33 C
Phnom Penh

ការ​សង់​​ទំនប់​វារី​អគ្គិសនីនៅ​ ស្រុក​សេ​សាន​តម្រូវ​ឲ្យ​ប្រជា ​ពលរដ្ឋ​៥.០០០​​នាក់​ផ្លាស់​លំនៅ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទី​ស្ដី​ការ​គណៈរដ្ឋ​មន្ត្រី​ កាល​ពី​ថ្ងៃ​សុក្រ​ បាន​ចុះ​ហត្ថលេខា​លើ​គម្រោង​ស្ថានីយ៍វារី​អគ្គិសនី​សេសាន​ក្រោម​២​ នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ ថ្វី​បើ​អង្គការ​បរិស្ថាន បាន​រិះ​គន់​​ជា​យូរ​មក​ហើយ​ប្រឆាំង​នឹង​គម្រោង​នេះ​​ក្ដី​ ដោយ​​​លើក​ឡើង​​ថា គម្រោង​នេះ​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់ផលនេសាទ​របស់​​ប្រជា​ពល​រដ្ឋចំនួន​១០០.០០០​នាក់។

ទី​ស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​បាន​លើក​ឡើង​ក្នុង​សេចក្ដី​ប្រកាសព័ត៌មានណ៍​មួយ​ថា ទំនប់​វារី​អគ្គិសនី​កម្លាំង​៤០០​មេហ្គាវ៉ាត់​ ដែល​ស្ថិត​នៅ​​លើ​ដៃ​ទន្លេ​​មួយ​ក្នុង​ចំណោម​ដៃ​ទន្លេ​សំខាន់​ៗ ​បំផុត​របស់​ទន្លេ​មេគង្គ នឹង​​មាន​ការ​វិនិ​យោគ​ក្នុង​ទឹក​ប្រាក់​ចំនួន​៧៨១,៥២​​លាន​ដុល្លារ​ ​ជា​ភាគ​ហ៊ុន​របស់​ពីក្រុម​ហ៊ុនដ៏​ធំនៅ​​ក្នុង​ស្រុក​ គឺ​ក្រុម​ហ៊ុន​​រ៉ូយាល់​គ្រុប ហើយ​ទំនប់​នេះ​នឹង​ត្រូវ​ចំណាយ​ពេល​យ៉ាង​តិច​ណាស់​ប្រាំ​ឆ្នាំ​ ដើម្បី​បញ្ចប់​ការ​សាង​សង់។

សេចក្ដី​ថ្លែង​ការណ៍​នេះ​បាន​លើក​ឡើង​បន្ដ​ថា “ ​រដ្ឋា​ភិបាល​បាន​ផ្ដល់​គម្រោង​ស្ថានីយ៍​​វារី​អគ្គិសនី​សេសាន​ក្រោម២​ទៅ​ឲ្យ​ក្រុម​ហ៊ុន​​ដែល​មាន​ការ​រួម​គ្នា​មួយ​រវាង​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​ចំនួន និង​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​មក​ពី​ប្រទេស​វៀត​ណាម​ ព្រម​ទាំង​ក្រុមហ៊ុន​វារី​អគ្គិសនី​ដ៏​ធំ​មួយ​មក​ពី​ប្រទេស​ចិន​ ដើម្បី​វិនិយោគ​ក្នុង​ទឹក​ប្រាក់​៧៥១,៧​លាន​ដុល្លារ​។

ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​​ក៏បាន​លើក​ឡើង​ដែរថា រដ្ឋាភិបាល​រំពឹង​ថា នឹង​អាច​ទទួលបាន​​ប្រាក់​ចំណូល​ដោយ​សារ​តែ​ដក​ពន្ធ​ពី​ទំនប់​នេះ ក្នុង​មួយ​ឆ្នាំ​ៗ​២៩,៥​លាន​ដុល្លារ​ នៅ​ពេល​ណា​ដែល​ទំនប់​វារី​អគ្គិសនី​ក្នុង​ឃុំ​ភ្លុក ស្រុក​សេសាន​ អាច​បង្កើត​អគ្គិសនី​បាន​។

សេចក្ដី​ថ្លែង​ការណ៍​នេះ​មិន​បាន​លើក​ឡើង​ទេ​ថា តើ​នៅ​ពេល​ណា​ការ​ងារ​ពិត​ប្រាកដ​នឹង​ត្រូវ​ចាប់​ផ្ដើម​​ទៅ​លើ​ទំនប់នេះ​ ​ហើយ​ក៏​មិន​បាន​ប្រាប់​អំពី​ការ​រើ​ទី​លំនៅ​របស់​អ្នក​ភូមិ​រាប់​ពាន់​នាក់​​ ដែល​នឹង​ទទួល​រង​ផល​ប៉ះពាល់​ពី​គម្រោង​ដ៏​ធំ​សម្បើម​នេះ​ដែរ​។ គម្រោង​ដែល​មាន​ទីតាំង​ពី​ក្រោម​ការ​ប្រសព្វ​គ្នា​នៃ​ទន្លេ​សេសាន​ និង​ទន្លេ​ស្រែពក​ នឹង​ក្លាយ​ជា​ទំបន់​វារី​អគ្គិសនី​កម្ពុជា​លើក​ដំបូង​ដែល​សាង​សង់​ឡើង​ឆ្លង​កាត់​ទន្លេ​ចំនួន​បី គឺ​ទន្លេ​សេសាន ទន្លេស្រែពក​ និង​ទន្លេ​សេកុង ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា ស្រុីអេស​ បាស់​ស៊ីន (3S Basin)  ហើយ​នឹង​កាត់​ផ្ដាច់​ទន្លេ​​ចំនួន​ពីរ​ក្នុង​ចំណោម​ទន្លេ​ចំនួន​បី​ចេញ​ពី​​មេគង​្គ។ ផល​ប៉ះពាល់​​ពី​ទំនប់​វារី​អគ្គិសនីនេះ​ គឺ​មាន​ច្រើន​ណាស់​។

ការ​សិក្សា​ក្នុង​ឆ្នាំ​២០០៩​ ដែល​អនុវត្ត​ដោយ​លោក​ អៀន ប៊ៀត (Ian Baird) ដែល​ជា​អ្នក​ជំនាញ​ខាង​ផ្នែក​ជលផល​នៅ​តាម​ទន្លេទាំងបី​ មកពី​​សាកល​វិទ្យាល័យ​វិស្កុន​ស៊ីន​មេឌីសាន់ (Wisconsin-Madison) បង្ហាញ​ថា គម្រោង​វារី​អគ្គិសនី​នេះ​ នឹង​ធ្វើ​ឲ្យ​អ្នក​ភូមិ​ចំនួន​៥.០០០​នាក់​ នៅ​ក្នុង​ស្រុក​សេសាន​តែ​មួយ​គត់​ផ្លាស់​ទី​លំនៅ​។ ប៉ុន្ដែ ប្រជា​ពលរដ្ឋ​ចំនួន១០០.០០០​​នាក់​ដែល​ពឹង​ផ្អែក​លើ​ទន្លេ​សេសាន​ ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ និង​ខេត្ត​រតនគិរី នឹង​អាច​បាត់​បង់​លទ្ធភាព​នេសាទ​របស់​ខ្លួន។

ការ​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​បរិស្ថាន​នៃ​សំណើគម្រោង​វារី​អគ្គិសនី​ បាន​ចាប់​ផ្ដើម​ក្នុង​ឆ្នាំ​២០០៤ ដោយ​មាន​គោល​បំណង​ធានា​​ដល់​ភាព​សុខ​សាន្ដ​នៃ​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ដែល​ទទួល​រង​ផល​ប៉ះពាល់​នៃ​ការ​សាង​សង់​នេះ​។ ទោះ​ជាយ៉ាង​ណា​ ការ​វាយ​តម្លៃ​មិន​បាន​សិក្សា​ទេ​ថា​ តើ​គម្រោង​វារី​អគ្គិសនី​ដែលមាន​កម្ពស់​៧០​ម៉ែត្រ នឹង​ផ្ដល់​ផល​ប៉ះពាល់​ដល់​ការ​នេសាទ​យ៉ាងណា​នោះ​នៅ​តាម​ទន្លេ​ចំនួន​បី​ ហើយ​គ្រាន់​តែ​ទទួល​ស្គាល់​ថា ការ​នេសាទ​នៅ​ផ្នែក​ខាង​លើ​នៃ​ទន្លេ​ក្នុង​ខេត្ត​រតន​គិរី នឹង​ទទួល​រង​ផល​ប៉ះពាល់​ដោយ​ប្រជា​ពលរដ្ឋ​ចំនួន​៣០.០០០​នាក់​ និង​បាត់​បង់​ប្រាក់​ចំណូល​របស់​ខ្លួន​។

ការ​សាង​សង់​នៃ​ទំនប់​វារី​អគ្គិសនី​នេះ​គឺ​វា​ស្រប​តាម​គោល​នយោបាយ​ថា មពល​របស់​រដ្ឋាភិបាល​ដែល​ចង់​បង្កើន​ការផលិត​​ថាមពល​ក្នុង​ស្រុក​របស់​ខ្លួន​ពី​កម្លាំង​តិច​ជាង​១.០០០​មេហ្គាវ៉ាត់​ឲ្យ​បាន​ច្រើន​ជាង​ថាម​ពល​សព្វ​ថ្ងៃ​​ចំនួន១០.០០០​មេហ្គាវ៉ាត់​តាម​រយៈ​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​ឲ្យ​បាន​ច្រើន​ជាង​២០​នៅ​ទូ​ទាំង​ប្រទេស​។

ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​បាន​លើក​ឡើង​នៅក្នុង​សេចក្ដី​ប្រកាសព័ត៌មានរបស់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ​ថា ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម២​ នឹង​ធ្វើ​ឲ្យ​មាន​សន្ដិសុខ​ថាមពល​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ហើយ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេ​ញ​ខេត្ត​កំពង់​ចាមក្រចេះនិង​ខេត្ត​ស្ទឹង​ត្រែង​ នឹង​ទទួល​​បាន​ថាម​ពល​ប្រើ​ប្រាស់​គ្រប់​គ្រាន់​។

សេចក្ដី​ប្រកាសព័ត៌មាន​នេះ​បាន​បន្ដ​ថា “ ​គម្រោង​នេះ​ នឹង​ផ្ដល់​ការ​ងារ​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​រាប់​ពាន់​នាក់​អំឡុង​ពេល​សាង​សង់​”។ ប៉ុន្ដែ វា​ទំនង​ជា​ផ្ដល់​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​ដែល​អាស្រ័យ​លើ​ទន្លេ​ទាំង​នេះ​សម្រាប់​ជីវភាព​រស់​នៅ​របស់​ខ្លួន​។

លោក ចាន់ ថន​ អាយុ​៧០​ឆ្នាំ តំណាង​អ្នក​ភូមិមក​ពី​ឃុំ​ស្រែ​គរ ស្រុក​សេសាន​ បាន​មាន​ប្រសាសន៍​កាល​​ព​ី​ថ្ងៃ​សុក្រ​ថា​ អ្នក​ភូមិ​ជាង​៤០០​គ្រួសារ​នៅ​ក្នុងភូមិ​ចំនួន​ពីរ​ ក្នុង​ឃុំ​របស់​គាត់​ នឹង​ត្រូវ​ផ្លាស់​ទី​លំនៅ​ដោយ​សារ​តែ​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​នេះ​។ លោកបាន​និយាយ​ថា “រដ្ឋាភិបាល​និង​អាជ្ញាធរ​បាន​អះអាង​ម្ដង​ទៀត​អំពី​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២​ថា នឹងកាត់​បន្ថយ​ភាព​ក្រ​ីក្រ និង​ជំរុញ​ការ​អភិវឌ្ឍ ប៉ុន្ដែ យើង​បាន​គិត​ខុស​ពី​នេះ​។ យើង​នឹង​ត្រូវ​ផ្លាស់​ទី​លំនៅ​ ហើយ​មុខ​របរ​នេសាទ​ត្រី​បែប​ប្រពៃណី​របស់​យើង​ នឹង​ទទួល​រង​ផល​ប៉ះពាល់ជាមិនខាន​”។

លោក ចាន់ ថន និង​ជន​ជាតិ​ព្នង​ម្នាក់​បាន​និយាយ​ថា អ្នក​ភូមិ​មិន​ដែល​ត្រូវ​បាន​គេ​ពិភាក្សា​ជា​មួយ​អំពី​ការ​បណ្ដេញ​ចេញ​ ហើយ​រដ្ឋាភិបាល​ជា​យូរ​មក​ហើយ​ក៏​មិន​ដែល​បាន​និយាយ​អំពី​សំណង​ដ៏​សម​រម្យ​សម្រាប់​ការ​ផ្លាស់​ទី​លំនៅ​របស់​ពួក​គាត់​ដែរ​។

លោក ទី ងិញ មេឃុំ​ស្រែគ​រ បាន​មាន​ប្រសាសន៍​ថា លោក​មិន​ច្បាស់​ទេថា អ្នក​ភូមិ​ចំនួន​ប៉ុន្មាន​នឹង​ត្រូវ​ផ្លាស់​ទី​លំនៅ​ ដោយសារ​ទំនប់​វារី​អគ្គិសនី​នេះ ប៉ុន្ដែ បាន​ទទួល​ស្គាល់​ថា រដ្ឋា​ភិបាល​កំពុង​តែ​ធ្វើ​ការ​ ដើម្បី​ស្វែង​រក​តំបន់​ថ្មី​សម្រាប់​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​។

លោក​បាន​លើក​ឡើង​ថា “ ខ្ញុំ​មាន​សុទិ​ដ្ឋិ​និយម​ថា​ អ្នក​ភូមិ​របស់​ខ្ញុំនឹង​ទទួល​បាន​ការ​ងារ​​ធ្វើតាមរយៈការ​សាងសង់​ទំនប់​នេះ​ ហើយ​យើង​សង្ឃឹម​ថា មាន​អគ្គិសនី​ប្រើប្រាស់​នៅ​ក្នុង​សហគមន៍​របស់​យើង”។ យោងតាមទីស្តីការគណៈរដ្ឋមន្ត្រីបាន​ឲ្យ​ដឹងថា គ្រួសារដែលនឹង​ផ្លាល់​ទីលំ​នៅនឹង​ត្រូវ​ផ្តល់ដីឲ្យទំហំដល់ទៅ​៥ហិកតា៕

ប្រែសម្រួល​ដោយ ស៊ា ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស