29 C
Phnom Penh

ក្រុម​ហ៊ុន​ផ្តល់​សេវាកម្មបម្រើការតាមផ្ទះ​អាចជា​ជម្រើស​សម្រាប់​កាត់​បន្ថយ​ចំណាក​ស្រុក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមហ៊ុន​​ផ្តល់​សេវាកម្ម​បប្រើការតាមផ្ទះ​ថ្មី​មួយ​ ដែល​អះ​អាង​ថា​ ជា​ក្រុម​ហ៊ុន​ផ្តល់​សេវា​​កម្ម​ផ្នែក​បម្រើការតាមផ្ទះ​តែ​មួយ​គត់​នៅ​ប្រទេសកម្ពុជា​ កំពុង​តែ​ផ្តល់​ជា​ជម្រើស​ការងារ​បន្ថែម​ទៀត​ ដល់​ពលករ​កម្ពុជា​ ដែល​ប្រឈមមុខ​នឹង​ស្ថាន​ភាព​ការងារ​គ្មាន​សុវត្ថិ​ភាព​ និង​មាន​ការ​រំលោភ​បំពាន​នៅ​ឯ​បរទេស​។

លោក​ ឈួរ​ ឈុនហួរ​ ម្ចាស់​ក្រុម​ហ៊ុន​ មីង​ ហួរ​ ហូម សឺវីស​ (Ming Hour Home Service)​ បានមាន​ប្រសាសន៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ ក្រុម​ហ៊ុន​របស់​លោក​បាន​បើក​ដំណើរ​ការ​កាល​ពី​ខែ​កក្កដា​ ហើយ​ជ្រើស​រើស​ពលករ​ឲ្យ​ចូល​បម្រើ​ការ​ងារ​បាន​ចំនួន​៣០០​នាក់​ហើយ។​ ពលករ​ទាំង​នោះ​មាន​វ័យ​ចន្លោះ​ពី​១៨​ ដល់​ ៤៥​ឆ្នាំ​ ហើយ​ភាគ​ច្រើន​បម្រើការ​ងារ​ជា​អ្នកបម្រើ​ការ​តាមផ្ទះ​ ក៏​ប៉ុន្តែ​ មាន​អ្នក​ខ្លះ​បម្រើការ​ងារ​ជា​ ចុង​​ភៅ​ អ្នក​ថែ​ទាំ​ក្មេង​ អ្នក​បម្រើ​នៅ​តាម​ភោជ​​នីយដ្ឋាន​ និង​អ្នក​លក់​ដូរ​ឲ្យ​ក្រុម​ហ៊ុន​ជា​ដើម។

លោក​ ឈុនហួរ​ បាន​ឲ្យ​ដឹង​ទៀត​ថា​ ពល​ករ​របស់​លោក​ ត្រូវ​បាន​ធានា​ថា​ នឹង​ទទួល​បាន​ប្រាក់​ខែ​អតិបរមា​ចំនួន​៦៥​ដុល្លារ​ក្នុង​មួយ​ខែ​ ហើយ​ទទួល​​​ការការ​ពារ​ពី​សំណាក់​ក្រុមហ៊ុនក្នុង​ករណី​ពលករ​ត្រូវ​គេ​ប្រើ​អំពើហិង្សា​ ឬក៏បំពារ​បំពាន​ផ្លូវ​ភេទ​ ពីព្រោះ​អតិថិជន​ ដែលត្រូវ​​​ការ​ពលករ​ត្រូវ​តែ​ចុះ​កិច្ច​សន្យា​ជា​មុន​សិនមុន​ពេល​​​ជួល​ពលករ​ពីក្រុម​ហ៊ុន​របស់​លោក។

លោក​ ​មាន​ប្រសាសន៍​ដូច្នេះ​ថា​ “ យើង​មាន​ចុះ​កិច្ច​សន្យា​ ដើម្បី​ធានា​ឲ្យ​បាន​នូវ​លក្ខខណ្ឌ​​ការ​ងារ​ ដែល​មាន​សុវត្ថិ​ភាព។​ ប្រសិន​បើ​មាន​អ្វី​កើត​ឡើង​ ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ម្ចាស់​ផ្ទះ​ ឬក៏​ក្រុម​ហ៊ុន​ នោះ​យើង​នឹង​ទៅ​ដោះ​​ស្រាយ​បញ្ហា​ភ្លាមៗ​”។

លោក​ ហែម ប៊ុននី​ ប្រធាន​នាយក​ដ្ឋាន​មុខ​របរ​ និង​ការងារ​ នៅ​ឯ​ក្រសួង​ការងារ​បាន​មាន​ប្រសាសន៍​ថា​ ក្រុម​ហ៊ុន​ផ្តល់​សេវា​កម្ម​បម្រើការ​តាមផ្ទះ​ អាច​ជួយ​លើក​ទឹក​ចិត្ត​ពល​ករ​កុំឲ្យ​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​បរទេស។

លោក​បាន​ឲ្យ​ដឹង​ដូច្នេះ​ថា​ “យើង​ចង់​មាន​ក្រុម​ហ៊ុន​ផ្តល់​ការ​ងារ​ធ្វើ​នៅ​ក្នុង​ស្រុក​ច្រើនដើម្បី​ធ្វើ​យ៉ាង​ណា​កុំឲ្យ​ពួក​គេ​[ពលករ]​ធ្វើ​ចំ​ណាក​ស្រុក​”។កាល​ពី​ខែ​តុលា​ រដ្ឋា​ភិបាល​កម្ពុជា​ បាន​ចេញ​បញ្ជា​បិទ​មិន​ឲ្យ​ទីភ្នាក់​ងារ​ជ្រើសរើស​ពលករ​បញ្ជូន​ពលករ​ទៅ​ធ្វើការ​ងារ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ទៀត​ បន្ទាប់​ពី​មាន​របាយការណ៍​ស្តីអំពី​ការ​រំលោភ​បំពាន​ពលករ​នៅ​ទីនោះ​កាន់​តែ​ច្រើន​ឡើង។

កញ្ញា​ រស់​ លក្ខ​ណ៍វ័យ​២២​ឆ្នាំ​ ដែល​ទើប​តែ​វិល​ត្រឡប់​មក​ពី​បម្រើការ​ងារ​ជាអ្នក​បម្រើការតាមផ្ទះ​នៅ​ប្រទេស​ម៉ាឡេ​ស៊ី ​ចាប់​តាំង​ពី​ឆ្នាំ​២០០៩​មក​បាន​និយាយ​ថា​ រូប​នាង​ទទួល​បាន​ប្រាក់​ខែ​ចំ​នួន​១៨០​ដុល្លារ​ក្នុង​មួយ​ខែ​ ក៏​ប៉ុន្តែ​ នាង​ត្រូវ​បាន​គេ​ធ្វើបាប។ នាង​បាន​លើក​​ឡើង​ថា​ “​ ខ្ញុំ​ធ្វើការ​រយៈ​ពេល​១២​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ហើយ​ពួកគេ​នៅ​តែ​ខឹង​នឹង​ខ្ញុំ​ អំពី​ការ​សម្អាត​ផ្ទះ​ ឬ​ការ​បោក​គក់​ខោអាវ​ជា​ដើម​”។

កញ្ញា​ លក្ខ​ណ៍បាន​និយាយ​ថា​ បើទោះ​បី​ជា​ នាង​បាន​ឈប់​ធ្វើ​ការ​ជាអ្នក​បម្រើការ​តាម​ផ្ទះ​ បន្ទាប់​ពី​ការ​វិល​ត្រឡប់​មក​វិញ​របស់​នាង​ក៏​ដោយ​ ក៏​នាង​កំពុង​តែ​ពិចារណា​អំពី​ការ​ធ្វើ​ការ​ងារបែប​នេះ​ជា​បន្ត្​ទៀត​ដែរ​ ប្រសិន​បើ​នាង​អាច​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​តាម​រយៈ​ក្រុម​ហ៊ុន​។

នាង​បាន​បន្ត​ទៀត​ថា​ “​ ទោះ​បីជា​ ថៅកែ​ខ្មែរ​ខ្លះ​អាក្រក់​ដូច​ថៅកែ​បរទេស​ក៏​ដោយ​ ក៏​យើង​មាន​ក្រុម​ហ៊ុន​នេះ​ជួយ​យើង​ដែរ​”៕

ប្រែសម្រួល​ដោយ​ ហួង​ កុក​ទៀន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស