30 C
Phnom Penh

អង្គការ​​​ក្រៅ​​​រដ្ឋា​​​ភិបាល​​​ចង់​​​ឲ្យ​​​មាន​​​ការ​​​ពន្យារ​​​ពេល​​​​​​សេចក្ដី​​​ប្រកាស​​​ស្ដី​​​ពីសិទ្ធិ​​​មនុស្ស​​​ដែល​​​“ មាន​គុណវិបត្តិ”

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​នៅ​មិន​​​ដល់​​​ពីរ​​​សប្ដាហ៍ផងមុន​ពេល​​​​​ថ្នាក់​​​ដឹក​​​នាំ​​​អាស៊ាន​​​ជួប​​​ប្រជុំ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញដើម្បី​​​ពិភាក្សា​ពី​ការ​​​អនុម័ត​​​​​​សេចក្ដី​​​ប្រកាស​​​ស្ដី​​​ពី​​​សិទ្ធិ​​​មនុស្ស​​​លើក​​​​ដំបូង​​​​សម្រាប់​​​​អាស៊ាន​​នោះ​កាល​​​ពី​​​ម្សិលមិញ​​ អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​អន្ដរ​ជាតិ​​​មួយ​​​ចំនួន​​​បាន​​​ជំរុញ​ឲ្យ​​​ថ្នាក់​​​ដឹក​​​នាំ​​​អាស៊ាន​​​ពន្យារ​​​ពេល​​​ក្នុង​​​ការ​​​អនុម័ត​​​សេចក្តី​ប្រកាស​នេះ​​​​ដែល​​​​​​ខ្លួន​​​ហៅ​​​ថា ​​​ជា​​​ឯកសារ​​​ “មាន​​គុណ​វិបត្តិ​​​​​ច្រើន​​​”។

ក្នុង​​​នាម​​​ជា​​​ប្រធាន​អាស៊ាន​​​បច្ចុប្បន្ន​​​ កម្ពុជា​​​បាន​​​កំណត់​​​គោល​​​ដៅ​​​ឲ្យ​​​មាន​​​ការ​​​ព្រាង​​​សេច​ក្ដី​​​​ប្រកាស​​​ស្ដី​​​ពី​​​សិទ្ធិ​​​មនុស្ស​​​នេះ​​ក្រោម​​​ការ​​​ឃ្លាំ​មើល​​​របស់​​​ខ្លួន​​​ រួច​​យក​​​ទៅ​​​​អនុម័ត​​​នៅ​​ក្នុង​​​កិច្ច​​​ប្រជុំ​​​កំពូល​​​អាស៊ាន ដែល​​​នឹង​​​ចាប់​​​ផ្ដើម​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ នៅ​​​ថ្ងៃ​​​ទី​​​១៨ ខែ​​​វិច្ឆិកា ខាង​​​មុខ​​​នេះ។ ​​​ប្រសិន​​​បើ​​​ត្រូវ​​​បាន​​​អនុម័ត​​​មែន​​​នោះវា​​​នឹង​​​ក្លាយ​​​ជា​​​សេចក្ដី​​​ប្រកាស​​​ស្ដី​​​ពី​​​សិទិ្ធ​​​មនុស្ស​ដែល​មាន​​​​​​​តែ​​​មួយ​​​គត់​​​សម្រាប់​​​តំបន់​​​នេះ ហើយ​នឹង​​ត្រៀម​លក្ខណៈ​សម្រាប់​​​​អ្វី​​​ដែល​ជា​អនុសញ្ញា​ស្តី​​ពី​​​សិទ្ធិ​​​មនុស្ស​​​អាស៊ាន​មាន​កាតព្វ​កិច្ច​ផ្លូវ​ច្បាប់​​​។

អង្គការ​​​លើក​​​លែង​​​ទោស​​​អន្ដរជាតិ​ អង្គ​ការ​ឃ្លាំ​​​មើល​​​សិទ្ធិ​​​មនុស្ស​​​ អង្គការ​​​សិទ្ធិ​​​លំនៅ​​​ដ្ឋាន​និង​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​ជា​​​ច្រើន​​​ទៀត​​​បាន​​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សេចក្ដី​​​ថ្លែង​​​ការ​​​ណ៍​​​រួ​​ម​មួយ​​​​ថា “ ក្នុង​​​ទម្រង់​​​បច្ចុប្បន្ន​​​របស់​​​ខ្លួន​​​ សេចក្ដី​​​​ប្រកាស​​​ [ស្ដី​​​អំពី​​​សិទ្ធិ​​​មនុស្ស​​​​​​អាស៊ាន​​​] ពុំ​​​បាន​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​បទដ្ឋាន​​​សិទ្ធិ​​​មនុស្ស​​​អន្ដរ​ជាតិ​​​ដែល​​​មាន​​​ស្រាប់​នោះ​ទេ ហើយ​អាច​​ធ្វើ​ឲ្យ​​​ការ​​​ការ​​​ពារ​​​សិទ្ធិ​​​មនុស្ស​​​ក្នុង​​​តំបន់​​នេះ​មិន​ស្រប​​​តាម​​​​បទ​ដ្ឋាន​​។

ទោះ​​​ជា​​​យ៉ាងណា ចាប់​​​តាំង​​​ព​​​ី​​​ការ​​​ចាប់​​​ផ្ដើម​​​​​​ព្រាង​​​សេចក្ដី​​​ប្រកាស​​​នេះ​​ កាល​​​ពី​​​ឆ្នាំ​​​មុន​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​ទូទាំង​​​តំបន់​​​បាន​​​ត្អូញ​​​ត្អែរថា ភាគ​ច្រើន​ខ្លួន​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​នៅ​ក្នុង​ដំណើរ​ការ​នេះទេ​។ ​សូម្បី​តែ​​​​បន្ទាប់​​​ពី​​​មាន​​​ការ​​​ពិគ្រោះ​យោបល់​​​​ពីរ​​​លើក​​​​​​ជាមួយ​​​​គណៈកម្មការ​​​អន្តរ​​​រដ្ឋាភិបាល​​​ដែល​​​ព្រាង​​​សេចក្ដី​​​ប្រកាស​​​នេះ​​​ក៏​​​ដោយ​​​ ក៏​​​អង្គការ​​​​ទាំង​នេះ​បាន​​​ឃើញ​​​តែ​ច្បាប់​​​ចម្លង​​​​មួយ​​​ច្បាប់​​​ដែល​​​​​​​គណៈ​​​​ប្រតិភូ​​​ផ្តល់​​​ឲ្យ​ប៉ុណ្ណោះ។

អ្វី​​​ដែល​​​ពួក​​​គេ​​​បាន​​​ឃើញ​​​ បាន​​​ធ្វើ​​​ឲ្យ​​​ពួក​​គេ​​​​មាន​​​​ការ​​​​បារម្ភ​អំពី​​​​សេចក្ដី​​​ប្រកាស​​​ដែល​​​ប្រទេសមួយ​ក្រុម​បាន​​បង្កើត​​​ឡើង​​​ហើយ​ប្រទេស​ទាំង​នោះ​​សុទ្ធ​តែ​ជា​ប្រទេស ​​​​​​​​ដែល​​ទទួល​បាន​ចំណាត់​​​​​ថ្នាក់​ទាប​ជាង​គេ​​ផ្នែក​​សិទ្ធិ​​​មនុស្ស​​​ រួម​​​ទាំង​​​ប្រទេស​​​មួយ​​​ចំនួន​​​ដែល​​​ទទួល​​​រង​​​នូវ​​ការ​គាប​សង្កត់​ខ្លាំង​​​បំផុត​​​នៅ​​​ក្នុង​​​ពិភព​​​លោក​​​ ដូច​​​ជាប្រទេស​​​ភូមា​​​ជា​​​ដើម​​​។

អង្គការ​​​សិទ្ធិ​​​មនុស្ស​​​នានា​​​បាន​​​​ធ្វើ​ឲ្យ​មាន​​​​ការ​​​ព្រួយ​​​បារម្ភ​អំពី​​​​មាត្រា​​​ចំនួន​​​បី​​​ដែល​​​ចែង​​​ថា សិទ្ធ​ិ​​​មនុស្ស​​​ត្រូវ​​​តែ​​​​​​មាន​​​ “​​​តុល្យភាព” ជា​មួយ​នឹង​​​កាតព្វ​កិច្ច​​របស់​ខ្លួន អាច​ដាក់​​កម្រិត​ក្នុង​ការ​ថែ​​​​រក្សា​​​សណ្ដាប់​​ធ្នាប់​​សាធារណ​​ៈ និង​​​សីលធម៌​​​និង​​​​ត្រូវ​តែ​មាន​ការ​ពិចារណា​ “ ​នៅ​ក្នុង​​​បរិបទ​​​​ជាតិ​​​ និង​បរិបទ​​​​តំបន់​​​”។

ពួក​​​គេ​​​ចង់​​​ឲ្យ​​​មាន​​​ការ​​​ជួប​​​ប្រជុំ​​​​​​ជាមួយ​​​នឹង​​​គណៈកម្មការ​​​ព្រាង​​​សេចក្ដី​​​ប្រកាស​​​នេះ​ច្រើន​​​​លើកទៀត​​​ ​​​ដើម្បី​​​លុប​​​ចោល​​​ ឬរឹត​ត្បិត​មាត្រា​ទាំង​នោះ​ដោយ​ការ​កំណត់​​​ឲ្យ​បាន​តឹង​រុឹង​ ថា​ត្រូវ​កាត់​បន្ថយ​សិទ្ធិ​​​​​​ឲ្យ​បាន​សម​ស្រប​ដោយ​របៀប​ណា។ លោក វិលឌើ ថៃលើ​​​ (Wilder Tayler) អគ្គ​លេខា​ធិការ​​​គណៈកម្មាធិការ ​​​យ​​​ុតិធម៌​​​អន្ដរ​ជាតិ​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សេចក្ដី​​​ថ្លែង​​​ ការ​​​ណ៍​​​រួម​​​នោះ​​​​​​​ថា “ ​​​​​​​​​ការ​​​ធ្វើឲ្យ​​​សិទ្ធិ​​​មនុស្ស​​​​មាន​តុល្យភាព​ជា​មួយ​នឹង​ការ​ទទួល​​​​ខុស​​​ត្រូវ​នោះ នាំ​ឲ្យ​មាន​ការ​គិត​​ផ្ទុយ​ពី​​​​​​មូល​ហេតុ​​របស់​សិទ្ធិ​​​មនុស្ស​​​​​​”៕

ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស