38.1 C
Phnom Penh

មន្ត្រី​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​ចេញ​សេច​ក្តី​បង្គាប់ចំពោះ​ក្រុម​ហ៊ុន​ អឹម​ហ្វូន ដែល​ជាប់​បំណុល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ មន្ត្រី​សាលាដំបូង​​រាជ​ធានី​ភ្នំ​ពេញ​ បាន​ចេញ​សេច​ក្តី​បង្គាប់ដោយ​ប្រមូល​យក​បញ្ជី​សារ​ពើ​ភណ្ឌទាំង​អស់​របស់​ក្រុម​ហ៊ុន​ អឹម​ហ្វូន (Mfone) ​ហើយ​ព្រមាន​ក្រុម​ហ៊ុន​នេះមិន​ឲ្យ​លក់​ទ្រព្យ​សម្បត្តិ​ នៅ​មុន​ពេល​សង​បំណុលរបស់​ខ្លួន​អស់។

ក្រុម​ហ៊ុន​អ៊ែល​ថេក​ វ៉ាល័រ​ (Eltek Valere)​ ដែល​ជា​ក្រុម​ហ៊ុន​មក​ពី​ប្រទេស​ន័រវែស​ បាន​ឈ្នះ​ក្តី​ កាល​ពី​ខែ​មុន​ ដោយ​សាលា​ដំបូង​បាន​ចេញ​សេចក្តី​បង្គាប់​ចំ​ពោះ​ក្រុម​ហ៊ុន​ អឹម​ហ្វូន​ បន្ទាប់​ពី​ក្រុម​ហ៊ុន​ Eltek Valere​ បាន​ដាក់​ពាក្យ​ប្តឹង​ក្រុម​ហ៊ុន​អឹម​ហ្វូន​ពី​បទ​មិន​សង​បំណុលចំនួន​៣,៧៣​លាន​ដុល្លារ​ថ្លៃ​ដំឡើង​បច្ចេក​វិទ្យា​​ផ្កាយ​រណប​ សម្រាប់​បណ្តាញ​ទូរស័ព្ទ​ឌីជីថល​។

ឯក​សារ​តុលាការ​ ដែល​​​បាន​ចុះ​ហត្ថ​លេខា​ កាល​ពី​ថ្ង​ព្រហស្បតិ៍​ ដោយ​ព្រះ​រាជ​អាជ្ញា លោក គឺ​ ប៊ុណ្ណារ៉ា​ ហើយ​ដោយ​បាន​យល់​ព្រម​​ដោយ​តំណាង​ក្រុម​ហ៊ុន​ Eltek Valere​ និង​ក្រុម​ហ៊ុន​ អឹម​ហ្វូន​មាន​ខ្លឹម​សារ​ដូច្នេះ​ថា​ “​ គណៈកម្មការ​ចម្រុះ​ បាន​សម្រេច​បន្ត​អនុវត្តសេចក្តី​បង្គាប់​មួយ​ ដែល​តម្រូវ​ឲ្យ​ភាគី​ជំពាក់​បំណុល​ដាក់​ជូន​នូវ​បញ្ជី​សារពើ​ភណ្ឌ​ទាំង​អស់​របស់​ខ្លួន​ ទាំង​សម្ភារ​ជា​រូបវ័ន​ និង​សម្ភារ​ផ្សេងៗ​ទៀត​ ដែល​ជា​កម្មសិទ្ធ​ិរបស់​ក្រុម​ហ៊ុន​ អឹម​ហ្វូន​”។

ឯកសារ​តុលាការ​នេះ​បាន​បន្ត​ទៀត​ ដោយ​មាន​ខ្លឹម​សារ​ថា​ “ គណៈកម្មការ​ចម្រុះ​ បាន​បញ្ជា​ឲ្យ​ហាម​ឃាត់​ក្រុម​ហ៊ុន​អឹម​ហ្វូន​មិន​ឲ្យ​លក់​ ឬ​ឲ្យ​ខ្ចី​ជា​បណ្តោះ​អាសន្ន​នូវ​កម្មសិទិ្ធ​របស់​ខ្លួន​ណា​មួយ​ រហូត​ដល់​ករណី​នេះ​ត្រូវ​បាន​ដោះ​ស្រាយ​រួច​រាល់” ហើយ​ឯក​សារ​នេះ​ឲ្យ​ដឹង​ទៀត​ថា​ មន្ត្រី​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​បាន​ដើរ​ចេញ​ពី​ទីស្នាក់​ការ​កណ្តាល​របស់​ក្រុម​ហ៊ុន​ អឹម​ហ្វូន​នៅ​ក្នុង​ខណ្ឌ​ចំការមន​ ដោយ​នាំ​យក​ទៅ​ជា​មួយ​នូវ​បញ្ជី​សារពើ​ភណ្ឌ​កម្រាស់​ជាង​៥០​ទំព័រ​ ដើម្បី​ទុក​ជា​ភ័ស្តុតាង។

លោក​ គុយ​ ធណ្ណា​ អេធាវី​ការ​ពារ​ក្តី​ឲ្យ​ក្រុម​​ហ៊ុន​ Eltek Valere​ បាន​មាន​ប្រសាសន៍​ថា​ កូន​ក្តី​របស់​លោក​ នឹង​បន្ត​ដាក់​ពាក្យ​ប្តឹង​របស់​ខ្លួន​នៅ​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​ទៀត​នេះ​ ដោយសារ​តែ​ការ​ចរចា​គ្នា​នា​ពេល​ថ្មីៗ​នេះ​ជា​​មួយ​ក្រុម​ហ៊ុន​អឹម​ហ្វូន​មិន​អាច​ទៅ​រួច។

លោក​បាន​បន្ត​ទៀត​ថា​ “​ ខ្ញុំ​មិន​អាច​ផ្តល់​ជូននូវ​កាល​បរិច្ឆេទ​ពិត​ប្រាកដ​អំពី​ការ​ដាក់​ពាក្យ​ប្តឹង​នេះ​បាន​ទេ​ ក៏​ប៉ុន្តែ​ឯក​សារ​ត្រូវ​បាន​រៀប​ចំ​រួច​រាល់​អស់​ហើយ​ ហើយ​យើង​នឹង​យក​វា​ដាក់​ទៅ​តុលាការ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​”។

លោក​ អាទីប​ រីតតាផន​ (Atip Rittaporn)​ នាយក​គ្រប់​គ្រង​ក្រុម​ហ៊ុន​ សេនីងតុន​ អុីន​វេស​មិន​ (Shenington Investment)​ ដែល​ជា​ក្រុម​ហ៊ុន​អាណាព្យា​បាល​របស់​ក្រុម​ហ៊ុន​ អឹម​ហ្វូន​ បាន​មាន​ប្រសាសន៍​ កាល​ពី​ដើម​សប្តាហ៍​នេះ​ថា​ បើ​ទោះ​បី​ជា​ ក្រុម​ហ៊ុន​ អឹម​ហ្វូន​ជំពាក់​បំណុល

​ក៏​ដោយ​ ក៏មេធាវី​របស់​ខ្លួន​កំពុង​ធ្វើ​ការ​ជា​មួយ​ក្រុម​ហ៊ុន​ Eltek Valere​ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​មួយ​ឲ្យ​បាន​ នៅ​មុន​ពេល​ ស្ថាន​ការណ៍​ក្លាយ​ជាការ​ប្តឹង​ផ្តល់​គ្នា។

នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ ដែល​ចុះ​ហត្ថ​លេខា​ ដោយ​នា​យក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ លោក​ យ៉ាប​ វ៉ៃឃី​ (Yap Wai Khee)​ ចុះ​កាល​បរិច្ឆេទ​ថ្ងៃ​ទី​៥​ ខែ​កញ្ញា​ ឆ្នាំ​២០១១​ ដែល​ត្រូវ​បាន​ផ្ញើទៅ​ទី​ស្នាក់​ការ​កណ្តាល​របស់​ក្រុម​ហ៊ុន​ Eltek Valere​ នៅ​ប្រទេស​សិង្ហបុរី​ បាន​លើក​ឡើង​ថា​ ក្រុម​ហ៊ុន​អឹម​ហ្វូន​មិន​មាន​លទ្ធ​ភាព​សង​បំណុល​នេះ​ទេ​ ដោយ​សារ​តែ​មាន​រៀប​ចំឡើង​វិញ​នូវ​បំណុល​របស់​ក្រុម​ហ៊ុន​អឹម​ហ្វូន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​សុំ​សង​បំណុល​រំលោះ​ក្នុង​មួយ​ខែ​១០.០០០​ដុល្លារ៕

ប្រែសម្រួល​ដោយ​ ហួង​ កុក​ទៀន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស