27.5 C
Phnom Penh

​​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ចំនួន​បី​ទៀត​​​ ​នឹងហោះ​ហើរ​មក​​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ក្រុម​ហ៊ុន​ អាកាស​យាន​ដ្ឋាន​កម្ពុជា​ (Cambodia Airports)​ ដែល​ជា​ក្រុម​ហ៊ុន​ គ្រប់​គ្រង​ និង​ធ្វើ​ប្រតិបត្តិ​ការ​អាកាស​យាន​ដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ នៅ​​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ ក្រុម​ហ៊ុន​អាកាស​ចរណ៍​អន្តរជាតិ​ចំនួន​បី​ទៀត​ នឹង​ចាប់​ផ្តើមធ្វើ​ប្រតិបត្តិ​ការ​ហោះហើរ​មក​កាន់​អាកាស​យាន​​ដ្ឋាន​អន្តរជាតិ​ចំនួន​ពីរ​របស់​ប្រទេស​កម្ពុជា។

ក្រុម​ហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា​ បាន​ប្រកាស​នៅ​ក្នុង​សប្តាហ៍​នេះ​ថា​ ក្រុម​ហ៊ុន​ អាកាសចរណ៍​ ឡាវ​ (Lao Central​Airlines)​ និង​ក្រុម​ហ៊ុន​ កាតា​ អ៊ែរវេ​ (Qatar Airways)​ នឹង​ផ្តល់​សេវាកម្ម​ហោះ​ហើរ​មក​កាន់​រាជធានី​ភ្នំ​ពេញ​ ហើយ​ក្រុម​ហ៊ុន​ ខុនឌ​ (Condor)​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ ហ្វ្រែង​ហ្វឺត​ (Frankfurt)​ ប្រទេស​អាល្លឺម៉ង់​ នឹង​ផ្តល់​សេវាកម្ម​ហោះ​ហើរ​ដោយ​ផ្ទាល់​មក​កាន់​ខេត្ត​សៀម​រាប។

ក្រុម​ហ៊ុន​ ខុនឌ​ គឺ​ជា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​មួយ​ ក្នុង​ចំណោម​ក្រុម​ហ៊ុន​អាកាសចរណ៍​ទាំង​បី​ ដែល​នឹង​ហោះ​ហើរ​មក​ចុះ​ចត​នៅ​ក្នុង​ប្រទេស​កម្ពុជា​មុន​គេ។​ ក្រុម​ហ៊ុន​នេះ​ ផ្តល់​សេវាកម្ម​ហោះ​ហើរ​រៀង​រាល់​សប្តាហ៍​ ពី​ទី​ក្រុង​ ហ្វ្រែង​ហ្វឺត​ ដោយ​ប្រើ​យន្ត​ហោះ​ធុន​ បូ៊អុីង​ ៧៦៧អេស​ (Boeing 767s)​ ហើយ​នឹង​ចាប់​ផ្តើម​ការ​ហោះ​ហើរ​នៅ​ថ្ងៃ​ទី​៣​ ខែ​វិច្ឆិកា​ ហើយ​ក្រុម​ហ៊ុនពីរផ្សេង​ទៀត​ នឹង​ចាប់​ផ្តើម​ធ្វើ​ប្រតិបត្តិ​​​ការ​​ហោះ​ហើរ​តាម​ក្រោយ។

ក្រុម​ហ៊ុន​អាកាស​យាន​ដ្ឋាន​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​ អាកាសចរណ៍​ឡាវ​ និង​ក្រុម​ហ៊ុន​ កាតា អ៊ែរវេ​ កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាលរង់​ចាំ​សេចក្តី​សម្រេច​ពី​អគ្គ​លេខា​ធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ ដែល​ជា​និយតករ​អា​កាស​ចរណ៍​របស់​ប្រទេស​កម្ពុជា​នៅ​ឡើយ។

ក៏​ប៉ុន្តែ​ ក្រុម​ហ៊ុន​ កាតា​ អ៊ែរវេ​ បាន​ឲ្យដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ទ្វីតធើ​ (Twitter)​ថា​ ខ្លួន​នឹង​ចាប់​ផ្តើម​ហោះ​ហើរ​មក​រាជធានី​ភ្នំ​ពេញ​នៅ​ ខែ​កុម្ភៈ៕​

ប្រែសម្រួល​ដោយ​ ហួង​ កុក​ទៀន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស