28 C
Phnom Penh

COC ​​​សម្រាប់​​​ជម្លោះ​​​សមុទ្រ​​​ចិន​​​ខាង​​​ត្បូង​​​ស្ថិត​​​​​​លើ​​​ផ្លូវ​​​ដ៏​​​វែង​​​ឆ្ងាយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​ការ​​​ក្រសួងបរទេស​​​កម្ពុជា​​​មួយ​​​រូប​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពីម្សិលមិញ​​​ថា ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ដែល​​​ចង​​​ក្រង​​​ឡើង​​​តាម​​​ផ្លូវ​​​ច្បាប់​​​រវាង​​​ប្រទេស​​​សមាជិក​​​អាស៊ាន​​​ និង​​​ប្រទេស​​​ចិន​​​ ដែល​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង ​​​ដើម្បី​​​បញ្ចៀស​​​ជម្លោះ​​​ដែ​​ន​​​ទឹក​​ នៅ​​​ក្នុង​​​សមុទ្រ​​​ចិន​​​ខាង​​​ត្បូង​​​​នឹង​​​មិន​​​ត្រូវ​​​អនុម័ត​​​អំឡុង​​​កិច្ច​​​ប្រជុំ​​​អាស៊ាន​​​នៅ​​​ខែ​​​នេះ​​​ឡើយ​​​។

ថ្លែង​​​បន្ទាប់​​​ពី​​​កិច្ច​​​ប្រជុ​​ំ​​​មួយ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ រវាង​​​មន្ត្រី​​​ការ​​​បរទេស​​​ជាន់​​​ខ្ពស់មួយ​​​​ចំនួន​​​មក​​​ពី​​​ប្រទេស​​​សមាជិអាស៊ាន និងប្រទេស​​​​​​ចិន​​​ លោក​​​ស្រី​​​ សឿង រ័ត្ន​ចាវី រដ្ឋ​​​លេខា​ធិការ​​​ ក្រសួងការបទេស បានមាន​​​ប្រសាសន៍​​​ថា វា​​​មិនទាន់​​​​​ប្រាកដ​​​ឡើយ​​​ចំពោះការគិត​​​​​​ថា ក្រម​​​ប្រតិបត្តិ​​​សម្រាប់​​​ដែ​​ន​​​ទឹក​​​ដែល​​​សម្បូរ​​​ទៅ​​​ដោយធនធាន​​​ប្រេង​​​ និង​​​ឧស្ម័ន​​​ នឹង​​​ត្រូវ​​​អនុ​ម័ត​អំឡុង​​​កិច្ច​​​ប្រជុំ​​​អាស៊ាន​​​ខែ​​​នេះនោះ។

លោក​​​ស្រី រ័ត្នចាវី បាន​​​មាន​​​ប្រសាសន៍​​​ថា ​ “ ទេ” នៅ​​​ពេល​​​ដែល​​​គេ​​​បាន​​​សួរ​​​ថា តើ​​​ក្រម​​​ប្រតិបត្តិ​​​នឹង​​​ត្រូវ​​​អនុម័ត​​​នៅពេល​​​បញ្ចប់​​​កិច្ច​​​ប្រជុំ​​​អាស៊ាន​​ដែល​​​នឹង​​​ប្រព្រឹត្ត​​​ទៅ​​​នៅ​​​ថ្ងៃ​​​ទី​​​១៥​ដល់​​​ថ្ងៃ​​​ទី​​​២០ នៅ​ក្នុង​​​ខែ​​​វិច្ឆិកា​​​នេ​​​ះឬ។ ​លោក​​​ស្រី​​​បាន​​​ថ្លែង​​​ថា “ ​​​ឥឡូវ​​​នេះ​​​ក្រម​​​ប្រតិ​បត្តិ​​​នៅ​​​មិន​​​ទាន់​​ចេញ​​​សេចក្ដី​​​​​ព្រាង​​​នៅ​​​ឡើយ​​​ទេ​​​។ វា​​​ស្ថិត​​​នៅ​​​ក្នុង​​​ការ​​​ពិភាក្សា​​​នៅ​​​ឡើយ​​​ ក្រម​​​ប្រតិបត្តិ​​​ គឺ​​​ស្មុគ​​​ស្មាញ​​​ណាស់”។

លោកស្រី រ័ត្នចាវី ​​​លើក​​​ឡើង​​​ថា ​ភាគី​​​​ទាំង​​​អស់​​​នៅ​​​តែ​​​តាំង​​​ចិត្ត​​​រក្សា​​​សន្ដិភាព​​​នៅ​​​ក្នុងតំបន់​​​​​មាន​​​ជម្លោះ​​​ និង​​​នៅ​​​តែ​​​តាំង​​​ចិត្តធ្វើ​​​គោល​​​ការណ៍​​​​អនុវត្ត ដែល​​​ជា​​​គោល​​​ការ​​​ណ៍​ណែនាំ​​​មួយ​​​សម្រាប់​​​សន្ដិភាព​​​ ដែល​​​ត្រូវ​​​បាន​​​ចុះ​​​ហត្ថ​លេខា​​​ក្នុង​​​ឆ្នាំ​​​២០០២​​​ ប៉ុន្ដែ វា​​​មិន​​​បាន​​​ចង​​​ក្រង​​​​ឡើង​​​តាម​​​ផ្លូវ​​​ច្បាប់​​​ឡើយ​​​។ លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ យើង​​​បាន​​​ពិភាក្សា​​​ជាមួយ​​​គ្នា​​​ត្រង់​​​ទៅ​​​ត្រង់​​​មក​​​។ ​អ្នក​​​ចូល​​​រួម​​​នឹង​​​អ្នក​​​សម្រប​​​សម្រួល​​​បាន​​​ផ្លាស់​​​ប្ដូរទស្សន​​​គ្នា​​​ដោយ​​​ត្រង់​​​ៗ​​​អំពី​ការ​​​អនុវត្ត​​​តាម​គោល​​​ការ​​​ណ៍អនុវត្ត”។

ក្ដី​​​រំពឹងថា ​​​ក្រម​​​ប្រតិបត្តិ​​​នឹង​​​ត្រូវ​​​អនុម័ត​​​អំឡុង​​​ពេលប្រទេស​​​កម្ពុជា​​​ធ្វើ​​​ជា​​​ម្ចាស់​​​ផ្ទះ​​​កិច្ច​​​ប្រជុំ​​​អាស៊ាន​​​ឆ្នាំ​​​នេះ គឺ​​​មាន​​​ភាព​​​វិជ្ជមាន​​​តាំង​​​ពី​​​ដើម​​​ឆ្នាំ​​​មក​​​ម្លេ៉ះ​​​។អ្នក​​​វិភាគ​​​ជឿ​​​ជាក់​​​ថា ​ក្រម​​​​ប្រតិបត្តិ​​​នេះ​​​ នឹង​​​ត្រូវ​​​អនុម័ត​​​ ដោយសារ​​តែ​​​ទំនាក់​​​ទំនង​​​យ៉ាង​​​ជិត​​​ស្និទ្ធ​​​របស់​​​ប្រទេស​​​កម្ពុជា​​​ជាមួយ​​​នឹង​​​ប្រទេស​​​ចិន​​​ ក៏ដូច​​​ជា​​​តួនាទី​​​របស់​​​ខ្លួន​​​​​​ក្នុង​​​ការ​​​ជំរុញ​​​គោល​​​ការណ៍​​​អនុវត្ត​​​ឲ្យ​​​ឆ្ពោះ​​​ទៅ​​​មុខ​ ​​អំឡុង​​​ពេល​​​ប្រទេស​​​កម្ពុជា​​​បាន​​​ធ្វើ​​​ជា​​​ម្ចាស់​​​ផ្ទះ​​​ សម្រាប់កិច្ច​​​ប្រជុំ​​​អាស៊ាន​​​លើក​​​ចុង​​​ក្រោយ​​​ក្នុង​​​ឆ្នាំ​​​២០០២។ ទោះ​​​ជា​​​យ៉ាង​​​ណា នៅ​​​ក្នុង​​​​​​កិច្ច​​​ប្រជុំ​​​រដ្ឋ​​​មន្ត្រី​​​ការ​បរទេស​​​​អាស៊ាន​​​កាល​​​ពី​​​ខែ​​​កក្កដា ក្នុង​​​រាជធានី​​​ភ្នំពេញ​​​បាន​​​បញ្ចប់​​​ទៅ​​​ដោយ​​​ភាព​​​ជូរចត់​​ និង​​​ការ​​​ស្ដី​​​បន្ទោស​​​ ដោយសារ​​​រដ្ឋាភិបាល​​​មួយ​​​ចំនួន​​​បាន​​​អះអាង​​​ថា ដើម្បី​​​ផ្គាប់​​​ចិត​​្ត​​​ប្រទេស​​​ចិន ​​​ប្រទេស​​​​កម្ពុជាបាន​​​រារាំង​​​ដល់​​​ការ​​​រីក​​​ចម្រើន​​​នៃ​​​ក្រម​​​ប្រតិបត្តិ​​​ ។

កាល​​​ពី​​​ខែ​​​កក្កដា ប្រទេស​​​ជាសមាជិក​​​អាស៊ាន​​​បាន​​​បរាជ័យ​​​នៅ​​​ក្នុង​​​ការ​​​ចេញ​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​រួម​​​ជា​​​លើក​​​ដំបូង​​​នៅ​​​ក្នុង​​​ប្រវត្តិ​​​កិច្ច​​​ប្រជុំ​​​អាស៊ាន​​​រយៈ​​​ពេល​​​៤៥​​​ឆ្នាំ​​​របស់​​​ខ្លួន​​​ដោយសារតែ​​​ការ​​​មិន​​​ចុះសម្រុង​​​គ្នា​​​រវាង​​​ប្រទេស​​​ហ្វីលីពីន​​​ និង​​​ប្រទេស​​​កម្ពុជា។ ​ប្រទេស​​​​ហ្វីលីពីន​​បានទទូច​​​ឲ្យ​​​ដាក់​​​​​​បញ្ចូលការ​​​ប៉ះទង្កិច​​​គ្នា​​​រវាង​​​រដ្ឋាភិបាលទី​​​ក្រុង​​​ប៉េកាំង និងរដ្ឋាភិបាល​​​ទីក្រុង​​​ម៉ានីល​​​ នៅតាម​​​ប្រជុំ​​​កោះ​​​ស្កាបារ៉ាស់ សូល ​(Scarborough Soal) តែ​​​ប្រទេស​​​កម្ពុជា​​​បាន​​បដិសេធ ​​​ដោយ​​​​​​ជំទាស់​​​​ថា បញ្ហា​​​នេះ​​​គួរ​​​តែ​​​ត្រូវ​​​ដោះ​​​ស្រាយ​​​ទ្វេភាគី​​​រវាងរដ្ឋាភិបាល​​​ទី​​​ក្រុង​​​ប៉េកាំង​​​ និង​​​ប្រទេស​​​ដែល​​​ទាម​​​ទារ​​​សិទ្ធិ​​​នីមួយ​​​ៗ​​​។ប្រទេស​​​កម្ពុជា​​​បាន​​​បដិសេធ​​​ថា ខ្លួន​​​មិន​​​មែនកំពុង​​​ទទួល​​​រង​​​ឥទ្ធិពល​​​ពី​​​ប្រទេស​​​ចិន​​​ដោយសារ​​​បញ្ហា​​​ក្រម​​​ប្រតិបត្តិ​​​ឡើយ​​​។

មន្ត្រី​​​មួយ​​​ចំនួន​​​មក​​​ពី​​​ប្រទេស​​​សមាជិក​​​អាស៊ាន​​​ និង​​​ប្រទេស​​​ចិន​​​បាន​​​ជួប​​​ប្រជុំ​​​គ្នា​​​នៅ​​​ទី​​​ក្រុង​​​ផាត់ថាយ៉ា (Pattaya) កាល​​​ពី​​​ដើម​​​​សប្ដាហន៍​​​នេះ​​​ ដើម្បី​​​ចាប់​​​ផ្ដើម​​​ពិភាក្សា​​​គ្នា​​​អំពី​​​ក្រម​​​ប្រតិបត្តិ​​ អំឡុង​​​កិច្ច​​​ប្រជុំផ្លូវ​​​ការ​​​​​​របស់រដ្ឋ​​​មន្ត្រី​​​ជាន់​​​ខ្ពស់​​​អាស៊ាន​​​-ចិន​។ ទោះ​​​ជាយ៉ាង​​​ណា​​​ អ្នក​​​ចូល​​​រួម​​​បាន​​​ចាក​​​ចេញពី​​​​​​កិច្ច​​​ប្រជុំ​​​ដោយ​​​គ្មាន​​ក្ដី​​​សង្ឃឹម​​​ថា ក្រម​​​ប្រតិបត្តិ​​​នឹង​​​ត្រូវ​​​ព្រម​​​ព្រៀង​​​នៅ​​​ក្នុង​​​ឆ្នាំ​​​នេះ​​​ឡើយ​​​ ថ្វីបើ​​​​​​​​ប្រទេស​​​សមាជិក​​​អាស៊ាន​​​ទាំង​​​អស់​​​មាន​​​ការ​​​ព្រម​​​ព្រៀង​​​គ្នា​​​យ៉ាង​​​ដូច្នេះ​​​ក្ដី​​។

កាល​​​ពី​​​ម្សិលមិញ​​​ លោក ​ណូប៉ាឌុល​ ហ្គោ​ណា​វីប៊ុល (Nopadol Gunavibool) លេខា​​​រង​​​អចិន្ត្រៃយ៍​​របស់ក្រសួង​​​ការ​​​បរទេស​​​ថៃ​​​ ដែល​​​ជា​​​អ្នក​​​សម្រប​​​សម្រួល​​​រវាង​​​ទំនាក់​​អាស៊ាន​​​-ចិន​​​ ក៏មិនបាន​​​មាន​​​ក្ដី​​​សង្ឃឹម​​​ចំពោះ​​​ក្រម​​​ប្រតិ​បត្តិ​​​ អំឡុង​​​កិច្ច​​​ប្រជុំ​​​អាស៊ាន​​​នៅ​​​ក្នុង​​​ខែ​នេះ​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​ដែរ​​​។

លោក ណាប៉ាឌុល បាន​​​ថ្លែង​​​ថា “ ​​​មនុស្ស​​​ជា​​​ច្រើន​​​មាន​​​ក្ដី​​​រំពឹង​​​ខ្លាំងណាស់​​ថា យើង​​​នឹង​​​អាច​​​អនុម័ត​​​ក្រម​​​ប្រតិបត្តិ​​​នៅ​​​ពេល​​​ជាក់​​​លាក់​​​ណាមួយ​​​។ ប៉ុន្ដែ ខ្ញុំ​​​គិត​​​ថា បញ្ហា​​​ទាំង​​​មូល​​​ គឺ​​​ស្ថិត​​​​នៅ​​​ត្រង់​​​ដំណើ់រ​​​ការ​​នៃ​​​ការ​​​កសាង​​​ទំនុក​​​ចិត្ត​​​និង​​​ការ​​​ជឿជាក់​​​គ្នា​​​”។ លោក​​​បាន​​​បន្ដ​​​ថា “ ​​​ខ្ញុំ​​​មិន​​​គិត​​​ថា យើងនឹង​​​ព្យាយាម​​​រង់​​​ចាំ​​​រហូត​​​ដល់​​​ពេល​​​​​ក្រម​​​ប្រតិបត្តិ​​​ទទួល​​​បាន​​​ជោគជ័យ​​​នៅ​​​ពេល​​​ជាក់​​​លាក់​​​ណាមួយ​​​នោះ​​​ឡើយ​។

លោក​​​ក៏​​​បាន​​​មាន​​​ប្រសាសន៍​​​ដែរ​​​ថា ការ​​​ពិភាក្សា​​​គ្នា​​​ដោយ​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ជាង​​​មុន​​​អំឡុង​​​កិច្ច​​​ប្រជុំ​​​នៅ​​​ក្នុង​​​ខែ​​​នេះ​​​ជា​​​មធ្យោ​បាយ​​​​មួយ​​​ដើម្បី​​​ជៀស​​​វាង​​​កុំ​​​ឲ្យ​​​មាន​​​ភាព​​​ប្រេះ​​​ស្រាំ​​​ផ្នែក​​​ការ​​​ទូត​​​កើត​​​ឡើង​​​ច្រំដែល​​​ដូច​​​កិច្ច​​​ប្រជុំ​​​កាល​​​ពី​​​ខែ​​​កក្កដា​​​ ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ។

លោក​​​បាន​​​ថ្លែង​​​ថា “ ជាលើក​​​ចុង​​​ក្រោយ​​​ សម្រាប់បទ​​​ពិសោធ​​​ដែល​​​យើង​​​ទទួល​​​បាន​​​ គឺ​​​ជា​​​មេរៀន​​​មួយ​​​សម្រាប់​​​យើង​​​ ហើយ​​​នៅ​​​លើក​​​​នេះ​​​ យើង​​​នឹង​​​ត្រូវ​​​ជៀស​​​វាង​​​នូវ​​​បទ​​​ពិសោធ​​​ទាំង​​​នេះ​​​។ តាម​​​រយៈ​​​ការ​​​ពិគ្រោះ​​​គ្នា​​​ជា​​​ច្រើន​​​ ការប្រើពេល​​​វេលា យើង​​​នឹង​​​អាច​​​ជៀស​​​វាង​​​កុំឲ្យមានខ្វះ​​ការ​​​ព្រម​​​ព្រៀង​​​គ្នា​​​បែប​​​នោះ​​​ទៀត”។

លោក ហោ ណាំហុង រដ្ឋមន្ត្រី​​​ក្រសួង​​​ការ​បរទេស​​​បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ពេល​​​បើក​​​កិច្ច​​​ប្រជុំ​​​កាល​​​ពី​​​ម្សិលមិញថា ភាគី​​​ទាំង​​​អស់​​​នឹង​​​បន្ដ​​​ធ្វើ​​​ការ​​​រួម​​​គ្នា​​​លើ​​​ក្រម​​​ប្រតិបត្តិ​​​នេះ​​​។

លោក ហោ ណាំហុង បាន​​​មាន​​​ប្រសាសន៍​​​​នៅ​​​ក្នុង​​​ពេល​​​ថ្លែង​​​មុន​​​កិច្ច​​​ប្រជុំ​​​ថា “​​​ខ្ញុំ​​​គិត​​​ថា ​ប្រទេស​​​ជាសមាជិក​​​អាស៊ាន និង​​​ប្រទេស​​​ចិន​​​គួរ​​​តែ​​​បន្ដ​​​ធ្វើ​​​ការ​​​រួម​​​គ្នា​​​ឲ្យ​​​បាន​​​ជិត​​​ស្និទ​​្ធ​​​ ដើម្បី​​​ចូល​​​រួម​​​ពិភាក្សា​​​គ្នា​​​ដោយ​​​ផ្អែក​​​លើ​​​មូលដ្ឋាន​​​ជា​​​បណ្ដើរៗ​​​មួយ​​​ ដែល​​​អាច​​​នាំ​​​ទៅ​​​រក​​​ការ​​​អនុម័ត​​​ក្រម​​​ប្រតិបត្តិ​​​ពិត​​​ប្រាកដ​​​។។

លោក ប៉ាវីន ឆាឆាវ៉ាលពុង​​​​ពុន (Pavin Chacha​valpongpun) សាស្ត្រាចារ្យ​​​មួយ​​​រូប​​​នៅ​​​ឯ​​​សាកលវិទ្យា​​​ល័យ​​​តូក្យូ​​​ទទួល​​​បន្ទុក​​​ផ្នែក​​​ការ​​​សិក្សា​​​តំបន់​​​អាស៊ី​​​អាគ្នេយ៍​​​ ​​​មាន​​​ប្រសាសន៍​​​ថា ការ​​​អនុម័ត​​​​​ក្រម​​​ប្រតិបត្តិ​​​ ឬក៏​​​ការ​​​អនុវត្ត​​​ដ៏​​​តឹង​​​រុឹង​​​នៃ​​​គោល​​​ការណ៍​​​អនុវត្ត​​​តម្រូវ​​​ឲ្យ​​​មាន​​​ឆន្ទៈ​នយោបាយ​​​។លោក​​​បាន​​​ថ្លែង​​​ថា “ ​​​នៅ​​​ពេល​ប្រទេស​​សមាជិក​​​អាស៊ាន​​​ដែល​​​ជាអ្នក​ទាម​​​​ទារ​​​សិទ្ធិ​​​ចង់​​​នាំ​​​ប្រទេស​​​ចិន​​​ទៅ​​​កាន់​​​តុ​​​ចរចា ហើយ​​​ចង់​​​ទទួល​​​បាន​​​ជ័យ​​​ជម្នះ​​នោះ

នៅ​ពេល​នោះ​​​ប្រទេស​​​ចិនប្រាកដ​ជាមិន​ព្រម​ឡើយ​​​ ឬ​ក៏​នឹង​ទុក​​​បញ្ហានេះ​​​រហូតដល់​ពេលវេលា​ណា​​មួយ។​​​និយាយឲ្យចំទៅ​​​ ចិន​នៅតែត្រូវ​ការ​ប្រទេស​​​សមាជិក​​​អាស៊ាន ហើយ​​​ប្រទេស​​​​សមាជិក​​​អាស៊ាន​​​ក៏ត្រូវ​ការ​ប្រទេស​​​ចិន​​​វិញដែរ”៕

ប្រែសម្រួល​​​ដោយ​​​ សា៊ ស៊ុយឈាង​​​​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស