26 C
Phnom Penh

កម្ពុជា​ច្រាន​ចោល​ការ​រិះ​គន់​​របស់​សហភាព​​អឺរ៉ុប​ចំពោះ​សិទ្ធិ​ មនុស្ស និង​ការ​បណ្ដេញ​ចេញ​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្នុង​ការ​ឆ្លើយ​តប​ជា​ផ្លូវ​ការ​លើក​ដំបូង​របស់​ខ្លួន​ចំពោះ​សេចក្ដី​សម្រេច​រិះ​គន់​យ៉ាង​ខ្លាំង​មក​លើ​ប្រទេស​កម្ពុជា​ ពី​សភា​សហភាព​អឺរ៉ុប​នោះ​​ រដ្ឋាភិបាល​បាន​ច្រាន​ចោល​ការ​រិះ​គន់​ទាំង​អស់​ និង​ផ្ទុយ​ទៅ​វិញ​បាន​ចោទ​ប្រកាន់​សភា​សហភាព​អឺរ៉ុប​នៅ​ក្នុង​ទី​ក្រុង​ព្រុច​សែល​ថា បាន​​ដើរ​តួ​​នយោបាយ​ និង​ជ្រៀត​ជ្រែក​ក្នុង​កិច្ច​ការរដ្ឋាភិបាល​​របស់​រាជ​ធានី​ភ្នំពេញ​។

នៅ​ក្នុង​សេចក្ដី​សម្រេច​របស់​ខ្លួន ​ដែល​អនុម័ត​កាល​ពី​ថ្ងៃ​ទី​២៦ខែ​តុលា សភា​សហ​ភាព​អឺរ៉ុបបាន​ចេញ​របាយការណ៍​ជាច្រើន​អំពី​​​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ ដោយ​រាប់​ចាប់​ពី​ការ​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​រឿង​នយោ​បាយ​ទៅ​លើ​មេដឹក​នាំ​គណបក្ស​ប្រឆាំង​ គឺ​លោក សម រង្ស៊ី រហូត​ដល់​​គុណ​វិបត្តិ​ធ្ងន់នៅ​ក្នុង​ប្រព័ន្ធ​បោះ​ឆ្នោត​ និង​ការ​ប្រើ​​កម្លាំងហួស​​ហេតុប្រឆាំង​អ្នក​តវ៉ា​។

ប៉ុន្ដែ នៅ​ក្នុង​លិខិត​មួយ​ផ្ញើ​ទៅ​កាន់​លោក​ ម៉ាទីន ស្កាល់​ (Martin Schulz) ប្រធាន​សភា​សហ​

ភាប​អឺរ៉ុប​ ​ចុះ​​ថ្ងៃ​ព្រហស្បតិ៍ លោក សូ សឹង្ហា ភារធារី​របស់​​កម្ពុជា​​ប្រចាំ​​ទី​ក្រុង​ព្រុច​សែល បាន​ច្រាន​ចោល​ការ​សន្និដ្ឋាន​ទាំង​អស់​​នៅ​ក្នុង​​សេចក្តី​​សម្រេចនេះ។

លោក សឹង្ហា បាន​សរសេរ​ថា “ ​វា​ជា​រឿង​ចាំ​បា​ច់​សម្រាប់​សភា​សហភាព​អឺរ៉ុប​ ដែល​ត្រូវ​​​សិក្សា​ និង​ស្វែង​យល់​ឲ្យ​បាន​ច្បាស់​អំពី​ស្ថាន​ភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា ​នៅ​ពេល​អនាគត​ មុន​នឹង​អនុម័ត​សេចក្ដី​សម្រេច​ដែល​លម្អៀង​ និង​​មិន​ត្រឹម​ត្រូវ​បែប​នេះ​​”។

លោក សឹង្ហា បាន​ធ្វើ​ការ​រិះ​គន់​យ៉ាង​ខ្លាំង​

ចំពោះ​ការ​លើក​ឡើង​របស់​សភា​សហភាព​អឺរ៉ុប​វិញ​ថា លោក សម រង្ស៊ី ដែល​កំពុង​តែ​រស់​នៅ​ក្នុង​ការ​និរទេស​ខ្លួន​ក្នុង​ប្រទេស​បារាំង​​

ដើម្បី​គេច​ពី​ការ​ផ្ដន្ទាទោស​​ដាក់​ពន្ធនាគារ​រយៈ​ពេល​១១​ឆ្នាំ​ នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ខែ​កក្កដា​ឆ្នាំ​ក្រោយ។

នៅ​ក្នុង​លិខិត​របស់​លោកផ្ញើ​ទៅ​កាន់​សភា​​សហភាប​អឺរ៉ុប លោក សឹង្ហា បាន​​បញ្ជាក់​​ថា ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី មិន​ស្ថិត​នៅ​ក្រៅ​អំណាច​របស់​រដ្ឋាភិបាល​ទេ។

លោក​បាន​ថ្លែង​ថា “ ​គំនិត​ស្នើ​សុំ​ឲ្យ​មាន​ការ​បង្រួប​បង្រួម​​នយោបាយ​​រវាង​លោក សម រង្ស៊ី និង​រាជ​រដ្ឋាភិបាល​កម្ពុជា​ គឺ​ជា​ការ​មិន​ត្រឹម​ត្រូវ​ទាល់​តែ​សោះ​​”។ លោក​បន្ដ​ថា  “ គំនិត​ស្នើ​ឡើង​នេះ​ គឺជា​ការ​ជ្រៀត​ជ្រែក​ក្នុង​សេចក្តី​សម្រេច​របស់​តុលាការ​ ព្រោះ​​រាជ​រដ្ឋាភិបាល​កម្ពុជា​ គ្មាន​​អំណាច​នៅ​ក្នុង​តុលាការ​ទេ​”។

លោក សម រង្ស៊ី ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​នៅ​ក្នុង​ឆ្នាំ​២០១០ ដោយសារ​​ដក​បង្គោល​តម្រុយ​ព្រំដែននៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​វៀត​ណាម​។

លោក សុរិយា ស៊ូបេឌី ប្រេសិត​ពិសេស​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​​ប្រចាំ​​កម្ពុជា​ ព្រឹទ្ធ​សភា​អូស្ត្រាលី​ និង​សហ​ភាព​អន្ដរ​សភា ជា​ក្រុម​​សមាជិក​សភា​មក​ពី​ទូទាំង​ពិភព​លោក ដែល​តែ​ង​តែ​គាំ​ទ្រ​គណបក្ស​ប្រឆាំងនៅក្នុង​ប្រទេស​កម្ពុជា ថ្មី​ៗ​នេះ​ ក៏​បាន​ធ្វើ​ការ​ស្នើ​ស្រដៀង​គ្នា​ទៅ​កាន់​រដ្ឋាភិបាល​សុំ​អនុញ្ញាតឲ្យ​លោក សម រង្ស៊ី បាន​ចូល​រួម​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​ក្រោយ​ដែរ​។

កាល​ពី​លើក​មុន​ រដ្ឋាភិបាល​ធ្លាប់​​បាន​អនុញ្ញាត​ឲ្យ​លោក​ សម រង្ស៊ី ត្រឡប់​មក​ប្រទេស​កម្ពុជា​ ពី​ការ​និរទេស​ខ្លួនម្តង​រួច​មក​ហើយ​​។ កាល​ពី​​ឆ្នាំ​២០០៦​ លោក សម រង្ស៊ី បាន​ទទួល​កាព្រះ​រាជ​ទាន​​លើក​លែង​ទោស​​ បន្ទាប់​ពី​ប្រឈម​នឹង​​ទោស​​ជាប់​ពន្ធនាគារ​ ពីបទ​​បរិហារកេរ​្តិ៍លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ហើយ​ការ​ព្រះ​រាជ​ទាន​លើក​លែង​ទោស​នោះ​បាន​អនុញ្ញាត​ឲ្យលោក​ឈរ​​ឈ្មោះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ពីរ​ឆ្នាំ​ក្រោយ​មក។

សេចក្ដី​សម្រេចរបស់​​សភា​សហភាព​អឺរ៉ុប ក៏​បាន​បន្ទោស​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ចេញ​អាជ្ញាប័ណ្ណ​​​ដោយ​រដ្ឋាភិបាល​ទៅ​ឲ្យ​​ក្រុម​ហ៊ុន​កសិកម្ម​ដែល​​បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ប្រមាណ​៤០០.០០០​គ្រួសារ​ចាក​ចេញ​ពី​ដី​របស់​ខ្លួន​ ក្នុង​រយៈ​ពេល​១០​ឆ្នាំ​មក​នេះ​ និង​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ថា បាន​ប្រើ​កម្លាំង​ហួស​ហេតុ​ប្រឆាំង​នឹង​អ្នក​តវ៉ា​ដែល​​រង​ផល​ប៉ះពាល់​។

ថ្វី​បើ​មាន​ការ​សើ​រើ​ឡើង​វិញ​ដោយ​ការ​ស៊ើប​អង្កេត​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​របាយការណ៍​​មួយ​នាពេល​ថ្មីៗ​នេះ​ ដែល​លោក​ សុរិយា ស៊ូបេឌី  ផ្ញើ​ទៅ​កាន់​អង្គការ​សហ​ប្រជាជាតិ​​ក៏​ដោយ  ក៏​លោក សឹង្ហា នៅតែ​​​ច្រាន​ចោល​ការ​អះអាង​​អំពី​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ថា ជា​ការ​អះអាង​ខុស​ និង​ផ្អែក​តែ​ទៅ​លើ​​របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​។

ដើម្បី​ការ​ពារ​គោល​នយោបាយ​ដី​ធ្លី​របស់​រដ្ឋាភិបាល​ លោក សឹង្ហា បាន​គូស​បញ្ជាក់​ថា លោក ហ៊ុន សែន កាល​ពី​ខែ​ឧសភា បាន​ចេញ​​បទ​បញ្ជា​ឲ្យ​ផ្អាក​ជា​បណ្ដោះ​អាសន្ន​នូវ​ការ​ចេញ​អាជ្ញាប័ណ្ណ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ថ្មីៗ​ និង​ចេញ​បទ​បញ្ជា​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​តាម​​ច្បាប់​ឡើង​វិញ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​មាន​ស្រាប់​។ ប៉ុន្តែ​​ លោកនាយក​រដ្ឋមន្ត្រី​បាន​ចុះ​ហត្ថលេខា​លើ​ការ​ផ្ដល់​ដី​សម្បទាន​យ៉ាងតិច​១២ ចាប់​តាំង​ពី​មាន​ការ​ផ្អាក​ផ្ដល់​ដី​សម្បទាន​​សេដ្ឋកិច្ចនោះដោយ​សារ​​គម្រោង​ដី​សម្បទាន​​ទាំង​នោះ​​បាន​​ដំណើរ​ការ​​មុន​ពេល​មាន​ការ​ចេញ​បទ​ប​ញ្ជា​នេះ​។

​ក្នុង​លិខិត​របស់​លោកផ្ញើ​ទៅ​កាន់​ប្រធាន​សភា​សហភាព​អឺរ៉ុប​ លោក សឹង្ហា ក៏​បាន​​បញ្ជាក់​​ដែរ​ថា ការ​ធ្វើឃាត​លោក ឈុត វុទ្ធី សកម្មជន​ការ​ពារ​ព្រៃ​ឈើ​ កាល​ពី​ខែ​មេសា និង​​ការ​បាញ់​សម្លាប់​ក្មេង​ស្រី​ ហេង ចន្ថា អាយុ​១៤​ឆ្នាំ កាល​ពី​ខែ​ឧសភា ពី​សំណាក់​កង​​កម្លាំង​សន្ដ​ិ​សុខ​នោះត្រូវ​បាន​ស៊ើប​អង្កេតរួច​​ហើយ​។

មន្ត្រី​រដ្ឋាភិបាល​​លើក​ឡើង​ម្ដង​ហើយ​​ម្ដង​ទៀត​ថា ការ​ស្លាប់​​​របស់​ ហេង ចន្ថា នឹង​មិន​ចាំ​បាច់​ស៊ើប​អង្កេត​ទេ​ ពី​ព្រោះ​វា​គឺ​ជា​រឿង​ចៃដន្យ ដែល​កើត​ឡើង​អំឡុង​ការ​បណ្ដេញ​អ្នក​ភូមិ​ដែល​រស់​នៅ​លើ​ដី​សម្បទាន​របស់​ក្រុម​ហ៊ុន​ចម្ការ​កៅ​ស៊ូ​។

ហេង ចន្ថា ត្រូវ​បាន​បាញ់​ស្លាប់​​ខណៈ​កំពុង​ពួន​ក្រោម​ផ្ទះ​ជា​មួយ​គ្រួសារ​របស់​នាង​ នៅ​ពេល​កង​កម្លាំង​សន្ដិសុខ​បាន​វាយ​ឆ្មក់​ចូល​ភូមិ​​របស់​នាងនៅ​ក្នុង​ខេត្ត​ក្រចេះ អំឡុង​ពេល​បណ្ដេញ​ចេញ​​នោះ។

កាល​ពី​ថ្ងៃ​ទី​១ ខែ​តុលា សាលាដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ផ្ដន្ទាទោសលោក ម៉ម សូណង់ដូ ​ម្ចាស់​ស្ថានីយ​វិទ្យុឯករាជ្យ​មួយ​ឲ្យ​ជាប់​ពន្ធនា​គារ​រយៈ​ពេល​២០​ឆ្នាំ​ បន្ទាប់​ពី​លោក​ត្រូវ​បាន​ចោទ​​ប្រកាន់​ពី​បទសង្ស័យ​ថា​ បាន​​​បង្កើត​​ចលនា​អបគម​ន៍​មួយ​ ដែល​បណ្តាលឲ្យ​​មានការ​បណ្ដេញ​ចេញ​ដ៏​ធំ​មួយ​ពី​សំណាក់​រដ្ឋា​ភិបាល​ នៅ​ក្នុង​ខេត្ត​ក្រចេះ​។

អង្គការ​សិទ្ធិ​មនុស្ស​បាន​ច្រាន​ចោល​​នូវ​ការ​អះអាង​​​អំពី​ចលនា​អបគមន៍​នេះ​​ថា ជា​លេស​របស់​រដ្ឋាភិបាល​ ដើម្បី​​បណ្ដេញ​​ប្រជា​ពល​រដ្ឋ​។ សេចក្ដី​សម្រេច​របស់​សភា​សហភាព​អឺរ៉ុប​ក៏អំពាវ​នាវ​ឲ្យ​ដោះ​លែង​លោក​ ម៉ម សូណង់​ដូជា​បន្ទាន់​ដែរ​។

នៅ​ក្នុង​លិខិត​របស់​លោក លោក សឹង្ហា បានការ​ពារ​ការ​ចោទ​ប្រកាន់​លោក ម៉ម សូណង់ដូថា បានផ្អែក​លើ​ភ័ស្ដុតាង​ច្បាស់លាស់​​​ និង​សាក្សី​”។ តែទោះជាយ៉ាណា​ ភ័ស្ដុតាង​នោះ​រួម​មាន​អត្ថបទ​បី​បួន​ទំព័រ​ដែល​ថត​ចម្លង​ចេញ​គេហ​ទំព័រ​របស់​ក្រុម​អណិ​កជន​ខ្មែរ​នៅ​អាមេរិក​ បាន​​បង្ហាញថា លោក​ ម៉ម សូណង់ដូ មិន​​មាន​ទំនាក់​ទំនង​នឹង​​​ចលនា​អបគមន៍​​នៅ​ក្នុង​ខេត្ត​ក្រចេះ​ឡើយ​​។ ហើយ​​សាក្សី​នោះ​​ជា​ក្រុម​ដែល​ទទួលរងការ​ចោទ​ប្រកាន់​​ដូច ​លោក ម៉ម សូណង់ដូ​ ​ដែល​ក្រោយមក​បាន​ផ្ដល់​សក្ខី​កម្ម​ប្រឆាំង​នឹង​ម្ចាស់​ស្ថានីយ​វិទ្យុ​​នេះ ជា​ថ្នូរ​នឹង​​ការ​ព្យួរ​ទោស​​

ជាប់​ពន្ធនាគារ​របស់​ខ្លួន។

ការរិះគន់​គ្នា​​ទៅ​វិញ​ទៅ​មក​​បែប​នេះ​រវាង​​រដ្ឋាភិបាល​ និង​អ្នក​រិះ​គន់​របស់​ខ្លួន​​មិន​មែន​ជា​រឿង​ថ្មី​ទេ​សម្រាប់​ប្រទេស​កម្ពុជា ហើយសព្វ​ថ្ងៃ​មាន​អ្នក​រិះ​គន់​​ខ្លះបាន​អំពាវ​នាវ​ឲ្យ​ម្ចាស់​ជំនួយ​បរទេស​របស់​កម្ពុជា​ធ្វើ​ការ​ស៊ើប​អង្កេត​ជំនួយ​ជា​ទឹក​ប្រាក់​របស់​ខ្លួន​ដែលជួយសម្រាប់​កំណែ​ទម្រង់​។

លោក ប៉ាទ្រិក អាល់លី (Patrick Alley) ប្រធាន​អង្គការ​យុទ្ធ​នាការ​​ការ​ពារ​​បរិស្ថាន​ ក្លោប​បល​ វីតណេស (Global Witness) ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ឡុង បាន​លើក​ឡើង​នៅ​ក្នុង​អុីម៉េល​ កាល​ពី​ថ្ងៃ​សុក្រ​ថា“ ការជំរុញ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​លួច​ដី​ និង​​កៀប​សង្កត់​ប្រជា​ពល​រដ្ឋ​​ វា​នៅមិន​ទាន់​គ្រប់​គ្រាន់​នោះ​ទេ​ ពី​ព្រោះ​រដ្ឋាភិបាល​ជារឿយ​ៗ​មិន​ដែល​ស្ដាប់​ឡើង​”។

ដោយ​មាន​សេចក្ដី​សម្រេច​របស់​សភា​សហភាព​អឺរ៉ុប​ រួម​ទាំង​ការ​គ្រោង​មក​បំពេញ​ទស្សនកិច្ច​នៅ​ខែ​ក្រោយ​របស់​លោក បារ៉ាក់ អូបាម៉ា ប្រធានា​ធិបតី​អាមេរិក​ សហ​ភាប​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​ត្រូវ​តែ​ធ្វើ​ការ​ស៊ើប​អង្កេតលើ​ជំនួយ​របស់​ខ្លួន ដើម្បី​ធានា​ឲ្យ​បាន​ថា ​មាន​​ការ​ពង្រឹង​លទ្ធិប្រជា​ធិបតេយ្យ​ ច្បាប់​ និង​សិទ្ធិ​​មនុស្ស​នៅ​​កម្ពុជា​។

លោក សម រង្ស៊ី អំពាវ​នាវ​ឲ្យ​លោក បារ៉ាក់អូបាម៉ា លុប​ចោល​ការ​​បំពេញ​ទស្សន​កិច្ច​ក្នុង​រាជ​ធានី​ភ្នំពេញ​ ដោយ​សារតែ​របាយ​ការណ៍​រំលោភ​បំពាន​សិទ្ធិមនុស្ស​របស់​រដ្ឋា​ភិបាល​៕

ប្រែសម្រួល​ដោយ ស៊ា ស៊ុយឈាង

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស