ទោះបីជាការបកស្រាយមិនបានត្រឹមត្រូវអំពីក្រមព្រហ្មទណ្ឌថ្មី និងបង្កឲ្យមានផលប៉ះពាល់ជាអវិជ្ជមានមកលើសេរីភាពនៃការបញ្ចេញមតិក្តី ក៏វេទិកាមួយមានរយៈពេលពីរថ្ងៃស្តីពីច្បាប់នេះ បានបញ្ចប់ទៅកាលពីម្សិលមិញ ដោយមន្ត្រីជាន់ខ្ពស់របស់តុលាការ និងមន្ត្រីក្រសួងយុត្តិធម៌ មិនបានលើកឡើងសោះឡើយអំពីបញ្ហានេះ។
ក្នុងសេចក្តីសន្និដ្ឋានពេលបញ្ចប់វេទិកា ដែលរៀបចំដោយអង្គការសហប្រជាជាតិក្នុងរាជធានីភ្នំពេញនេះ លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ និងលោក អុិត រ៉ាឌី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌បែរជានិយាយយ៉ាងយូរអំពីទោសប្បញ្ញត្ដិ ដែលត្រូវអនុវត្តសម្រាប់បទល្មើសផ្សេងៗដូចជាអំពើចោរកម្ម និងការជំរិតទារប្រាក់ទៅវិញ។
ប្រធានបទនានាក្នុងកិច្ចពិភាក្សានេះខុសគ្នាឆ្ងាយណាស់ពីប្រធានបទ ដែលលោក ជេម ហ៊ីនែន (JamesHeenan) តំណាងឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានលើកឡើងពេលថ្លែងបើកវេទិកានេះ កាលពីថ្ងៃច័ន្ទ។
លោក ហ៊ីនែន បានថ្លែងក្នុងពេលបើកវេទិកានេះថា ករណីបកស្រាយខុស ឬបកស្រាយមិនបានត្រឹមត្រូវ អំពីក្រមព្រហ្មទណ្ឌបណ្ដាលឲ្យមនុស្សទទួលទោសទណ្ឌយ៉ាងអយុត្តិធម៌ និងអាចឈានទៅដល់ការរំលោភសិទ្ធិមនុស្សទៀតផង។
មានមាត្រាចំនួន១៣ ក្នុងក្រមព្រហ្មទណ្ឌដែលអនុម័តក្នុងឆ្នាំ២០១០ មានប៉ះពាល់ដល់សេរីភាពនៃការបញ្ចេញមតិ ដោយបួនមាត្រាក្នុងចំណោមនោះ ពាក់ព័ន្ធនឹងបទល្មើសញុះញង់ ហើយមាត្រាទាំងអស់នេះសុទ្ធតែត្រូវបានលើកយកទៅពិភាក្សាយ៉ាងយូរនៅក្នុងវេទិកានេះកាលពីថ្ងៃច័ន្ទ។
បណ្ដាបុគ្គលិកអង្គការសិទ្ធិមនុស្ស បានលើកឡើងជាយូរមកហើយថា តុលាការកំពុងតែប្រើប្រាស់បទចោទប្រកាន់ ពីបទញុះញង់ដោយមិនបានត្រឹមត្រូវ ដើម្បីរឹតបន្ដឹងសេរីភាពនៃការបញ្ចេញមតិ ជាពិសេសមកលើអ្នករិះគន់រាជរដ្ឋាភិបាលដែលត្រូវបានចាប់ដាក់ពន្ធនាគារតាមបទចោទប្រកាន់នេះ។
លោក ហ៊ីនែន បានលើកឡើងនៅក្នុងពេលបើកសិក្ខាសាលានេះថា “ ដូច្នេះហើយវាសំខាន់ណាស់ដែលយើងទាំងអស់គ្នាមានការយល់ដឹងច្បាស់អំពីបទប្បញ្ញត្ដិនីមួយៗនៃក្រមព្រហ្មទណ្ឌ ហើយបទប្បញ្ញត្តិទាំងនេះត្រូវបកស្រាយឲ្យបានសមស្របទៅតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ”។
ទោះជាយ៉ាងណា ពេលបិទសិក្ខាសាលានេះ លោក អ៊ុក សាវុធ បានផ្ដោតសំខាន់លើមាត្រាចំនួនពីរ ដែលពាក់ព័ន្ធនឹងចោរកម្ម គឺមាត្រា៣៥៦ស្ដីពីទោសប្បញ្ញត្តិ និងមាត្រា៣៦៣ស្ដីពីនិយមន័យនៃការជំរិតទារប្រាក់។
លោកបានជំរុញឲ្យចៅក្រមពិចារណាឲ្យបានហ្មត់ចត់ មុននឹងសម្រេចឃុំខ្លួន ឬឃាត់ខ្លួនអ្នកដែលត្រូវបានចោទប្រកាន់ពីបទល្មើសតូចតាច។ លោកបន្ដថា “ សូមអនុវត្តដោយមានការគិតពិចារណាឲ្យបានល្អិតល្អន់។ ក្នុងនាមជាចៅក្រម នៅពេលអស់លោក លោកស្រីនិយាយអ្វីមួយ អស់លោក លោកស្រីមិនអាចធ្វើសេចក្តីសម្រេចដោយផ្អែកលើអារម្មណ៍ផ្ទាល់ខ្លួនបានឡើយ”។
ចំណែកឯលោក អុិត រ៉ាឌី មានប្រសាសន៍អំពីឧបសគ្គ ដែលតុលាការកំពុងប្រឈម។ លោកបានមានប្រសាសន៍ថា “ ខ្ញុំនៅតែមើលឃើញឧបសគ្គ និងបញ្ហាជាច្រើន ប៉ុន្ដែ យើងមិនអាចជួបគ្នាតែពីរសប្ដាហ៍ ហើយដោះស្រាយវាបាននោះទេ”។ លោកបានមានប្រសាសន៍បន្ថែមទៀតដោយមិនលម្អិតថា “ ខ្ញុំសង្ឃឹមថា យើងនឹងអាចជួបគ្នាម្ដងទៀត ដើម្បីពិភាក្សាអំពីបញ្ហាស្មុគស្មាញនានា”។
ក្រមព្រហ្មទណ្ឌ ដែលត្រូវបានអនុម័តនៅក្នុងឆ្នាំ២០១០នេះ បានទទួលរងការរិះគន់ និងការព្រួយបារម្ភភ្លាមៗពីសំណាក់បណ្ដាអង្គការសិទ្ធិមនុស្សដូចជា អង្គការលីកាដូ និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HumanRightsWatch) ជាដើម ដោយអង្គការទាំងពីរនេះបានលើកឡើងថា បទប្បញ្ញត្តិថ្មីៗនៅក្នុងច្បាប់នេះ ដែលក្នុងនោះ មានបទចោទប្រកាន់ពីបទញុះញង់ បានប៉ះពាល់ដល់សេរីភាពនៃការបញ្ចេញមតិ។
ថ្លែងបន្ទាប់ពីបិទសិក្ខាសាលានេះ លោក ងួន អុីម ចៅក្រមសាលាឧទ្ធរណ៍ បានយល់ស្របថា ឧបសគ្គធំៗនៅក្នុងការអនុវត្តក្រមព្រហ្មទណ្ឌ ទាក់ទិននឹងបទប្បញ្ញត្តិស្ដីពីបទល្មើសចោរកម្ម។
លោកបានមានប្រសាសន៍ថា “ ឧបសគ្គក្នុងការអនុវត្តក្រមព្រហ្មទណ្ឌ គឺថា មានចំណុចមួយចំនួនត្រូវបានបកស្រាយខុសៗគ្នាទាក់ទិននឹងស្ថានទម្ងន់ទោសនៃបទល្មើសចោរកម្មដូចជាមាត្រា៣៥៣ មាត្រា៣៥៧ និងការជំរិតទារប្រាក់ក្នុងមាត្រា៣៦៣ជាដើម”។
ទោះជាយ៉ាណា លោកស្រី ខាធឺរីន ភួង មន្ត្រីសម្របសម្រួលផ្នែកច្បាប់នៅឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានមានប្រសាសន៍សន្និដ្ឋានថា វេទិការនេះគឺជាឱកាសមួយ ដើម្បីពិភាក្សាអំពីក្រមព្រហ្មទណ្ឌថ្មីនេះ និងអំពីសេរីភាពនៃការបញ្ចេញមតិ។
លោកស្រីមានប្រសាសន៍ថា“ សម្រាប់ការិយាល័យរបស់យើង សិក្ខាសាលានេះ គឺជាឱកាសមួយ ដើម្បីពិភាក្សាអំពីសេរីភាពនៃការបញ្ចេញមតិ និងអំពីក្រមព្រហ្មទណ្ឌនេះ។ ដូចដែលបានពន្យល់កាលពីម្សិលមិញរួចហើយថា ក្រមព្រហ្មទណ្ឌថ្មីនេះមានបទប្បញ្ញត្តិមួយចំនួនថ្មីសន្លាងសម្រាប់កម្ពុជាហើយមិនងាយយល់ទេ”៕
(រាយការណ៍បន្ថែមដោយ ឃួន ណារីម)
ប្រែសម្រួលដោយ តែម សុខុម