ក្រុមមន្ត្រីបានឲ្យដឹងថា អ្នកគ្រប់គ្រង រោងចក្រកាត់ដេរជនជាតិចិនម្នាក់ត្រូវបាននិរទេសកាលពីម្សិលមិញ បន្ទាប់ពីត្រូវបានព្យួរទោសរយៈពេលមួយឆ្នាំពីបទហែកព្រះឆាយាល័ក្ខណ៍សម្តេចឪ។លោកចៅក្រម លឹម សុគន្ធា បានលើកឡើងថា ការនិរទេសខ្លួនត្រូវបានធ្វើឡើងខណៈអ្នកគ្រប់គ្រងរោងចក្រជនជាតិចិនម្នាក់ទៀត ឈ្មោះ លីវ គុយឈាង ត្រូវសាលាដំបូងខេត្តកណ្តាលចោទប្រកាន់ពីបទហែកព្រះឆាយាល័ក្ខណ៍របស់សម្តេចឪដោយចេតនា។
ចៅក្រម សុគន្ធា នៅសាលាដំបូងខេត្តកណ្តាល បានមានប្រសាសន៍ថា “ អ្នកគ្រប់គ្រងរូបនេះនឹងត្រូវឡើងសវនាការ[នៅថ្ងៃនេះ]នៅវេលាម៉ោង៩ព្រឹក”។
លោក ហៃ សុធាន មេបញ្ជាការកងរាជអាវុធហត្ថស្រុកអង្គស្នួល បានថ្លែងថា កាលពីថ្ងៃអង្គារ អ្នកស្រី លីវ គុយឈាង អាយុ៤៥ឆ្នាំ បានរឹបអូស និងញីព្រះឆាយាល័ក្ខណ៍របស់សម្តេចឪហើយបន្ទាប់មកបានដាក់ចូលទៅក្នុងហោប៉ៅ របស់ជំនួយការគាត់នៅចំពោះមុខកម្មករ កម្មការិនីប្រហែល២០នាក់នៅរោងចក្រកាត់ដេរ អគីដេថ្មីក្នុងស្រុកអង្គស្នួលខេត្តកណ្តាល។ នៅពេលនោះ កម្មករ កម្មការិ នីបានខឹងយ៉ាងខ្លាំង ហើយបានប្រមូលផ្តុំគ្នាឡោមព័ន្ធស្ត្រីរូបនេះមុនពេលកម្មករម្នាក់ផ្សេងទៀតបានទូរស័ព្ទហៅនគរបាល។
លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងថា អ្នកស្រី លីវគុយឈាង កំពុងតែត្រូវកងរាជអាវុធហត្ថឃុំខ្លួន។ ការចោទប្រកាន់ពីបទបំផ្លាញទ្រព្យសម្បត្តិដោយចេតនាមានទោសជាប់ពន្ធនាគារពីប្រាំមួយខែទៅពីរឆ្នាំ និងត្រូវពិន័យជាប្រាក់ពី១លានរៀលទៅ៤លានរៀល។
នគរបាលបានលើកឡើងថា កាលពីម្សិលមិញ ដដែលនោះ អ្នកគ្រប់គ្រងរោងចក្រជនជាតិចិនរូបនេះត្រូវបានរកឃើញពិរុទ្ធភាពកាលពីថ្ងៃអង្គារពីបទហែកព្រះឆាយាល័ក្ខណ៍សម្តេចឪដោយចេតនានៅរោងចក្រ ថប់ វើលក្នុងខណ្ឌមានជ័យ រាជធានីភ្នាំពេញ ត្រូវបាននិរទេសខ្លួនទៅកាន់ប្រទេសចិនវិញកាលពីព្រឹកម្សិលមិញ។
លោក ពិន ពិសិដ្ឋ ប្រធាននាយកដ្ឋាននគរបាលអន្តោប្រវេសន៍នៅក្រសួងមហាផ្ទៃ បានថ្លែងថា “ ស្ត្រីជនជាតិចិនរូបនេះត្រូវនិរទេសខ្លួនចេញពីប្រទេសកម្ពុជាហើយ”។ កាលពីថ្ងៃច័ន្ទ កម្មករ កម្មការិនី រោងចក្រជាង១.០០០នាក់មកពីរោងចក្រចំនួនបីក្នុងខណ្ឌមានជ័យ បាននាំគ្នាតវ៉ាបន្ទាប់ពី វ៉ាង ជាវ ជាវ អាយុ៤៣ឆ្នាំ បានហែកព្រះឆាយាល័ក្ខណ៍សម្តេចឪចំនួនពីរសន្លឹកនៅរោងចក្រ ថប់ វើល។
សាលាដំបូងរាជធានីភ្នំពេញបានពិចារណាជិត១៥នាទីមុនពេលសម្រេចព្យួរទោសរយៈពេលមួយឆ្នាំចំពោះ អ្នកស្រី វ៉ាង ជាវជាវ។ អ្នកស្រី ក៏ត្រូវបានពិន័យជាទឹកប្រាក់២,៥លានរៀលផងដែរ ហើយត្រូវបានបញ្ជាឲ្យសងជំងឺចិត្តដល់ម្ចាស់ព្រះឆាយាល័ក្ខណ៍ចំនួន២លានរៀល។
មន្ត្រីនគរបាលម្នាក់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលបដិសេធមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា អ្នកស្រី វ៉ាង ជាវជាវ បានជិះយន្តហោះពីភ្នំពេញទៅកាន់ខេត្ត ខ្វាងចូវ ប្រទេសចិនវិញហើយ។
នៅក្នុងករណី ដោយឡែកទី៣មួយទៀត នគរបាលរាជធានីភ្នំពេញ បានឲ្យដឹងកាលពីម្សិលមិញថា ពួកគេមិនបានចាប់ខ្លួនអ្នកគ្រប់គ្រងរោងចក្រជនជាតិចិន ដែលកម្មករ កម្មកា
រិនីចោទប្រកាន់ថា បានញីព្រះឆាយាល័ក្ខណ៍សម្តេចឪនៅរោងចក្រកាត់ដែរ ស៊ុន ឡុង ក្នុងខណ្ឌមានជ័យនោះទេ។ លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា “ យើងគ្រាន់តែនាំអ្នកស្រី ទៅកាន់ការិយាល័យរបស់ខ្ញុំ ដើម្បីធានាសុវត្ថិភាពរបស់គាត់”។
កាលពីថ្ងៃអង្គារ អ្នកគ្រប់គ្រងរោងចក្រមួយរូប ដែលនគរបាលមិនបានបញ្ចេញឈ្មោះ ត្រូវបានកម្មករកម្មការិនី ដែលខឹងសម្បានាំទៅកាន់ព្រះបរមរាជវាំង និងបានបង្ខំឲ្យអ្នកស្រីក្រាបសំពះនៅមុខព្រះឆាយាល័ក្ខណ៍សម្តេចឪ។នៅពេលមនុស្សមួយក្រុមធំកំពុងវាយតប់ ស្ត្រីរូបនេះ នគរបាលបានចាប់ទាញគាត់ដាក់លើម៉ូតូដឹកយកទៅបាត់៕
ប្រែសម្រួលដោយ សា៊ ស៊ុយឈាង