29.3 C
Phnom Penh

គ្រួសារ​​​មួយ​​​ចំនួននៅ​ខណ្ឌ​មាន​ជ័យ ​​​ត្រូវ​​​បណ្ដេញ​​​ចេញ​​​ ដើម្បី​​​សម្អាត​​​ប្រឡាយ​​​ពោរពេញ​ដោយ​សំរាម​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​ភូមិ​​​​​​ចំនួន​​​បី​​​គ្រួសារ​​​ត្រូវ​​​បាន​​​បណ្ដេញ​​​ចេញ ហើយ​​​ផ្ទះ​​​របស់​​​ពួក​គាត់​​​ត្រូវ​​​អាជ្ញាធរ​​​ខណ្ឌ​​​មាន​​​ជ័យ​​​ រាជ​​​ធានី​​​ភ្នំពេញ​​​រុះ​​​រើ​​​កាល​​​ពី​​​ម្សិលមិញ​​​ បន្ទាប់​​​ពី​​​មន្ត្រី​​​បាន​​​អះអាង​​​ថាអ្នក​​​ភូមិ​​​ដែល​​​រស់​​​នៅ​​​ទីនោះ​​​កំពុង​​​​​តែ​​​​ពង្រាយ​សំរាម​​នៅ​ក្នុង​​​ប្រឡាយ​​​​​​នោះ​​​​​។

អាជ្ញាធរ​​​បាន​​​ព្រមាន​​​កាល​​​ពី​​​សប្ដាហ៍​​​មុន​​​ថា គ្រួសារ​​​ដែល​​​រស់​​​នៅក្នុង​​​ផ្ទះ​ចំនួន​​​៣៨ខ្នង​នៅ​​​ក្នុង​​​សង្កាត់​​​និរោធ កំពុង​​​តែ​​​កាន់​​​កាប់​​ដី​​នៅ​​​ទី​​​នោះ​​​ដោយ​​​ខុស​​​ច្បាប់​​​​​​ ដូច្នេះ​​​ហើយ​​​ទើប​​​ពួក​​​គេ​​​ត្រូវ​​​តែ​​ផ្លាស់​ចេញ ​​​ដើម្បី​​​ធ្វើ​ឲ្យ​​​ប្រឡាយ​​នោះ​ស្អាត​​​។

ឈ្មោះ​​​ កែវ វិចិត្រ អាយុ​​​៣៦​​​ឆ្នាំ​​​​​​ ជា​អ្នក​​​ភូមិ​​​ម្នាក់​​​​ក្នុង​​​ចំណោម​​​អ្នក​​​ភូមិ​​​​ដែល​​​​​​ត្រូវ​អាជ្ញា​ធរ​រុះ​រើ​ផ្ទះ​ទាំង​នោះ​​​កាល​​​ពី​​​ម្សិលមិញ បាន​​​និយាយ​​​ថា គាត់​​​បាន​​​ស្នើ​​​សុំ​ការ​អនុញ្ញាត​ពី​លោក​​​ ហៀក ចាន់លាង​​​ អភិបាល​​​រង​​​ខណ្ឌ​​​មាន​​​ជ័យ​​​ ដើម្បី​​​​សាង​​​សង់​​​ផ្ទះ​​របស់​គាត់​​​ឡើង​​​វិញ​​​ បន្ទាប់​​​ពី​​ដំណើរ​​​ការ​​​ងារ​​​សម្អាត​​​ប្រឡាយ​នេះ​ចប់​រួច​រាល់។

គាត់​​​​បាន​និយាយ​​​បន្ថែម​​ថា “ ប្រសិន​​​បើ​​​គេ​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​យើង​​​សាង​​​សង់​​​ផ្ទះ​​​ឡើង​​​វិញ​​​នោះ​​​​ទេ​​​ យើង​​​​នឹង​​​​ស្នើ​​​សុំ​​​ប្រាក់​​​សំណង​​​ខ្លះ​​​ៗ​​​ ឬក៏​​​សុំ​​​ដី​​​សម្រាប់​​​រស់​​​នៅ​​​ ព្រោះ​​​​ខ្ញុំ​​​គ្មាន​​​ដី​​​​​​ទេ​​​”។

លោក ចាន់លាង បាន​​​មាន​​​ប្រសាសន៍​​​ថាអ្នក​​​ភូមិ​​​នឹង​​​ត្រូវ​​​អនុញ្ញាត​​​ឲ្យ​​​សាង​​​សង់​​​ផ្ទះ​​​សម្បែង​​​របស់​​​ខ្លួន​​​ឡើង​​​វិញ​​​នៅ​​​កន្លែង​​​ដដែល​​​បន្ទាប់​​​ពី​​​សម្អាត​​​ប្រឡាយ​នេះ​​​​រួច​​​ ប៉ុន្ដែ មិន​​​អាច​​​​សន្យាថា​​​ ពួក​​​គាត់​​​អាច​​​រស់​​​នៅ​​​ទី​​​នេះ​​​បាន​​​យូរ​​​ប៉ុណ្ណា​​​នោះ​​​ទេ​​​។ លោក​​​ក៏​​​បាន​​​ថ្លែង​​​ដែរ​​​ថា លោក​​​មិន​​​ច្បាស់​​​ទេ​​​ថា តើ​​​ពេល​​​ណា​​​ផ្ទះ​​​សម្បែង​​​ដែល​​​នៅ​​​សេស​​​សល់​​​ទី​​នេះ​​​នឹង​​​ត្រូវ​​​រុះ​​​រើ​​​នោះ​​​។

លោក​​​បាន​​​លើក​​​ឡើង​​​ថា “ យើង​​​នឹង​​​​ធ្វើ​តាម​​​សារាចរ​​​ណែ​​​នាំ​​​របស់​​​រដ្ឋាភិបាល​​​ចំពោះ​​​ផ្ទះ​​​ខុស​​​ច្បាប់​​​ដែល​​​សាង​​​សង់​​​លើ​​​ដី​​​សាធា​រណៈ​​​”។ លោកបាន​ថ្លែង​​​ថា “ ប៉ុន្ដែ យើង​​​បាន ​​​ប្រមូល​​​ឈ្មោះ​​​របស់​​​អ្នក​​​ភូមិ​​​ ហើយ​​​នៅ​​​ថ្ងៃ​​​អនាគត​​​ប្រសិន​​​បើ​​​រដ្ឋាភិបាល​​​មាន​​​ដំណោះ​​​ស្រាយ​​​​យ៉ាង​ណា​ចំពោះ​​​​ពួក​​​គាត់​​​នោះ​​​ គឺ​​​ជា​រឿង​​​​មួយ​​​ផ្សេង​​​​ទៀត៕

ប្រែសម្រួល​​​ដោយ ស៊ា ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស