មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានលើកឡើងកាលពីម្សិលមិញថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានលុបឈ្មោះលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងចេញពីបញ្ជីឈ្មោះបោះឆ្នោតជាតិឆ្នាំក្រោយ ដោយហេតុថា លោកជាឧក្រិដ្ឋជនដែលត្រូវបានតុលាការផ្ដន្ទាទោស។
ការសម្រេចនេះមានន័យថា ទោះបីជាលោក សម រង្ស៊ី ទទួលបានការព្រះរាជទានលើកទោសក៏ដោយ ក៏លោកមិនអាចចូលរួមក្នុងការបោះឆ្នោតជាតិបានដែរព្រោះថា រយៈពេលចុះឈ្មោះបោះឆ្នោតផ្លូវការបានកន្លងផុតទៅហើយ។
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមានប្រសាសន៍ថា “ យោងតាមច្បាប់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទណ្ឌិត អ្នកផ្លាស់ទីលំនៅ ឬស្លាប់ ត្រូវតែលុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោត។ ឈ្មោះលោកសម រង្ស៊ី ត្រូវបានលុបចេញ ដោយសារលោកត្រូវបានតុលាការផ្តន្ទាទោសរួចហើយ”។
លោក នីថា បានបន្ថែមថា ឈ្មោះលោក សម រង្ស៊ី ត្រូវបានលុបចេញពីបញ្ជីឈ្មោះបោះឆ្នោតរួចហើយ នៅពេលចប់រយៈពេលចុះឈ្មោះ កាលពីថ្ងៃទី១២ខែតុលា។ ចាប់តាំងពីពេលនោះមក លោក ជូង ជូងី មេធាវីរបស់លោក សម រង្ស៊ី បានដាក់ពាក្យប្តឹងជំទាស់នឹងការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោក នីថា បានមានប្រសាសន៍ថា សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងលើកយកបណ្ដឹងនោះមកពិភាក្សានៅថ្ងៃទី១៦ ខែវិច្ឆិកា។ លោក ជូង ជូងី បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការលុបឈ្មោះលោក សម រង្ស៊ីនោះទេ។
ទោះបីជាបច្ចុប្បន្នកំពុងរស់នៅ ដោយការនិរទេសខ្លួនឯងនៅក្នុងទីក្រុងប៉ារីសក៏ដោយ ក៏លោក សម រង្ស៊ី ត្រូវបានតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល១១ឆ្នាំពីបទផ្សព្វផ្សាយព័ត៌មានមិនពិត ញុះញង់និងបំផ្លាញសម្បត្តិសាធារណៈ។ ពេលនេះ លោកគឺជាមេដឹកនាំគណបក្សសង្គ្រោះជាតិខ្មែរដែលទើបតែរួមបញ្ចូលគ្នារវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។
ទាំងសភាអឺរ៉ុប និងសភាអូស្ត្រាលី បានអនុម័តសេចក្ដីសម្រេចថ្មីៗដោយអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យលោក សម រង្ស៊ី បានចូលរួមដោយគ្មានការរារាំងក្នុងនយោបាយនិងក្នុងការបោះឆ្នោតជាតិ នាខែកក្កដា ឆ្នាំ២០១៣ ។
លោក សុន ឆ័យ តំណាងរាស្ត្រគណបក្ស សម រង្ស៊ី បានមានប្រសាសន៍ថា ការសម្រេចលុបឈ្មោះលោក សម រង្ស៊ី ចេញពីបញ្ជីឈ្មោះបោះឆ្នោតគឺជារឿងនយោបាយ។វាមានន័យថា មេដឹកនាំគណបក្សប្រឆាំងរូបនេះនឹងមិនអាចបោះឆ្នោតបានទេ ពីព្រោះឈ្មោះរបស់គាត់ត្រូវបានលុបចោល ដោយសារតែបទឧក្រិដ្ឋ។
លោក សុន ឆ័យ បានបានមានប្រសាសន៍សំដៅលើគណបក្សសង្គ្រោះជាតិខ្មែរដែលទើបបង្កើតថ្មីថា “ នេះជាការប៉ុនប៉ងខាងនយោបាយយ៉ាងពិតប្រាកដ ដើម្បីបង្កបញ្ហាដល់គណបក្សថ្មី”។
លោកបានបន្ដថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក៏បានសម្រេចលុបឈ្មោះលោកស្រី ជូឡុង សូមួរ៉ា ភរិយាលោក សម រង្ស៊ី ពីបញ្ជីឈ្មោះអ្នកបោះឆ្នោតផងដែរ ដោយហេតុថា លោកស្រីបានផ្លាស់ប្ដូរអាសយដ្ឋានរបស់លោកស្រី។ ទោះជាយ៉ាងណា លោក ស្រី សូមួរ៉ា ដែលត្រូវបានជ្រើសតាំងជាអនុប្រធានគណបក្ស សម រង្ស៊ី កាលពីថ្ងៃសុក្រនោះ បានចុះឈ្មោះឡើងវិញហើយអំឡុងពេលចុះឈ្មោះបោះឆ្នោត។
លោក គល់ បញ្ញា នាយកប្រតិបត្តិ ខុមហ្វ្រែល បានមានប្រសាសន៍ថា ទោះបីជាគេហាមមិនឲ្យលោក សម រង្ស៊ី ចូលរួមក្នុងការបោះឆ្នោតក៏ដោយ ក៏គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនគួរលុបឈ្មោះលោកចេញពីបញ្ជីដែរ ព្រោះថា ខ្លួនគ្មានសិទ្ធិលុបទេ។
លោកបានមានប្រសាសន៍ថា “ [លោក សម រង្ស៊ី] អាចបាត់បង់សិទ្ធិបោះឆ្នោត ឬសិទ្ធិឈរឈ្មោះសម្រាប់ការបោះឆ្នោត ប៉ុន្ដែ ការលុបឈ្មោះលោកចេញពីបញ្ជីឈ្មោះបោះឆ្នោតបានឬអត់នោះ មិនច្បាស់ទេ”។
ជំពូក១១នៃច្បាប់ស្ដីអំពីការបោះឆ្នោតពាក់ព័ន្ធនឹងសមាជិករដ្ឋសភា ផ្ដល់អំណាចឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលុបតែឈ្មោះអ្នកបោះឆ្នោតណាដែលបានប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងការបោះឆ្នោតប៉ុណ្ណោះ ដូចជា ក្លែងបន្លំចុះឈ្មោះអ្នកបោះឆ្នោត ឬបំភិតបំភ័យអ្នកបោះឆ្នោតអំឡុងពេលយុទ្ធនាការបោះឆ្នោត។ មាត្រា៥០ ក្នុងជំពូក៦នៃច្បាប់ដដែលនេះចែងថា ជនណា “ មានទោសជាប់ពន្ធនាគារ” មិនមានសិទ្ធិបោះឆ្នោតទេ។
លោក បញ្ញា បានបន្ថែមថា ក្នុងការបោះឆ្នោតជាតិឆ្នាំ២០០៨ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានលុបឈ្មោះអ្នកបោះឆ្នោតប្រមាណជា៥០.០០០នាក់ដោយមិនត្រឹមត្រូវ ដែលបណ្ដាលឲ្យពួកគេបាត់បង់សិទ្ធិបោះឆ្នោត។
លោក បញ្ញា បានមានប្រសាសន៍បន្ថែមទៀតថា “ ដំណើរការលុបឈ្មោះនេះគ្មានតម្លាភាពទេ។នីតិវិធីលុបឈ្មោះនេះ[កើតចេញពី]ការទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋាន ដែលភាគច្រើនគឺជាសមាជិកគណបក្សប្រជាជនកម្ពុជា ហើយពួកគេគឺជាអ្នកផ្ដល់ព័ត៌មានថា តើនរណាគួរត្រូវលុបចេញពីបញ្ជីបោះឆ្នោត”៕
ប្រែសម្រួលដោយ ហម សុផាណ្ណា