31 C
Phnom Penh

ការ​​​ស៊ើប​​​អង្កេត​​​របស់​​អង្គ​ភាព​ប្រ​​​ឆាំង​អំពើ​​​​ពុក​​​រលួយ​​​នាំ​​​ឲ្យ​​​មាន​​​​​​ការ​​​ចាប់​​​ខ្លួន​​មន្ត្រី​​​កង​​​រាជអាវុធហត្ថ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​មន្ត្រី​​​តុលាការ​​​បាន​​​ឲ្យ​ដឹង​ថា កាលពី​​​ម្សិល​មិញ សាលាដំបូង​​​ខេត្ត​​​ពោធិ៍​​​សាត់​​​ បាន​​​ចោទ​​​ប្រ​​​កាន់​​​វរសេនីយ៍​​​ត្រី​​​កង​​​រាជអាវុធ​​​ហត្ថ​​​ម្នាក់​​​ពីបទ​ទទួល​​​​​សំណូក និង​​​អំពើ​​​ពុក​​​រលួយ​​​ បន្ទាប់​​​ពី​​​ជន​​​សង្ស័យ​​​​​​បាន​​​យក​​​លុយ​​​ពី​​​អ្នក​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​កាល​​​ពី​​​ខែ​​​មិថុនា ដើម្បី​​​​​​ធានា​​​ឲ្យ​​​​ពួកគេ​​​ដឹក​ឈើ​​​ប្រណីត​​​ខុស​​​ច្បាប់​​​ចេញ​​​ដោយ​​​សុវត្ថិភាព។

​​​យោង​​​តាម​​​របាយ​​​ការណ៍​​​​​​ស៊ើប​​​អង្កេតរបស់​​​អង្គភាព​​​ប្រ​​​ឆាំង​​​អំពើ​​​ពុក​​​រលួយ​​​​ចេញ​​​​​​ផ្សាយ​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ បាន​​​ឲ្យ​​​ដឹង​​​ថា ​វរ​សេនីយ៍​ត្រី​​​ពង្ស ពុទ្ធារិទ្ធ បាន​​​ប្រើសម្ដី​​​គំរាម​មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ដើ​​​ម្បី​​​រារាំង​​​ពួកគេ​​​មិន​​​ឲ្យ​​​ចាប់​​​ខ្លួន​​​អ្នក​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ដែល​​​​​​ត្រូវ​​​ស្ទាក់​​​ចាប់​​​បាន​តាម​​​បណ្ដោយ​​​ផ្លូវ​​​ជាតិ​​​លេខ៥​​​ក្នុង​​​​ស្រុក​​​ក្រ​​​គរ ខេត្ត​​​ពោធិ៍​​​សាត់​​​ កាល​​​ពី​​​ខែ​​​មិថុនា។

​លោក តាន់ សីហតេជៈ ព្រះរាជអាជ្ញាអម​​​សាលាដំបូង​​​ខេត្ត​​​ពោធិ៍​​​សាត់​​​​​​មាន​ប្រសាសន៍​ថា “ ជន​​​សង្ស័យ​​​​​​បាន​​​គំរាម​​​មន្ត្រី​​​រដ្ឋ​​​បាល​​​ព្រៃ​​​ឈើ​​​និង​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​អ្នក​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​បើក​​​រថយន្ដ​​​ដឹក​​​ឈើ​​​ចេញ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា សាក្សី​​​ជាច្រើន​​​នាក់​​​បាន​​​ឃើញ​​​វរសេនីយ៍ត្រី​​​ ពុទ្ធារិទ្ធ​​​ យក​​​លុយ​​​ពី​​អ្នក​​​បើក​​​​រថយន្ដ​ដឹក​ឈើ​ជាថ្នូរ​​​នឹង​​​ការ​​​អនុញ្ញាត​​​ឲ្យ​​​ពួកគេ​​​ទៅ។ ​​​

លោក តេជៈ បាន​​​មាន​​​ប្រសាសន៍​​​ថា ​នគរ​បាល​​​ទើប​​​តែ​​​​​​ចាប់​​​ខ្លួន​​​ជន​​​សង្ស័យ​​​ពីរ​​​ថ្ងៃ​​​មុន​​​នេះ បន្ទាប់​​​ពីអង្គភាព​​​ប្រ​​​ឆាំង​​​អំពើ​​​ពុក​​​រលួយ​​​បាន​​​បញ្ចប់​​​ការ​​​ស៊ើប​​​អង្កេត​​​របស់​​​ខ្លួន។​​​នៅ​​​ក្នុង​​​តុលាការ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ ជន​​​សង្ស័យ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រ​​​កាន់​​​ពី​​​បទ​​​ពុករលួយ​​​ និង​​​ទទួល​​​​​​សំណូក​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “ ពេល​​​នេះ​​​​យើង​​​កំពុង​​​ស្ថិត​​​ក្នុង​​​ដំណើ​​​រការ​​​ស៊ើប​​​អង្កេត​​​។​យើង​​​​​​កំពុង​​​សាក​​​សួរ​​​ជន​​​​​​សង្ស័យ​​​ និង​​​សាក្សី​​​ប្រាំពីរ​​​នាក់​​​ដែល​​​មាន​​​ឈ្មោះ​​​​​​ក្នុង​​​របាយ​​​ការណ៍​​​របស់អង្គភាព​​​ប្រ​​​ឆាំង​​​អំពើ​​​ពុក​​​រលួយ​​​”។ ​​​​​​​​​

​​​គេ​​​មិន​​​ដឹង​​​ថា តើ​​​លោក ពុទ្ធារិទ្ធ​​​ បាន​​​ទទួល​​​​យក​​​លុយ​​​សំណូក​​​ប៉ុន្មាន ឬ​​​ក៏​​​ថា​​​ តើ​​​ឈើខុស​​​ច្បាប់​​​ទាំង​​​​​​នោះ​​​ដឹក​​​ទៅ​​​ទី​​​ណា​​​ឡើយ​។  លោក ឱម យិុន​​​ទៀង ប្រធាន​​​អង្គភាព​​​ប្រ​​​ឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ ​​​មាន​​​ប្រសាសន៍​​​ថា អង្គភាព​​​ប្រ​​​ឆាំង​​​អំពើ​​​ពុក​​​រលួយ​​​កំពុង​​​ស៊ើប​​​អង្កេតមន្ត្រី​​​ពីរ​​​នាក់​​​ផ្សេង​​​ទៀត​​​នៅ​​​ក្នុង​​​ខេត្ត​​​ព្រះ​​​វិហារ​​​ពីបទ​​​ពុក​​​រលួយ​ គឺលោក ថុង គឹម​​​ហឿង អតីត​​​ព្រះ​​​រាជអាជ្ញា​រង​​​អម​​​សាលា​ដំបូង​​​​ខេត្ត​​​ពោធិ៍សាត់​​​ និង​​​លោក ជា​​​ សុផល ​បច្ចុប្បន្ន​​​​ជា​​​ប្រ​​​ធាន​​​​​រដ្ឋាករ​ និង​​​​ពន្ធ​​​ដារខេត្ត។

លោក ឱម យិុនទៀង ​​​មាន​​​ប្រសាសន៍​​​​ថា​ “ យើង​​​​កំពុង​​​បន្ដស៊ើប​​​អង្កេត​​​​រឿង​​នេះ។​យើង​​​ប្រមូល​​​បាន​​​ឯកសារ​​​ពាក់​​​ព័ន្ធ​​​ខ្លះៗហើយហើយ​​​យើង​​​នឹង​​​កោះ​​​ហៅ​​​សាក្សី​​​មក​​​បំភ្លឺក្នុង​​​ពេល​​​ឆាប់​​​ៗនេះ”។ លោក​​​បន្ថែម​​​ថា ​លោកគឹមហឿង​​​ ត្រូវ​​​បាន​​​ដក​ចេញ​​​ពី​​​តំណែង​​​កាល​​​ពី​​​ដើម​​​ឆ្នាំ​​​នេះ ពីបទ​​​ប្រព្រឹត្តលម្អៀង​ទៅ​ខាង​កូន​​​ប្រុស​​​មន្ត្រី​​​​ជាន់​ខ្ពស់​ម្នាក់​​​អំឡុង​​​​​​​ពេល​បើក​សវនាការ រីឯ​​​ការ​​​ស៊ើប​​​អង្កេត​​​​​​លើ​លោក ​សុផល មិន​​​ទាន់​​​​ចប់​​នៅ​​​​ឡើយ​​​ទេ៕

ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស