27 C
Phnom Penh

ក្រឡាបញ្ជីសាលាដំបូង​រាជធានី​ភ្នំពេញ​ម្នាក់​ ត្រូវបាន​ចាប់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីតុលាការ និងមន្ត្រីនគរបាល​បាន​និយាយ​ថា​ សាលាដំបូង​រាជធានី​ភ្នំ​ពេញកាល​ពី​ម្សិលមិញ បាន​ចោទ​ប្រកាន់​ក្រឡាបញ្ជី​របស់​ខ្លួនម្នាក់​ពី​បទរំលោភ​សេចក្តី​ទុក​ចិត្ត​ បន្ទាប់ពី​​បាន​ទទួលយក​ប្រាក់​ចំនួន​២៥០.០០០​ដុល្លារ​​ ជាថ្នូរដើម្បី​ជួយសម្រួល​​​ដំណើ​​រការ​រឿង​ក្តី​​​ឲ្យ​បាន​លឿន​ដោយ “ គ្មាន​បញ្ហា”។

លោកលីសុផាណ្ណាព្រះ​រាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ មាន​ប្រសាសន៍​ថា លោកគ្រួចបូរ័ត្នជាក្រឡា​បញ្ជី​ម្នាក់​របស់​លោកចៅក្រម​ លីលឹមម៉េងត្រូវ​បាន​ចាប់​ខ្លួន​ កាល​ពីយប់​ថ្ងៃអាទិត្យ​ ខណៈពេល​លោក​កំពុង​ជប់​លៀង​ជា​មួយ​នឹង​មិត្តភក្តិ​នៅ​​ក្នុង​​ហាង​​ខារ៉ា​អូខេ​មួយ​កន្លែង​​ក្នុង​ខណ្ឌ​ចំការមន​រាជធានី​ភ្នំ​ពេញ​។

លោកសុផាណ្ណាមាន​ប្រ​សាសន៍​បន្តថា​ “ យើង​បាន​ចោទ​ប្រកាន់លោកគ្រួចបូរ័ត្ន ​ ក្រឡាបញ្ជី​​​់នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពី​បទរំលោភសេចក្តីទុក​ចិត្ត​ពាក់​ព័ន្ធ​នឹង​ទឹក​ប្រាក់​ចំនួន​២៥០.០០០​ដុល្លារ”។

លោកបាន​មាន​ប្រសាសន៍បន្តថា“ [លោក​ចៅក្រម] ស៊ិនវិសាលបាន​សម្រេច​បញ្ជូន​ជន​សង្ស័យ​រូប​នេះ​ទៅឃុំ​ខ្លួនបណ្តោះ​អាសន្ន​នៅឯ​​​ពន្ធនាគារ​ព្រៃស​រួច​ហើយប៉ុន្តែ​ យើង​មិន​ទាន់​​​ដឹង​ថា ​សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​បើក​សវនាការ​សំណុំរឿងនេះ​ នៅពេល​ណា​នោះ​ទេ”។

លោកសុងលីប្រធានការិយាល័យ​​នគរ​បាល​ព្រហ្មទណ្ឌ​​​កម្រិត​​​ស្រាលរាជធានី​ភ្នំពេញ​ ​មាន​ប្រសាសន៍​ថា ក្រឡាបញ្ជី​សាលា​ដំបូង​រាជធានី​​ភ្នំពេញ​​រូប​នេះ​​ ក៏ត្រូវ​បាន​តុលា​ការ​ចោទ​ប្រកាន់​ពី​បទ​ឆបោកផង​ដែរ​ ។

ទាំង​លោក ស្នងការ​នគរបាល​រាជធានី​ភ្នំ​​ពេញ​ ឬលោក ព្រះ​រាជ​អាជ្ញារងអម​សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ថែម​ទៀត​អំពី​ករណី​នេះ​បាន​ទេ។  លោកចៅខេនជាក្រឡាបញ្ជីម្នាក់​ទៀត​របស់​លោកចៅក្រម​ លីលឹមម៉េងបាន​មាន​ប្រសាសន៍ថាលោកបូរ័ត្ន ​ជាប់សង្ស័យ​ថា​បាន​​ទារប្រាក់​ចំនួន​២៥០.០០០ដុល្លារ​ពី​ចុងចោទ​ម្នាក់​ ដើម្បីជា​​​ថ្នូរនឹង​ការ​ជួយ​​​ពន្លឿន​ការ​ដោះ​ស្រាយ​រឿង​ក្តី​ កុំឲ្យមាន​ការ​ពន្យារពេល​។

លោក​បន្ត​ថា “ ខ្ញុំ​បាន​ឮថាលោកគ្រួចបូរ័ត្នបាន​ធ្វើការ​ជាមួយ​ដើមចោទ​និង​ចុង​ចោទ​ ហើយ​គាត់​បាន​សុំឲ្យ​ចុង​ចោទ​បង់​ប្រាក់​ ដើម្បី​​ជៀសវាងកុំ​ឲ្យ​មាន​បញ្ហា”។

លោកមានប្រសាសន៍បន្ត​ថា“ក្រោយ​​មក​​ភាគីទាំង​ពីរ [ភាគី​ចុង​ចោទនិងភាគី​ដើម​ចោទ]​ បាន​សម្រុះសម្រួលគ្នា​ ហើយ​បាន​ដក​ពាក្យ​បណ្តឹងរបស់ខ្លួនវិញ។​ពួក​គេ​ក្រោយ​មក​បាន​មក​សុំដក​ប្រាក់​ពី​ [លោក​ បូរ័ត្ន]​​វិញ​ ប៉ុន្តែប្រាក់​របស់​ពួក​គេ​ត្រូវចាយអស់​ហើយ”។

លោកចៅខេនមិន​បាន​ប្រាប់​ឈ្មោះ​អ្នកទាំង​នោះ​​ ដែល​មានជាប់​ពាក់​ពន្ធ​​ក្នុង​ការ​សូក​ប្រាក់​យ៉ាង​ច្រើន​ឲ្យ​ទៅ​ក្រឡា​បញ្ជី​នោះ​​ទេ​​​ ប៉ុន្តែ​លោកគ្រាន់តែ​មាន​ប្រសាសន៍​ថា​​ មាន​ពាក្យបណ្តឹង​អំពីវិវាទ​ក្នុង​ការ​រក​ស៊ី​មួយ​ បាន​ប្តឹង​​មក​សាលាដំបូង​កាល​ពី​ឆ្នាំ​២០១១​​ហើយ​បាន​​បង់​ប្រាក់​​តម្កល់នៅ​គ្រា​នោះ​។

ក្រឡាបញ្ជី​​នៅ​ទូទាំង​ប្រទេសកម្ពុជា​ធ្លាប់​ទទួលរងការចោទ​ប្រកាន់​ជា​យូរមកហើយ​ពីបទ​រំលោភ​អំណាច​​របស់​ខ្លួន​​ដោយ​ទទួល​ប្រាក់​សំណូក​ និង​គំរាមកំហែងហើយ​ពួក​គេ​ជួនកាលធ្វើការ​​ជំនួស​ឲ្យព្រះ​រាជអាជ្ញា​ និង​ចៅក្រម​​ដោយ​ខុស​ច្បាប់ទៀតផង។

មន្ត្រី​ក្រសួងយុត្តិធម៌​ធ្លាប់បាន​ចេញ​លិខិត​ព្រមាន​ជា​សាធារណៈ ចំពោះ​សកម្មភាព​ដូច្នេះ​ កាលពីឆ្នាំ​២០១១​ ហើយ​បាន​បង្កើត​គណៈកម្មការ​ពិសេសទទួលបន្ទុកផ្នែកវិន័យ​​មួយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា ដែល​ពួកគេ​បាន​និយាយថា មានពាក្យ​បណ្តឹង “ ​យ៉ាង​ច្រើន​” បាន​​ប្តឹង​អំពីក្រឡាបញ្ជី​ទាំង​នោះ​។

នៅ​ក្នុង​របាយ​ការណ៍​មួយ​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​២០១០​​ដោយ​​លោក សូរិយាស៊ូបេឌី​ ប្រេសិត​ពិសេស​របស់​អង្គការ​សហ​ប្រ​ជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រ​ចាំ​ប្រទេស​កម្ពុជា​​ ​ផ្តល់​អនុសាសន៍​ថា​ “ ក្រឡា​បញ្ជី​​ និងមន្ត្រី​តុលាការ​​គួរស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​​ផ្ទាល់​របស់​តុលាការ​ជាជាង​ស្ថិត​នៅ\ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រ​សួង​យុត្តិ​ធម៌។ លោកបានលើកឡើង​ផង​ដែរ​ថា​ “ អំពើ​ពុក​រលួយ​​ហាក់​ដូច​ជា​បាន​រីក​រាល​ដាល​​នៅ​តាមតុលាការគ្រប់​លំដាប់​ថ្នាក់​”​៕

ប្រែសម្រួលដោយឃិនណៃ

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស