពេល​ព្រះ​អង្គ​ទាំង​ពីរ​អង្គយាង​ឆ្លង​កាត់​ព្រះ​សង្ឃ​រាប់​ពាន់​​អង្គ​ និង​អ្នក​កាន់​មរណ​ទុក្ខ​យ៉ាង​ច្រើន​ដែល​បាន​ចូល​រួម​សូត្រ​ធម៌​ឧទ្ទិស​កុសល​​ថ្វាយ​ព្រះ​វិញ្ញាណ​ក្ខន្ធ​សម្ដេច​​ឪតាម​ឧគ្ឃោសនសព្ទ​។

ប៉ុន្មាននាទី​មុន​ម៉ោង​៦​​ល្ងាច​ ព្រះ​មហា​ក្សត្រ នរោត្ដម សីហមុនី បាន​ឃ្លាត​ចេញ​ពី​សម្ដេចម៉ែ ហើយ​បានចាប់​ផ្ដើម​យាង​ចូល​ទៅ​​ក្រុម​មនុស្ស​យ៉ាង​ច្រើន​កុះ​ករ​ ដោយ​អនុញ្ញាត​ឲ្យ​ប្រជាពល​រដ្ឋ​ចាប់​ឱប​ព្រះ​អង្គ​។

ដោយមាន​តែ​ដៃ​​​របស់​អង្គរក្ស​ម្នាក់​ប៉ុណ្ណោះ​​​​បាន​ឱប​ព្រះកាយ​ព្រះ​អង្គ​ ដើម្បី​កុំ​ឲ្យ​​មាន​ការ​ទាញ​​ព្រះ​អង្គ​ចូល​ទៅ​​​ក្នុង​ក្រុម​​មនុស្ស​យ៉ាង​ច្រើន​ដែល​ស្រឡាញ់​ព្រះ​អង្គ​ នោះ ព្រះ​មហាក្សត្រ​បាន​យាង​​សន្សឹម​ៗ​កាត់​មនុស្ស​យ៉ាង​ច្រើន ហើយ​​យូរៗ​ម្តង​​ត្រូវ​បាន​អង្គរក្ស​របស់​ព្រះ​អង្គ​ទាញ​ព្រះ​កាយ​ព្រះអង្គ​​ចេញ​ ដើម្បី​ឲ្យ​ព្រះ​អង្គ​ដក​ដង្ហើម​ ពេល​បន្ដ​ព្រះ​រាជ​​ដំណើរ​ទៅ​មុខ​ទៀត​។

ការ​បង្ហាញ​ព្រះ​កាយ​របស់​ព្រះ​មហា​ក្សត្រ​​​និងសម្ដេចម៉ែ​ គឺ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​នៅ​ថ្ងៃ​ទី​៧ នៃ​ការ​កាន់​មរណទុក្ខ​របស់​ព្រះ​បរម​សព​សម្ដេច​ឪ ដែល​យោង​​តាម​ជំនឿ​​ប្រពៃ​ណី​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះ​អង្គ​បាន​យាង​ចុះ​មក​ កាន់​ភព​ផែន​ដី​សម្រាប់​ថ្ងៃ​ចុង​ក្រោយ​ កាល​​ពី​ម្សិលមិញ​ ដើម្បី​មក​ទទួល​ការ​ប្រោះព្រំ​ និង​តង្វាយ​នានា ដែល​គេ​បាន​ថ្វាយ​ព្រះ​អង្គ​​ក្នុង​រយៈ​ពេល​មួយ​​​សប្ដាហ៍​​មក​នេះ។

យោង​តាម​លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលារាជ​ធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា មាន​ប្រជា​ពល​រដ្ឋសរុប​ប្រហែល​១០០.០០០​នាក់​​បាន​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​មាត់​ទន្លេ​ក្នុង​រាជ​ធានីភ្នំពេញ​ មុខ​ព្រះ​បរមរាជ​វាំង​ និង​​មាន​ការ​​ចូល​រួម​ពី​ព្រះសង្ឃ​ពី​៧.០០០​ទៅ​៨.០០០​ព្រះ​អង្គ​​ផង​ដែរ។

អ្នក​កាន់​មរណ​ទុក្ខ​មួយ​រូប​ឈ្មោះ​ ផែ តុម អាយុ​៥៦​ឆ្នាំ​ ដែល​បាន​ចាក​ចេញ​ពី​ផ្ទះ​របស់​គាត់​នៅ​ក្នុង​ខេត្ត​សៀម​រាប កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​ ហើយ​បាន​មក​កាន់​មរណ​ទុក្ខ និង​បាន​សម្រាក​​នៅ​មុខ​ព្រះ​បរម​រាជ​វាំង​អស់​រយៈ​ពេល​ប្រាំមួយ​ថ្ងៃ​មក​ហើយ​នោះ​បាន​និយាយ​ថា “ ខ្ញុំ​ស្រឡាញ់​សម្ដេច​ឪ​ណាស់​។ ព្រះ​អង្គ​ស្រឡាញ់​ប្រទេស​កម្ពុជា​ ព្រះ​អង្គ​ស្រឡាញ់​ប្រជា​ពលរដ្ឋ​គ្រប់​ៗ​រូប​ដោយ​មិន​លម្អៀង​ដោយ​មិន​ខ្វល់​ព្រះ​ទ័យ​​ថា ប្រជា​ពល​រដ្ឋ​នោះ​មាន​ ឬក៏​ក្រ​ឡើយ”។

ដោយ​មាន​ប្រជា​ពលរដ្ឋ​ជាង​១​លាន​នាក់​បាន​មក​ឈរ​អម​សង​ខាង​ផ្លូវ​ក្នុង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ពុធ​ សប្ដាហ៍​មុន​ ដើម្បី​ទទួល​ការ​យាង​ព្រះ​បរម​សព​របស់​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ នរោត្ដម សីហនុ ពី​ប្រទេស​ចិនទី​ដែល​ព្រះ​អង្គ​បានយាង​ចូល​ទិវង្គត​ដោយ​សារ​គាំង​បេះ​ដូង​​ក្នុង​ព្រះ​ជន្មាយុ​៨៩​ព្រះ​វស្សា​នោះ​ ទី​ធ្លា​នៅ​មុខ​ព្រះ​បរម​រាជ​វាំង​ត្រូវ​បាន​បិទ​ផ្លូវ​ និង​​ពោរពេញ​ទៅ​ដោយ​អ្នក​កាន់​ទុក្ខ​ជា​ច្រើន​មក​ពី​ទូទាំង​ប្រទេស​។

កាល​ពី​ម្សិលមិញ​ មនុស្ស​ជា​ច្រើន​​នាំ​គ្នា​​ទៅ​កាន់​ព្រះ​បរមរាជ​វាំង​តាំងពី​ព្រឹកព្រលឹម។​ អ្នក​លក់​ដូរ​បាន​តម្រង់​ជួរ​គ្នា​នៅ​តាម​កំពែង​​ព្រះ​បរម​រាជ​វាំង​ ដើម្បី​លក់​នំ​ចំណី​ ព្រះ​ឆា​យា​ល័ក្ខណ៍​ព្រះមហា​វីរក្សត្រ​ នរោត្តម សីហនុ  ក្នុង​​​ព្រះ​រាជ​​តួនាទី​មួយ​ចំនួន​ដូច​ជា​ ​តួនាទី​ជា​បុត្រា ព្រះ​បិតា ព្រះ​ស្វាមី ។

ព្រះ​អង្គ​​ម្ចាស់ ព្រះ​មហាក្សត្រ​ នាយករដ្ឋ​​មន្ត្រី​ អគ្គមេបញ្ជា​ការ​ អ្នក​ផ្សង​ព្រេង​ អ្នក​ផលិត​ខ្សែភាព​យន្ដ និង​សម្ដេចឪ​ ជា​ព្រះ​រាជ​តួនាទី​ដែល​​ព្រះ​អង្គ​ធ្លាប់​មាន​ក្នុង​មួយ​ឆាក​ជីវិត​របស់​ព្រះ​អង្គ។

នៅ​ក្រោម​កម្តៅថ្ងៃ​ពេល​​រសៀល​​ មនុស្ស​​ជា​ច្រើន​តាមបណ្ដោយ​មហាវិថី​សុធារស ដែល​បាន​ធ្វើ​ដំណើរ​ស្រប​ជួ​រជាមួយ​ព្រះ​សង្ឃ​​ជា​ច្រើន​អង្គ​ ដែល​បាន​និមន្ដ​ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន​ដែរ​នោះ​បានយក​​ទឹក​ដាក់​ផ្កាឈូក​​ប្រោះ​ព្រំដល់​មនុស្ស​ជា​ច្រើន​ ដោយ​​បាន​ធ្វើ​ឲ្យ​ដប​ទឹក​សុទ្ធ​ និង​ផ្កាឈូក​នៅ​រាយ​ប៉ាយ​ពេញផ្លូវ​។

អ្នក​កាន់​មរណ​ទុក្ខ​ដោយ​បាន​ឱន​គោរព​ និង​ដៃ​មាន​កាន់​ទៀន​ និង​ធូប​បាន​តម្រង់​ជួរ​គ្នា​រង់​ចាំ​អុជ​ធូប​នៅ​ក្នុង​​កន្លែង​ដោត​​ធូប​ធ្វើ​អំពី​ស៊ីម៉ង់ត៍​ ដែល​គេ​បាន​ដាក់​នៅ​លើ​ចិញ្ចើម​​ផ្លូវ​មុខ​ព្រះ​បរមរាជ​វាំង។​​​អ្នក​កាន់មរណទុក្ខ​ទាំងអស់​បាន​លុតជង្គង់​ បួង​សួង​ និង​ដោត​​ធូប​​ហើយ​បាន​អនុញ្ញាត​ឲ្យ​អ្នក​ក្រោយ​​ចូល​មក​បន្ដ​​ទៀត។

​អ្នក​ដែល​មាន​វត្ត​មាន​ខាង​ក្រៅ​ព្រះ​បរម​រាជ​វាំង​ដែរ​នោះ​ គឺ​កម្មករ​កម្មការិនី​រោងចក្រ​រាប់​ពាន់​នាក់​ ដែល​ត្រូវ​បាន​អនុ​ញ្ញាត​ឲ្យ​ឈប់​សម្រាក​មួយ​ថ្ងៃ​ និង​ត្រូវ​បាន​​សហជីព​ដឹកនាំ​មក​ព្រះ​បរមរាជ​វាំង​។

កម្មករ​រោង​ចក្រ​មួយ​រូប​ឈ្មោះ ឌួង សុខ​លីម អាយុ​៣០​ឆ្នាំ បាន​និយាយ​ថា យើង​មក​ទីនេះ​ជាមួយ​នឹង​មិត្ត​ភក្ដិ​របស់​យើង​ដែល​បាន​ជិះ​រថយន្ដ​ចំនួន​១២​គ្រឿង​។ យើង​មាន​អារម្មណ៍​សោកស្ដាយ​ណាស់ដែលបាត់​បង់​សម្ដេច​ឪ ប៉ុន្ដែ ថ្ងៃ​នេះ​យើង​មាន​អារម្មណ៍​ធូរស្បើយ​បន្ដិច​ហើយ។ ព្រះ​អង្គ​គឺ​ជា​ព្រះ​មហាក្សត្រ​ដ៏​អស្ចារ្យ​ ហើយ​គ្មាន​អ្វីអាច​ប្រៀប​​​ផ្ទឹម​នឹង​ព្រះ​អង្គ​បាន​ឡើយ”៕

ប្រែសម្រួល​ដោយ ស៊ា ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស