មន្ត្រីនគរបាលបាននិយាយថា អ្នកគ្រប់គ្រងរោងចក្រជាជនជាតិចិនទី២ត្រូវបានចាប់ខ្លួនកាលពីម្សិលមិញ ពីបទបានបំផ្លាញព្រះឆាយាល័ក្ខណ៍របស់សម្តេចឪ នរោត្តម សីហនុ ខណៈដែលស្ត្រីជនជាតិចិនម្នាក់ ដែល បានបំផ្លាញព្រះឆាយាល័ក្ខណ៍របស់ព្រះមហាវីរក្សត្រយាងចូលទិវង្គតនៅឯរោងចក្រកាត់ដេរមួយក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃច័ន្ទ ត្រូវបានតុលាការផ្តន្ទាទោស និងព្យួរទោសរយៈពេលមួយឆ្នាំ ។
លោក អុិន ដារា៉ ប្រធានរដ្ឋបាលរបស់រោងចក្រនេះ បានមានប្រសាសន៍ថាស្រ្តីអ្នកគ្រប់គ្រងជាជនជាតិចិនម្នាក់ របស់រោងចក្រស៊ុនលុង (Sunn Lung) នៅក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញ ដែលនគរបាលមិនប្រាប់ឈ្មោះនោះ ត្រូវបានចោទប្រកាន់ពីបទបានបំផ្លាញរូបថតមួយ ដែលមានព្រះភក្ត្រព្រះមហាវីរក្សត្រនៅក្នុងព្រះចន្ទ។
លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា កម្មករកម្មការិនីរាប់រយនាក់នៅឯរោងចក្រនោះបានផ្ទុះកំហឹង ហើយបានបង្ខំឲ្យស្រ្តីរូបនោះទៅព្រះបរមរាជវាំងជាមួយពួកគេ ដើម្បីក្រាបសំពះនៅមុខព្រះឆាយាល័ក្ខណ៍ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ដែលនៅទីនោះក្រោយមកគាត់ត្រូវនគរបាលស្នងការរាជធានីភ្នំពេញចាប់ឃុំខ្លួន។
លោកឧត្តមសេនីយ៍ឯក សុវណ្ណ មានបានប្រសាសន៍បន្តថា “ គាត់បានហែករូបថតមួយសន្លឹក ដែលមានព្រះភក្ត្រព្រះមហាវីរក្សត្រយាងចូលទិវង្គតនៅក្នុងព្រះចន្ទ”។
លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ក្រោយមកថាស្រ្តីជនជាតិចិនរូបនោះត្រូវបានចាប់ខ្លួន និងកំពុងត្រូវនគរបាលរាជធានីភ្នំពេញឃុំខ្លួនបណ្តោះអាសន្ន។
នៅមុខព្រះបរមរាជវាំងមានកម្មកររាប់រយនាក់មកពីរោងចក្រ ស៊ុន លុង បានឡោមព័ទ្ធស្ត្រីជាជនជាតិចិនរូបនោះ ដើម្បីបង្ខំឲ្យគាត់កោរសក់នៅមុនពេលត្រូវបាននគរបាលជាង១០នាក់ ជួយសង្គ្រោះគាត់ដោយចាប់ទាញចេញពីក្រុមកម្មករដ៏មានកំហឹងទាំងនោះ។ ដោយស្លៀកពាក់ខោខូវប៊យ និងពាក់អាវយឺត ត្រូវបានមន្ត្រីនគរបាលពីរនាក់ចាប់គាត់ដាក់លើម៉ូតូ រួចបើកចេញទៅ។
លោក ណុប វន្នី អាយុ២៤ឆ្នាំជាកម្មករម្នាក់នៅរោងចក្រស៊ុនលុងបាននិយាយថា លោក និងកម្មករកម្មការិនីប្រហែល២០០នាក់ចង់ឲ្យអ្នកគ្រប់គ្រងជាជនជាតិចិនរូបនេះកោរសក់ និងសុំទោសនៅខាងមុខព្រះឆាយល័ក្ខណ៍។
លោក ណុប វន្នី បាននិយាយបន្តថា “ ខ្ញុំកំពុងកាន់រូបថត ដែលមានព្រះភក្រ្តព្រះមហាក្សត្រនៅក្នុងព្រះចន្ទមួយសន្លឹក ហើយគាត់បានដើរចូលមកក្នុងបន្ទប់ រួចយករូបថតពីខ្ញុំហើយហែកចោលតែម្តង។យើងទាំងអស់គ្នាចង់ឲ្យគាត់កោរសក់នៅមុខព្រះបរមរាជវាំងដើម្បីសុំទោសចំពោះព្រះមហាវីរក្សត្រដែលបានយាងចូលទិវង្គត”។
លោក អុិន ដារ៉ា ប្រធានរដ្ឋបាលនៅរោងចក្រនេះមានប្រសាសន៍ថា ស្ត្រីជនជាតិចិន ដែលគេមិនប្រាប់ឈ្មោះឲ្យដឹងនោះបានប្រព្រឹត្តិកំហុស។ លោកបានមានប្រសាសន៍បន្តថា “ គាត់មិនបានដឹងថា រូបថតនោះមានព្រះភក្ត្រព្រះមហាវីរក្សត្រទេ”។
កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានចំណាយពេលមិនដល់១៥នាទីផង ដើម្បីបើកសវនាការជំនុំជម្រះទោសស្ត្រីជនជាតិចិនម្នាក់ទៀតឈ្មោះវ៉ាងជាវជាវ ហើយបានរកឃើញពិរុទ្ធភាពធ្វើឲ្យខូចខាតដោយចេតនា តាមរយៈការហែកបំផ្លាញព្រះឆាយាល័ក្ខណ៍ព្រះមហាវីរក្សត្រ ហើយទោសនោះមានចែងក្នុងក្រមព្រហ្មទណ្ឌ។
កាលពីថ្ងៃច័ន្ទ មានកម្មករ កម្មការិនីជាង១.០០០នាក់មកពីរោងចក្រចំនួនបីនៅក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញបាននាំគ្នាធ្វើកូដកម្មតវ៉ាមួយបន្ទាប់ពីអ្នកស្រី វ៉ាង ជាវជាវ អាយុ៤៣ឆ្នាំ បានហែកព្រះឆាយាល័ក្ខណ៍ព្រះមហាវីរក្សត្រព្រះបាទសម្តេច នរោត្តម សីហនុ នៅក្នុងរោងចក្រថប់វើល។
លោក សឿ វ៉ាន់នី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីមានប្រសាសន៍ថា អ្នកស្រី វ៉ាង ជាវជាវ ត្រូវបានផ្តន្ទាទោសនិងព្យួរទោសរយៈពេលមួយឆ្នាំ និងពិន័យជាប្រាក់ចំនួន២,៥លានរៀលនិងបង្គាប់ឲ្យសងសំណងទៅម្ចាស់ព្រះឆាយាល័ក្ខណ៍ពីរសន្លឹកឈ្មោះ សៀង សេងលី ចំនួន២លានរៀល។
អ្នកស្រីវ៉ាង ជាវជាវ នឹងត្រូវបណ្តេញចេញពីប្រទេសកម្ពុជា ឲ្យត្រឡប់ទៅប្រទេសចិនវិញ ដែលបច្ចុប្បន្នកំពុងត្រូវឃុំខ្លួននៅនាយកដ្ឋាននគរបាលអន្តោប្រវេសន៍។
អ្នកស្រី វ៉ាង ជាវជាវ ប្រាប់តុលាការថា “ ខ្ញុំមិនបានធ្វើអ្វីខុសទេ។ ខ្ញុំមិនបានដឹងថា រូបថតនេះជាព្រះឆាយាល័ក្ខណ៍សម្តេចឪដែលប្រជាពលរដ្ឋខ្មែរគោរព និងរំឭកពីព្រះអង្គនោះទេ”។
កម្មការិនីរោងចក្រឈ្មោះ សៀង សេងលីអាយុ៣៩ឆ្នាំ ដែលបានថតរូបអ្នកស្រី វ៉ាង ជាវជាវ ពេលកំពុងហែកព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្របាននិយាយថា នាងពេញចិត្តនឹងសេចក្តីសម្រេចរបស់តុលាការ។
នាងនិយាយបន្តថា “ គាត់បានហែកព្រះឆាយាល័ក្ខណ៍ព្រះសម្តេចឪ ក្រោយពីដណ្តើមពីដៃរបស់ខ្ញុំ ពេលខ្ញុំចាប់ផ្តើមធ្វើការ…ដូច្នេះខ្ញុំមកតុលាការ ដើម្បីឲ្យដឹងច្បាស់ថា គាត់ពិតជាត្រូវបានផ្តន្ទាទោសតាមច្បាប់ ហើយបញ្ជូនគាត់ត្រឡប់ទៅប្រទេសចិនវិញ”។
កាលពីម្សិលមិញ មានករណីទីបីស្រដៀងគ្នានេះដែរ ដែលអ្នកគ្រប់គ្រងម្នាក់ទៀត របស់រោងចក្រមួយនៅក្នុងស្រុកអង្គស្នួលខេត្តកណ្តាលត្រូវបាននាំខ្លួនមកសាកសួរពីបទបំផ្លាញព្រះឆាយាល័ក្ខណ៍ព្រះមហាវីរក្សត្រនៅក្នុងរោងចក្រ អគីដេថ្មី ។
លោក ហៃ សុធាន មេបញ្ជាការកងរាជអាវុធហត្ថស្រុក ព្រមទាំងសាក្សីផ្សេងទៀតនៅក្នុងរោងចក្របាននិយាយថា ជនជាតិចិនរូបនោះឈ្មោះ លាវ គុយឈាង អាយុ៤៥ឆ្នាំដែលសង្ស័យថា បានរឹបអូស និងញីព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ ហើយដាក់នៅក្នុងហោប៉ៅ ជំនួយការរបស់គាត់នៅចំពោះមុខកម្មករប្រហែល២០នាក់ បានបណ្តាលឲ្យកម្មករខឹងយ៉ាងខ្លាំង។លោក មានប្រសាសន៍ថា “ គាត់មិនបានហែកព្រះឆាយាល័ក្ខណ៍ទេ”។ លោកបានបន្ថែមថា ស្ត្រីនោះត្រូវបានឃុំខ្លួនដើម្បីសុវត្ថិភាព។
កម្មការិនីម្នាក់ឈ្មោះ មឿង ហេង អាយុ២១ឆ្នាំបាននិយាយថា ស្ត្រីជាជនជាតិចិននោះត្រូវបានកម្មករចាប់បង្ខំឲ្យក្រាបសំពះនៅមុខព្រះឆាយាល័ក្ខណ៍ព្រះមហាវីរក្សត្រ ព្រះបាតសម្តេច នរោត្តម សីហនុ នៅខាងក្រៅរោងចក្រមុនពេលមន្ត្រីកងរាជអាវុធហត្ថនាំខ្លួនគាត់ចេញទៅ។
លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍ថា អ្នកគ្រប់គ្រងជាជនជាតិចិនរូបនេះនឹងត្រូវបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះ ដើម្បីសាកសួរអំពីករណីនេះ៕
(រាយការណ៍ដោយ ហៃ ស៊ីណា ឃួន ណារីន កាំង ម៉េងហ៊ុន និង Joshua Wilwohl)
ប្រែសម្រួលដោយ ឃិន ណៃ