នៅក្នុងការកែប្រែដ៏ធំមួយសម្រាប់រដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ទីស្តីការគណៈរដ្ឋមន្ត្រីបានប្រកាសកាលពីម្សិលមិញថា ថ្ងៃ២៣តុលា ដែលជាថ្ងៃខួបអនុស្សាវរីយ៍នៃការចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កាលពីឆ្នាំ១៩៩១ ត្រូវបានប្រារព្ធជាថ្ងៃបុណ្យជាតិឡើងវិញហើយពោលគឺប្រាំបីឆ្នាំ បន្ទាប់ពីត្រូវបានលុបចេញពីពិធីបុណ្យជាតិ។
សេចក្តីសម្រេចនេះ បានកែប្រែសារាចរណែនាំមួយរបស់រដ្ឋាភិបាល កាលពីឆ្នាំ២០០៤ ដែលបានលុបថ្ងៃ២៣តុលាចេញពីពិធីបុណ្យជាតិក្នុងប្រតិទិន ដើម្បីលើកតម្កើងដល់ថ្ងៃរំដោះ ៧មករា ដែលរំឭកដល់ការផ្តួលរំលំរបបខ្មែរក្រហម ក្នុងឆ្នាំ១៩៧៩ពីសំណាក់កងកម្លាំងដឹកនាំដោយក្រុមមេដឹកនាំជាន់ខ្ពស់ក្នុងជួរគណបក្សប្រជាជនកម្ពុជា ក្រោមការគាំទ្រពីកងទ័ពវៀតណាម។
អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបានលើកឡើងក្នុងសេចក្តីប្រកាសមួយថា “ រាជរដ្ឋាភិបាលបានសម្រេចយកថ្ងៃ២៣តុលា នៃថ្ងៃចុះកិច្ចព្រមព្រៀងទីក្រុងប៉ារីស ជាថ្ងៃបុណ្យជាតិសម្រាប់មន្ត្រីរាជការ និយោជកនិងបុគ្គលិក កម្មករកម្មការិនីទូទាំងប្រទេសចាប់ពីឆ្នាំ២០១៣ តទៅ”។
សេចក្តីថ្លែងការណ៍នេះមិនបានបញ្ជាក់អំពីហេតុផលដែលរដ្ឋាភិបាលឲ្យយកថ្ងៃ២៣តុលានេះធ្វើជាថ្ងៃបុណ្យជាតិឡើងវិញទេ តែទោះជាយ៉ាងណា ចំណាត់ការនេះធ្វើឡើងចំពេលប្រជាពលរដ្ឋទូទាំងប្រទេសនាំគ្នាសម្រុកមកគោរពព្រះវិញ្ញាណក្ខន្ធសម្តេចឪនរោត្តម សីហនុ បន្ទាប់ពីព្រះអង្គសោយ
ទិវង្គត ដែលព្រះអង្គជាបុគ្គលដ៏សំខាន់ ដោយបានរួមជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងការនាំមកនូវជោគជ័យនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា លោកមិនដឹងពីសេចក្តីសម្រេចឲ្យយកថ្ងៃ២៣តុលាធ្វើជាថ្ងៃបុណ្យជាតិឡើងវិញទេ ដូច្នេះលោកមិនអាចឆ្លើយបំភ្លឺបានទេ។
ក្នុងឆ្នាំ១៩៩១ កិច្ចព្រមព្រៀងជាអន្តរជាតិ ដែលគាំទ្រដោយអង្គការសហប្រជាជាតិនេះ បានបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរៃ៉ នៅប្រទេសកម្ពុជា និងបានត្រួសត្រាយផ្លូវសម្រាប់ប្រទេសកម្ពុជា បោះជំហានពីប្រទេសកុម្មុយនីស្តទៅជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យមួយ និងបានអនុញ្ញាតឲ្យមានអាជ្ញាធរអន្តរកាលរបស់អង្គការសហប្រជាជាតិនៅកម្ពុជា ហៅកាត់ថា អ៊ុនតាក់ អាចរៀបចំ និងឃ្លាំមើលការបោះឆ្នោតជាតិដោយសេរីនិងយុត្តិធម៌នៅក្នុងឆ្នាំ១៩៩៣។
ប៉ុន្តែ កិច្ចព្រមព្រៀងនេះត្រូវបានគណបក្សប្រជាជនកម្ពុជា រិះគន់ជាយូរមកហើយថា មិនបានធ្វើឲ្យពួកខ្មែរក្រហមទម្លាក់អាវុធទេ តែបែរជាបានបន្តប្រយុទ្ធតតាំងនឹងកងកម្លាំងរបស់រាជរដ្ឋាភិបាលរហូតដល់ចុងឆ្នាំ១៩៩៨។ គណបក្សប្រជាជនកម្ពុជានៅឆ្នាំនោះ ក៏បានចាញ់ការបោះឆ្នោតនៅក្នុងឆ្នាំ១៩៩៣ផងដែរ ដោយនាំឲ្យមានរដ្ឋាភិបាលចម្រុះដ៏រកាំរកូសមួយ រវាងគណបក្ស ហ្វុ៊នស៊ិនប៉ិច ដែលជាគណបក្សរាជានិយមដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ជានាយករដ្ឋមន្ត្រីទី១ និងលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីទី២។រដ្ឋាភិបាលចម្រុះនាពេលនោះនៅទីបំផុត បានច្បាំងគ្នាឯងក្នុងឆ្នាំ១៩៩៧ រវាងកងកម្លាំងស្មោះត្រង់នឹងលោក ហ៊ុន សែន ដែលបានយកឈ្នះលើកងកម្លាំងរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ក្នុងសមរភូមិក្នុងរាជធានីភ្នំពេញ។
នៅខាងក្រៅព្រះបរមរាជវាំង កាលពីម្សិលមិញ មនុស្សបីនាក់ដែលបានជួបជុំគ្នា ដើម្បីកាន់ទុក្ខព្រះបរមសពសម្តេចឪ បាននិយាយថា តាំងពីដំបូង ថ្ងៃបុណ្យជាតិនេះមិនគួរណាដកចេញទេ។
លោក ឡុង វិសាល អាយុ៣៤ឆ្នាំ បាននិយាយថា “ ថ្ងៃបុណ្យនេះគួរតែមាន [នៅក្នុងប្រតិទិន] ជារៀងរាល់ឆ្នាំ។ខ្ញុំមិនដឹងថា ហេតុអ្វីបានជារដ្ឋាភិបាលកែប្រែវាទេ។វាជាថ្ងៃដ៏ពិសេសសម្រាប់ប្រជាពលរដ្ឋខែ្មរគ្រប់រូប ពីព្រោះសម្តេចឪគឺជាមនុស្សដ៏សំខាន់នៅក្នុងការនាំមកនូវសន្តិភាពជូនប្រជាពលរដ្ឋជាមួយនឹងកិច្ចព្រមព្រៀងនោះ”៕
ប្រែសម្រួលដោយ តែម សុខុម