27 C
Phnom Penh

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា​ កម្ពុជា​មិន​ទាន់​ត្រៀម​​ខ្លួន​ស្វាគមន៍​ថាម​ពល​នុយ​ក្លេ​អ៊ែរ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុនសែនបាន​បដិសេធ​​​ថាមិន​​បាន​ផ្តល់​ភ្លើង​ខៀវ​ឲ្យ​ប្រទេស​ជិត​ខាង​មួយ​សាង​សង់​រោង​ចក្រ​​ថាម​ពល​នុយ​ក្លេ​អ៊ែរ​​ផលិតអគ្គិ​សនី​នៅ​ក្នុង​ប្រទេស​កម្ពុជា ទេ។​លោក​​មាន​​ប្រ​សាសន៍​​​ថាវា​គ្រោះ​ថ្នាក់​ពេក​។

លោកហ៊ុនសែនបាន​បញ្ជាក់​ពី​គោល​ជំហរ​របស់​លោក​បែប​នេះ​អំឡុង​ពេល​ថ្លែង​សុន្ទរ​កថា​​នៅ​​វិទ្យា​ស្ថាន​ជាតិ​អប់រំ​ ដែល​​នៅ​ទី​នោះ​លោក​បាន​ថ្លែង​ប្រាប់​អ្នក​ចូលរួម​ថា ​កម្ពុជា មិន​ទាន់​ត្រៀម​ខ្លួន​ទទួល​ស្វាគមន៍​ការ​វិនិយោគ​បែប​នេះ​ទេ។

លោក​ ហ៊ុនសែន​ បាន​មាន​ប្រ​សាសន៍​ថា  “ មាន​ការ​យល់​ច្រឡំ​ខ្លះ​ពីសំណាក់​ប្រទេស​ជិត​ខាង​របស់​យើង​ដែល​និយាយថា ខ្ញុំ​បាន​អនុញ្ញាត​ឲ្យ​ពួកគេ​សាង​សង់​រោង​ចក្រ​ថាម​ពល​នុយ​ក្លេ​អ៊ែរ​ [ដើម្បី​ផលិត​ថាម​ពល​អគ្គិ​សនី] ក្នុង​​ខេត្ត​កោះ​កុង ប៉ុន្តែ​ខ្ញុំ​មិន​បាន​អនុញ្ញាត​ទេ”។

លោក​​បន្ត​ថា​​ “ ប្រទេ​សជិត​ខាង​មាន​សិទ្ធិ​សម្តែង​ក្តី​ព្រួយ​បារម្ភ​របស់​ខ្លួន ​ពី​ព្រោះប្រសិនបើ​វា​ផ្ទុះ​ឡើងនោះ​ មិន​មែនមាន​​តែ​ប្រទេស​កម្ពុជា​​ទេ​ដែល​រងគ្រោះ ប៉ុន្តែ​ប្រទេសនៅ​​ក្នុងតំបន់​ក៏​រង​គ្រោះ​ដែរ”។

លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​មាន​ប្រ​សាសន៍​សំដៅ​ដល់​ប្រទេស​ឥណ្ឌ​ូណេ​ស៊ីដែល​​ខ្វះ​ថាម​ពល​នុយ​ក្លេ​អ៊ែរ​ថា “ ខ្ញុំ​មិន​ដែលអនុញ្ញាតឲ្យ​សាង​សង់​រោង​ចក្រ​បែប​នេះ​ទេ ពីព្រោះ​កម្ពុជា គ្មាន​សមត្ថ​ភាពឈាន​​ [ដល់​ថ្នាក់​នោះ​ទេ] សូម្បី​ប្រទេស​ឥណ្ឌូណេស៊ីក៏​​មិន​អាច​ធ្វើ​បាន​ដែរ”។

លោក​បាន​បន្ថែម​ថា​ ទោះ​ជា​យ៉ាង​ណា ​កម្ពុជាមិន​បដិសេធ​ថាម​ពល​នុយ​ក្លេ​អ៊ែរ​ទាំង​ស្រុង​ទេ។​លោកបាន​បញ្ជាក់ថា មាន​វគ្គ​សិក្សា​វិ​ស្វកម្ម​នុយ​ក្លេ​អ៊ែរ​មួយ​នៅ​សាកល​វិទ្យា​ល័យ​បាត់​ដំបង។

លោក​ទេស​រដ្ឋ​មន្ត្រីស៊ុនចាន់​ថុលនិង​ជា​អនុ​ប្រធាន​ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា បាន​មានប្រ​សាសន៍​ថាក្រុម​​ហ៊ុន​មួយ​របស់​ថៃ ​កន្លង​​មក​ធ្លាប់​បាន​ធ្វើ​​សំណើ​សុំការ​អនុញ្ញាត​​ធ្វើ​ការ​សិក្សា​បឋម​​អំពី​​លទ្ធ​ភាព​នៃ​ការ​សាង​សង់​រោង​​ចក្រ​ថាម​ពល​នុយ​ក្លេ​អ៊ែរ​ ប៉ុន្តែ​ លោក​សុំ​មិន​បញ្ចេញ​ឈ្មោះ​ក្រុម​ហ៊ុន​នោះ​ទេ។

មុនពេល​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​បន្ថែម​ទៀត លោកទេស​រដ្ឋ​មន្ត្រី​ ស៊ុនចាន់ថុលបាន​មាន​ប្រ​សាសន៍​ថា “ កាល​ពី​ប្រ​ហែល​ពីរ​ឆ្នាំ​មុនក្រុម​​ហ៊ុន​មួយ​របស់​ថៃបាន​ស្នើ​សុំការ​អនុញ្ញាត​ធ្វើ​ការ​សិក្សា​ ប៉ុន្តែ​ សម្តេចហ៊ុនសែនបាន​មានប្រ​សាសន៍​ថា កម្ពុជាមិន​​ទាន់​ឈាន់​ដល់​កម្រិត​សាង​សង់​រោង​ចក្រ​ថាម​ពល​នុយ​ក្លេ​អ៊ែរ​នោះ​ទេ”។

កាល​ពី​ពីរ​សប្តាហ៍​មុន ​សកម្ម​ជន​​ប្រ​ឆាំង​​នុយ​ក្ល​អ៊ែរនៅ​ក្នុង​ប្រទេស​ថៃ ​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ​មាន​តម្លា​ភាព​ជាង​នេះ​ចំពោះផែន​ការ​សាង​​សង់​រោង​ចក្រ​ថាម​ពល​នុយ​ក្លេអ៊ែរ​​នៅក្នុង​ខេត្ត​កោះ​កុង ដោយ​អះ​អាង​ថាការ​ទទួល​យក​គម្រោង​បែប​នេះ​​ក្នុង​ប្រទេស​កម្ពុជា​ វា​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់។

ទាំង​​ប្រទេស​វៀតណាម និងប្រទេសថៃ សុទ្ធ​តែ​មិន​ទាន់​មាន​រោង​ចក្រ​ថាម​ពល​នុយ​ក្លេ​អ៊ែរ​ដូចគ្នា​ ប៉ុន្តែ​ ប្រទេស​ទាំង​ពីរ​នេះ​បាន​និយាយ​ថា ខ្លួនមាន​បំណង​ចង់​​ឲ្យ​​រោង​ចក្រ​ថាម​ពល​បែប​នេះ​ដំណើរ​ការ​​ឲ្យ​បាន​មុន​​ឆ្នាំ​២០២០៕​

ប្រែ​សម្រួល​ដោយតែមសុខុម​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស