32.9 C
Phnom Penh

តុលាការ​​​ប្រើ​​​ប្រាស់​​​​​​​​បទ​​​ចោទ​​​ប្រកាន់ពីបទ​​​ញុះ​​​ញង់​​​ ដើម្បី​​​បំបិទសេរីភាព​​​បញ្ចេញ​​​មតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​ប្រធាន​​​ការិយាល័យ​​​​​​ឧត្តមស្នង​​ការ​​​សហ​​​ប្រ​​​ជា​​​ជាតិ​​​ទទួល​​​បន្ទុក​​​សិទ្ធិ​​​មនុស្ស​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិល​​​មិញថា ​តុលាការកំពុង​​​តែ​​​បក​​​ស្រាយ​​​​​​ខុសអំពីបទ​​​ល្មើស​​​នៃ​​​អំពើ​​​ញុះ​​​ញង់​​​​​​នៅ​​​ក្នុង​​​ក្រម​​​ព្រហ្ម​​​ទណ្ឌ​​​ ដោយនាំ​​​ឲ្យ​​​មាន​​​ការ​​​រឹត​​​បន្តឹង​​​សិទ្ធិ​​​សេរី​​​ភាព​​​នៃ​​​ការ​​​បញ្ចេញ​​​មតិ​​​ និង​​​ការ​​​ផ្តន្ទា​​​ទោស​​​យ៉ាង​​​អយុត្តិ​​​ធម៌​​​មក​​​លើ​​​អ្នក​​​រិះ​​​គន់​​​រដ្ឋាភិបាល។

ថ្លែងក្នុងឱកាស​​​​​​បើក​​​សិក្ខា​​​សាលា​​​​​​មួយ​​​​​មាន​​​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ​​​​​ធ្វើ​​​ឡើង​​​ក្នុងរាជ​​​ធានី​​​ភ្នំពេញ ដោយ​​​ផ្តោត​​​ជា​​​សំខាន់​​​លើ​​​ការ​​​អនុ​​​វត្ត​​​ក្រម​​​ព្រហ្ម​​​ទណ្ឌ​​​ ដែល​​​ត្រូវបាន​​​អនុម័ត​​​នា​ពេល​​ថ្មីៗនេះ លោក​​​ ជេម ​ហ៊ីនែន ​(James ​Heenan)​​​ តំណាង​​​ឧត្តម​​​ស្នងការ​​​​​​សហ​​​ប្រជា​​​ជាតិ​​​ទទួល​​​បន្ទុក​​​សិទ្ធិ​​​មនុស្ស​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា ​​​បាន​​​មាន​​​ប្រ​​​សាសន៍​​​ថា វា​​​ពិតជា​​​សំខាន់​​​ខ្លាំង​​​ណាស់​​​ ដែល​​​ក្រម​​​ព្រហ្មទណ្ឌ​​​​​គួរត្រូវបាន​​​អនុ​​​វត្ត​​​ ឲ្យបាន​​​ត្រឹម​​​ត្រូវ​​​ ដើម្បី​​​ឲ្យស្រប​​​តាម​​​បទដ្ឋាន​​​អន្តរជាតិ​​​​​ស្តីពី​​សិទ្ធិ​​​មនុស្ស។

លោក ហ៊ីនែន​​ ​​​​​​លើក​​​ឡើង​​​ក្នុង​​​សុន្ទរក​ថា​​​ព្រាង​​​ទុក​​​ជា​​​មុន ​ដើម្បីថ្លែង​​​ទៅ​​​កាន់​​​បណ្តា​​​ប្រ​​​ធាន​​​តុលាការ​​​ ព្រះ​​​រាជអាជ្ញា ចៅ​​​ក្រម​​​ និង​​​​​​មន្ត្រី​​​នគរ​​​បាល​​​ជាតិ​​​ ដែល​​​ចូល​​​រួម​​​ក្នុង​​​សិក្ខា​​​សាលា​​​នោះ​​​ថា “ ករណី​​​បក​​​ស្រាយ​​​ខុស​​ ឬ​​​ប្រើ​​​ប្រាស់​​​ក្រម​​​ព្រហ្មទណ្ឌ​​​មិន​​​បាន​​​ត្រឹម​​​ត្រូវ អាច​​​បណ្តាល​​​ឲ្យ​​​​​​មនុស្ស​​​​​ទទួល​​​ការ​​ផ្តន្ទា​​​ទោស​​​យ៉ាង​​​អយុត្តិ​​​ធម៌​​​ ឬ​​​រួច​​​ទោស​​​ដោយ​​​ខុសច្បាប់ ហើយ​​​អាចនឹង​​​ឈាន​​​ដល់ការ​​​រំលោភ​​​សិទ្ធិ​​​មនុស្ស​​​ទៀត​​​ផង”។

លោក​​​មាន​​​ប្រ​​​សាសន៍​​​ទៀត​ថា​“ ដូច្នេះ​​​​ហើយ​​​វា​​​សំខាន់​​​ណាស់​​​​​​ ដែល​​​យើង​​​​​​ទាំង​​​អស់​​​គ្នា​​​មាន​​​ការ​​​យល់​​​ដឹងច្បាស់​​​អំពី​​​បទប្បញ្ញត្តិ​​​មួយៗ​​​​​​​នៃ​​​ក្រម​​​ព្រហ្មទណ្ឌ​​​ ហើយ​​​បទ​ប្បញ្ញត្តិ​ទាំង​​​នេះ​​​ត្រូវ​​​​​​បក​​​ស្រាយ​​​​​ឲ្យបានសមស្រប​​ទៅ​​​តាម​​​បទ​​​ដ្ឋាន​​សិទ្ធិ​​​មនុស្ស​​​អន្តរជាតិ”។

លោក ហ៊ីនែន បាន​​​​​​បន្តថា សិទ្ធិ​​​សេរី​​​ភាព​​​នៃ​​​ការ​​​បញ្ចេញ​​​មតិ​​​​​​​​​​​ត្រូវបាន​​​ជ្រើស​​​រើស​​​ជា​​​​ប្រធាន​​​បទ​​​​​​មួយ​​​ក្នុងចំណោម​​​ប្រធាន​​​បទ​​​សំខាន់ៗ ​នៅ​​​ក្នុង​​សិក្ខា​​​សាលានេះ​​​ ពីព្រោះ​​​​​បទប្បញ្ញត្តិថ្មីៗ​ ​​​​​នៅ​​​​ក្នុង​​​ក្រមព្រហ្មទណ្ទ ដែល​ចូលធរមាន កាល​​​ពី​​​ឆ្នាំ​​​២០១០​​​នេះ ពាក់​​​ព័ន្ធ​​​នឹង​​​​​​បទ​​​ញុះ​​​ញង់​​​ និង​​​បទបរិហារកេរ្តិ៍​​​​ ត្រូវបាន​​​បក​​​ស្រាយ​​​ខុស។

លោកមាន​​​ប្រ​​​សាសន៍ថា “យើង​​​​ជ្រើស​​​រើស​​​ប្រធាន​​​បទ​​​នេះ​​​ ពីព្រោះ​​​បទប្បញ្ញត្តិមួយ​​​ចំនួន​​​​​​ក្នុង​​​ក្រម​ព្រហ្ម​​​ទណ្ឌ​​​នេះ​​​អាច​​​ប៉ះ​ពាល់​​​​ដល់សេរី​​​ភាព​​​នៃ​​​ការ​​​បញ្ចេញ​​​​​​មតិ”។ ​​​ក្រម​​​ព្រហ្ម​​​ទណ្ឌ​​​អនុ​​​ម័ត​​​កាល​​​ពី​​​ឆ្នាំ​​​២០១០​​​នេះ​​​រួម​​​មាន​​​មាត្រា​​​ចំនួន​​​បួន​​​ពាក់​​​ព័ន្ធ​​​នឹង​​​បទ​​​ញុះ​​​ញង់ និង​​​មួយ​​​ចំនួន​​​ទៀត​​​ដែល​​​គ្របទៅ​លើ​បទ​​​បរិហារកេរ្តិ៍​​​ ប្រ​​​មាថ និង​​ការជេរ​ប្រមាថ។

បណ្តា​​​អ្នក​​​ជំនាញ​​ខាង​​​ច្បាប់​​​ និង​​​បុគ្គលិក​​​អង្គ​​​ការសិទ្ធិ​​​មនុស្ស​​​បាននិយាយថា មាត្រា​​​ទាំង​​​នេះ​​​បាន​​​នាំ​​​ឲ្យ​​​មាន​​​ការ​​​ឃុំ​​​ខ្លួន​​​បុគ្គលិក​​​អង្គ​​​ការ​​​សិទ្ធិ​​​មនុស្ស​​​និង​​​អ្នក​​​​​​រិះ​​​គន់​​​រដ្ឋាភិបាល។​​​​​​ លោកចៅ​​​ក្រម គ្រីស្ទ័រ ថេលីន (Krister Thelin) សមាជិក​​​មួយ​​​រូប​​​នៃ​​​គណៈ​​​កម្មាធិ​​​ការ​​​សិទ្ធិ​​​មនុស្ស​​​សហ​​​ប្រជាជាតិ​​​ ​​​ដែល​​​មាន​​​​​​វត្ត​មាន​​​​ក្នុង​​​សិក្ខា​​​សាលា​​​កាល​​​ពី​​ម្សិល​​​មិញដែរ ​​​បាន​​​បញ្ចេញ​​​យោ​​​បល់​​​ផ្ទាល់​​​ខ្លួន​​​លោក​​ពី​​​របៀប​​​ដែល​​​ប្រទេសកម្ពុជា គួរ​​​ប្រើ​​​ប្រាស់​​​ច្បាប់​​​របស់​​​ខ្លួន​​​អំពី​​បទ​​​ញុះ​​​ញង់។

​​​​យោងតាម​​​លោក អំ សំអាត អ្នក​​​គ្រប់​​​គ្រង​​​​បច្ចេក​​​ទេស​​​នៅ​​​អង្គ​​​ការសិទ្ធិ​​​មនុស្ស​​​លីកាដូ ​បាន​​​ឲ្យ​​​ដឹងថា ចាប់​​​តាំង​​​ពី​​​​ក្រម​​​នេះត្រូវបាន​អនុ​​​ម័តរួចមក បទ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ញុះ​​​ញង់​​​​​​ជាង​​​១០​​​ករណី ត្រូវបាន​​​ប្រើ​​​ប្រាស់​​​ ដើម្បីប្រ​​​ឆាំង​​​បុគ្គលិក​​​អង្គ​​​ការ​​​សិទ្ធិ​​​មនុស្ស​​​ សមា​​​ជិក​​​គណ​​​បក្ស​​​នយោបាយ​​​ និង​​​អ្នក​​​កាសែត​​​។

ករណី​​​មួយ​​​ក្នុង​​​ចំណោម​​​ករណី​​​ប្លែកៗ​​​ ពាក់​​​ព័ន្ធ​​​នឹង​​​លោក មឿង សុន ប្រធាន​​​​​​មូល​​​និធិ​​​អរិយ​​​​ធម៌ខ្មែរ​​​ ដែល​​ត្រូវបាន​​​សាលា​​​ដំបូង​រាជធានីភ្នំពេញ​​​រកឃើញ​​​ពិរុទ្ធ​​​ភាព​​​​​​កាលពី​​​ឆ្នាំ​​​២០០៩​​​ពី​​​បទ​​​ផ្សព្វ​​​ផ្សាយ​​​ព័ត៌​​​មាន​​​មិន​​​ពិត​​​ជុំ​​​វិញ​​​ការ​​​អះអាង​​​របស់​​​លោកថា ​​​ការ​​​ដាក់​​អំពូល​​​ភ្លើង​​​​​ក្នុង​​​ប្រា​​​សាទ​​​អង្គរ​​​វត្ត​​​ អាច​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់ប្រាសាទ​​​នេះ​​​។​​​កាល​​​ពី​​​ឆ្នាំ​​​មុន សាលា​​​ឧទ្ធរណ៍​​​​​​បាន​​​តម្កល់​​​សាល​​​ក្រម​​​​​នេះ​​​​​​ ប៉ុន្តែ​ក្រោយ​​​​មក​​​ក៏​​​​​​បាន​​​កែ​​​ប្រែ​​​បទ​​​ចោទ​​​ប្រកាន់​​​នេះ​​​មក​​​ជា​​​បទ​​​ញុះ​​ញង់​​​​​​ ដែល​​​មាន​​​ទោស​​​ជាប់​​​ពន្ធ​​​នាគារ​​​ច្រើន​​​ឆ្នាំវិញ ​​​​​​ដោយ​​​មិន​​​នឹក​​​ស្មាន​​​ដល់។

បណ្តា​​​បុគ្គលិក​​​អង្គ​​​ការ​​​សិទ្ធិ​​​មនុស្ស​​​និង​​​អ្នក​​​កាសែត​​​ ក៏​​​ត្រូវបាន​​​សំដៅផងដែរ ដែល​​​មាន​​​ការ​​ចោទ​​​ប្រកាន់​​​ជា​​​ច្រើនខដូចជា ករណី​​​លោក​ប៉ែន ប៊ុណ្ណារ៍ ​មន្ត្រី​​​សម្រប​​​សម្រួល​​​​របស់​​​អង្គ​ការ​​​សិទ្ធិ​​​មនុស្ស​​​​​​អាដហុក ប្រចាំខេត្ត​​​រតនគិរី ​និង​​លោក ឆាយ ធី អ្នក​​​ស៊ើប​​​អង្កេត​​​របស់​​​អង្គការ​​​អាដហុក ​​​រួម​​​ជា​​​មួយ​​​លោក អ៊ូរ ​វីរៈ ​ប្រធាន​​​មជ្ឈ​​​មណ្ឌល​​​សិទ្ធិ​​​មនុស្ស​​​កម្ពុជា និង​​​លោក សុខ រដ្ឋា អ្នក​​​យក​​​ព័ត៌​​​មានឲ្យ​​​វិទ្យុ​​​អាស៊ី​​​សេរី​​​ផង សុទ្ធ​​​តែ​​​ត្រូវបាន​​​តុលាការ​​​កោះ​​​ហៅ​​​ទៅ​​​សាក​​​សួរ​​​ជុំ​​​វិញ​​​ពាក្យ​​​បណ្តឹងពីបទ​​​​​​បទ​​​ញុះ​​​ញង់​​​ក្នុង​​​ឆ្នាំ​​​២០០៩​​​ ដែល​​​​​ប្តឹង​​​ដោយ​​​មេ​​​ឃុំ​​​ម្នាក់​​​​​​ឈ្មោះ គិត ចែម មក​​​ពី​​​គណ​​​បក្ស​​​ប្រជា​ជន​​​កម្ពុជា។

លោក គិតចែម ​​ដែល​​​ជា​​​មេឃុំ​​​បាតាង​ខេត្ត​​​រតនគិរី ​​​របស់គណបក្ស​ប្រជាជន​កម្ពុជា បាន​​​ចោទ​​​ប្រកាន់​​​​​​​​​ថា បុរស​​​​​​ទាំង​​​បួន​​​នាក់​​​នេះ​​​បាន​​​បរិហារ​​​កេរ្តិ៍​​ និង​​​ញុះ​​​ញង់​​​ឲ្យ​​​ក្រុម​​​អ្នក​​​ភូមិ​​​ជន​​​ជាតិភាគ​​​តិចទំពួន ​​​ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​ក្នុង​​​វិវាទ​​​ដីធ្លី​​​មួយ​​​ជា​​​មួយ​​​ក្រុម​​​ហ៊ុនឌីអឹម ​គ្រុប ​(DM Group) ដែល​​​ជា​​​ក្រុម​​​ហ៊ុន​​​កសិ​​​ឧស្សា​​​ហ​កម្ម​​​​ដ៏​​​មាន​​​ឥទ្ធិ​​​ពល​​​មួយ​​​ ឲ្យ​​​នាំគ្នា​​​តវ៉ា​​​ដោយ​​​ហិង្សា។

ខណៈ​​​ដែល​​​បណ្តា​​​បុគ្គលិក​​​អង្គ​​​ការសិទ្ធិ​​​មនុស្ស​​​និយាយថា ​​​បទ​​​ចោទ​​​ប្រកាន់​​​ញុះ​​​ញង់​​​កំពុង​​​ត្រូវ​​​​​​បាន​​​តុលាការប្រើ​​​ប្រាស់​​​​​​​​​តាមការបង្គាប់ពី​​​រដ្ឋាភិបាល ​​​និង​​​បង្កើត​​​ឡើង​​​ដើម្បី​​​រឹត​​​បន្តឹង​​​សំឡេង​​​ប្រ​​​ឆាំង​​​នោះ ​​​​​​​​​លោក អង្គ ​វង្សវឌ្ឍានា​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​យុត្តិធម៌​​​​​ ដែល​​​បាន​​​​​​ចូល​​​រួម​​​ថ្លែង​​​ក្នុង​​​វេទិកានេះ​​​ ​​​​​មាន​​​ប្រ​​​សាសន៍​​​ថា “ ចំណុច​​​ខ្វះ​​ខាត​​​បែប​​​េនះ” ដោយ​​​សារ​​​តែ​​​ខ្វះការ​​​យល់​​​​ដឹង​​​​​អំពី​​​ច្បាប់​​​នេះឲ្យ​បាន​ទូលំទូលាយ។លោក​​​​​បន្តថា “ យើង​​​ចាំ​​​បាច់​​​ត្រូវ​​​យល់​​​ដឹង​​​ពី​​​ស្មារតី​​​នៃ​​​ច្បាប់​​​នេះ។យើង​​​ត្រូវមាន​​​ទស្សន​​​វិស័យ​​​សម្រាប់​​​ពេល​​​អនាគត​​​ថា តើ​​​យើង​​​អាច​​​​អនុ​​​វត្ត​​​ច្បាប់​​​នេះ​​​ដោយ​​​របៀប​​​ណា”។

ប៉ុន្តែ​​​ លោក អំ សំអាត មក​​​ពី​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ ចាំ​​​បានថា ករណី​​​មួយនៅ​​​​ក្នុង​​ចំណោម​​​ករណី​​​ដំបូង​​​ៗ​​​ពាក់​​​ព័ន្ធ​​​នឹង​​​បទញុះ​​​ញង់​​​ បន្ទាប់​​​ពី​​​ក្រម​​​ព្រហ្ម​​​ទណ្ឌ​​​នេះត្រូវ​បាន​អនុ​​​ម័តភ្លាម គឺបទពាក់​​​ព័ន្ធ​​​នឹង​​​លោក ​សេង ​គុណាកា ​​​បុគ្គ​​​លិក​​​កម្ម​​​វិធី​​​អង្គការស្បៀង​អាហារ​​​​ពិភពលោក​​​​​​ ដែល​​​ត្រូវបានតុលាការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ចែក​​​ចាយ​​​ខិត្ត​​​ប័ណ្ណ​​​រិះ​​​គន់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន និង​​​ត្រូវបាន​​ចាប់​​ខ្លួន​​​ដាក់​​​ពន្ធ​​​នាគារ​​​រយៈពេល​​​ប្រាំមួយ​​​ខែ ពោល​​​គឺ​​​ប្រាំ​​​បី​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​ក្រម​​​ព្រហ្ម​​​ទណ្ឌ​​​នេះ​​​ចូល​​​ជា​​​ធរមាន។

លោក អំ សំអាត បន្តថា “ ច្បាប់ ​​​ឬក្រម​​​នេះ​​​​គឺជាអាវុធមុខ​​​ពីរ​​​។នៅពេល​​​ប្រើ​​​ខុស​​​ វា​​​ធ្វើ​​​ឲ្យ​​​ប្រជា​​​ពលរដ្ឋ​​​ទាំង​​​អស់​​​រង​​​ទុក្ខ​​​។​​​ មិនថាច្បាប់​​​នេះ​​​ល្អ​​​ប៉ុណ្ណា​​​ឡើយ។​​​បញ្ហា​​​នៅ​​​ត្រង់ថា តើ​​​តុលាការ​​​ឯក​​​រាជ្យ​​​ប៉ុណ្ណា។​​​នៅ​​​ពេល​​​តុលាការ​​​មិន​​​ឯក​​​រាជ្យ​​​ ការ​​​បក​​​ស្រាយ​​​មាត្រា​​​នីមួយៗ​​​នៅ​​​ក្នុង​​​ក្រម​​​នេះ នឹង​​​មិនត្រូវបាន​​​ធ្វើ​​​ឡើង​​​ឲ្យ​​​បាន​​​ត្រឹម​​​ត្រូវ​​​ឡើយ”។

លោក​​​បានមាន​​​​​​ប្រ​​​សាសន៍ថា ប្រជា​​​ប្រិយ​​​ភាព​​​នៃ​​​​​ការ​​​ចោទ​​​ប្រកាន់​​​បទ​​​ញុះ​​​ញង់​​​យ៉ាង​​​ច្រើន​​​ករណី​​​បង្ហាញ​​​ថា ចៅ​​​ក្រម​​​​​​មិនបាន​​​បក​​​ស្រាយ​​​ច្បាប់​​​នេះ​​​ឲ្យ​​​​​បាន​​​ត្រឹម​​​ត្រូវទេ​​​។ លោក​​​​​បន្តថា “ ជា​​​មូលដ្ឋាន​​​ វា​​​ត្រូវបាន​​​បក​​​ស្រាយ​​​ដោយ​​​គ្មាន​​​គោលការណ៍​​​ត្រឹម​​​ត្រូវ ​ដែល​​​​នាំ​​​ឲ្យ​​​មាន​​​ចន្លោះ​​​ប្រ​​​ហោង​​​ដ៏ធំ​​​មួយ​​​នៃ​​​អំពើ​​​អយុត្តិធម៌ និង​​​អំពើរំលោភ​​​សិទ្ធិ​​​មនុស្សយ៉ាង​​​ខ្លាំង”។

លោក សុក សំអឿន ​​​នាយក​​​ប្រតិ​​​បត្តិ​​​ក្រុម​​​អ្នក​​​ច្បាប់​ការ​​​ពារ​​​សិទ្ធិ​​​កម្ពុជា ​​មាន​​​ប្រ​​​សាសន៍ថាការ​​​បក​​​ស្រាយ​​​ច្បាប់​​​នៅ​​​មិន​​​ត្រឹម​​​ត្រូវ ​​​ដោយ​សារ​​​​កង្វះខាតនៃការ​​​យល់​​​ដឹង​​​អំពី​​​សិទ្ធិ​​​ និង​​​សេរីភាព​​​បញ្ចេញ​​​មតិ​​​របស់​​​ប្រ​​​ជា​​​ពល​​​រដ្ឋ។លោក​​​មា​​ន​​​ប្រ​​​សាសន៍​​​ទៀតថា ​ “ ខ្ញុំគិត​ថា​បញ្ហា​​​មិនពាក់​​​ព័ន្ធ​​​នឹង​​​ឥទ្ធិ​​​ពល​​​នយោបាយ​​​​​​ខ្លាំង​​​ទេ ប៉ុន្តែ​​​​​​ គឺ​​​ដោយ​​​សារ​​​សមត្ថ​​​ភាព​​​ និង​​​ការ​​​យល់​​​​ដឹង​​​អំពី​​​សិទ្ធិ​​​ និង​​​សេរី​​​ភាព​​​របស់​​​​​ប្រជា​​​ពល​​​រដ្ឋ​​​ និង​​​គោល​​​ការ​​​ណ៍មួយ​​​ចំនួន​​​នៃ​​​ច្បាប់​​​នេះ”៕

(​​​រាយ​​​ការណ៍​​​បន្ថែម​​​ដោយ គុច ណារ៉េន)

 ប្រែ​​​សម្រួល​​​ដោយ តែម សុខុម​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស