40.9 C
Phnom Penh

​កម្ពុជា​ឡើង​ចំណាត់​ថ្នាក់​ល្អជាង​មុន​ក្នុង​របាយការណ៍​ស្តី​ពី​ការ​ធ្វើ​អាជីវ​កម្ម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

របាយ​ការ​ណ៍​ប្រចាំ​ឆ្នាំ​របស់​ធនាគារ​ពិភព​​លោក​ (World Bank)​ ស្តី​អំពី​ “ ​ការ​ធ្វើ​អាជីវកម្ម​” ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ បាន​​បង្ហាញ​ថា​ ប្រទេស​កម្ពុជា​ឡើង​ចំណាត់​ថ្នាក់​ប្រសើរ​ជាង​មុន​ចំនួន​ប្រាំ​លេខ​ ពោល​គឺ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី១៣៣​ ក្នុង​ចំណោម​១៨៥​ប្រទេស​ ហើយ​វិស័យ​ធនាគារ​បាន​រួម​ចំណែក​​ច្រើន​ជាង​គេបន្ទាប់ពី​ការ​បើក​ឲ្យ​ដំណើរ​ការ​ដោយ​ជោគ​ជ័យ​នូវ​ការិយាល័យ​ផ្តល់​ព័ត៌​មាន​ឥណ​ទាន​របស់​ប្រទេស​កម្ពុជា។

បើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ក្នុង​តំបន់​ ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​​លំដាប់​ថ្នាក់​អន់​ជាង​ប្រទេស​ វៀត​ណាម​ និង​ប្រទេស​ថៃ​ ដែល​ប្រទេស​ទាំង​ពីរ​នេះ​ជាប់​ចំណាត់​ថ្នាក់​ទី​៩៩​ និង​ទី​១៨​ ក៏​ប៉ុន្តែ​ ប្រទេស​កម្ពុជា​ ជាប់​ចំណាត់​ថ្នាក់​ប្រសើរ​ជាង​ប្រទេស​​ឡាវ​យ៉ាង​ច្រើន ​ដោយ​ប្រទេស​ឡាវ​ជាប់​ចំណាត់​ថ្នាក់​ទី​១៦៣។​ ប្រទេស​សិង្ហបុរី​ជាប់​ចំណាត់​ថ្នាក់ទី១​នៅ​ក្នុង​ការធ្វើ​អាជីវកម្ម។

របាយ​ការណ៍​នេះ​បាន​ចាត់​ចំណាត់​ថ្នាក់​របស់​ប្រទេស​នីមួយៗ​ ដោយ​ផ្អែក​លើ​១០​ចំណុច​ ដែល​ជា​ចំណុច​វាស់​វែង​អំពី​ភាព​ងាយ​​ស្រួល​នៅ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ ហើយ​ប្រទេស​​កម្ពុជា​លោត​ឡើង​បាន​ចំនួន​៤៥​ថ្នាក់​ ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​ទី៥៣​នៅ​លើ​ពិភព​លោក​​លើ​ចំណុច​ ដែល​វាស់​វែង​អំពី​ភាព​ងាយ​​ស្រួល​ក្នុង​ការ​ខ្ចី​ប្រាក់​ឥណទាន។​ ធនាគារ​ពិភព​លោក​ បាន​បង្ហាញ​ថា​ ចាប់​តាំង​ពី​ខែ​មីនា​​មក​ ការ​ខ្ចី​ប្រាក់​ឥណទាន​ កាន់​តែ​មាន​ភាព​ងាយ​​ស្រួល​ជាង​មុន​ ដោយ​សារ​ធនាគារ​ទាំង​ឡាយ​​អាច​​ទទួល​​ព័ត៌​មាន​ស្តីអំពី​ប្រវត្តិ​ឥណទាន​របស់​​អ្នក​ខ្ចី​ប្រាក់​ ដែល​មាន​ចំនួន​១,១​លាន​នាក់។

របាយ​ការណ៍​នេះ​បាន​បង្ហាញ​ដោយ​មាន​ខ្លឹម​សារ​ដូច្នេះទៀត​ថា​ “ លើស​ពី​នេះ​ទៅ​ទៀត​ បទប្បញ្ញត្តិ​លើ​ការ​ចែក​ចាយ​ព័ត៌មាន​ ដែល​​ត្រូវ​បាន​ដាក់​ចេញ​កាល​ពី​ ខែ​ឧសភា​ ឆ្នាំ​​២០១១​​​ អនុញ្ញាត​ឲ្យ​អ្នក​ខ្ចី​ប្រាក់​​មាន​សិទ្ធ​ត្រួត​​ពិនិត្យ​​មើល​ទិន្នន័យ​ស្តីអំពី​ប្រវត្តិ​ខ្ចី​ប្រាក់​របស់​ខ្លួន​”។

ប្រទេស​កម្ពុជា​ ក៏​មាន​ការ​ចាត់​ចែង​ល្អ​ខាង​​ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លង​ដែន​ផង​ដែរ​ ដោយ​កម្ពុជា​ឡើង​ចំណាត់​ថ្នាក់​ចំនួន​២​លេខ​ ពោល​គឺ​​ទទួល​បាន​ចំ​ណាត់​ថ្នាក់​ទី១១៨​នៅ​លើ​ពិភព​​លោក​ ខណៈ​ដែល​ប្រាក់​ចំណូល​សរុប​ពី​ការ​ធ្វើ​ពាណិជ្ជ​កម្ម​បាន​កើន​ឡើង​ចំនួន​២០​ភាគ​រយ​ នៅ​ក្នុង​រយៈ​ពេល​ប្រាំ​បួន​ខែ​ដំបូង​ឆ្នាំ​នេះ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០១១។

ក៏​ប៉ុន្តែ​ របាយ​ការណ៍​នេះ​ បានបង្ហាញ​ថា​ ប្រទេស​កម្ពុជា​នៅ​តែ​មិន​មាន​ការ​រីក​ចម្រើន​ខាង​វិស័យ​ដឹក​ជញ្ជូន​ទំនិញ​ចេញ​ចូល​ប្រទេស​នៅ​ឡើយ។​ ដូច​កាល​ពី​ឆ្នាំ​ ២០១១​ដែរ​ ក្រុម​ហ៊ុន​អាជីវកម្ម​នានា​ ត្រូវ​តែ​បំពេញ​ទម្រង់​បែប​បទ​ចំនួន​ប្រាំ​បួន​ ដើម្បី​នាំ​ទំនិញ​ចេញ​ ហើយ​ដើម្បី​ឲ្យ​ទំនិញ​អាច​ចេញ​ពី​ប្រទេស​កម្ពុជា​រួច​ ជា​មធ្យម​គេ​នៅ​តែ​ត្រូវ​ចំណាយ​ពេល​​ចំនួន​២២​ថ្ងៃ​ដូច​មុន​ ហើយ​តាម​ពិត​ទៅ​ការ​បញ្ជា​ទិញ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ពេល​ទំនិញ​​ត្រូវ​បាន​ដឹក​ជញ្ជូន​ដាក់​លើ​នាវារ​រួច​រាល់​។​ របាយការណ៍​នេះ​ ក៏​បាន​បង្ហាញ​ទៀត​ថា​ ការ​ឡើង​ថ្លៃ​ប្រេង​ឥន្ធនៈ​ បាន​ធ្វើ​ឲ្យ​ចំណាយ​លើ​ការ​នាំ​ទំនិញ​ចេញ​កើន​ឡើង​ ពោល​គឺ​បាន​កើន​​ឡើង​ពី​ចំនួន​៧៣២​ដុល្លារ​ដល់​ចំនួន​៧៥៥​ដុល្លារ​​ក្នុង​មួយ​កុងតឺណ័រ​នាពេល​បច្ចុប្បន្ន​នេះ។

ប្រទេស​កម្ពុជា​ពិត​បាន​ធ្លាក់​ចំណាត់​ថ្នាក់​​ក្នុង​ចំណុច​នៅសល់​ចំនួន​ប្រាំ​ពីរ​ទៀត​ ដូច​ជា​ ការ​ជួយ​សម្រួល​ក្នុង​ការ​ចុះ​បញ្ជី​អចល​ន​​ទ្រព្យ​ ការ​ទទួួល​បាន​ថាម​ពល​អគ្គិសនី​ប្រើប្រាស់​ ដំណោះ​ស្រាយ​លើ​កង្វះ​ថវិកា​ ការ​បើក​អាជី​វ​កម្ម​ ដំណោះ​ស្រាយ​លើ​ការ​អនុញាត​ក្នុង​ការ​សាងសង់​ ការ​ពារ​វិនិយោគិន​ ការ​បង់ពន្ធដារ​ ព្រម​ទាំង​ការ​បង្ខិត​បង្ខំ​ឲ្យ​ចុះ​កិច្ច​សន្យា។

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស