26 C
Phnom Penh

ព្រឹទ្ធ​​សភា​អូស្ត្រា​លី​​ជំរុញ​ឲ្យ​មាន ​ការ​បោះ​ឆ្នោត​ដោយ​សេរី​​​ និង​​យុត្តិធម៌​នៅ​ក្នុងប្រ​ទេស​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រឹទ្ធសភា​អូស្ត្រាលី​​ កាល​ពី​ម្សិល​មិញ​ បាន​ជំរុញ​​ឲ្យ​រដ្ឋា​ភិបាល​​​កម្ពុជា​​រៀបចំ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ​ ប្រកប​ដោយ​សេរី​​និង​យុត្តិ​ធម៌​​ ដោយ​មិន​មាន​“ ការ​​​រំលោភ​បំពានឬការ​បំភិត​បំ​ភ័យ​” មកលើលោក​ សម​រង្ស៊ី​ មេដឹក​នាំ​គណបក្ស​ប្រ​ឆាំង ដែល​​កំពុង​រស់​​នៅ​បែបនិរទេស​ខ្លួន​ក្រៅ​ប្រទេស​​​ដើម្បី​គេចពី​ការ​ជាប់​​ពន្ធនាគារ​រយៈ​ពេល​១១ឆ្នាំ​។

ការ​អំពាវនេះ​​​កើត​​​មាន​​​ឡើង​​​តែ​ប៉ុន្មាន​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​សភា​​​សហភាព​​​អឺរ៉ុប​​​បាន​​​អនុម័ត​​​ដំណោះ​​​ស្រាយ​​​របស់​​​ខ្លួន​​​មួយ​​​​ដោយ​​​បាន​​​ថ្កោល​​​ទោស​​​នូវ​​​អ្វី​​​ដែលខ្លួន​បាន​ហៅ​ការ​ផ្តន្ទាទោស​​​​​លោក សម រង្ស៊ី ថា​​​ ជា​​​ “រឿង​​​នយោបាយ” ហើយ​​​បាន​​​ជំរុញ​​​ឲ្យ​​​រដ្ឋាភិបាល​​​​ដោះ​ស្រាយ​នូវ​ “ គុណ​​​វិបត្តិ​​​ដ៏ធំ​​​នេះ” ដើម្បី​​​​ឲ្យ​គណបក្ស​ប្រ​ឆាំង​បានចូល​រួម​ក្នុង​​​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​នៅ​​​ឆ្នាំ​​​ក្រោយ​​​។

ទាំង​​​ប្រទេស​​​អូស្ត្រាលី និង​​​សហភាព​​​អឺរ៉ុបគឺជា​​​​​​​ម្ចាស់​​​ជំនួយ​​​ដ៏​​​ធំ​​​សម្រាប់​​​ប្រទេស​​​កម្ពុជា​​​។ ដំណោះ​​​ស្រាយ​​​ដែល​​​លើក​​​ឡើង​​​ដោយ​​​ព្រឹទ្ធសភា​​​អូស្ត្រាលី ​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​រដ្ឋា​ភិបាលក​​ម្ពុជា​​​រៀបចំ​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​សេរី និង​​​យុតិ្តធម៌​​​ នៅឆ្នាំ២០១៣ និង​​​ធានា​ថាគណបក្ស​​​ប្រឆាំង​​​មាន​​​លទ្ធភាព​​​អាច​ចូល​​​រួម​​​ក្នុង​​​ការ​​​បោះឆ្នោត​​​ពេញ​លក្ខណៈ​ដោយ​​​មិន​​​មាន​​​ការ​​​យាយីខាង​រាង​កាយ​​​​ ឬការ​​​បំភិត​​​បំភ័យ​​​​តាម​ផ្លូវ​តុលាការ​ឬ​​ការ​បំភិត​បំភ័យ​រួម​​​ទាំង​​​លោក សម រង្ស៊ី​​ មេ​​​ដឹក​​​នាំ​​​គណបក្ស​ សម ​រង្ស៊ី ផ្ទាល់​​​ផង​​​ដែរ ដូច​អនុសាសន៍​របស់​​អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជា​ជាតិ​លើក​ឡើង​”។

លោក សុរិយា ស៊ូបេឌី អ្នក​​​រាយការណ៍​​​ពិសេស​​​របស់​អង្គការ​សហ​ប្រជាជាតិ​ស្ដី​​​ពី​​​សិទ្ធិ​​​មនុស្ស​​​ប្រចាំ​​​ប្រទេសកម្ពុជា​​​​​​​បានលើក​​​ឡើង​​​ក្នុង​​​សេចក្ដី​​​រាយការណ៍​​​របស់​​​លោក ជា​​​ចុង​​​ក្រោយ ដោយ​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​ដំណោះ​​​ស្រាយ​​​ផ្នែក​​​នយោបាយ​​​មួយ ​​ដែលអាច​​​​អនុ​ញ្ញាត​​​ឲ្យ​​​លោក​​​ សម រង្ស៊ី “ ​មានលទ្ធភាពធ្វើ​នយោបាយ​ពេញលេញ​​​​នៅ​ក្នុង​​ប្រទេស​​​កម្ពុជា” ហើយ​​​លោក​​​បាន​​​ផ្ដល់​​​អនុសាសន៍​ឲ្យ​​​មាន​​​​​​កំណែ​​​ទម្រង់​​​ក្នុង​​​ប្រព័ន្ធ​រៀប​ចំ​ដំណើរ​​​ការ​​​​​​បោះ​​​ឆ្នោត​​​ផង​​​ដែរ​​​។

មន្ត្រី​​​រដ្ឋាភិបាល​​​បាន​​​ច្រាន​​​ចោល​​​នូវ​​​ទស្សនរបស់​​​លោក សុរិយា ស៊ូបេឌី ម្ដង​​​ហើយ​​​ម្ដង​​​ទៀត​​​ ហើយបានទាត់​​​ចោល​​​ម្ដង​​​ហើយ​​​ម្ដង​​​ទៀត​​​នូវ​​​សំណើ​​​របស់​​​លោក ​សម​រង្ស៊ី ក្នុងការសុំ​​​វិលត្រឡប់ចូលមក​ក្នុង​​ប្រទេស​កម្ពុជា​​​វិញ​​​ដោយ​​មិន​​​មាន​​​ការ​​​ចាប់​​​ខ្លួន​​​។

លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​ សម ​រង្ស៊ី ត្រូវ​​​បាន​​​តុលាការផ្ដន្ទាទោស​​​លើក​​​ដំបូង​​​នៅ​​​ឆ្នាំ​​​២០១០ ពីបទ​​​បំផ្លាញ​​​ទ្រព្យសម្បត្តិ​​​សាធារណៈ​​​ ដោយសារ​​​លោកបានដក​​​បង្គោល​​​​តម្រុ​​យព្រំ​​​ដែន​​​នៅតាម​​​បណ្ដោយ​​​ព្រំដែន​​​កម្ពុជា​​​វៀត​​​ណាម និង​​​ក្រោយ​​​មកទៀត​​​ត្រូវ​​​តុលាការផ្ដន្ទាទោស​​​ពីបទ​​​ផ្សព្វផ្សាយ​​​ព័ត៌មាន​​​មិន​​​ពិត​​​ ដែលលោក​​​បាន​​​បង្ហោះ​​​ផែនទី​​​​​​តាម​​​ប្រព័ន្ធ​​​អុីនធើណិត។

គណបក្ស​​​ សម រង្ស៊ី ជា​​​គណបក្ស​​​ប្រឆាំង​​​ធំបំផុត​​​នៅក្នុង​ប្រទេស​​​កម្ពុជា​​​បាន​​​គំរាម​​​ថា នឹង​​​ធ្វើ​​​ពហិការ​​​មិន​​​ចូល​​​រួម​​​ក្នុងការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​នៅ​​​ខែ​​​កក្កដា ឆ្នាំ​២០១៣​ខាង​មុខ​បើសិន​​​ជា​​​លោក ​សម រង្ស៊ី​ មិន​​​ត្រូវ​​​បាន​​​​​​អនុញ្ញាត​​​ឲ្យ​​​វិល​​​ត្រឡប់​​​ចូលមក​​​ប្រទេស​​​កម្ពុជា​​​វិញ​​​ទេ ហើយបើសិន​​​ជា​​​រដ្ឋាភិបាល​​​មិន​​​ធ្វើ​​​កំណែ​​​ទម្រង់​​​ប្រព័ន្ធ​បោះ​​​ឆ្នោត​​​របស់​​​ខ្លួន​​​ទេ​​​នោះ​​​ ពីព្រោះ​​​គណៈ​កម្មាធិការជាតិ​​​រៀប​​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​លម្អៀង​​​ទៅ​​​​គណបក្ស​​​កាន់​​​អំណាច​​​។

កាល​​​ពី​​​ថ្ងៃ​​​សុក្រ សភា​​​សហភាព​​​អឺរ៉ុប​​​បាន​​​អនុម័ត​​​ដំណោះ​​​ស្រាយ​​​របស់​​​ខ្លួន​​​នៅទី​​​ក្រុង​​​ព្រុចសែល ដោយ​​​កត់​​​សម្គាល់​​​ថា សហភាព​​​អឺរ៉ុប​​​បាន​​​សង្កេត​​​ឃើញ​​​ថា ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ចុង​​​ក្រោយ​​​នៅ​​​ឆ្នាំ​​​២០០៨​​​ គឺ​​​មិន​​​មាន​​បទដ្ឋាន​​​អន្ដរជាតិ​​​ទេ​​​។

ដោយឆ្លុះ​​​បញ្ចាំង​​​ពី​​​ទស្សនៈ​​​របស់​​​លោក ​ស៊ូបេឌី ដែល​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​រដ្ឋាភិបាល​​​ធ្វើ​​​ការ​​​ជាមួយ​​​គណបក្ស​​​ប្រឆាំង​​​ ដើម្បី​​​ឲ្យ​​​គណ​បក្ស​​​ប្រឆាំង​​​ធ្វើ​​​សកម្មភាពដោយ​​​ពេញលេញ​​នៅ​​​ក្នុងកិច្ចការ​​​នយោបាយក្នុង​​​​ប្រទេស​​​កម្ពុជា​​​ហើយ​​​អាច​​​ចូល​​​រួម​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​នៅ​​​ពេល​​​ខាងមុខ​បាន​ដោយ​សេរី​៕

ប្រែសម្រួល​​​ដោយ ឃិន ណៃ

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស