មន្ត្រីមួយរូបនៅប្រៃសណីយ៍កម្ពុជាបានឲ្យដឹងកាលពីម្សិលមិញថា ៧០ភាគរយនៃកញ្ចប់បញ្ញើទាំងអស់ដែលចេញពីប្រទេសកម្ពុជា តាមរយៈសេវាកម្មទទួលបញ្ញើ ដែលគ្រប់គ្រងដោយរដ្ឋ មានផ្ទុកទៅដោយផលិតផលចំណីអាហារក្នុងស្រុក ដែលផ្ញើទៅឲ្យប្រជាពលរដ្ឋកម្ពុជារស់នៅបរទេស។
លោក អោក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជា មានប្រសាសន៍ថាក្នុងចំណោមកញ្ចប់បញ្ញើចំនួន២៦.៦៧៨កញ្ចប់ ដែលមិនរាប់បញ្ចូលកញ្ចប់ឯកសារ និងដែលត្រូវបានផ្ញើនៅក្នុងរយៈពេលប្រាំបួនខែដើមឆ្នាំនេះ១៨.៦៧៥កញ្ចប់មានផ្ទុកទៅដោយចំណីអាហារក្នុងស្រុកដូចជា ប្រហុក និងត្រីងៀតត្រីឆ្អើរជាដើម។
លោកមានប្រសាសន៍ថា “ ការផ្ញើចំណីអាហារប្រភេទទាំងនេះមានតម្លៃថ្លៃបន្តិចហើយ ប៉ុន្តែប្រជាពលរដ្ឋកម្ពុជា ដែលកំពុងបម្រើការងារ ឬកំពុងរស់នៅក្នុងប្រទេសផ្សេងៗ ពិតជាមិនចូលចិត្តរស់ជាតិអាហារបរទេសទេ”។លោកបន្ថែមថា ប្រទេសកូរ៉េខាងត្បូង ម៉ាឡេស៊ីនិងជប៉ុន ស្ថិតក្នុងចំណោមគោលដៅកំពូលៗរបស់កញ្ចប់ទាំងនេះ។
លោកបានបន្តទៀតថា “ យើងសង្កេតឃើញថា ប្រជាពលរដ្ឋរបស់យើងផ្ញើចំណីអាហារទៅឲ្យមិត្តភក្តិ ឬក្រុមគ្រួសាររបស់ខ្លួន ដែលនៅរហូតដល់សហរដ្ឋអាមេរិក និងបារាំង”។លោក បូរ៉ា មានប្រសាសន៍ថា កញ្ចប់ផ្សេងទៀត ភាគច្រើនមានផ្ទុកទៅដោយវត្ថុអនុស្សាវរីយ៍តូចៗ។
យោងតាមតារាងតម្លៃសម្រាប់ការផ្ញើកញ្ចប់បញ្ញើនៅប៉ុស្តិ៍ប្រៃសណីយ៍ក្នុងរាជធានីភ្នំពេញ ការផ្ញើកញ្ចប់មួយដែលមានទម្ងន់ចន្លោះពី១គីឡូក្រាមទៅ៥គីឡូក្រាម ដែលជាកញ្ចប់ចំណីអាហារ ទៅប្រទេសម៉ាឡេស៊ីមានតម្លៃ១៦ដុល្លារ ទៅសិង្ហបុរី មានតម្លៃ២៨ដុល្លារ ទៅកូរ៉េខាងត្បូង ឬហុងកុងមានតម្លៃពី២០ដុល្លារទៅ៤៤ដុល្លារ។
និស្សិតម្នាក់ក្នុងរាជធានីភ្នំពេញ ឈ្មោះស៊ុន ធីតា អាយុ២០ឆ្នាំ និយាយថា“ លោកយាយរបស់ខ្ញុំរស់នៅក្នុងសហរដ្ឋអាមេរិកហើយខ្ញុំផ្ញើប្រហុកទៅជូនគាត់ជាច្រើនលើកក្នុងមួយឆ្នាំ។នៅពេលមានអ្នកមកលេងស្រុកខ្មែរ ម្តាយរបស់ខ្ញុំផ្ញើប្រហុក និងត្រីងៀតត្រីឆ្អើរតាមពួកគាត់ទៅវិញ ព្រោះយើងមិនចង់ចំណាយប្រាក់ច្រើននៅប៉ុស្តិ៍ប្រៃសណីយ៍ ពីព្រោះវាមានតម្លៃថ្លៃណាស់”។
លោក បូរ៉ា បានមានប្រសាសន៍ថា ប្រាក់ចំណូលនៅប៉ុស្តិ៍ប្រៃសណីយ៍កម្ពុជា បានកើនដល់២,៨៧លានដុល្លារសម្រាប់រយៈពេលប្រាំបួនខែដំបូងដើមឆ្នាំនេះ ពោលគឺកើនឡើង៣,៩៧ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នានេះកាលពីឆ្នាំមុន។លោកបន្ថែមថា ប្រាក់ចំណេញបានឈានដល់៣០០.០០០ដុល្លារមុនពេលកាត់ពន្ធរួច។
លោកបន្តថា “ ពេលនេះ យើងកំពុងស្ថិតនៅក្នុងរដូវកាលមានភ្ញៀវទេសចរទាប ដូច្នេះយើងសង្ឃឹមថា កញ្ចប់បញ្ញើនឹងកើនឡើងជាថ្មីទៀតក្នុងខែវិច្ឆិកានិងខែធ្នូ ហើយយើងក៏រំពឹងថា នឹងទទួលបានកំណើនប្រហែល១០ភាគរយផងដែរសម្រាប់ឆ្នាំនេះ”។
កាលពីខែមិថុនាឆ្នាំ២០១០ សេវាប្រៃសណីយ៍របស់កម្ពុជា ទទួលបានឯករាជ្យពេញលេញពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយបានក្លាយជាសហគ្រាសសាធារណៈមួយ។នៅមុនពេលបំបែកខ្លួនចេញ លោក បូរ៉ា បានមានប្រសាសន៍បន្ដថា សេវាប្រៃសណីយ៍មិនចំណេញទេ។
លោកបានថ្លែងថា “ ចាប់តាំងពីយើងផ្តាច់ខ្លួនចេញពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍មក យើងមិនបានចំណេញទេ ទើបតែបានចំណេញនៅពេលនេះប៉ុណ្ណោះ”៕
ប្រែសម្រួលដោយ តែម សុខុម