41.3 C
Phnom Penh

រដ្ឋាភិបាល​​​អនុម័ត​​​ថវិកា​​​ចំនួន​​​៣​​​ពាន់​​​លាន​​​ដុល្លា​​​រ សម្រាប់​​​ការ​ចំណាយសរុប​​​​ក្នុង​​​ឆ្នាំ​​​២០១៣

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​សេចក្ដ​​​ី​ប្រកាស​មួយ​​​ដែល​​​ចេញ​​​​ផ្សាយ​​​ដោយ​​​ទី​​​ស្ដី​​​ការ​​​គណៈរដ្ឋ​​​មន្ត្រី​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​បាន​​​ឲ្យ​​​ដឹង​​​ថា រដ្ឋាភិបាល​​​បាន​​​បែង​​​ចែក​​​​​​ថវិកា​​​ជាង​​​៣​​​ពាន់​​​លាន​​​ដុល្លា​​​សម្រាប់​​​​​ការ​ចំណាយ​​​សរុប​​​​របស់​​​រដ្ឋា​​​ភិបាល​​​ក្នុង​​​ឆ្នាំ​​​២០១៣​​​ ដែល​​​មាន​​​ការ​​​កើន​​​ឡើង​​​ចំនួន​​​១៩,២​​​​ភាគរយ​​​លើ​​​ថវិកា​​​ចំនួន​​​២,៦​​​ពាន់​​​លាន​​​ដែល​​​រដ្ឋា​​​ភិបាល​​​​មាន​គម្រោង​​​​ចំណាយ​​​​សម្រាប់​ឆ្នាំ​​​២០១២​​​។ 

​​​សេចក្ដី​​​​ប្រកាស​នោះ​​​មិន​​​បាន​​ផ្ដល់​​​​ព័ត៌​មាន​​​​លម្អិតថា ​​​តើ​​​ថវិកា​​បុ៉ន្មាននឹង​​​ត្រូវ​​​បែង​​​ចែក​​​តាម​​​​វិស័យ ​​​​និង​​​ក្រសួង​នានា​​​​នោះ​ទេ ​ប៉ុន្តែ​​​ បាន​​​បញ្ជាក់​ថា នឹង​​​​ផ្ដោត​​​ការ​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​លើ​​​ការ​​​កែ​​​លម្អ​​​ផ្នែក​​​សុខា​​​ភិបាល​​​និង​​​អប់​​​រំ​។

សេចក្ដី​​​​ប្រកាស​នេះ​​​​​​​ឲ្យ​​​ដឹង​​​ផង​​​ដែរ​​​ថា ​ថវិកា​​​​​​​ដែល​ត្រូវ​ចំណាយ​​​​ក្នុង​​​ឆ្នាំ​​​​​​បោះ​​​ឆ្នោត​​​​នឹងត្រូវ​​​ចំណាយ​​​២០​​​ភាគរយ​​​បន្ថែម​​​សម្រាប់​​​មន្ត្រី​​​រាជការ និង​​​កង​​​កម្លាំង​​​ប្រ​​​ដាប់​​​អាវុធ។

សេចក្ដី​​​ប្រកាស​នេះ​​​​បន្ដ​​​ថា “ថវិកា​​​នេះ​​​នឹង​​​​​​ផ្ដល់​​​អាទិ​​​ភាព​​​សម្រាប់​​​បង្កើន​​​និង​​​​ពង្រឹង​​គុណភាព​​ការ​ងារ​ក្នុង​​វិស័យ​​​សង្គម​​​កិច្ច ជា​ពិសេស​​​ សម្រាប់​​​​វិស័យ​អប់​​​រំ សុខា​ភិបាល ការ​កសាង​​ធន​​​ធាន​​​មនុស្ស​​​ និង​​​សុវត្ថិ​​​ភាព​​​សង្គម​”។

សេចក្ដី​​​​ប្រកាស​នេះ​បាន​​​បន្ថែម​​​ថា “ ថវិកា​នេះ​នឹង​​​ធានាឲ្យ​​​មាន​​​ការ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​រដ្ឋ​​​សភា និង​​​ជំរុញឲ្យ​​​មាន​​​ការ​​​អនុវត្ត​​​ច្បាប់​​​គ្រប់​​​គ្រង​​​រដ្ឋ​​​បាល​​​រាជធានី ខេត្ត ក្រុង​​​ ស្រុក​​​និង​​​ខណ្ឌរហូត​​​ដល់​​​ថ្នាក់​​​ក្រោម​​​ជាតិ (ច្បាប់​​​​រៀប​ចំ​អង្គការ)”។

សេចក្ដី​​​​ប្រកាស​នេះ​​​បន្ដ​​​ថា ការ​​​បែង​​​ចែក​​​ថវិកានេះផ្អែក​​​តាម​យុទ្ធសាស្ត្រ​​​ចតុកោណ​​​ដំណាក់​កាល​ទី​២ ​ដើម្បី​​​ទទួល​​​បាន​​​នូវ​​​កំណើនការ​​​ងារ សមភាព និង​​​ប្រសិទ្ធភាព និង​​​ផ្អែក​តាម​​​​​ផែន​​​ការ​​​យុទ្ធ​​​សាស្ត្រ​​​អភិវឌ្ឍន៍​​​​ថ្នាក់​ជាតិ សម្រាប់ឆ្នាំ២០០៩-២០១៣​​​។ថវិកា​នេះ​ក៏​នឹង​​​ជួ​​​យ​ទ្រទ្រង់​​​​ឲ្យ​​​មាន​​​កំណើន​​​ផ្នែក​​​នាំ​​​ចេញ ​និង​ឆ្លើយ​​​តប​​​តាម​​​គោល​​​ដៅ​​​ដែល​លោក ​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ​បាន​កំណត់ ​ដើម្បី​​​​នាំ​​​​អង្ករ​ចេញ​​​ចំនួន​​​១​​​លាន​​​តោន​​​ ​​​ឆ្នាំ​​​ក្រោយ​​។

សេចក្ដី​​​​ប្រកាស​នេះ​​​​ក៏​​​បាន​​​លើក​​​ឡើង​​​ដែរ​​​ថា​​​ “ថវិកា​​​នេះ​​​ក៏​​​មាន​​​បំណង​​​ជួយ​​​រដ្ឋា​​​ភិបាល​​​ក្នុង​​​ការ​​​កែ​​​ទម្រង់​រដ្ឋ​បាល​សាធារណៈ ​ការ​​​គ្រប់​​​គ្រង​​​ហិរញ្ញវត្ថុ​​​សាធារណៈ ការ​​​កែ​​​ទម្រង់​​​តុលាការ​​​និង​​​ច្បាប់ កែទម្រង់​​រដ្ឋបាល​គ្រប់​គ្រង​ដី​ធ្លីនិង​​​ការ​​​កែទម្រង់​​​​​​កង​​​ទ័ព​​​”។

សេចក្ដី​​​​ប្រកាស​នេះ​បន្ថែម​​​ថា “ រដ្ឋា​ភិបាល​​​នឹង​​​បន្ដដំឡើង​​​ប្រាក់​​​បៀវត្សរ៍​​គោល​​​របស់​​​មន្ត្រី​​​រាជការ​​​ និង​​​កង​​​កម្លាំង​​​ប្រដាប់​​​អាវុធ ​ព្រមទាំង​​​ដំឡើងប្រាក់​​​ខែ​​​២០​​​ភាគរយ​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៣”។

ទោះបី​​​ជា​​​ការ​​​ចំណាយ​​​មាន​​​ការ​​​កើន​ឡើង​​​​ក៏​​​ដោយ ក៏​​​លោក យឹម សុវណ្ណ អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មាន​​​ប្រ​​​សាសន៍​​​ថា ​ថវិកា​​​ដែល​​​បាន​​​ស្នើ​​​ឡើង​​នោះនឹង​​​​មិន​អាច​ជួយ​​​ជំរុញវិស័យ​​​អាទិភាព​​​មួយ​​​ចំនួននៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជាបាន​ទេ។

លោក​​​មាន​​​ប្រសាសន៍ថា “អតិ​​​ផរណា ​នៅ​​​តែ​ជា​​​បញ្ហា​​​សម្រាប់​​​ប្រជា​​​ពល​​​រដ្ឋ​​​កម្ពុជា ​តម្លៃ​​​ទំនិញក្នុង​​​ទី​​​ផ្សារ​​​មាន​​​ការ​​​កើន​​​ឡើង​​​​យ៉ាង​ខ្លាំង​ បើ​​​ធៀប​​​ទៅ​​​នឹង​​​ការ​ដំឡើង​ប្រាក់​បន្តិច​បន្តួច​​សម្រាប់​​​មន្ត្រី​​​រាជការ​​​និង​​​កង​​​កម្លាំង​​​ប្រដាប់​​​​អាវុធ​របស់​​​​រដ្ឋា​​​ភិបាល”។

លោក​​​បាន​​​បន្ថែម​​​ថា រដ្ឋាភិបាល​​​គួរតែ​​​អនុម័ត ថវិកា​​​យា៉ង​​​ហោច​​​ណាស់​​​ចំនួន​​​៤​​​ពាន់​​​លាន​​​ដុល្លារ​​​ដើម្បី​​​ជំរុញ វិស័យ​​​មួយ​​​ចំនួន​​​ដូច​​​ជា វិស័យ​​​អប់​​​រំ សុខាភិបាល​និង​​​ប្រាក់​​​ខែ​​​សមរម្យ​​​សម្រាប់​​​មន្ត្រី​រាជ​ការ​។

លោក​បាន​​​ថ្លែងថា “ ប្រសិន​​​បើ​​​គណបក្ស​​​សង្គ្រោះជាតិ​​​របស់​​​យើង​​ឈ្នះ​​​ឆ្នោត​​​ឆ្នាំ​​​ [២០១៣] យើង​​​នឹង​​​ធ្វើ​​​វិសោធ​​​ន​កម្ម​​​ ច្បាប់​​​​នេះដើម្បី​​​ដំឡើង​​​ប្រាក់​​​​ខែ​​​សម្រាប់​​​កម្មករ​​​រោង​​​ចក្រ ឲ្យ​​​ទទួល​​​បាន​​​ប្រាក់​ខែ​​​គោល​តិច​​​បំផុត​​​១៥០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ និង​​​​ប្រាក់​ខែ​មន្ត្រី​រាជ​ការ​ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ដូចជា​នគរបាល​យ៉ាង​​តិច​​​២៥០​​​ដុល្លារ ក្នុង​​​មួយខែ”​។

កាល​​​ពី​​​ថ្ងៃ​​​សុក្រ ទី​​​ស្ដីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​ក៏​​​បាន​​​អនុម័ត​​​លើ​​​ការ​​​ចំណា​យថវិកា​​​របស់​​​រដ្ឋាភិ​​​បាល​​​ក្នុង​​​ឆ្នាំ​​​២០១១​ដែរ​ ​ែដល​នៅ​ឆ្នាំ​នោះ សេដ្ឋ​​​កិច្ច​​​កើន​​​ឡើង​​​​​​៧,១​​​ភាគរយ ​ហើយមាន​​ការ​ចំណាយ​​​ទឹក​​​​​​ប្រាក់​​​ចំនួន​​​២,៤ ​ពាន់​​លាន ដុល្លារ​​​៕

 ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា​​​​​​​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស