នគរបាលប្រកាសកាលពីម្សិលមិញថា មនុស្សបួននាក់ដែលត្រូវបានចាប់ខ្លួនពីបទសង្ស័យថា បានចាប់ជំរិត និងធ្វើឃាតយ៉ាងព្រៃផ្សៃកាលពីថ្ងៃអង្គារលើស្ត្រីអាយុ១៩ឆ្នាំម្នាក់ ដែលមេខ្លោងរបស់ក្រុមនេះ បានទាក់ទងលើកដំបូងតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook)។
នគរបាលបានលើកឡើងនៅឯសន្និសីទកាសែតកាលពីម្សិលមិញដើម្បីប្រកាសពីការចាប់ខ្លួនជនទាំងនេះថា ជនរងគ្រោះឈ្មោះ លីម ស្រីពេជ្រ ដែលតាមរយៈរូបថតជាច្រើនរបស់នាងបានបង្ហាញឲ្យឃើញថា ជាស្ត្រីម្នាក់មានរាងស្ដើង សាច់ម៉ដ្ឋរលោង ដោយមានលាបថ្នាំសក់ពណ៌ក្រហម និងមានសម្លៀកបំពាក់ទាន់សម័យ ជួបជនសង្ស័យឈ្មោះ ស៊ុន គីមហេង អាយុ២៣ឆ្នាំ តាមរយៈហ្វេសប៊ុក កាលពីបីខែមុន។
លោក ជួន ណារិន ស្នងការរងនគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា “ ជំហានដំបូងយើងបានចាប់ខ្លួនមេខ្លោងឈ្មោះ ស៊ុន គីមហេង ដែលបានសម្លាប់ជនរងគ្រោះនៅក្នុងផ្ទះជួលរបស់ខ្លួនបន្ទាប់ពីបានហៅជនរងគ្រោះដែលខ្លួនស្គាល់តាមរយៈហ្វេសប៊ុក ឲ្យទៅផ្ទះរបស់ខ្លួន”។លោកបន្ដថា អ្នកសមគំនិតចំនួនបីនាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនតាមក្រោយនៅថ្ងៃដដែល។
លោកបានថ្លែងថា “ វាជាលើកដំបូងហើយដែលយើងបានជួបប្រទះនឹងករណីបែបនេះ ដែលស្ត្រីជាឃាតករមានទំនាក់ទំនងជាមួយជនរងគ្រោះតាមរយៈហ្វេសប៊ុកបន្ទាប់មកសម្លាប់ជនរងគ្រោះ ហើយជំរិតទារប្រាក់ពីគ្រួសាររបស់នាង”។
លោក ជួន ណារិន បានមានប្រសាសន៍ថា បន្ទាប់ពីមានទំនាក់ទំនងតាមអុីនធើណិតជនសង្ស័យឈ្មោះ គីមហេង បានហៅជនរងគ្រោះ លីម ស្រីពេជ្រ ដែលឪពុុកម្ដាយរបស់នាងជាអ្នកលក់រថយន្ដ ឲ្យទៅផ្ទះរបស់ខ្លួន ដើម្បីពិភាក្សាអំពីការចាប់ផ្ដើមជំនួញលក់សម្លៀកបំពាក់។
បន្ទាប់ពីបានទៅដល់ផ្ទះជនសង្ស័យឈ្មោះ គីមហេង នៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន កាលពីរសៀលថ្ងៃអង្គារ ស្ត្រីជាជនរងគ្រោះអាយុ១៩ឆ្នាំរូបនេះបានអង្គុយមើលទូរទស្សន៍នៅលើសាឡុងនៅក្នុងបន្ទប់ទទួលភ្ញៀវ ពេលនោះជនសង្ស័យបានមកពីក្រោយជនរងគ្រោះ ហើយបានយកខ្សែរឹតកនាងតែម្តង។
ជនរងគ្រោះ លីម ស្រីពេជ្រ មិនទាន់ស្លាប់ទេ គឺគ្រាន់តែសន្លប់តែប៉ុណ្ណោះ ហើយនៅពេលនោះជនសង្ស័យឈ្មោះ គីមហេង បានយកបង់ស្អិតរុំមាត់របស់នាង ហើយបន្ទាប់មកដាក់នាងចូលទៅក្នុងឃ្លុបរថយន្តម៉ាកតូយ៉ូតារបស់ខ្លួន និងបានបើករថយន្ដចេញទៅឃុំអង្គពពែ ស្រុកគងពិសី នៅក្នុងខេត្តកំពង់ស្ពឺ ជាទីដែលជនសង្ស័យបានទម្លាក់ជនរងគ្រោះចូលទៅក្នុងប្រឡាយ។
បន្ទាប់មក គីមហេង បានត្រឡប់មកផ្ទះវិញ ហើយបានប្រើទូរស័ព្ទដៃរបស់ជនរងគ្រោះ លីម ស្រីពេជ្រ ដើម្បីទូរស័ព្ទទៅកាន់ឪពុកម្ដាយរបស់នាង ដោយប្រាប់ថា ខ្លួនបានចាប់ជំរិតកូនស្រីរបស់ពួកគាត់ហើយ ហើយបានទារប្រាក់លោះចំនួន៥០.០០០ដុល្លារ។ បន្ទាប់ពីចរចាជាមួយនឹងគ្រួសារជនរងគ្រោះដែលមិនបានដឹងថា កូនរបស់ខ្លួនត្រូវបានសម្លាប់ហើយនោះ ឈ្មោះ គីមហេង បានបន្ថយការទាមទាររបស់ខ្លួនមកត្រឹម ១៦.០០០ដុល្លារ។
លោក ជួន ណារិន បានពន្យល់ប្រាប់ថា នគរបាលដែលឪពុកម្ដាយជនរងគ្រោះបានទាក់ទង បន្ទាប់ពីឮដំណឹងដំបូងពីជនចាប់ជំរិត បានផ្ដល់ដំបូន្មានដល់គ្រួសាររបស់ជនរងគ្រោះឲ្យប្រាប់ឈ្មោះ គីមហេង ទៅយកប្រាក់នៅធនាគារ ហើយពេលជនសង្ស័យទៅយកប្រាក់នគរបាលបានរង់ចាំចាប់ខ្លួនស្ត្រីរូបនេះតែម្តង។
លោក ជួន ណារិន បានមានប្រសាសន៍បន្ថែមថា “ ជនសង្ស័យត្រូវបានចាប់ខ្លួនបន្ទាប់ពីជនសង្ស័យបានបើករថយន្ដទៅយកប្រាក់លោះពីឪពុកម្ដាយរបស់ជនរងគ្រោះនៅឯធនាគារមួយដែលស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស។
បន្ទាប់ពីនគរបាលបានសួរចម្លើយរួចឈ្មោះ គីមហេង បានសារភាពថា ខ្លួនមិនបានធ្វើសកម្មភាពនេះតែម្នាក់ឯងនោះទេ ហើយបានប្រាប់នគរបាលឲ្យស្វែងរកអ្នករួមគំនិតបីនាក់ផ្សេងទៀត ដែលមានស្ត្រីម្នាក់និងបុរសពីរនាក់ ដោយក្នុងនោះ មានម្នាក់ជាមិត្តប្រុសរបស់ គីមហេង។ នគរបាល
បានឃុំខ្លួនជនសង្ស័យបីនាក់ផ្សេងទៀតនៅរសៀលថ្ងៃនោះ ប៉ុន្ដែ កាលពីម្សិលមិញ នគរបាលមិនបានផ្ដល់ព័ត៌មានលម្អិតថា ពួកគេបានចូលរួមពាក់ព័ន្ធនៅក្នុងគម្រោងធ្វើឃាតនេះដោយវិធីណាឡើយ។
កាលពីម្សិលមិញ នគរបាលបានត្រឡប់ទៅកាន់កន្លែងកើតហេតុវិញជាមួយនឹងជនសង្ស័យ គីមហេង ហើយបានឲ្យជនសង្ស័យធ្វើសកម្មភាពធ្វើឃាតនោះឡើងវិញ។ ប្រព័ន្ធផ្សព្វផ្សាយ ក៏មានវត្តមាននៅកន្លែងធ្វើសកម្មភាពឡើងវិញនោះដែរ ហើយខ្សែវីដេអូមួយត្រូវបានបង្ហោះភ្លាមៗនៅតាមអុីនធើណិត។
នៅក្នុងខ្សែវីដេអូនោះ បានបង្ហាញថា ជនសង្ស័យ គីមហេង ដែលនៅក្នុងបន្ទប់ទទួលភ្ញៀវដ៏ស្អាតមួយ បានមកពីក្រោយស្ត្រីម្នាក់ដែលដើរតួជាជនរងគ្រោះ លីម ស្រីពេជ្រ បានយកខ្សែរមករឹតករបស់នាង រហូតដល់សន្លប់នៅលើសាឡុងនោះ។
ជនសង្ស័យ គីមហេង និងអ្នករួមគំនិតបីនាក់ផ្សេងទៀតឥឡូវកំពុងតែឃុំខ្លួននៅឯស្នងការដ្ឋាននគរបាលរាជធានី ហើយនឹងត្រូវបញ្ជូនទៅកាន់តុលាការ ដើម្បីចោទប្រកាន់នៅថ្ងៃនេះ។
ការធ្វើឃាតដ៏ព្រៃផ្សៃលើជនរងគ្រោះលីម ស្រីពេជ្រ គឺជាឃាតកម្មទាក់ទងនឹងហេ្វសប៊ុកលើកដំបូង ដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា។
កាលពីខែកក្កដា ស្ត្រីជនជាតិនីហ្សេរីយ៉ា អាយុ២៤ឆ្នាំម្នាក់ឈ្មោះ ស៊ីនធីយ៉ា អូសូកូហ្គូ (Cynthia Osokogu) ត្រូវមនុស្សដែលនាងធ្លាប់ស្គាល់តាមហ្វេសប៊ុកចាប់ជំរិត ហើយសម្លាប់នៅក្នុងសណ្ឋាគារឡាហ្គូស (Lagos) ដោយធ្វើឲ្យមានការចុះផ្សាយជាច្រើននៅក្នុងប្រព័ន្ធផ្សព្វផ្សាយនីហ្សេរីយ៉ា ពាក់ព័ន្ធនឹងគ្រោះថ្នាក់ដែលបង្កឡើងដោយគេហទំព័របណ្ដាញទំនាក់ទំនងសង្គម៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង