28.4 C
Phnom Penh

គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំការ​​​បោះ​​​ឆ្នោត​​​លុប​​​ឈ្មោះ​​​លោក សម រង្ស៊ី ចេញ​​​ពី​​​បញ្ជី​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំការ​​​បោះ​​​​ឆ្នោត​​បាន​​​លើកឡើង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំការ​​​បោះ​​​ឆ្នោត​​បាន​​​លុប​​​ឈ្មោះ​​​លោក សម រង្ស៊ី មេដឹក​​​នាំ​​​គណ​បក្ស​​​ប្រឆាំង​​​ចេញ​​​ពី​​​បញ្ជី​​​ឈ្មោះ​​​បោះ​​ឆ្នោតជាតិ​​​​ឆ្នាំ​​​ក្រោយ​​ ដោយ​​​ហេតុ​​​ថា ​លោក​ជា​​​ឧក្រិដ្ឋ​​​​ជន​​​ដែល​​​ត្រូវ​​​បានតុលាការ​ផ្ដន្ទាទោស។​​​

ការ​​​សម្រេច​​​នេះ​​​មាន​​​ន័យ​​​ថា ទោះ​​​បី​​​ជា​លោក សម រង្ស៊ី ទទួល​​​បាន​​​ការព្រះ​​​រាជទាន​​​លើក​​ទោស​​​ក៏​​​ដោយ ក៏​​​លោក​​​មិន​​​អាច​​​ចូល​​​រួម​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​បាន​​​ដែរ​​ព្រោះថា ​​​រយៈ​ពេល​​​​ចុះ​​​ឈ្មោះ​​​បោះ​​​ឆ្នោ​​ត​​​ផ្លូវ​ការ​បាន​​​កន្លង​​​ផុត​​​ទៅ​​​ហើយ។

លោក ទេព នីថា អគ្គលេខាធិការ​​​គណៈ​កម្មាធិការ​​​ជាតិ​​​រៀប​​​ចំការ​​​បោះ​​​ឆ្នោត​​​​​បាន​​​មាន​ប្រសាសន៍ថា “ យោង​​​តាម​​​ច្បាប់​​​របស់​​​គណៈ​កម្មាធិការ​​​ជាតិ​​​រៀប​​​ចំការ​​​បោះ​​​ឆ្នោត ទណ្ឌិត ​អ្នក​​​​ផ្លាស់ទី​​​លំនៅ​​​ ឬ​​​ស្លាប់ ត្រូវ​​​តែ​​​លុប​​​ឈ្មោះ​​​ចេញ​​​ពីបញ្ជី​​​ឈ្មោះ​​​​​បោះ​​​ឆ្នោត។ ឈ្មោះ​​​លោកសម រង្ស៊ី ត្រូវ​​​បាន​​​លុប​​​ចេញ ដោយ​​​សារ​​​លោក​​​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​រួច​ហើយ”។ ​​​

លោក នីថា បាន​​​​​​បន្ថែម​​​ថា ឈ្មោះ​​​លោក ​សម រង្ស៊ី​​​ ត្រូវ​​​បាន​​​លុប​​​ចេញ​​​ពី​​​បញ្ជី​​​ឈ្មោះ​​​​​បោះ​​​ឆ្នោត​​​​រួច​ហើយ​ នៅ​ពេល​​​​ចប់​​​​រយៈ​​​​ពេល​​​ចុះ​​​ឈ្មោះ​​​ កាល​​​ពី​​​ថ្ងៃ​​​ទី​​​១២​​​ខែ​​​តុលា។ ចាប់​​​តាំង​​​​ពី​​​ពេល​​​នោះ​​​មក​​​ លោក ជូង ជូងី មេធាវី​​​របស់​​​លោក សម រង្ស៊ី បាន​​​ដាក់​​​ពាក្យ​​​ប្តឹង​ជំទាស់នឹង​​​ការ​​​សម្រេច​​​របស់​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំការ​​​បោះ​​​ឆ្នោត​​។

លោក នីថា បាន​​​មាន​​​ប្រសាសន៍ថា ​សមា​ជិកគណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំការ​​​បោះ​​​ឆ្នោត​នឹង​​​លើក​​​យក​​​​​​បណ្ដឹង​​​នោះ​​​មក​​​ពិភាក្សានៅ​​​ថ្ងៃទី​​​១៦​​​ ខែ​​​វិច្ឆិកា។ លោក​​​ ជូង ជូងី បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថា​ធិប្បាយ​​​អំពីការ​​​លុប​​​ឈ្មោះ​​​លោក​​​ សម រង្ស៊ី​​​នោះទេ។ ​​​​​​

ទោះ​​​បី​​​ជា​​​បច្ចុប្បន្ន​​​កំពុង​​​រស់​​​នៅ​​​ ដោយ​​​​ការ​និរទេស​​​ខ្លួន​​​ឯង​​​នៅ​​​ក្នុង​​​ទី​​​ក្រុង​​​ប៉ារីស​​​ក៏​​​ដោយ ក៏​​​លោក សម រង្ស៊ី ​​​ត្រូវ​​​បាន​​​តុលាការ​​​ផ្ដន្ទាទោស​​​ឲ្យ​​​ជាប់​​​ពន្ធ​​​នាគារ​​​រយៈពេល​​​១១​​​ឆ្នាំ​​​ពីបទ​​​​ផ្សព្វ​ផ្សាយ​​​​ព័ត៌មាន​​​មិន​​​ពិត ​ញុះញង់​និង​​​បំផ្លាញ​​​សម្បត្តិ​​​សាធារណៈ។ ពេល​​​នេះ​​ លោកគឺជា​​​មេដឹក​​​នាំ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ខ្មែរដែល​​​​​​ទើប​​​តែ​​​​រួម​បញ្ចូល​គ្នា​​​រវាង​​​គណបក្ស​​សម រង្ស៊ី និង​​​គណបក្ស​​​សិទ្ធិ​​​មនុស្ស។

ទាំង​​​សភា​​​អឺរ៉ុប និង​​​សភា​​​អូស្ត្រាលី បាន​​​អនុម័ត​​​សេចក្ដី​​​សម្រេច​​​ថ្មីៗ​​​ដោយ​​​អំពាវ​​​នាវ​​​ឲ្យ​​​រដ្ឋា​​​ភិបាល​​​កម្ពុជា​​​អនុញ្ញាត​​​ឲ្យ​​​លោក ​សម​​​ រង្ស៊ី ​បាន​ចូល​​​រួម​​​ដោយ​​​គ្មាន​​​ការ​​​រារាំងក្នុង​​​នយោបាយ​​​និង​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ នា​​​​​​ខែ​​​កក្កដា ឆ្នាំ​​​២០១៣ ​​​។

លោក សុន ឆ័យ តំណាង​​​រាស្ត្រ​​​គណបក្ស​​​ សម រង្ស៊ី បាន​​​មានប្រសាសន៍ថា ការ​​​សម្រេច​​​លុប​​​ឈ្មោះ​​លោក​​​ សម រង្ស៊ី ចេញ​​​ពី​​​បញ្ជី​​​ឈ្មោះ​​​​​​បោះ​​​ឆ្នោត​គឺ​ជា​រឿង​​​​នយោបាយ។​​​វា​​​មាន​​​ន័យ​​​ថា មេដឹក​​​នាំ​​​គណបក្ស​​​ប្រ​​​ឆាំង​​​រូប​​​នេះ​​​នឹង​​​មិន​​​អាច​​​បោះ​​​ឆ្នោត​​​បាន​​ទេ ពី​​​ព្រោះ​ឈ្មោះ​​​របស់​​​គាត់​ត្រូវ​​​បាន​​​លុប​​​ចោល​​​ ដោយ​​​សារតែ​​​បទ​​​ឧក្រិដ្ឋ។

លោក សុន ឆ័យ បាន​​​បាន​​​មាន​​​ប្រសាសន៍​​​សំដៅ​លើ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ខ្មែរដែល​​​ទើប​​​បង្កើត​​​ថ្មី​​ថា “ នេះ​​​ជា​​​ការ​​​ប៉ុន​​​ប៉ង​​​ខាង​​​នយោ​បាយ​​​​យ៉ាង​​​ពិត​​​ប្រាកដ ដើម្បី​​​បង្ក​​​បញ្ហា​​​ដល់​​​គណបក្ស​​​ថ្មី​​​​​”។ ​​​

លោកបាន​​​បន្ដ​​​ថា គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំការ​​​បោះ​​​ឆ្នោត​​​​​ក៏​​​បាន​​​សម្រេច​​​លុប​​​ឈ្មោះ​​​លោក​​​ស្រី ជូឡុង​​​ សូមួរ៉ា ភរិយា​​​លោក ​សម រង្ស៊ី ពី​​​បញ្ជី​​​ឈ្មោះ​​​អ្នក​​​បោះ​​​ឆ្នោត​​​ផង​​​ដែរ​​​ ដោយ​​​ហេតុ​​​ថា លោកស្រី​​​បាន​​​ផ្លាស់​​​ប្ដូរ​​​អាសយដ្ឋាន​​​របស់​​​លោក​​​ស្រី។ ទោះ​​​ជា​​​យ៉ាង​​​ណា លោក ស្រី សូមួរ៉ា ដែល​​​ត្រូវ​​​បាន​​​ជ្រើស​​​តាំង​​​ជា​​​អនុ​​​ប្រធាន​​​គណបក្ស​​​ សម​​​ រង្ស៊ី កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​នោះ បាន​​​ចុះ​​​ឈ្មោះ​​​​ឡើង​វិញ​ហើយ​​​​​អំឡុង​​​ពេល​​​ចុះ​​​ឈ្មោះ​​​បោះ​​​ឆ្នោត។

លោក គល់ បញ្ញា នាយក​​​ប្រតិ​​​បត្តិ​​​​ ​​​​ខុម​​​ហ្វ្រែល បាន​​​មាន​ប្រសាសន៍​​​ថា ទោះ​​​បី​​​ជា​​​គេ​​​ហាម​​​មិនឲ្យ​​​លោក សម ​រង្ស៊ី ​ចូល​​​រួម​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោតក៏​​​ដោយ​​​ ក៏​​​គណៈ​កម្មាធិការ​​​ជាតិ​​​រៀប​​​ចំការ​​​បោះ​​​ឆ្នោត​​​មិន​​​គួរ​​​លុប​​​ឈ្មោះ​​​លោក​​​ចេញ​​​ពី​​​បញ្ជី​​ដែរ ​ព្រោះថា ខ្លួន​​​​​​​គ្មាន​​​សិទ្ធិ​​​លុប​​​ទេ។

លោកបាន​​​មានប្រសាសន៍​ថា “ [លោក ​សម ​រង្ស៊ី] អាច​​​បាត់​​​បង់​​​សិទ្ធិ​​​បោះ​​​ឆ្នោត ឬសិទ្ធិ​​​ឈរ​​​ឈ្មោះ​​​សម្រាប់​​​កា​​​រ​​​បោះ​​​ឆ្នោត​​​ ប៉ុន្ដែ ការ​លុប​​​ឈ្មោះ​​​​​​លោក​​​ចេញ​​​ពី​​​បញ្ជី​​​​​ឈ្មោះ​បោះ​ឆ្នោត​​បាន​ឬអត់​​​នោះ​​​ ​​​មិនច្បាស់​​​​​ទេ”។

ជំពូក​១១​​​នៃ​​​ច្បាប់​​​ស្ដី​​​អំពី​​​ការ​​​បោះ​​​ឆ្នោត​​​ពាក់​​​ព័ន្ធ​​​នឹង​​​សមាជិក​​​រដ្ឋ​​​សភា ​​​​​​​​​ផ្ដល់​​​អំណាចឲ្យ​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំការ​​​បោះ​​​ឆ្នោត​​​​​លុប​​​​​តែ​​ឈ្មោះ​​​អ្នក​​​បោះ​ឆ្នោត​​​ណា​​​​​​ដែល​បាន​ប្រព្រឹត្តបទ​​​ល្មើស​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​បោះ​​​ឆ្នោត​​​ប៉ុណ្ណោះ ដូចជា ​​​​​​​​​​​ក្លែង​​​បន្លំ​​ចុះ​​​ឈ្មោះ​​​អ្នក​​​បោះ​​​ឆ្នោត​​​ ឬ​​​បំភិត​​​បំភ័យ​​​អ្នក​​​បោះ​​​ឆ្នោត​​​អំឡុង​​​ពេល​​​យុទ្ធ​​​នាការ​​​បោះ​​​ឆ្នោត។ មាត្រា​​​៥០ ​ក្នុង​​​​ជំពូក​​​​៦​​​នៃ​​​ច្បាប់​​​ដដែល​​​នេះ​ចែងថា ជន​​​ណា​​​ “ មាន​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​” មិន​​​មាន​​​សិទ្ធិ​​​បោះ​​​ឆ្នោត​​​​ទេ។

លោក បញ្ញា បាន​​​បន្ថែម​​​ថា ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ឆ្នាំ​​​២០០៨​​​​​​ គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំការ​​​បោះ​​​ឆ្នោត​​​​​បាន​​​​​​លុប​​​ឈ្មោះ​​​អ្នក​​​បោះ​​​ឆ្នោត​​​ប្រមាណជា​​​៥០.០០០​​​នាក់​ដោយ​មិន​ត្រឹម​ត្រូវ​ ដែល​បណ្ដាល​​​ឲ្យ​​​ពួកគេ​​​បាត់​​​បង់​​​សិទ្ធិ​​​​​​បោះ​​​ឆ្នោត។​​​

លោក បញ្ញា ​បាន​​មាន​ប្រសាសន៍​បន្ថែម​​​​​ទៀត​ថា “ ​ដំណើរការលុប​​​ឈ្មោះ​​​​នេះ​​​គ្មាន​​​តម្លាភាពទេ។​នីតិវិធី​លុប​​​ឈ្មោះ​​​​​​នេះ​[កើត​ចេញ​​​ពី]ការ​​​ទទួល​​​ខុស​​​ត្រូវ​​​របស់​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​ ដែល​​​​​​ភាគច្រើន​​​គឺជា​​​សមាជិក​​​​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា ​ហើយ​​ពួក​គេ​គឺ​​​ជាអ្នក​​​ផ្ដល់​​​ព័ត៌មាន​ថា តើ​​​​​នរណា​​​គួរត្រូវ​​​លុប​​​ចេញពី​​​បញ្ជី​បោះ​ឆ្នោត”៕

ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស