ម្ចាស់ហាងនៅតាមកំណាត់ផ្លូវលេខ១៩ខាងក្រោយព្រះបរមរាជវាំងបាននិយាយកាលពីម្សិលមិញថា ពួកគេកំពុងតស៊ូបន្ដបើកហាងរបស់ខ្លួន បន្ទាប់ពីអាជ្ញាធរបានបិទផ្លូវនេះរយៈពេលបីខែ ដើម្បីកាន់មរណទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ នរោត្តម សីហនុ។
លោក ហ្វីលីព វីកម៉ែន (Philippe Weeckmans) អគ្គនាយកភោជនីយដ្ឋានអូភិនវាញ (Open Wine Restaurant) មានប្រសាសន៍ថា “យើងមិនអាចរស់នៅដោយរបៀបនេះបានទេ។ យើងមិនប្រាកដថាតើយើងអាចបន្ដបើករបៀបនេះរហូតផុតរយៈពេលបីខែនេះឬអត់នោះទេ”។
លោកវីកម៉ែនបានដាក់សញ្ញានៅលើរបាំងបិទផ្លូវរបស់នរគបាល ព្រមទាំងបានផ្ញើអុីម៉េលប្រាប់អតិថិជនថា ភោជនីយដ្ឋាននៅតែបន្តបើកដដែល។លោកមានប្រសាសន៍ ថា“ជាធម្មតាយើងមានអតិថិជនពី៦០នាក់ទៅ៧០នាក់ក្នុងមួយថ្ងៃ។ពេលនេះយើងមានត្រឹមតែ២០នាក់ប៉ុណ្ណោះ។យើងបាត់បង់ប្រាក់ចំណូល៦០ភាគរយ ចាប់តាំងពីបិទផ្លូវនេះមក ”។
លោកជួនសុវណ្ណស្នងការនរគបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថាកំណាត់ផ្លូវលេខ១៩ដែលជាធម្មតាមមាញឹកនោះមានភោជនីយដ្ឋាន និងហាងជាង១០តាំងនៅម្ខាងផ្លូវ សម្រាប់បម្រើអតិថិជនក្នុងមូលដ្ឋាននិងភ្ញៀវទេសចរ។ ចំណែកម្ខាងទៀតគឺជាជញ្ជាំងរបងព្រះបរមរាជវាំង ហើយអាជ្ញាធរបានបិទផ្លូវនេះដោយសារតែការបារម្ភអំពីបញ្ហាសន្ដិសុខ និង “ការរំខានដល់ដំណើរការនៃព្រះរាជពិធីកាន់មរណទុក្ខ”។ លោកមានប្រសាសន៍កាលពីម្សិលមិញថា“យើងនឹងបិទផ្លូវនេះរហូតដល់ពិធីបូជាព្រះបរមសពចប់សព្វគ្រប់ [ក្នុងខែកុម្ភៈ]”។
កំណាត់ផ្លូវប្រាំមួយទៅប្រាំពីរកំណាត់នៅជំុវិញព្រះរាជវាំងត្រូវបានបិទ កាលពីថ្ងៃទី១៧ខែតុលារួមទាំងកំណាត់ផ្លូវលេខ១៩ផងដែរ ដើម្បីកាត់បន្ថយសំឡេងរំខានអំឡុងពេលកាន់ទុក្ខប្រាំពីរថ្ងៃ។ផ្លូវដទៃទៀតបានបើកឲ្យប្រើប្រាស់វិញហើយ លើកលែងតែកំណាត់ផ្លូវលេខ១៩ និងមួយចំណែកនៃកំណាត់ផ្លូវលេខ២៤០ នៅជាប់នឹងព្រះបរមរាជវាំង និងឧទ្យានវត្តបទុម ដែលនៅទីនោះពុំមានការប្រកបរបរអ្វីច្រើនទេ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិធម្មិកោប្រធានខុទ្ទកាល័យសម្ដេចឪបានមានព្រះបន្ទូលថា សួនច្បារក្នុងព្រះបរមរាជវាំង និងដំណាក់របស់ព្រះវររាជមាតាស្ថិតនៅកៀករបងព្រះបរមរាជវាំងជាប់នឹងកំណាត់ផ្លូវលេខ១៩។ ព្រះអង្គម្ចាស់ ធម្មិកោបានមានព្រះបន្ទូលដោយមិនលម្អិតថា ខ្ញុំសោកស្តាយខ្លាំងណាស់ចំពោះការប៉ះពាល់ដល់អាជីវកម្មនៅជំុវិញព្រះបរមរាជវាំង ប៉ុន្ដែដោយសារតែមានការព្រួយបារម្ភពីសុវត្ថិភាព”។
ទន្ទឹមគ្នានេះដែរម្ចាស់ហាងនិយាយថា ពួកគេព្យាយាមរកដំណោះស្រាយ ដើម្បីបន្ដបើកហាងរបស់ខ្លួនរហូតដល់ផ្លូវនេះបើកឲ្យប្រើប្រាស់ឡើងវិញ។
អ្នកស្រីហិុន ដានី អាយុ២៣ឆ្នាំ អ្នកគ្រប់គ្រងហាងលក់ផលិតផលសូត្រឈ្មោះ សាយ័នស៊ីលវើក (Sayon Silkworks) បាននិយាយថា “ យើងគ្មានប្រាក់គ្រប់គ្រាន់ ដើម្បីបង់ថ្លៃជួលហាងនោះទេ។យើងនឹងព្យាយាមជួបជាមួយនឹងម្ចាស់ផ្ទះក្រែងលោគាត់អាចបន្ថយថ្លៃឈ្នួលខ្លះ”។អ្នកស្រីដានី បាននិយាយបន្ថែមទៀតថាគ្រួសាររបស់នាងចំណាយប្រាក់៧០០ដុល្លារក្នុងមួយខែ ដើម្បីជួលហាងនេះ “របររកស៊ីរបស់ខ្ញុំមិនដំណើរការទេ ពេលបិទផ្លូវនេះ”។
លោកអុីនូ ណុប អាយុ២៤ឆ្នាំ ម្ចាស់ហាងអាយធី (Itea Shop) ដែលលក់កាហ្វេតែនិងសម្លៀកបំពាក់បាននិយាយថារបររកស៊ីរបស់ខ្លួន [ក្ស័យធន]។ គាត់បាននិយាយថា“យើងបានពិភាក្សាជាមួយនឹងម្ចាស់ហាង ដើម្បីបន្ថយថ្លៃឈ្នួលទម្រាំដល់ផ្លូវនេះបើកវិញ ប៉ុន្ដែ យើងនៅតែគ្មានអតិថិជនដដែល។ហើយប្រសិនបើយើងបិទ យើងនឹងត្រូវបិទរហូត៕
ប្រែសម្រួលដោយ ហម សុផាណ្ណា