33 C
Phnom Penh

សភា​​​សហភាព​អឺរ៉ុប​​​រិះ​​​គន់​​​កម្ពុជា​​​ ចំពោះ​​​បញ្ហារំលោភ​​​សិទ្ធិ​​​មនុស្ស និងការបណ្តេញចេញទាំងបង្ខំ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​​​លើក​​​ឡើង​​​អំពី​​​ការ​​​រំលោភ​​​​​​សិទ្ធិ​​​មនុស្ស​​​ជា​​​ច្រើនករណី​​​ សភា​​​សហភាព​អឺរ៉ុប​​​បាន​​​ទទូច​​​ឲ្យ​​​រដ្ឋា​​​ភិបាល​​​កម្ពុជា​​​​​​បញ្ឈប់​​​ការ​​​បណ្ដេញ​​​ចេញ​​​ដោយ​​​បង្ខំ​​​ ហើយ​​​អំពាវ​​​នាវ​​​ឲ្យ​​គណៈកម្មាធិការសហភាពអឺរ៉ុបបើកការ​​​ស៊ើប​​​អង្កេត​​​អំពីគោល​​​នយោបាយ​​​ដី​​​សម្ប​ទាន​​​ដ៏​​​ចម្រូង​​​ចម្រាសរបស់​​​ប្រទេស​​​កម្ពុជា​​​ និង​​​លើក​​​ឡើង​​​អំពី​​​បញ្ហា​​​ ដែល​​​អាច​​​មានការ​​​​ដាក់​ទណ្ឌកម្ម​​​។

នៅ​​​ក្នុង​​​សេចក្ដី​​​សម្រេច​​​មួយ​​​ដែល​​​អនុម័ត​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ក្នុង​​​ទី​​​ក្រុង​​​ព្រុចសែល សភា​សហភាព​​អឺរ៉ុប​​​ក៏​​​បាន​​​ថ្កោល​​​ទោស​​​ចំពោះ​អំពើ​​​ឃាតកម្ម​​​ធំៗ​​​ចំនួន​​​ពីរ ដែលបាន​កើត​ឡើង​នាពេលថ្មី​​​ៗនេះ ​​​​​​និង​​​សំណុំ​​​រឿង​​​តុលា​ការ​​​មួយ​​​ចំនួន​​​ ហើយ​​​បាន​​​ទទូច​​​ឲ្យ​​​រដ្ឋា​​​ភិបាល​​​កែ​​​តម្រូវ​​​កំហុស​​​ឆ្គង​​​នៅ​​​ក្នុង​​​ដំណើរ​​​ការ​​​បោះ​​​ឆ្នោត​​​របស់​​​ខ្លួន​​​ផងដែរ។

សេចក្ដី​​​សម្រេច​​​នេះ​​​ គឺ​​​ជា​​​ការ​​​រិះ​​​គន់​​​មួយ​​​យ៉ាង​​​ខ្លាំង​​​របស់​​​សហភាព​​​អឺរ៉ុប​​​ ដែល​​ជា​​​ម្ចាស់​​​ជំនួយ​​​ដ៏ធំបំផុត​​​របស់​​​ប្រទេស​​​កម្ពុជា​​​ ចំពោះ​​​របាយការណ៍​​​សិទ្ធិ​​មនុស្ស​​​របស់​​​ប្រទេស​​​កម្ពុជា​​​​នៅ​​​ប៉ុន្មាន​​​ឆ្នាំ​​​ថ្មីៗ​​​នេះ។

ថ្វី​​​បើ​​​សេចក្ដី​​​សម្រេច​​​មិន​​​បាន​​​បង្ខំ​​​គណៈ​កម្មាធិការ​​​សហភាពអឺរ៉ុប​​​ឲ្យ​​​ចាត់​​​វិធាន​​​ការ​​​ក្ដី​​​ប៉ុន្ដែ​​ វា​​​ក៏​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​គណៈកម្មាធិការ​​​សហភាពអឺរ៉ុប​​​ស៊ើប​​​អង្កេត​​​អំពី​​ការ​​​កើន​​​ឡើង​​​នៃ​​​ការ​​​រំលោភ​​​​​​សិទ្ធិ​​​មនុស្ស​​​​​​ក្នុង​​​ប្រទេស​​​​កម្ពុជា​​​ ដោយសារ​​​តែ​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​…នឹង​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​ព្យួរ​​ជា​​​បណ្ដោះ​​​អាសន្ន​​​នៃ​​​គម្រោង​​​ នាំ​​​ចេញ​​​ទំនិញ​​​គ្រប់​​​ប្រភេទ​​​លើ​​​​​កលែង​​​តែ​​​អាវុធ​​​ ស្ដី​​​អំពី​​​ទំនិញ​​​ផលិតផល​​​កសិ​កម្ម​​​​របស់​​​ប្រទេស​​​កម្ពុជា​​​ នៅ​​​ក្នុង​​​ករណី​​​ដែល​​​ការ​​​រំលោភ​​​​​​សិទ្ធិ​​​មនុស្ស​​​ត្រូវ​​​បាន​​​គេ​​​រក​​​ឃើញ​​​ថា ​កើត​​​មានមែន​​​នោះ​​​។

អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ទាំង​​​ក្នុង​​​ស្រុក​​​ និង​​​អន្ដរ​ជាតិ​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​ផ្ដល់​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​បែប​​​នេះ​​​ទៅ​​​ឲ្យ​​​ក្រុមហ៊ុន​​​កសិកម្ម​​​ធំៗ​​​​មួយ​​​ចំនួន​​​ គឺ​​​នាំ​​​ឲ្យ​​​មាន​​​បញ្ហារំលោភ​​​​​​សិទ្ធិ​​​មនុស្សកើតមាន​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ និង​​​បាន​​​ស្ដី​​​បន្ទោស​​​គោល​​​នយោបាយ​​​នេះ​​​ថា ​បាន​​​​ធ្វើ​​​ឲ្យ​​​ប្រជា​​​ពលរដ្ឋ​​​រាប់​​​ម៉ឺន​​​នាក់​​​ នៅ​​​ទូ​​​ទាំង​​​ប្រទេស​​​កម្ពុជា ជួបបញ្ហាខ្វះ​​​ផ្ទះ​​​ដំបែង​​​។ ​​ជា​​​រឿយ​​​ៗ​​​គ្មាន​​​ដំណោះ​​​ស្រាយ​​​ត្រឹម​​​ត្រូវ​​​ និង​​​តែងតែ​​​ធ្វើ​​​ឲ្យ​​​ប្រជា​​​ពលរដ្ឋ​​​ជា​​​ច្រើន​​​គ្រួសារ​​​បន្ដ​​​​​​ធ្លាក់​​​ក្នុង​​​ភាព​​​ក្រីក្រ​​​។ បន្ទាប់​​​ពី​​​របាយការ​​​ណ៍​​​ប្រចាំ​​​ឆ្នាំ​​​នៃ​​​ការ​​​ចេញ​​​អាជ្ញា​​​ប័ណ្ណ​​​របស់​​​រដ្ឋា​​​ភិបាល​​​កម្ពុជា​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១១​​​ ដី​​​សម្បទាន​​​សេដ្ឋ​កិច្ច​​​ឥឡូវ​​​នេះ​​​មាន​​​រហូត​​​ដល់​​​ទៅ​​​ពីរ​​​លាន​​​ហិក​តា​​​​ហើយ​​​ គឺ​​​ប្រហែល​​​ជា​​​​​​១០​​​ភាគរយ​​​នៃ​​​ដី​​​ធ្លី​​​ ដែល​មាន​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​នៅក្នុង​​​ប្រទេស​​​កម្ពុជា​​​។

ដោយសារ​​​តែ​​​មាន​​​ចំណុច​​​ខ្វះ​​​ខាត​​​ និង​​​ការ​​​អនុវត្ត​​​ច្បាប់​​​ធូរលុង​​​ រដ្ឋា​​​ភិបាល​​​បាន​​​ផ្ដល់​​​ព្រៃ​​​សម្បទាន​​​ជា​​​ច្រើន​​​ កាត់ចេញពី​តំបន់​​​ព្រៃ​​​ការ​ពារ ដោយមាន​​ទំហំលើសពី​មួយ​​​ម៉ឺន​​​ហិកតា​​ ដែល​​​ច្បាប់​​​បាន​​​កំណត់។ ​​​ក្នុង​​​របាយ​ការណ៍​​​​ចុង​​​ក្រោយ​​​របស់​​​ខ្លួន ​​​លោក​​​ សុរិយា ​ស៊ូបេឌី ​ប្រេសិត​​​សិទ្ធិុ​​​មនុស្ស​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​ ក៏​​​បានរិះគន់ការ​​​ផ្ដល់​​​សម្ប​​​ទាន​ផងដែរ ហើយ​​​បាន​​​គូស​​​បញ្ជាក់​​​ថា ការ​​​ផ្ដល់​​​​​​សម្បទាន​​​ទាំង​​​នេះ​​​មិន​​​បាន​​​ផ្ដល់​​​ផល​​​ប្រយោជន៍​​​​ដល់ប្រជាពល​​​រដ្ឋ​​ខ្មែរ​​​មួយ​​​ចំនួន​​​ឡើយ​​​។

លោក​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន​​​ កាល​​​ពី​​​ខែ​​​ឧសភា បាន​​​ចេញ​​​បទ​​​បញ្ជា​​​ជាបន្ទាន់​​​មួយ​​​ឲ្យ​​​ផ្អាក​​​ការ​​​ផ្ដល់​​​ដី​​​សម្បទាន​​​ថ្មីៗ​​​ទាំង​​​អស់​​​ ហើយ​​​ឲ្យ​​​ត្រួត​​​ពិនិត្យ​​​ឡើង​​​វិញ​​​តាម​​​ផ្លូវ​​​ច្បាប់​​​លើ​​​ករណី​​​ដែល​​​កើត​​​មាន​​​ពីការ​​​ផ្ដល់​​​ដី​​​សម្បទានសេដ្ឋ​​​កិច្ច​​​។ប៉ុន្ដែ ទោះជាយ៉ាង​​​ណាក៏មាន​​​ការ​​​ផ្ដល់​​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​មួយ​​​ចំនួន​​​បាន​​​កើន​​​ឡើង​​​ដែរ​​​ ចាប់​​​តាំង​​​ពី​​​មាន​​​បទ​​​បញ្ជា​​​ឲ្យ​​​ផ្អាក​​​មក ​​​ដោយ​​​មន្ត្រី​​​រដ្ឋាភិបាល​​​​ បាន​ធ្វើ​ការ​​​អះអាង​​​ថា ការ​​​ផ្ដល់​​​​ដី​សម្ប​ទាន​សេដ្ឋកិច្ច​​​ទាំង​​​នេះ​ ​​បាន​​​ធ្វើឡើងមុន​​​សេចក្ដី​​​ប្រកាស​​​ការ​​​ផ្អាក​​​ផ្ដល់​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ថ្មីៗ​​​មក​​​ម្លេះ​​​។

ក្រៅ​​​ពី​​​ដីសម្បទាន​​ សេចក្ដីសម្រេច​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ចោទ​​​ប្រកាន់​​​កង​​កម្លាំង​សន្ដិសុខ​​​របស់​​​ប្រទេស​​​កម្ពុជា ​​​ពី​​​បទ​​​ប្រើ​​​កម្លាំង​​​ហួស​​​ហេតុ​​​ប្រឆាំង​​​នឹង​​​អ្នក​​​តវ៉ា​​​ និងជំទាស់​​​ដាច់​​​អហង្កា​​​រចំពោះ​​​អំពើ​​​ឃាត​​​កម្ម​​​មកលើ​​​លោក ​ឈុត វុទ្ធី ​​សកម្ម​​​ជន​​​ការ​​​ពារ​​​ព្រៃ​​​ឈើ​​​ កាល​​​ពី​​​ខែ​​​មេសា និងអំពើ​​​ឃាត​​​កម្ម​​​មក​​​លើ​​​ក្មេងស្រី​ហេងចន្ថាអាយុ​​​១៤​​​ឆ្នាំ​​​ កាល​​​ពី​​​ខែ​​​ឧសភា អំឡុងការ​​​បណ្ដេញ​​​ចេញ​​​ដោយ​​​បង្ខំ​​​មួយ​​​ ដោយ​​​អ្នក​​​ទាំង​​​ពីរ​​​សុទ្ធ​​​តែ​​​ត្រូវ​​​កង​​​សន្ដិ​សុខ​​​សម្លាប់​​​។

សាលាដំបូង​​​ខេត្ត​​​កោះ​​​កុង ​កាលពី​ពេល​ថ្មីៗនេះ​​​បាន​​​បិទការ​​​ស៊ើប​​​អង្កេត​​​ករណី​​​អំពើ​​​ឃាតកម្ម​​​មកលើ​​​លោក ឈុត វុទ្ធី ដោយ​​​សារ​តែជន​​​សង្ស័យ​​​ ដែល​​​ជា​​​ឃាតករ​​​សម្លាប់​​​លោកឈុតវុទ្ធីក៏​​​បាន​​​ស្លាប់​​​នៅ​ពេល​​​នោះដែរ​​​។ ​មន្ត្រី​​​រដ្ឋាភិបាល​​​ក៏​​​បាន​​​ច្រាន​​​ចោល​​​ការ​​​ស៊ើប​​​អង្កេត​​​លើ​​​ករណីបាញ់សម្លាប់​​​ក្មេងស្រី​​​ឈ្មោះ​​​​​ហេង  ចន្ថា  ដែរ​​​ ពី​​​ព្រោះ​​​ពួក​​​គេ​​​​​​លើក​​​ឡើង​​​​ថាវា​​​គឺ​​​ជា​​​រឿង​​​ចៃ​​​ដន្យ​​​។

សភា​​​សហភាពអឺរ៉ុប​​​ក៏​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​ការ​​​ដោះ​​​លែង​​​លោក ម៉ម សូណង់ដូ ​ប្រធាន​​​វិទ្យុ​​​សម្បុក​​​ឃ្មុំ ភ្លាម​​​ៗ​​​ដែរហើយបាន​​​ថ្កោល​​​ទោស​​​ចំពោះ​​​ការ​​​ចោទ​​​ប្រកាន់​​​មេ​​​ដឹក​​​នាំគណបក្ស​​​ប្រឆាំង​​​ គឺ​​​លោក សម ​រង្ស៊ីថា ​ជា​រឿង​​​នយោបាយ​​​​​​។

លោក​​​ ម៉ម សូណង់ដូ ត្រូវ​​​បាន​​​សាលា​ដំបូងរាជធានីភ្នំពេញផ្ដន្ទាទោស​​​ឲ្យ​​​ជាប់​​​ពន្ធ​នា​គារ​​​រយៈ​​​ពេល​​​២០​​​ឆ្នាំ​​​ កាល​​​ពី​​​ថ្ងៃ​​​ទី​​​១ខែ​​​តុលា ពី​​​បទ​​​ញុះញង់ឲ្យ​​​មាន​​​ចលនា​​​អបគមន៍​​​នៅ​​​តំបន់​​​ជនបទ​​​មួយ​​​នៅ​ក្នុង​​​ខេត្ត​​​ក្រចេះ។ ​អង្គការ​​​សិទ្ធិមនុស្ស​​​បាន​​​ហៅ​​​បទ​​​ចោទ​​​នេះ​​​ថា ជា​​​ការ​​​គំរាម​​​ដល់​​សំឡេងឯករាជ្យ​​​មួយ ​​​ក្នុង​​​ចំណោម​​​សម្លេង​​​ឯករាជ្យ​​​ជា​​​ច្រើននៅ​​​ក្នុង​​​ប្រទេស​​​​កម្ពុជា​​​។ ម្ចាស់​​​ជំនួយ​​​បរទេស​​​របស់​​​ប្រទេស​​​កម្ពុជា​​​មួយ​​​ចំនួន រួមជាមួយ​​​អង្គការ​​​សិទ្ធិមនុស្ស​​​ បាន​​​​ថ្កោល​​​ទោស​​​ចំពោះ​សាល​ក្រម​នេះ​​​ដែរ​​​។

លោក សម រង្ស៊ី បាន​​​និរទេស​​​ខ្លួន​​​ទៅ​​​រស់​​​នៅ​​​ប្រទេស​​​បារាំង​​​ ដើម្បី​​​គេចពី​​​ការ​​​ផ្ដន្ទា​ទោស​​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​១១​​​ឆ្នាំ ពី​​​បទដក​​​​​​បង្គោល​​​​​​​​​​​​​​​តម្រុង​​​ព្រំដែន​​​​​​បណ្ដោះ​​​អាសន្ន​​​ នៅ​តាម​​​ព្រំដែន​​​កម្ពុជា​​​-វៀតណាម​​​ និង​​​ពីបទ​​​ផ្សាយ​​​​ផែន​​​ទី​​​តាម​​​ព្រំ​​​ដែន ​​ដែល​​​មាន​​​ជម្លោះ​នៅ​​​តាម​​​អុីនធើណិត។

ដោយ​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​នឹ​​​ងជិត​មក​ដល់​​​​នៅខែ​​​កក្កដា​​​ឆ្នាំក្រោយ សេចក្ដី​​​សម្រេច​​​នេះ​​​ក៏​​​បាន​​​លើក​​​ឡើង​​​ដែរ​​​ថា មាន​​​កំហុស​​​ឆ្គង​​​ជា​​​ច្រើន​​​នៅក្នុង​​​ដំណើរ​​​ការ​​​បោះ​​​ឆ្នោត​​​ ដោយ​​​សហភាព​​​អឺរ៉ុប​​​បាន​​​គូ​​ស​​​បញ្ជាក់​​​ថា ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​លើក​​​ចុង​​​ក្រោយ​​​ក្នុង​​​ឆ្នាំ ២០០៨​​​មិន​​​បានធ្វើ​​​ទៅ​​​តាម​​​បទ​​​ដ្ឋាន​​​អន្តរជាតិឡើយ​​​ហើយ​​​បាន​​​ទទូច​​​ឲ្យ​​​រដ្ឋាភិបាល​​​ទទួល​​​យក​​​កំណែ​​​ទម្រង់​​​បោះ​​​ឆ្នោត​​​ដែល​​​ស្នើ​​​ឡើងដោយ​​​លោក សុរិយា ស៊ូបេឌី។

លោកផៃស៊ីផានអ្នក​​​នាំ​​​ពាក្យ​​​ទី​​​ស្ដីការ​​​គណៈរដ្ឋ​​​មន្ត្រី​​​បាន​​​ហៅ​​​ការ​​​អះអាង​​​របស់​​​សេចក្ដី​​​សម្រេច​​​នេះ​​​ថា មិន​​​យុត្តិធម៌​​​ ហើយ​​​លោក​​​បាន​​​ថ្លែង​​​ថា ករណីរំលោភ​​​​​​សិទ្ធិមនុស្ស​​​ ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច្​​​គឺ​​​ជារឿង​​​មួយ​​​កើត​​​ឡើង​​​ម្ដង​​​ម្កាល​​​ប៉ុណ្ណោះ​​​មិនមែនតាម​​​ទម្លាប់​​​ឡើយ​​​។

លោក ផៃ ស៊ីផាន​​​ បា​ន​​​ថ្លែងថា “ ប្រសិន​​​បើ​​​មាន​​​ដើម​​​ឈើ​​​អាក្រក់​​​មួយដើម​​​ តើ​​​វា​​​មាន​​​ន័យ​​​ថា ដើម​​​ឈើ​​​នៅ​​​ក្នុង​​​ព្រៃ​​​ទាំង​​​មូល​​​សុទ្ធ​​​តែ​​​អាក្រក់​​​ឬ? ខ្ញុំ​​​មិន​​​គិតដូច្នោះ​​​ឡើយ​​​”។លោកបានចាត់​​​ទុ​​ក​​​ការ​​​​​ដែលអាច​​​បាត់​​​បង់​​​ពាណិជ្ជកម្ម​​​សេរី​​​ទៅកាន់​​​តំបន់​​​អឺរ៉ុប​​​មិន​​​សូវ​​​ជាសំខាន់​​​នោះ​​​ឡើយ​​​។

លោក​​​មាន​​​ប្រសាសន៍​​​ថា “ ប្រសិន​​​បើ​​​ពួក​​​គេ​​​គិត​​​ថា មិន​​​អាច​​​ធ្វើ​​​ពាណិជ្ជកម្ម​​​ជាមួយ​​​​ប្រទេស​​​កម្ពុជា​​​បាន​​​នោះ ពួក​​​គេ​​​មិន​​​ចាំបាច់​​​ធ្វើ​​​ជាមួយ​​​ឡើយ​​​។ តែ​​​យើង​​​នៅ​​​តែចាត់​​​ទុក​សហភាព​​​អឺរ៉ុប​​​ជាមិត្ត​​​ដ៏ល្អ”​​​។

ចំពោះបញ្ហា​​​ឃាតកម្ម​​​ និង​​​សំណុំ​​​រឿង​​​តុលាការ​​​ប្រឆាំង​​​នឹង​​​សកម្មជន​​​ លោក ​ផៃ ​ស៊ីផាន បាន​​​ថ្លែង​​​ថា តុលាការ​​​ក្នុង​​​ស្រុក​​​ពិត​ជា​បាន​​​ធ្វើ​​​ការទៅ​​​តាម​​​តួនាទីរបស់​​​ខ្លួន​​​។  លោក​​​បាន​​​ថ្លែង​​​ថា “យើង​​​មាន​​​ច្បាប់​​​ ហើយ​​​តុលាការ​​​ពិតជាបាន​​​ធ្វើ​​​ទៅតាម​​​ច្បាប់​​​។ ការ​​​បញ្ចេញសម្លេង​​​មិន​​​បាន​​​ជួយ​​​អ្វី​​​ឡើយ”។

លោក ផៃ​​​ ស៊ីផាន ក៏​​​បាន​​​ទទូច​​​​​​ឲ្យ​​​សហភាព​​​អឺរ៉ុប​​​ឈប់​​​រិះគន់​​​ប្រទេស​​​កម្ពុជា​​​ដែរ​​​ ហើយបាន​​​ទទូច​​​ឲ្យ​​​ជួយ​​​បន្ដ​​​ផ្ដល់​​​ជំនួយ​​​ដល់​​​ប្រទេស​​​កម្ពុជា​​​បន្ដ​​​ទៀត​​​។ លោក​​​បាន​​​បន្ដ​​​ថា “​​​សហភាព​​​អឺរ៉ុប គួរ​​​តែ​​​ផ្ដោត​​​លើ​​​ការ​​​ពង្រឹង​​​ច្បាប់​​​ប្រសើ​​​រជាង​​​ការ​​​លេង​​​នយោបាយ​​​”។ លោក​​​ស្រី មូ សុខហួរ សមាជិក​​​សភា​​មក​​​ពី​​​គណបក្ស​​​ប្រឆាំង​​​​បាន​​​ស្វា​​​គមន៍​​​ចំពោះ​​​សេចក្ដី សម្រេច​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​។

លោក​​​ស្រី មូ សុហួរ បាន​​​លើកឡើង​​​នៅលើ​​​គេហទំព័រ​​​ផ្ទាល់​​​ខ្លួន​​​របស់​​​លោក​​​ស្រី​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ថា “​​​សភាសហភាព​​​អឺរ៉ុបបានគិត​​​គូ​​​រពី​​​ការ​​​ផ្ដល់​​​យុត្តិធម៌​​​ដល់​​​ជន​​​រង​​​គ្រោះ​​​ ដោយសារ​​​តែ​​​គោល​​​នយោបាយ​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ចរបស់​​​រដ្ឋាភិបាលកម្ពុជា​​​”។

លោក​​​ស្រី​​​បាន​​​ថ្លែង​​​ថា នេះ​​​ជា​​​លើក​​​ដំបូងហើយ​​​ដែល​​​យើង​​​បាន​​​ឃើញ​​​សញ្ញា​​​នៃ​​​ក្ដី​​​សង្ឃឹម​​​ ​​​ដោយ​​​មាន​​​ការ​​​ដាក់​​​សំពាធ​​​ជា​​​ច្រើន​​​ពី​​​ប្រទេសក្នុង​​​តំបន់​​​អឺរ៉ុប​​​ រួម​​​មានការ​​​នាំ​​​យក​​ក្រុមហ៊ុនទាំង​​​នេះ​​​ទៅ​​​កាន់​​​តុលាការ​​​ ដោយ​​​នេះ​​​បង្ហាញ​​​ឲ្យ​​​ឃើញសេចក្ដី​​សង្ឃឹម​​​​​​ថា បានយុទ្ធនាការធ្វើពហិកាកុំទិញ​​​ស្ករ​ឈាម​​​នៅលើពិភព​​​លោក​​​ គឺ​​​កំពុង​​​តែ​​​បង្ហាញ​​​ថា បាន​​​ទទួល​​​ជោគ​​​ជ័យ​​​ហើយ។ ជំហ៊ាន​​​លើក​​​ក្រោយ​​​ គឺ​​​ការ​​​ព្យួរ​​​យ៉ាង​​​ពិត​​​ប្រាកដចំពោះ​​​គម្រោង​​​នៃ​​​ការ​​​នាំ ចេញ​​​ទំនិញគ្រប់​​​យ៉ាង​​​លើក​​​លែង​​​តែ​​​អាវុធ​​​”។

ដី​​​សម្បទាន​​​ដែល​​​បាន​​​ផលិត​​​ និង​​​នាំ​​​ចេញ​​​ស្ក​​​ទៅ​​​កាន់​​​តំបន់​​​អឺរ៉ុប ដោយ​​​រួច​​​ពន្ធ​​​ក្រោម​​​គម្រោង​​​ពាណិជ្ជកម្ម​​​នៃ​​​ការ​​​នាំ​​​ចេញ​​​ទំនិញ​​​គ្រប់​​​យ៉ាង​​​លើកលែង​​​តែ​​​អាវុធ​​​របស់​​​សហភាព​​​អឺរ៉ុប​​​ត្រូវ​​​ទទួល​​​រង​​​ការ​​​រិះ​​​គន់​​​យ៉ាង​​​ខ្លាំង​​​ពី​​​អង្គការ​​​សិទ្ធិមនុស្ស​​​ និង​​​អង្គការ​​​ផ្សេង​​​ៗទៀត​​​។

យោង​​​តាម​​​របាយការណ៍​​​ផ្នែកពាណិជ្ជ​​​កម្ម​​​របស់​​​សហភាព​​​អឺរ៉ុបបានឲ្យដឹងថា​​​ ចម្ការ​​​អំពៅ​​​របស់​​​ប្រទេស​​​កម្ពុជា ​​​ដែល​​​ទទួល​រង​ការ​​ចោទ​​​ប្រកាន់​​​ថា បាន​​​បង្ខំ​​​ឲ្យ​​​ប្រជា​​​ពលរដ្ឋ​​​រាប់​​​រយ​​​គ្រួសារ​​​ចាក​​​ចេញ​​​ពី​​​ដីធ្លីរបស់​​​ខ្លួន​​​បាន​​​នាំ​​​ចេញ​​​ស្ក​​ ដែល​​​គិត​​​ជា​​​ទឹក​​​ប្រាក់មាន​​​ចំនួនរហូតដល់​​​១៤,​​​៦​​​លាន​​​ដុល្លារ​​​ទៅ​​​កាន់​​​ប្រទេស​​​អង់​​​គ្លេស ដោយ​​​មាន​​​ជំនួយ​​​ពី​​​គម្រោង​​​នៃ​​​ការ​​​នាំ​​​ចេញ​​​ទំនិញគ្រប់​​​ប្រភេទ​​​លើកលែង​​​តែ​​​អាវុធ​​​កាល​​​ពី​​​ឆ្នាំមុន​​​ ហើយ​​​ការ​​​នាំ​​​ចេញ​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​នេះ​ ​​មាន​​​ចំនួន​​​លើស​​​​​​ជាង​​​ពីរ​​​ដង​​​នៃ​​​ឆ្នាំ​​​ទៅ​​​មួយ។

ក្រុម​​​គ្រួសារ​​​ដែល​​​ត្រូវ​​​បណ្ដេញ​​​ចេញ​​​បាន​​​ចោទ​​​ប្រកាន់​​​កង​​​សន្ដិសុខ​​​ថា បាន​​​ដុត​​​ផ្ទះ​​​ដំបែង​​​របស​់​​​ខ្លួន និង​​​បាន​​​វាយ​​​ដំ​​​ពួក​​​គាត់​​​អំឡុងពេល​​​បណ្ដេញចេញ​​​។ ហើយ​​​មាន​​​យ៉ាង​​​តិច​​​ណាស់​​​ពីរ​​​នាក់​​​បាន​​​និយាយ​​​ថា ពួក​​​គាត់​​​ត្រូវ​​​បាន​​​គេ​​​បាញ់​​​។

ក្រុមគ្រួសារ​​​ជា​​​ច្រើន​​​ និង​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​ដែល​​​បាន​​​ដឹក​​​នាំ​​​យុទ្ធនាការ​​​មួយ​​​​​​ ដើម្បី​​​ឲ្យ​​​អ្នក​​​ប្រើ​​​ប្រាស់​​​នៅ​​​សហភាព​​​អឺរ៉ុប​​​ទាំង​​​អស់​​​ធ្វើពហិការ​​​ ចំពោះ​​​ក្រុមហ៊ុនកម្ពុជា​​​ដែល​​​បាន​​​វិនិយោគ​​​លើ​​​ចម្ការ​​​អំពៅ​​​ និង​​​បាន​​​លក់​​​ផលិត​​​ផល​​​របស់​​​ខ្លួន​​​ថា បាន​​​ចាត់​​​ទុក​​​ថា បាន​​​នាំ​​​ចេញទាំង​​​នោះ​​​គឺ​​​ជា​​​ការនាំ​​​ចេញ​​​ស្ក​​​ប្រឡាក់​​​ឈាម​​​។

លោក ស៊ីវ័យ យ៉េ (Shiwei Ye) តំណាង​​​របស់​​​សហព័ន្ធ​​​សិទ្ធិ​​​មនុស្ស​​​អន្តរជាតិ (International Federation for Human Rights)ប្រចាំ​​​​​​តំបន់​​​អាស៊ី​​​អាគ្នេយ៍ ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថាសេចក្ដី​​​សម្រេច​​​របស់​​​សភា​​​អឺរ៉ុប​​​មិន​​​បាន​​​បង្ខំ​​​ឲ្យ​​​គណៈកម្មាធិការ​​​សហភាព​​​អឺរ៉ុប​​​ស៊ើប​​​អង្កេត​​​លើ​​​ការ​​​ផ្ដល់សម្បទាន​​​ឡើយ​​​។ ប៉ុន្ដែ វា​​​អាច​​​ជួយ​​​ក្រើន​​​រំឭក​​​ដល់​​​សហភាពអឺរ៉ុប​​​កុំ​​​ឲ្យ​​​ប្រើ​​​កាតព្វកិច្ច​​​របស់​​​ខ្លួន​​​ទៅ​​​ជួយ​​​គំាទ្រអំពើ​រំលោភ​សិទ្ធិ​​​មនុស្ស​​​។ លោក​​​បាន​​​ថ្លែង​​​ថា “​​​ការ​​​យក​​​លេស​​​ ដើម្បី​​​ឲ្យ​​​គេ​​​យល់​​​ថា ខ្លួន​​​ពិត​​​ជា​​​គោរព​​​ទៅ​​​តាម​​​សិទ្ធិ​​​មនុស្ស​​​របស់​​​សហភាព​​​អឺរ៉ុប​​​ គឺ​​​គ្រាន់​​​តែ​​​ ដើម្បី​​​ជា​​​ឧបករណ៍​​​នយោបាយ​​​ប៉ុណ្ណោះ”​​​។

លោក ដេវីត ប្រែត (David Pred) បុគ្គលិក​​​អង្គការ​​​ Inclusive Development International ដែល​​​ជា​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​មួយ​​​ក្នុង​​​ចំណោម​​​អង្គការ​​​ក្រៅរដ្ឋាភិបាល​​​ជា​​ច្រើន​​​ ដែល​​​នៅពី​​​ក្រោយធ្វើ​​​យុទ្ធនាការ​​​ឲ្យធ្វើ​​​ពហិការ​​​មិន​​​ឲ្យ​​​ទិញ​​​ស្ក​​​ប្រឡាក់​​​ឈាម​​​ បាន​​​ថ្លែង​​​ថា ដោយ​​​ទទួល​​​បាន​​​ការ​​​ព្រម​​​ព្រៀង​​​ពី​​​សមាជិក​​​សភា​​​សហភាព​​​អឺរ៉ុប​​​ សេចក្ដី​​​សម្រេច​​​នេះ​​​ ក៏​​​បាន​​​បង្ហាញ​​​ពី​​​ឆន្ទ​​​ៈរបស់​​​ប្រជា​​​ពលរដ្ឋ​​​នៅ​​​សហភាព​​​អឺរ៉ុប​​​ដែរ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​ប្រសិន​​​បើ​​​គណៈកម្មាធិការ​​​សហភាព​​​អឺរ៉ុប​​​មិន​​បើក​​​ការ​ស៊ើប​​​អង្កេត​​​ចាប់​​​ពី​​​ពេល​​​ឥឡូ​​​​វ​​​នោះ​​​ទេ​​​ វា​​​នឹង​​​ផ្ញើ​​​សារ​​​ទៅ​​​ក្រុមហ៊ុន​​​ដែល​​​ចាប់​​​យក​​​ដី​​​របស់​​​ប្រជា​​​ពលរដ្ឋ​​​ក្រីក្រ ហើយដុត​​​ផ្ទះ​​​ដំបែង​​​របស់​​​ពួក​​​គាត់​​​ និង​​​បាញ់​​​ប្រហារ​​​អ្នក​​​តវ៉ា​ នោះមិន​​​គ្រាន់​​​តែ​​​បង្ហាញ​​​ថា ជា​ការ​ទទួល​​​​​​ស្វាគមន៍​​​ចំពោះ​​​ការ​​​នាំចេញ​​​ទំនិញ​​​របស់​​​ខ្លួន​​​​​​ទៅ​​​កាន់​​​តំបន់​​​អឺរ៉ុប​​​នោះ​​​ទេ ប៉ុន្ដែវា ក៏​​​នឹង​​​បង្ហាញឲ្យឃើញ​​​ថា ក្រុមហ៊ុន​​​ទាំង​​​នោះ​​​ក៏​​​នឹង​​​ទទួល​​​បាន​​​នូវ​​​សិទ្ធិ​​​ផ្នែកពាណិជ្ជ​​​កម្ម​​​ពិសេសៗ​​​ដែរ”។

លោក​​​បាន​​​បន្ដ​​​ថា នេះ​​​គឺ​​​ជា​​​សារ​​​ដែល​​​សភាសហភាព​​​អឺរ៉ុប​​​បាន​​​ច្រាន​​​ចោល​​​យ៉ាង​​​ពិត​​​ប្រាកដ​​​ កាល​​​ពី​​​ថ្ងៃ​​​សុក្រ។ ហើយ​​​ឥឡូវ​​​សូម​​​រង់​​​ចាំ​​​មើល​​​ថា តើ​​​បុគ្គលិក​​​របស់​​​គណៈកម្មាធិការ​​​សហភាព​​​អឺរ៉ុប​​​នឹង​​​ស្ដាប់​​​ដែរ​​​ ឬអត់៕

ប្រែសម្រួល​​​ដោយ ស៊ា ស៊ុយឈាង

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស