37 C
Phnom Penh

រដ្ឋ​​​មន្ត្រី​​​អះអាង​​​ថា លោក សម រង្ស៊ី លេង​ល្បិ​​ច​​​នយោបាយ​​​អំឡុង​​​ពេល​​​ព្រះ​​​មហាវីរ​​​ក្សត្រ​​​សោយ​​​ទិវង្គត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ ​លោក ខៀវ ​កាញារីទ្ធ ​រដ្ឋ​​​មន្ត្រីក្រសួង​​​ព័ត៌មាន​​​បាន​​​លើក​​​ឡើង​​​នៅឯ​​​សន្និសីទ​​​សារព័ត៌មាន​​​មួយ​​​ថា សេចក្ដីអំពាវ​​​នាវ​​​របស់​​​លោក សម រង្ស៊ី មេ​​​ដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​ដើម្បី​​​អនុញ្ញាត​​​ឲ្យ​​​រូប​​​លោក​​​បានវិល​​​ត្រឡប់​​​មក​​​ប្រទេស​​​កម្ពុជា​​​វិញ​​​ដោយ​​​គ្មាន​​​ការ​​​រំខាន​​​ ដើម្បីសម្ដែង​​​ការ​​​គោរព​​​ព្រះ​​​វិញ្ញាណ​ក្ខន្ធ​​​​សម្ដេច​​​ឪ នរោត្ដម សីហនុ គឺ​​​មិន​​​ពិត​​​ប្រាកដ​​​នោះ​​​ទេ​​​។

លោក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​វា​​​ស្រេច​​​តែ​​​លើលោក សម រង្ស៊ី ដែល​​​រស់​​​នៅ​​​បែប​​​និរទេស​​​ខ្លួនឯងនៅ​​​​ក្នុង​​​ទី​​​ក្រុង​​​ប៉ារីស​​​ទេ​​​ដែល​​​ត្រូវ​​​សម្រេច​​​ថា តើខ្លួន​​​គួ​រតែ​​​ប្រឈម​​​នឹង​​​ហានិភ័យ​​​នៃ​​​ការ​​​វិលត្រឡប់​​​មក​​​វិញ​​​ ឬអត់​​​នោះ សេចក្ដីអំពាវ​​​នាវ​​​សុំ​​​ឲ្យ​​​​​​ធានាដល់​​​សុវត្ថិភាព​របស់​​​លោកគឺគ្រាន់​តែ​​​ជា​​​កល​ល្បិច​នយោបាយ​​​ ដើម្បីបិទ​​​បាំង​​​ខ្លួន​​​ឯង​​​ជាជនរង​គ្រោះដោយសារ​រដ្ឋាភិបាល​​​ប៉ុណ្ណោះ។

លោក កាញារីទ្ធ មាន​ប្រសាសន៍​​​​បន្ថែម​ទៀត​ថា ​ “ លោកមិនដែល​​​ចង់​​​វិល​ត្រឡប់​​​​មក​​​វិញ​​​ពិត​​​ប្រាកដ​​​នោះ​​​ទេ​​​ លោក​​​សរសេរ​​​លិខិត​​ទាំង​​​នោះ​​​ដើម្បី​ធ្វើ​​​​ឲ្យ​​​សាធារណជន​​​ភាន់​ច្រឡំ។ លោក​​​និយាយ​​​ថា លោកមិន​​​អាច​​​មក​​​បានវិញ​​​ទេ​​​ដោយសារ​​​តែ​​​​សម្ពាធ​របស់​​​​​​រដ្ឋាភិបាល​​​លើ​​​រូប​​​លោក”។

លោកសមរង្ស៊ីដែល​​​ប្រឈម​​​នឹង​​​ការ​​​ផ្ដន្ទាទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​១១​​​ឆ្នាំ ពីបទ​​​ផ្ដល់​​​ព័ត៌មាន​​​មិនពិត​​​ បំផ្លាញ​​​ទ្រព្យ​សម្បត្តិ​​​សាធារណៈ​​​ និង​​​ពីបទ​​​ញុះញង់​​​នោះ ​បាន​​​ផ្ញើលិខិតមករដ្ឋាភិបាល​​​ ដើម្បី​​​អនុញ្ញាត​​​ឲ្យ​​​រូប​​​លោកបានវិលត្រឡប់​​​មក​​​មួយរយៈ​​​ចាប់​​​តាំង​​​ពី​​​សម្ដេចឪ​​​ នរោត្ដម សីហនុ សោយ​​​ទិវង្គត​​​ កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៥ ខែ​​​តុលា ។

លិខិត​​​ទាំង​​​អស់​​​របស់​​​លោក សម រង្ស៊ី ​​​ដែល​​​​ផ្ញើ​​​មក​​​រដ្ឋាភិបាលទាំងប៉ុន្មាន ដើម្បី​​​សុំ​​​ការ​​​អនុញ្ញាត​​​ឲ្យបានវិល​​​ត្រឡប់​​​មកកាន់​ប្រទេស​កម្ពុជា​​​វិញ ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ត្រឡប់​​​ទៅវិញ​​​ទាំង​​​អស់​​​ដោយគ្មានចម្លើយ​​​។

កាលពីថ្ងៃ​​​សុក្រ​​​ លោក កាញារីទ្ធ បាន​​​មាន​​​ប្រសាសន៍​​​ថា លោកនាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន ​សែនមិន​​​អាច​​​សម្រេច​​​តាម​​​សំណើ​​​របស់​​​លោក ​សមរង្ស៊ី បាន​​​ដោយ​​​សារតែ​​​សម្ដី​​​វាយប្រហារ​​​កាល​​​ពីមុន​​​របស់​​​មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​រូបនេះ​​​មក​​​លើ​​​រូប​​​លោក​​​ដោយ​​​លោកកត់​​​សម្គាល់​ថាម្ដង​​​នោះ​​​លោក​​​បានហៅ​​​លោក ហ៊ុន សែន ​ថា​ “ អាយ៉ង”។ ទោះ​​​​​​យ៉ាងណា​​​លោក​កាញារីទ្ធបាន​​​ថ្លែង​កាលពីម្សិលមិញ​​​ថា តាម​​​ពិត​​​លោក​នាយករដ្ឋមន្ត្រី​​​មិនដែល​​​បាន​​​ទាត់​​​ចោលជា​​​ផ្លូវ​​​ការ​​​ នូវសំណើ​​​សុំចូល​ស្រុក​វិញ​​​ ដោយ​​​សុវត្ថិភាព​​​របស់​​​លោក សម រង្ស៊ី​​​ ​​​នោះទេ។

លោក កាញារីទ្ធ​​​ បន្ថែម​ថា ​លិខិត​​​របស់​​​លោក សម រង្ស៊ី ត្រូវ​​​បាន​​​ទាត់​​​ចោល​​​ និង​​​បញ្ជូន​​​ត្រឡប់​​​ទៅ​​​គណបក្ស​​​ខ្លួន​​​វិញ​​​បន្ទាប់​​​ពី​​​គណបក្ស សម រង្ស៊ី បាន​​​ដាក់​​លិខិត​​​នោះ​​​មក​​​ទី​​​ស្ដីការ​​​គណៈរដ្ឋ​​​មន្ត្រី​​​។ ​ប៉ុន្ដែលោក​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន មិន​​​ដែល​​​ជំទាស់​​​នឹង​​​ការ​​​វិលត្រឡប់​​​របស់​​​លោក ​សម ​រង្ស៊ី ដើម្បី​បាន​មក​​​គោរព​​​ព្រះ​​​វិញ្ញាណក្ខន្ធ​​​សម្ដេច​ឪ​​​​នោះ​​​ទេ​​​”។

លោក កាញារីទ្ធ​​​ បាន​​​បន្ថែម​​​​​​ដោយ​​​មិន​​​និយាយថា តើពេលត្រឡប់​​​មក​​​វិញ​​​លោក​​​សម រង្ស៊ី នឹង​​​ត្រូវ​​​ចាប់​​​ខ្លួនឬអត់​​​នោះ​​ទេ​​​​​​​​​ដោយលោក មានប្រសាសន៍ថា “ ​​​លោក​​​បាន​​​ចាក​​​ចេញ​​​ទៅ​​​ដោយ​​​ខ្លួន​​​ឯង​​​ ប្រសិន​​​បើ​​​លោក ចង់​​​វិលត្រឡប់​​​វិញ​​​ ឬ​​​អត់​​​នោះ វា​​​ស្រេច​​​តែ​​​លោកទេ​​​។គ្មាននរណា​​​ម្នាក់​​​ឃាត់​​​លោក​​​ទេ”​​​។

អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ និង​​​អ្នក​​​គាំ​​​ទ្រ​​​ ព្រម​ទាំង​មេ​​​ដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​រូប​​​នេះ​​​ ​និយាយ​​​​ថា​ការ​​​ចោទ​​​ប្រកាន់​​​ដែល​​​នាំ​​​ឲ្យ​​​លោក សម ​រង្ស៊ី ​ជាប់​​​ពន្ធនាគារ​​​ធ្ងន់​​​​​​នោះ​​​ គឺជារឿង​​​បញ្ហា​​​នយោ​បាយ​​​ ដែលរៀបចំឡើង​​​ ដើម្បី​​​បំបិទ​​​មាត់​​​អ្នក​​​រិះគន់​​​ និង​​​គូ​​​ប្រជែង​​​​របស់​​​រដ្ឋាភិបាលក្នុង​​​ពេល​​​បោះ​​​ឆ្នោត​​​។

លោក យឹម សុវណ្ណ អ្នកនាំពាក្យ​​​គណ​បក្សសម រង្ស៊ី ​​​មាន​​​ប្រសាសន៍​​​ថា លោក​​​សម ​រង្ស៊ី ​គ្រាន់តែចង់មកក្នុងរយៈ​​​ពេល​​​ខ្លី​​​ ដើម្បី​​​សម្ដែង​​​​ការ​​​គោរព​​​របស់​​​ខ្លួន​​​ចំពោះ​​​សម្ដេច​​​ឪ ​​​អំឡុង​​​ពេល​​​​បូជា​​​ក្នុង​​​ខែ​​​កុម្ភៈ។

លោកសុវណ្ណបាន​​​មាន​​​ប្រសាសន៍​​​ថា “ លោកសមរង្ស៊ីបាន​​​សុំ​​​វិល​​​ត្រឡប់​​​មក​​​ប្រទេ​​​ស​​​កម្ពុជា​​​ ដើម្បីគោរព​​​ព្រះ​​​វិញ្ញាណ​​​ក្ខន្ធ​​​ប្រហែល​​​ពីរម៉ោង​​​ប៉ុុណ្ណោះ។លោក​​​ពិត​​​ជា​​​ចង់​​​សម្ដែង​​​ការ​​​គោរព​​​ជា​​​ចុង​​​ក្រោយ​​​ក្នុង​​​នាម​​​ជា​​​ពលរដ្ឋ​​​ខ្មែរ​​​ម្នាក់​​​។ លោក​​​ក៏ធ្លាប់​​​ដង្ហែ​ព្រះ​​​មហា​ក្សត្រ​​​ជា​​​ច្រើន​​​ឆ្នាំ​​​មក​​​ហើយដែរ​​​”៕

ប្រែសម្រួល​​​ដោយ ហម សុផាណ្ណា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស