25 C
Phnom Penh

អ្នក​​​ជំនាញរបស់​​​ អ.ស.ប.៖ បុគ្គលិក​​​នៅ​​​ អ.វ.ត.ក. ​អាច​​​នឹង​​​បាត់​​​បង់​​​ការងារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​​​ថ្ងៃ​​​សុក្រ ​លោក ​ដេវីដ ​សេហ្វឺ​(David ​Scheffer) អ្នកជំនាញ​​​ពិសេស​​​របស់​​​អង្គ​​​ការ​​​​សហ​​​ប្រ​​​ជា​​​ជាតិ​​​ ហៅ​​​កាត់ អ.ស.ប. បាន​​​ជូន​​​ដំណឹង​​​​ដល់​​​​បុគ្គលិក​​​ជាតិ​​​ និង​​​អន្តរ​​​ជាតិនៅ​​​អង្គ​​​ជំនុំ​​​ជម្រះ​​​វិសាមញ្ញ​​​​ក្នុង​តុលាការ​​​កម្ពុជា ​ហៅ​កាត់ អ.វ.ត.ក. ថា ពួកគេ​​​ចាំ​​​បាច់​​​ត្រូវ​​​តែ​​​​រៀប​ចំ​ផែន​ការ​គ្រាអាសន្ន​​ដែល​អាច​កើត​មាន​ឡើង​​នៅ​ពេល​មិន​មាន​​​​​ការ​ផ្តល់​មូល​​​និធិ​សម្រាប់​​​បន្ត​​​ប្រតិបត្តិ​​​ការ​​​​​​​​ មាន​​​ន័យ​​​ថា ពួកគេ​​​អាច​​​នឹង​​​បាត់​​​បង់​​​ការ​​​ងារ។

លោក ដេវីដ  ​​​មាន​​​ប្រ​​​សាសន៍​​​ថា ​កិច្ច​​​​ប្រ​​​ជុំ​​​សម្ងាត់​​​ជា​​​មួយ​​​បុគ្គលិក​​​នៅ​​​សាលា​​​ក្តី​​​ខ្មែរ​​​ក្រហម​នេះ​​​មិនមែន​​​រៀប​​​ចំ​​​ឡើង​​​ក្នុង​​​គោល​​​បំណង​​​​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​នោះ​ទេ ប៉ុន្តែ​​​​ធ្វើ​​​​តាម​​​សំណើពី​​អង្គ​ភាព​​​ធន​​​ធាន​​​មនុស្ស​​​របស់​​​រដ្ឋអាមេរិក ​​​ពីព្រោះ​​​​​​នៅ​​ខ្វះ​​​ថវិកា​​​​ចំនួន​​​៣​​​លាន​​​​ដុល្លារ​​​សម្រាប់​​​ឲ្យ​សាលា​​​ក្តី​​ខ្មែរ​​​ក្រហម​​​​ដំណើរ​​​ការ​​​ឆ្លង​​​ផុត​​​ដំណាច់​​​ឆ្នាំ​​​នេះ។

លោក ដេវីដ សេហ្វឺ បាន​​​មាន​​​ប្រ​​​សា​​​សន៍​​​​បន្ថែម​​​ទៀត​​​ថា រូបលោកកំពុង​​​តែ​​​ខិត​​​ខំ​​​ខ្នះ​​​ខ្នែង​​​យ៉ាង​​​ខ្លាំង​​ដើម្បី​​​ធានាថា មិន​មាន​បុគ្គលិក​ណា​ម្នាក់​​បាត់​​​បង់​​​ការងារឡើយ។

លោក​​​ ដេវីដ សេហ្វឺ បាន​​​លើក​​​ឡើង​​​បន្ត​​​ថា “ នេះ​​​គឺ​​​ជា​​​កិច្ច​​​ប្រ​​​ជុំ​​​សម្ងាត់​​​ជា​​​មួយ​​​បុគ្គលិក​​​សាលា​​​ក្តី​​​ដើម្បី​​ក្រើន​​​រំឭក​​​ពួកគេពី​​​លទ្ធ​​​ភាព​​​នៃ​​​ការ​​​ជូន​​ដំណឹង​​​​​​ទាក់​​​ទិន​​​នឹង​​​កិច្ច​​សន្យា​​​របស់​​​ពួក​​​គេ។​​​យើង​​​តម្រូវ​​​ឲ្យ​​​ធ្វើ​​​បែប​​​នោះ​​​តាម​​​បទ​​​ប្បញ្ញត្តិ​​​របស់​​​អង្គ​​​ការ​​​សហ​​​ប្រជាជាតិ​​​ ដើម្បី​ឲ្យ​​បុគ្គលិក​ទាំង​អស់​បាន​ដឹង”។

លោក េដវីដ សេហ្វឺ បាន​​​​មាន​​​ប្រ​​​សាសន៍​​បន្ថែម​ទៀត​​​ថា “ ប្រសិន​​​បើ​​​មិន​​​ទទួល​​​បាន​​​មូល​​​និធិ​​​ទេ ពួកគេ​​​​​​ត្រូវ​​​ដឹង​​ឲ្យ​បាន​​​ឆាប់ៗ​​​តាម​​​ដែល​​​អាច​​​ធ្វើ​​​ទៅ​​​បាន​​​អំពី​​​យថា​​​ភាព។​​​ ពេល​​​នេះ​​​មិន​​​ទាន់​​​មាន​​​អ្វី​​​​កើត​​​ឡើង​​​ទេ។ នេះ​​​​​​គ្រាន់​​​

តែ​​​ជា​​​ការ​​​​​​បង្ហើប​​​ឲ្យ​ដឹង​​ជា​​​​​មុន​​ថា អាច​​​នឹង​មានការបាត់​បង់​ការ​ងារ​ ប្រសិន​​​បើ​​​មិន​​​ទទួល​​​បាន​​​មូល​​​និធិ​​​ទេ ​ហើយ​នៅ​ពេល​នោះ​ពួកគេ​​​​នឹង​​​ទទួល​បាន​​​ការ​​​ជូន​ដំណឹង​​​”។​​​​​​​​​​​​​​​​​​​​

កាល​​​ពីថ្ងៃ​​​សុក្រ ប្រភព​​​មួយ​​បាន​​​លើក​​​ឡើង​​​​ពីអា​​​រម្មណ៍​​​​​​រំជើប​​​រំជួលនៅ​​​ក្នុងទិដ្ឋភាពនៃ​​​កិច្ច​​​ប្រ​​​ជុំ​​​​នោះ​​​​​​ ហើយបានបន្ត​​​ថា បុគ្គលិក​​​សាលា​​ក្តី​​​ខ្មែរ​​​ក្រហម​​​ជា​​​ច្រើន​​​ដែល​​​បាន​​​ចូល​​​រួម​​ “ មិន​​​សប្បាយ​​​ចិត្ត​​​ទាល់​​​តែ​​​សោះ”។

លោក ដេវីដ សេហ្វឺ បានមាន​​​ប្រ​​​សាសន៍​​​​ទៀតថា លោក​​​បាន​​​ជំរុញ​​​លើក​​​ទឹក​​​ចិត្ត​​​បុគ្គ​លិក​​​នៅសាលា​​​ក្តី​​​ខ្មែរក្រហមឲ្យ​​​បន្ត​​ធ្វើ​​​ការ​​​ងារ​​​របស់​​​​ខ្លួន​​​ ហើយ​​​ថា លោក​​​កំពុង​​​តែ​​​ព្យាយាម​​​ធ្វើ​​​កិច្ច​​​ការ​​​គ្រប់​​​យ៉ាង ​​​ដើម្បី​​បញ្ចៀស​​​មិន​​​ឲ្យ​​​បុគ្គលិក​​​ណាម្នាក់​​​បាត់​​​បង់​​​ការ​​​ងារ​​​ឡើយ។

ក្រៅ​​​ពី​​​ចូល​​​រួម​​​កិច្ច​​​ប្រ​​​ជុំ​​​ជា​​​មួយ​​បុគ្គលិក​​​សា​​​លា​​​ក្តី​​​ លោក ដេវីដ សេហ្វឺ ក៏​​​បាន​​​ចំ​​​ណាយ​​​​ពេល​​​​មួយ​ថ្ងៃ​​​សុក្រ​​​ចូល​​​រួម​​​ក្នុង “ កិច្ច​​​ពិ​​​ភាក្សា​​​ដ៏​​​តាន​​​តឹង​​​” ជា​​​មួយ​​​​​​​តំណាង​​​មក​​​ពីស្ថាន​​​ទូត​​​បរទេស​​​មួយ​​​ចំនួន​​​ផងដែរ ក្នុង​​​កិច្ច​​​ខំ​​​ប្រឹង​​​ប្រែង​​​​ដើម្បីបំពេញ​​​ថវិកាដែលខ្វះ​​​ខាត​​​ចំនួន​​​៣លាន​​​ដុល្លារ​​សម្រាប់​ឆ្នាំ២០១២នេះ​។

លោក​​​ ដេវីដ សេហ្វឺ  បានមាន​​​ប្រ​​​សាសន៍​​​​ថា កិច្ច​​​ពិ​​​ភាក្សា​​​នេះ​​​​​បាន​​​បន្ត​​​រហូត​​​ដល់​​​ពេល​​​ល្ងាច​​​ ប៉ុន្តែបាន​​​ធ្វើ​​​ឲ្យ​​​លោក​ “ ​​​មានក្តី​​​សង្ឃឹម​​​ជា​​​ខ្លាំង​​​ថា យើង​​​នឹង​​​​​​អាច​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​​​​បាន​​​សម្រាប់​​​​ឆ្នាំ​​​២០១២ ​​​​​​ដែល​​នៅ​​​ខ្វះ​​​ថវិកា​​​ចំនួន​​​​៣​​​លាន​​​ដុល្លារទៀត”។

លោក យ៉ូសុី អាបេ (Yoshi Abe) លេខា​ទី២​​​​ទទួល​​​បន្ទុក​​​ផ្នែក​​​ព័ត៌​​​មាន ​​​និង​​​វប្ប​​​ធម៌​​នៃ​​​​​​ស្ថាន​​ទូត​​​ជប៉ុន ​​​បាន​​​បញ្ជាក់​​​​ថា ​​​តំណាង​​​របស់​​​ប្រទេស​ជប៉ុនបាន​​​ជួប​​​ជា​​​មួយ​​​លោក​​​ ដេវីដ ​សេហ្វឺ  កាល​​​​ពី​​​ថ្ងៃ​​​សុក្រសប្តាហ៍នេះ។

ប្រទេស​​​ជប៉ុន ​​​គឺ​​​ជា​​​ម្ចាស់​​​ជំនួយ​​ធំ​​​បំផុត​​​​​​របស់​​​សាលា​​​ក្តី​​​ខ្មែរ​​​ក្រហម​​​ ពោល​​​គឺ​​​ប្រទេស​មួយនេះ​បាន​ផ្តល់​​​មូល​​​និធិ​​​ជិត​​​៧០​​​លាន​​​ដុល្លារ​​​រួច​ទៅ​​​​ហើយ​​​ដល់​​​សាលា​​​ក្តី​​​ខ្មែរ​​​ក្រហម គិត​​​មក​​​ទល់​​​នឹង​​​ខែ​​​មិថុនាឆ្នាំនេះ។

លោក តាតស៊ូយ៉ា ម៉ាជីដា (Tatsuya Machida) ទី​​​ប្រឹក្សា​​​នៅស្ថាន​​​ទូត​​​ជប៉ុន ប្រចាំ​​រាជធានីភ្នំពេញ បាន​សរសេរ​ក្នុង​​​អីុម៉េល​​​មួយថា “ កិច្ច​​​ប្រ​​​ជុំ​​​នៅ​​​ថ្ងៃ​​​នេះ​​​ មាន​​​ការ​​​ផ្លាស់​​​ប្តូរ​​​ទស្សន​​​គ្នា​​​ទៅ​​​វិញ​​​ទៅ​​​មក​​​អំពី​បញ្ហា​​នានា រួម​ទាំង​​​ដំណើរ​​​ការ​​​កាត់​​​ក្តី​​​​​​របស់​​​តុលាការ​នេះ​ និង​​​ស្ថាន​​​ភាព​​​ហិរញ្ញ​​​វត្ថុ​​​ដែល​សាលា​​​ក្តី​​​ខ្មែរ​​​ក្រហម​​​កំពុង​​​ប្រ​​​ឈម​​​ផង​​​ដែរ។​​​តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា ដោយ​​​សារ​តែ​​​​កិច្ច​​​ប្រ​​​ជុំ​​​នេះ​​​មាន​​​លក្ខណៈ​​​មិន​​ផ្លូវ​​​ការនោះ​ យើង​សុំ​​​មិន​​​ធ្វើ​​ការ​​​​អត្ថាធិប្បាយ​ទេ”។​​​​​​​​​

នេះ​​មិន​​​មែន​​​ជា​​​លើក​​​ទី​​១ទេ​​ដែល​​​សាលា​​​ក្តី​​​ខ្មែរ​​​ក្រហម​​​ ដែល​​​ពឹង​​​ផ្អែក​​​លើ​​​ជំនួយ​​​បរទេស​​​មាន​​​បញ្ហា​​​ហិរញ្ញ​​​វត្ថុ​​​ខ្លាំងនោះ​​​។​​​បុគ្គ​​លិក​​​ជាតិ​​​នៅ​​​សាលា​​​ក្តី​​​ខ្មែរ​​​ក្រ​​​ហម​​​មិន​​​ទាន់​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​ចន្លោះ​​​ពី​​​ខែ​​​តុលា​​​ឆ្នាំ​​​២០១១ ​​ដល់ខែ​​​កុម្ភៈ​ ឆ្នាំ២០១២នេះទេ។

កាល​​​ពី​​​ថ្ងៃ​​​ពុធ លោក និលណុន ​​ប្រធាន​​​អង្គ​​​​​​ជំនុំជម្រះ​​​នៅ​​​សាលា​​​ក្តី​​​ខ្មែរ​​​ក្រហម បាន​​​ប្រ​​​កាស​​​ថា សវ​​​នា​​​ការ​​​នឹង​​​ត្រូវ​​​កាត់​​​បន្ថយ​​​មក​​​នៅ​​​ត្រឹម​​​បី​​​ថ្ងៃ​​​វិញ​​​ក្នុង​​​មួយ​​​សប្តាហ៍​​​ នៅពេល​​​ដំណើរ​​​​​​ការ​​​បន្ត​​​ឡើង​​​វិញ​​​នៅ​​​ថ្ងៃ​​​ទី​​​៥ខែ​​​វិច្ឆិកា​​​បន្ទាប់​​ពី​​​បាន​​​​ឈប់​សម្រាក​​​មួយ​​រយៈ​​​ពេល​​​ខ្លី។

លោកចៅក្រម និល ណុន បាន​មាន​ប្រសាសន៍​​បន្ថែម​ទៀតថា ការ​​​កាត់​​​បន្ថយ​​​ថ្ងៃ​​​ធ្វើ​​​ការ​​ មួយ​​​ផ្នែក​​​បណ្តាល​​​​មក​​ពី​​​ខ្វះ​​​មូល​​​និធិ។ លោក ដេវីដ សេហ្វឺ ​​​បានមានប្រ​​​សាសន៍​​​បន្ថែមទៀតថា ការ​​​គំរាម​​​កំហែង​​​បន្ទាន់​​​ចំពោះ​​​អនាគត​​​របស់​​​សាលា​​​ក្តី​​​ខ្មែរ​​​ក្រហម​​​ គឺ​​​ការ​​​​ធានា​ឲ្យ​ទទួលបាន​​​មូល​​​និធិ​​​សម្រាប់​​​ឆ្នាំ​​​​​​​ក្រោយ​ដើម្បី​​​ដក​​​ការ​​​ផ្អាក​​​ជួល​​​​បុគ្គលិក​​ដែល​​​បាន​​​អនុ​​​វត្ត​​​កាល​ពី​​​​ខែ​​​កក្កដា កន្លងមក។ លោក ដេវីដ សេហ្វឺ ​​​បានមាន​​​ប្រ​​​សាសន៍​​​ថា “ឧបសគ្គ​​​ពិត​​​ប្រា​​​កដ ​​​គឺ​​​ការ​ធ្វើ​​​ឲ្យ​​​ប្រាកដ​​​​​​ថា ខ្ញុំ​​​​​​រៃ​​​អង្គាស​​​​​​​​​​មូល​​​និធិ​បាន​គ្រប់​គ្រាន់​ពី​​​​រដ្ឋា​ភិ​បាល​​​​​​សម្រាប់​​​ឆ្នាំ២០១៣ ដើម្បី​អាច​ដក​ការ​​​ផ្អាក​​​ជួល​​​​បុគ្គលិក​​​​វិញ​​​បាន”។

លោក ដេវីដ សេហ្វឺ  ថែម​ទាំង​បាន​​​​លើក​​​ឡើង​​​ទៀតថា លោកមាន​ក្តី​​​សង្ឃឹម​​​ថា ​​​ការ​​​អំពា​​​វ​​​នាវ​​​សុំ​​​​​មូល​​​និធិដែល​​​ខ្វះ​​​ខាត​​​សម្រាប់​​​​​​ឆ្នាំ​​​២០១២​​ នឹង​​​មាន​​​អ្នក​​​​​​​ជួយ​​​បំពេញ ហើយបាន​អះអាង​ថា កត្តា​​​នោះ​​​នឹងអាច​ធានា​ឲ្យ​​ទទួល​​​បាន​​​មូល​​​និធិ​​​សម្រាប់​​​ឆ្នាំ​​​បន្ទាប់។

អ្នក​ជំនាញ​ពិសេស​របស់​អង្គការ​សហ​ប្រជា​ជាតិរូប​នេះ ​​​​ក៏​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​បុគ្គលិក​​​នៅ​​​សាលា​​​ក្តី​​​ខ្មែរ​​​ក្រហមស៊ូទ្រាំ និងរក្សាភាព​​​អត់​​​ធ្មត់​​​ផង​ដែរ។

លោក ដេវីដ សេហ្វឺ បានមាន​​​ប្រ​​​សាសន៍​​​បន្ត​​​ថា​​​ “ ខ្ញុំ​​​បាន​​​ស្នើ​​​សុំ​​​ឲ្យ​​​បុគ្គលិក​នៅ​សាលា​ក្តីខ្មែរក្រហម​ ​​​រក្សា​​​ភាព​​​អត់​​​ធ្មត់​​​ជា​​​មួយ​​​នឹងខ្ញុំ​​​ ទុក​​​ឲ្យ​​​ខ្ញុំ​​ជាអ្នកដោះ​​​ស្រាយ​​​បញ្ហា​​នេះ ​​​ខ្ញុំកំពុង​​​ខំ​​​ប្រឹង​ប្រែង​​​អស់​​​ពី​​​កម្លាំង​​​កាយ​​​ចិត្ត​​​ដើម្បី​​​ដោះ​​​ស្រាយឧបសគ្គ​​​នេះ ហើយ​​ខ្ញុំ​​​នឹង​​​ធ្វើ​​​ដំណើរ​​​តាម​​​ជើង​​​ហោះ​​​ហើរ​​​ពី​​​ទី​​​នេះ​​​ទៅ​​​កាន់​​​រដ្ឋធានី​នៃ​​​ប្រទេស​​​ផ្សេងៗដើម្បី​​​ជំរុញ​​​​ឲ្យ​មាន​ការ​ផ្តល់​មូល​និធិ”៕

ប្រែ​​​សម្រួល​​​ដោយ តែម សុខុម​​​​​​​​​

                 

​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស